ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 4 Khmer Standard Version (KHSV)

លោក​ពេត្រុស និង​លោក​យ៉ូហាន​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

1. លោក​ពេត្រុស និង​លោក​យ៉ូហាន​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​នៅ​ឡើយ ស្រាប់​តែ​ពួក​បូជា‌ចារ្យ* មេ​កង​រក្សា​ព្រះ‌វិហារ និង​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី*​មក​ដល់។

2. ពួក​គេ​ទាស់​ចិត្ត​នឹង​សាវ័ក​បង្រៀន​ប្រជា‌ជន ទាំង​ប្រកាស​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ដោយ​សំអាង​លើ​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។

3. ពួក​គេ​នាំ​គ្នា​ចាប់​សាវ័ក​ទាំង​ពីរ​រូប​យក​ទៅ​ឃុំ ទុក​រហូត​ដល់​ថ្ងៃ​បន្ទាប់ ដ្បិត​ពេល​នោះ​ល្ងាច​ណាស់​ហើយ។

4. ប៉ុន្តែ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល មាន​មនុស្ស​ជា​ច្រើន​ជឿ ហើយ​ចំនួន​ពួក​គេ​បាន​កើន​ឡើង ប្រមាណ​ប្រាំ​ពាន់​នាក់។

5. លុះ​ស្អែក​ឡើង ពួក​មេ​ដឹក​នាំ ពួក​ព្រឹទ្ធា‌ចារ្យ* និង​ពួក​អាចារ្យ* ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម

6. ជា​មួយ​លោក​មហា‌បូជា‌ចារ្យ*​អាណ លោក​កៃផា លោក​យ៉ូហាន លោក​អលេក្សាន‌ត្រុស និង​ក្រុម​គ្រួសារ​របស់​នាយក​បូជា‌ចារ្យ​ទាំង​អស់។

7. លោក​ទាំង​នោះ​បាន​បញ្ជា​ឲ្យ​គេ​នាំ​លោក​ពេត្រុស និង​លោក​យ៉ូហាន​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំ រួច​សួរ​ថា៖ «អ្នក​បាន​ធ្វើ​ការ​នេះ​សំអាង​លើ​អំណាច​អ្វី? ក្នុង​នាម​នរណា?»។

8. ពេល​នោះ លោក​ពេត្រុស​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖

9. «សូម​ជម្រាប​អស់​លោក​ជា​អ្នក​ដឹក​នាំ​ប្រជា‌ជន និង​អស់​លោក​ព្រឹទ្ធា‌ចារ្យ! ថ្ងៃ​នេះ អស់​លោក​សួរ​ចម្លើយ​យើង​ខ្ញុំ​ពី​អំពើ​ល្អ ដែល​យើង​ខ្ញុំ​សង្គ្រោះ​អ្នក​ពិការ​ឲ្យ​បាន​ជា តាម​របៀប​ណា​នោះ។

10. សូម​អស់​លោក និង​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​ទាំង​មូល​ជ្រាប​ថា បុរស​ដែល​ឈរ​នៅ​មុខ​អស់​លោក​ទាំង​មាន​សុខ‌ភាព​ល្អ​នេះ​បាន​ជា ដោយ‌សារ​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ដ* ជា​អ្នក​ភូមិ​ណាសា‌រ៉ែត ដែល​អស់​លោក​បាន​ឆ្កាង ហើយ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។

11. ព្រះ‌អង្គ​ហ្នឹង​ហើយ​ជា​“ថ្ម​ដែល​លោក​ទាំង​អស់​គ្នា​ជា​ជាង​សំណង់​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត​វិញ”។

12. ក្រៅ​ពី​ព្រះ‌យេស៊ូ គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​បាន​ទាល់​តែ​សោះ ដ្បិត​នៅ​ក្រោម​មេឃ​នេះ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​នោះ​ឡើយ»។

13. កាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ឃើញ​លោក​ពេត្រុស និង​លោក​យ៉ូហាន មាន​ចិត្ត​អង់‌អាច​ដូច្នេះ គេ​ងឿង‌ឆ្ងល់​ណាស់ ដ្បិត​គេ​ដឹង​ថា​លោក​ទាំង​ពីរ​ជា​មនុស្ស​សាមញ្ញ ពុំ​ដែល​បាន​រៀន​សូត្រ ហើយ​គេ​ដឹង​ច្បាស់​ថា​លោក​ទាំង​ពីរ​ធ្លាប់​នៅ​ជា​មួយ​ព្រះ‌យេស៊ូ។

14. ប៉ុន្តែ ពួក​គេ​រក​ពាក្យ​ឆ្លើយ​តប​វិញ​មិន​បាន​សោះ ព្រោះ​ឃើញ​បុរស​ដែល​បាន​ជា​នោះ​ឈរ​នៅ​ជា​មួយ​ស្រាប់។

15. ពួក​គេ​ក៏​បញ្ជា​ឲ្យ​លោក​ទាំង​ពីរ​ចេញ​ពី​អង្គ​ប្រជុំ ហើយ​ពិគ្រោះ​គ្នា​ថា៖

16. «តើ​យើង​គួរ​ធ្វើ​អ្វី​ដល់​អ្នក​ទាំង​ពីរ​នេះ? ដ្បិត​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ដឹង​ច្បាស់​ថា គេ​ធ្វើ​ទី​សម្គាល់​អស្ចារ្យ​មួយ​ដ៏​វិសេស ដែល​យើង​មិន​អាច​បដិសេធ​បាន។

17. ដូច្នេះ តោង​យើង​ហាម‌ប្រាម និង​គំរាម​គេ កុំ​ឲ្យ​ប្រកាស​ប្រាប់​នរណា​អំពី​ឈ្មោះ​នោះ​ត​ទៅ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​លេច​ឮ​ខ្ចរ‌ខ្ចាយ​ដល់​ប្រជា‌ជន»។

18. ក្រុម​ប្រឹក្សា​ក៏​ហៅ​សាវ័ក​ទាំង​ពីរ​មក ហើយ​ហាម‌ប្រាម​មិន​ឲ្យ​និយាយ និង​បង្រៀន​អំពី​ព្រះ‌នាម​ព្រះ‌យេស៊ូ​ជា​ដាច់​ខាត។

19. លោក​ពេត្រុស និង​លោក​យ៉ូហាន មាន​ប្រសាសន៍​តប​ទៅ​គេ​វិញ​ថា៖ «សូម​អស់​លោក​ពិចារណា​មើល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ គួរ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​តាម​បង្គាប់​អស់​លោក ឬ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អង្គ?

20. យើង​ខ្ញុំ​ឈប់​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​យើង​ខ្ញុំ​បាន​ឃើញ បាន​ឮ​នោះ​ពុំ​កើត​ទេ»។

21. ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​រក​ហេតុ ដើម្បី​ដាក់​ទោស​លោក​ទាំង​ពីរ​មិន​បាន ក៏​គំរាម​សា​ជា​ថ្មី​ទៀត រួច​ដោះ​លែង​ឲ្យ​ទៅ​វិញ ដ្បិត​ប្រជា‌ជន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ចំពោះ​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ​គ្រប់ៗ​គ្នា។

22. រីឯ​បុរស​ដែល​បាន​ជា​ដោយ​របៀប​អស្ចារ្យ​នោះ មាន​អាយុ​ជាង​សែ‌សិប​ឆ្នាំ​ហើយ។

ពួក​សិស្ស​អធិស្ឋាន​ទូល‌អង្វរ

23. ក្រោយ​ពី​បាន​រួច​ខ្លួន​ហើយ លោក​ពេត្រុស និង​លោក​យ៉ូហាន នាំ​គ្នា​ទៅ​ជួប​ពួក​បង‌ប្អូន រៀប​រាប់​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ពួក​មហា‌បូជា‌ចារ្យ និង​ពួក​ព្រឹទ្ធា‌ចារ្យ​បាន​និយាយ។

24. កាល​ពួក​គេ​ឮ​ដូច្នោះ គេ​រួម​ចិត្ត​គំនិត​គ្នា ហើយ​បន្លឺ​សំឡេង​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ផែន‌ដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ

25. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ តាម​រយៈ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ព្រះ‌បាទ​ដាវីឌ ជា​បុព្វបុរស*​យើង​ខ្ញុំ​ថា៖ “ហេតុ​អ្វី​បាន​ជា​ជាតិ​សាសន៍​ទាំង‌ឡាយ នាំ​គ្នា​បង្កើត​កោលា‌ហល? ហេតុ​អ្វី​បាន​ជា​ប្រជា‌រាស្ដ្រ​នានា មាន​គំនិត​ឥត​ខ្លឹម‌សារ​ដូច្នេះ?

26. ពួក​ស្ដេច​នៅ​លើ​ផែន‌ដី និង​ពួក​មេ​ដឹក​នាំ​ពួត‌ដៃ រួម​គំនិត​គ្នា​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ហើយ​ប្រឆាំង​នឹង​ព្រះ‌គ្រិស្ដ*​របស់​ព្រះ‌អង្គ”។

27. ប្រាកដ​មែន! នៅ​ក្នុង​ក្រុង​នេះ ស្ដេច​ហេរ៉ូដ និង​លោក​ប៉ុនទាស-‌ពីឡាត បាន​រួម​គ្នា​ប្រឆាំង​នឹង​ព្រះ‌យេស៊ូ​ជា​អ្នក​បម្រើ​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ចាក់​ប្រេង​អភិសេក ទាំង​មាន​សាសន៍​ដទៃ​ទៀត និង​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​សម​គំនិត​ផង។

28. គេ​នាំ​គ្នា​ប្រព្រឹត្ត​ដូច​ព្រះ‌អង្គ​បាន​កំណត់​ទុក​ជា​មុន តាម​ឫទ្ធិ‌បារមី និង​តាម​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ។

29. ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជ្រាប​សេចក្ដី​គំរាម​របស់​ពួក​គេ ហើយ​សូម​ប្រោស​ប្រទាន​ឲ្យ​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ​ថ្លែង​ព្រះ‌បន្ទូល​ដោយ​ចិត្ត​អង់‌អាច​មោះ‌មុត​ផង

30. សូម​សម្តែង​បារមី​ឲ្យ​អ្នក​ជំងឺ​បាន​ជា ឲ្យ​មាន​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​កើត​ឡើង ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ ជា​អ្នក​បម្រើ​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ»។

31. កាល​ពួក​គេ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ដូច្នោះ​រួច​ហើយ កន្លែង​ដែល​គេ​ជួប‌ជុំ​គ្នា​នោះ​ក៏​រញ្ជួយ គេ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ទាំង​អស់​គ្នា ហើយ​នាំ​គ្នា​ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដោយ​ចិត្ត​អង់‌អាច។

ក្រុម​គ្រិស្ដ‌បរិស័ទ​រួម​រស់​ជា​មួយ​គ្នា

32. អ្នក​ជឿ​ទាំង​អំបាល‌ម៉ាន​មាន​ចិត្ត​ថ្លើម​តែ​មួយ គ្មាន​អ្នក​ណា​ម្នាក់​នឹក​គិត​ថា​ទ្រព្យ‌សម្បត្តិ​ដែល​ខ្លួន​មាន ជា​របស់​ខ្លួន​ផ្ទាល់​នោះ​ឡើយ គឺ​គេ​យក​មក​ដាក់​ជា​សម្បត្តិ​រួម​ទាំង​អស់។

33. ក្រុម​សាវ័ក*​បាន​ប្រកប​ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា ហើយ​នាំ​គ្នា​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌អម្ចាស់‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌ជាម្ចាស់​ទ្រង់​សម្តែង​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើស‌លប់ ដល់​ពួក​គេ​ទាំង​អស់​គ្នា។

34. ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ខ្វះ​ខាត​អ្វី​ឡើយ។ អស់​អ្នក​ដែល​មាន​ដី​ធ្លី ឬ​ផ្ទះ​សម្បែង​នាំ​គ្នា​លក់​ដី​ធ្លី និង​ផ្ទះ​នោះ យក​ប្រាក់

35. មក​ជូន​ក្រុម​សាវ័ក។ បន្ទាប់​មក អ្នក​ជឿ​ទាំង​អស់​គ្នា​ទទួល​ចំណែក តាម​សេចក្ដី​ត្រូវ​ការ​រៀងៗ​ខ្លួន។

36. មាន​បុរស​ម្នាក់ ឈ្មោះ​យ៉ូស្វេ ជា​ពួក​លេវី ស្រុក​កំណើត​នៅ​កោះ​គីប្រុស ក្រុម​សាវ័ក​បាន​ដាក់​ឈ្មោះ​គាត់​ថា បារណា‌បាស ប្រែ​ថា «អ្នក​លើក​ទឹក​ចិត្ត​គេ»។

37. គាត់​បាន​លក់​ចម្ការ​របស់​គាត់ ហើយ​យក​ប្រាក់​មក​ជូន​ក្រុម​សាវ័ក​ដែរ។