ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 14 Khmer Standard Version (KHSV)

លោក​ប៉ូល និង​លោក​បារណា‌បាស នៅ​ក្រុង​អ៊ីកូ‌នាម

1. នៅ​ក្រុង​អ៊ីកូ‌នាម​ក៏​កើត​មាន​ដូច្នោះ​ដែរ។ លោក​ប៉ូល និង​លោក​បារណា‌បាស បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​ជន‌ជាតិ​យូដា ហើយ​មាន​ប្រសាសន៍​រហូត​ដល់​ជន‌ជាតិ​យូដា និង​ជន‌ជាតិ​ក្រិក​ដ៏​ច្រើន​លើស‌លប់​នាំ​គ្នា​ជឿ។

2. ប៉ុន្តែ ជន‌ជាតិ​យូដា​ដែល​មិន​ព្រម​ជឿ​បាន​ញុះ‌ញង់​សាសន៍​ដទៃ និង​ជំរុញ​គេ​ឲ្យ​មាន​ចិត្ត​ប៉ុន‌ប៉ង​ធ្វើ​បាប​ពួក​បង‌ប្អូន​ទៀត​ផង។

3. លោក​ប៉ូល និង​លោក​បារណា‌បាស ស្នាក់​នៅ​ក្នុង​ក្រុង​អ៊ីកូ‌នាម​ជា​យូរ​ថ្ងៃ។ លោក​ទាំង​ពីរ​មាន​ចិត្ត​អង់‌អាច ដោយ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដែល​ទ្រង់​បាន​បញ្ជាក់​ព្រះ‌បន្ទូល​អំពី​ព្រះ‌គុណ​របស់​ព្រះ‌អង្គ គឺ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​លោក​ទាំង​ពីរ​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗ។

4. មនុស្ស‌ម្នា​នៅ​ក្រុង​នោះ​បាន​បាក់​បែក​គ្នា អ្នក​ខ្លះ​កាន់​ខាង​សាសន៍​យូដា អ្នក​ខ្លះ​ទៀត​កាន់​ខាង​ក្រុម​សាវ័ក*។

5. សាសន៍​ដទៃ និង​សាសន៍​យូដា បាន​សម​គំនិត​គ្នា​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​គេ ចង់​ធ្វើ​បាប និង​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ទាំង​ពីរ។

6. លោក​ប៉ូល និង​លោក​បារណា‌បាស យល់​ថា​សភាព‌ការណ៍​មិន​ស្រួល ក៏​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​លូកៅ‌នា គឺ​ទៅ​ក្រុង​លីស្ដ្រា និង​ក្រុង​ឌើបេ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ‌វិញ

7. ហើយ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​នៅ​ទី​នោះ។

លោក​ប៉ូល និង​លោក​បារណា‌បាស នៅ​ក្រុង​លីស្ដ្រា

8. នៅ​ក្រុង​លីស្ដ្រា មាន​បុរស​ម្នាក់​ពិការ​ជើង​តាំង​ពី​កំណើត​មក គាត់​មិន​អាច​ដើរ​បាន​ឡើយ

9. គាត់​អង្គុយ​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍។ លោក​ប៉ូល​សម្លឹង​មើល​គាត់ ហើយ​យល់​ឃើញ​ថា គាត់​មាន​ជំនឿ​គួរ​នឹង​ជា​បាន

10. លោក​ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ខ្លាំងៗ​ថា៖ «សុំ​ក្រោក​ឡើង ឈរ​ឲ្យ​ត្រង់!»។ បុរស​នោះ​ស្ទុះ​ក្រោក​ឈរ​ឡើង ហើយ​ដើរ​បាន។

11. កាល​មហា‌ជន​ឃើញ​ការ​អស្ចារ្យ​ដែល​លោក​ប៉ូល​បាន​ធ្វើ គេ​ក៏​នាំ​គ្នា​ស្រែក​ហ៊ោ​ជា​ភាសា​លូកៅ‌នា​ថា៖ «ព្រះ​បាន​និម្មិត​ជា​មនុស្ស ចុះ​មក​គង់​ជា​មួយ​យើង​ហើយ!»។

12. គេ​ហៅ​លោក​បារណា‌បាស​ថា «ព្រះ​សេយូស» និង​ហៅ​លោក​ប៉ូល​ថា «ព្រះ​ហ៊ើមេស» ព្រោះ​លោក​ជា​អ្នក​នាំ​ពាក្យ។

13. បូជា‌ចារ្យ​របស់​ព្រះ​សេយូស​ដែល​មាន​វិហារ​ទល់​មុខ​នឹង​ទីក្រុង បាន​ដឹក​គោ​ឈ្មោល​តុប‌តែង​លំអ​ដោយ​ភួង​ផ្កា មក​មាត់​ទ្វារ​ក្រុង ព្រោះ​គាត់​ចង់​ធ្វើ​បូជា‌យញ្ញ​រួម​ជា​មួយ​មហា‌ជន។

14. កាល​សាវ័ក*​បារណា‌បាស និង​សាវ័ក​ប៉ូល បាន​ឮ​ដំណឹង​នេះ លោក​ក៏​ហែក​សម្លៀក‌បំពាក់ ហើយ​ស្ទុះ​រត់​ទៅ​រក​ប្រជា‌ជន ទាំង​ស្រែក​ឡើង​ថា៖

15. «ហេតុ​អ្វី​បាន​ជា​បង‌ប្អូន​នាំ​គ្នា​ធ្វើ​ដូច្នេះ? យើង​ខ្ញុំ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​បង‌ប្អូន​ដែរ យើង​ខ្ញុំ​នាំ​ដំណឹង‌ល្អ*​មក​ជម្រាប​ជូន​បង‌ប្អូន គឺ​សូម​បង‌ប្អូន​ងាក​ចេញ​ពី​ការ​ថ្វាយ‌បង្គំ​រូប​សំណាក​ឥត​ប្រយោជន៍​នេះ ហើយ​បែរ​មក​រក​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​វិញ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែន‌ដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​ដែល​មាន​នៅ​ទី​ទាំង​នោះ​ផង។

16. នៅ​ជំនាន់​មុនៗ ព្រះ‌អង្គ​បាន​បណ្ដោយ​ឲ្យ​ជាតិ​សាសន៍​នានា ដើរ​តាម​មាគ៌ា​រៀងៗ​ខ្លួន។

17. ក៏​ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ‌អង្គ​នៅ​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​មិន​ដែល​អាក់‌ខាន​ឡើយ ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​ព្រះ‌អង្គ គឺ​ប្រទាន​ទឹក​ភ្លៀង​ពី​លើ​មេឃ និង​ប្រទាន​ភោគ​ផល​មក​បង‌ប្អូន​តាម​រដូវ​កាល ធ្វើ​ឲ្យ​បង‌ប្អូន​មាន​ម្ហូប​អាហារ​ដ៏​បរិបូណ៌ និង​មាន​អំណរ​សប្បាយ​ក្នុង​ចិត្ត​ផង»។

18. ទោះ​បី​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ដូច្នេះ ក៏​លោក​រក​ឃាត់​មហា‌ជន​មិន​ឲ្យ​ធ្វើ​បូជា‌យញ្ញ​ជូន​លោក​សឹង​តែ​ពុំ​បាន។

19. បន្ទាប់​មក មាន​ជន‌ជាតិ​យូដា​មក​ពី​ក្រុង​អន់‌ទី‌យ៉ូក និង​ក្រុង​អ៊ីកូ‌នាម បាន​ទាក់‌ទាញ​ចិត្ត​មហា‌ជន​ឲ្យ​ចូល​ទៅ​ខាង​គេ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ប៉ូល រួច​អូស​យក​ទៅ​ចោល​នៅ​ខាង​ក្រៅ​ទីក្រុង ព្រោះ​គេ​នឹក​ស្មាន​ថា លោក​ស្លាប់​បាត់​ទៅ​ហើយ។

20. ប៉ុន្តែ ក្រុម​សិស្ស*​នាំ​គ្នា​មក​ជុំ‌វិញ​លោក លោក​ក៏​ក្រោក​ឡើង វិល​ចូល​ទៅ​ទីក្រុង​វិញ។ លុះ​ស្អែក​ឡើង លោក​ចេញ​ដំណើរ​ទៅ​ក្រុង​ឌើបេ​ជា​មួយ​លោក​បារណា‌បាស។

លោក​ប៉ូល និង​លោក​បារណា‌បាស វិល​ត្រឡប់​ទៅ​ក្រុង​អន់‌ទី‌យ៉ូក ក្នុង​ស្រុក​ស៊ីរី​វិញ

21. លោក​ប៉ូល និង​លោក​បារណា‌បាស​បាន​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​នៅ​ក្រុង​ឌើបេ ហើយ​ណែ‌នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ធ្វើ​ជា​សិស្ស*។ បន្ទាប់​មក លោក​វិល​ទៅ​ក្រុង​លីស្ដ្រា ក្រុង​អ៊ីកូ‌នាម និង​ក្រុង​អន់‌ទី‌យ៉ូក​វិញ។

22. លោក​ដាស់‌តឿន​ពួក​សិស្ស​ឲ្យ​តាំង​ចិត្ត​មាំ‌មួន និង​លើក​ទឹក​ចិត្ត​គេ​ឲ្យ​មាន​ជំនឿ​ខ្ជាប់ខ្ជួន ដោយ​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់»។

23. លោក​បាន​តែង‌តាំង​ពួក​ព្រឹទ្ធា‌ចារ្យ*​នៅ​តាម​ក្រុម‌ជំនុំ​នីមួយៗ។ លុះ​បាន​អធិស្ឋាន* និង​តម​អាហារ​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ផ្ញើ​ពួក​សិស្ស​ទុក​នៅ​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ។

24. បន្ទាប់​មក​ទៀត លោក​ទាំង​ពីរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ពីស៊ី‌ឌា មក​ដល់​ស្រុក​ប៉ាមភី‌លា។

25. លោក​បាន​ប្រកាស​ព្រះ‌បន្ទូល​នៅ​ក្រុង​ពើកា រួច​លោក​នាំ​គ្នា​ចុះ​ទៅ​ក្រុង​អាតា‌លា។

26. នៅ​ទី​នោះ លោក​នាំ​គ្នា​ចុះ​សំពៅ វិល​ត្រឡប់​មក​ក្រុង​អន់‌ទី‌យ៉ូក​វិញ គឺ​នៅ​ក្រុង​អន់‌ទី‌យ៉ូក​នេះ​ហើយ ដែល​ក្រុម‌ជំនុំ​បាន​ផ្ញើ​លោក​ទាំង​ពីរ​ទៅ​លើ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​បំពេញ​កិច្ចការ​ដែល​លោក​ទើប​នឹង​បាន​សម្រេច​នេះ។

27. កាល​លោក​ទាំង​ពីរ​មក​ដល់ លោក​ប្រមូល​ក្រុម‌ជំនុំ​ឲ្យ​មក​ជួប‌ជុំ​គ្នា ហើយ​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​លោក និង​រៀប​រាប់​អំពី​របៀប​ដែល​ព្រះ‌អង្គ​បើក​ផ្លូវ​ឲ្យ​សាសន៍​ដទៃ​ជឿ។

28. បន្ទាប់​មក លោក​ទាំង​ពីរ​ស្នាក់​នៅ​ទី​នោះ ជា​មួយ​ពួក​សិស្ស​អស់​រយៈ​ពេល​ជា​យូរ​ក្រែល។