ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 15 Khmer Standard Version (KHSV)

ការ​ប្រជុំ​នៅ​ក្រុង​យេរូ‌សាឡឹម

1. មាន​អ្នក​ខ្លះ​មក​ពី​ស្រុក​យូដា នាំ​គ្នា​ប្រៀន‌ប្រដៅ​ពួក​បង‌ប្អូន​ថា៖ «ប្រសិន​បើ​បង‌ប្អូន​មិន​ទទួល​ពិធី​កាត់​ស្បែក* តាម​ទំនៀម‌ទម្លាប់​របស់​លោក​ម៉ូសេ​ទេ បង‌ប្អូន​មិន​អាច​ទទួល​ការ​សង្គ្រោះ​បាន​ឡើយ»។

2. លោក​ប៉ូល និង​លោក​បារណា‌បាស បាន​ប្រកែក​ជំទាស់​នឹង​អ្នក​ទាំង​នោះ ព្រម​ទាំង​ជជែក​វែក‌ញែក​ជា​មួយ​ពួក​គេ​យ៉ាង​ខ្លាំង។ ពួក​បង‌ប្អូន​បាន​សម្រេច​ចិត្ត​ចាត់​លោក​ប៉ូល និង​លោក​បារណា‌បាស ឲ្យ​ទៅ​ក្រុង​យេរូ‌សាឡឹម ដោយ​មាន​បង‌ប្អូន​ខ្លះ​ទៀត​ទៅ​ជា​មួយ​ផង ដើម្បី​ឲ្យ​ទៅ​ជម្រាប​ក្រុម​សាវ័ក* និង​ក្រុម​ព្រឹទ្ធា‌ចារ្យ*​អំពី​រឿង​នេះ។

3. ក្រុម‌ជំនុំ*​បាន​ជួយ​ឧបត្ថម្ភ​ពួក​លោក ក្នុង​ការ​ធ្វើ​ដំណើរ។ លោក​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​ភេនីស ស្រុក​សាម៉ារី ទាំង​រៀប​រាប់​ប្រាប់​ពួក​បង‌ប្អូន​យ៉ាង​ក្បោះ‌ក្បាយ​ថា សាសន៍​ដទៃ​បាន​បែរ​ចិត្ត​មក​រក​ព្រះ‌ជាម្ចាស់។ ដំណឹង​នេះ​ធ្វើ​ឲ្យ​បង‌ប្អូន​គ្រប់ៗ​គ្នា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

4. កាល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ ក្រុម‌ជំនុំ ក្រុម​សាវ័ក* និង​ក្រុម​ព្រឹទ្ធា‌ចារ្យ​នាំ​គ្នា​ទទួល​ពួក​លោក។ ពួក​លោក​ក៏​ជម្រាប​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​លោក។

5. ពេល​នោះ មាន​បង‌ប្អូន​ខ្លះ​ខាង​គណៈ‌ផារីស៊ី​ដែល​ជឿ​ព្រះ‌អម្ចាស់ ក្រោក​ឈរ​ឡើង ពោល​ថា ត្រូវ​តែ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​សាសន៍​ដទៃ ហើយ​ត្រូវ​បង្គាប់​គេ​ឲ្យ​ប្រតិបត្តិ​តាម​វិន័យ*​របស់​លោក​ម៉ូសេ​ដែរ។

6. ក្រុម​សាវ័ក និង​ក្រុម​ព្រឹទ្ធា‌ចារ្យ ក៏​ប្រជុំ​គ្នា ដើម្បី​ពិនិត្យ‌ពិច័យ​មើល​សំណុំ​រឿង​នេះ។

7. ពេល​នោះ មាន​ការ​ជជែក​វែក​ញែក​គ្នា​យ៉ាង​ខ្លាំង ទើប​លោក​ពេត្រុស​ក្រោក​ឈរ​ឡើង ហើយ​មាន​ប្រសាសន៍​ថា៖«បង‌ប្អូន​អើយ បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​ខ្ញុំ ក្នុង​ចំណោម​បង‌ប្អូន​តាំង​តែ​ពី​ថ្ងៃ​ដំបូង​មក​ម៉្លេះ ដើម្បី​ឲ្យ​ខ្ញុំ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​ដល់​សាសន៍​ដទៃ ឲ្យ​គេ​បាន​ឮ និង​បាន​ជឿ​ដែរ។

8. ព្រះ‌ជាម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស ទ្រង់​បាន​បញ្ជាក់​ថា ព្រះ‌អង្គ​យល់​ព្រម​ទទួលពួក​គេ ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​ឲ្យ​គេ ដូច​ព្រះ‌អង្គ​បាន​ប្រទាន​មក​យើង​ដែរ។

9. ព្រះ‌អង្គ​មិន​ចាត់​ទុក​ពួក​គេ​ផ្សេង​ពី​ពួក​យើង​ឡើយ គឺ​ទ្រង់​បាន​សម្អាត​ចិត្ត​គេ​ឲ្យ​បាន​បរិសុទ្ធ* ដោយ​ជំនឿ។

10. ឥឡូវ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​ជំទាស់ នឹង​ព្រះ‌ជាម្ចាស់​ដូច្នេះ? នឹមដែល​បុព្វបុរស​របស់​យើង និង​ខ្លួន​យើង​ផ្ទាល់ មិន​អាច​ទ្រាំ‌ទ្រ​បាន​ផង​នោះ ម្ដេច​ក៏​បង‌ប្អូន​ចង់​យក​ទៅ​ដាក់​លើ​ពួក​សិស្ស​ដែរ!

11. ទេ មិន​បាន​ទេ! ដ្បិត​យើង​ជឿ​ថា ទាំង​សាសន៍​យើង ទាំង​សាសន៍​គេ បាន​ទទួល​ការ​សង្គ្រោះ ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់‌យេស៊ូ»។

12. ពេល​នោះ អង្គ​ប្រជុំ​ទាំង​មូល​នៅ​ស្ងៀម​ស្ងាត់ ស្ដាប់​លោក​ប៉ូល និង​លោក​បារណា‌បាស មាន​ប្រសាសន៍​រៀប​រាប់​អំពី​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ដែល​ព្រះ‌ជាម្ចាស់​បាន​សម្តែង នៅ​កណ្ដាល​ចំណោម​សាសន៍​ដទៃ​តាម​រយៈ​លោក។

13. លុះ​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ចប់​ហើយ លោក​យ៉ាកុប​ក៏​មាន​ប្រសាសន៍​ឡើង​ថា៖

14. «បង‌ប្អូន​អើយ សូម​ស្ដាប់​ខ្ញុំ! លោក​ស៊ីម៉ូន​បាន​រៀប​រាប់​ថា កាល​ពី​ដើម​ដំបូង ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស​រើស​ប្រជា‌រាស្ដ្រ​មួយ ពី​ចំណោម​ជាតិ​សាសន៍​នានា​ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់។

15. រីឯ​ព្រះ‌បន្ទូល​ដែល​ពួក​ព្យាការី*​បាន​ថ្លែង ក៏​ស្រប​នឹង​សេចក្ដី​នេះ​ដែរ ដូច​មាន​ចែង​ទុក​មក​ថា៖

16. លុះ​ក្រោយ​មក យើង​នឹង​វិល​ត្រឡប់​មក​វិញ យើង​នឹង​លើក​ពន្លា​របស់​ដាវីឌ ដែល​រលំ​ទៅ​នោះ​ឡើង​វិញ យើង​នឹង​សង់​ដំណាក់​ដែល​បាក់​បែក​ខ្ទេច‌ខ្ទី ឡើង​វិញ

17. ពេល​នោះ មនុស្ស‌ម្នា​ដែល​នៅ​សល់ នឹង​ស្វែង​រក​ព្រះ‌អម្ចាស់ ហើយ​ជាតិ​សាសន៍​នានា​ដែល​ជា​ប្រជា‌រាស្ត្រ របស់​យើង ក៏​នឹង​ស្វែង​រក​យើង​ដែរ។

18. នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដែល សម្តែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​លោក​ស្គាល់ តាំង​ពី​យូរ​អង្វែង​រៀង​មក។

19. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ដល់​សាសន៍​ដទៃ ដែល​បាន​បែរ​ចិត្ត​វិល​មក​រក​ព្រះ‌ជាម្ចាស់​វិញ​នោះ​ឡើយ

20. ប៉ុន្តែ គួរ​យើង​សរសេរ​សំបុត្រ​ទៅ​ប្រាប់​គេ កុំ​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ដែល​បាន​សែន​រូប​សំណាក គឺ​ជា​ម្ហូប​អាហារ​សៅ‌ហ្មង​នោះ​ជា​ដាច់​ខាត កុំ​ឲ្យ​រួម​រស់​ជា​មួយ​គ្នា ដោយ​មិន​រៀប‌ការ កុំ​ឲ្យ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់​ដោយ​ច្របាច់-ក និង​កុំ​ឲ្យ​បរិភោគ​ឈាម

21. ដ្បិត​តាំង​ពី​សម័យ​ដើម​រៀង​មក នៅ​តាម​ក្រុង​នីមួយៗ គេ​តែង​ប្រកាស​វិន័យ*​របស់​លោក​ម៉ូសេ ដោយ​អាន​គម្ពីរ​របស់​លោក រៀង​រាល់​ថ្ងៃ​សប្ប័ទ* នៅ​ក្នុង​សាលា​ប្រជុំ*»។

សំបុត្រ​ផ្ញើ​ទៅ​ជូន​សាសន៍​ដទៃ​ជា​អ្នក​ជឿ

22. ពេល​នោះ ក្រុម​សាវ័ក ក្រុម​ព្រឹទ្ធា‌ចារ្យ និង​ក្រុម‌ជំនុំ​ទាំង​មូល​យល់​ឃើញ​ថា គួរ​តែ​ជ្រើស​យក​បង‌ប្អូន​ខ្លះ​ក្នុង​ចំណោម​ពួក​គេ ជា​អ្នក​ដែល​ពួក​បង‌ប្អូន​គោរព ដើម្បី​ចាត់​ឲ្យ​ទៅ​ក្រុង​អន់‌ទី‌យ៉ូក​ជា​មួយ​លោក​ប៉ូល និង​លោក​បារណា‌បាស។ គេ​បាន​ជ្រើស​យក​លោក​យូដាស ហៅ​បារសា‌បាស និង​លោក​ស៊ីឡាស។

23. ក្រុម‌ជំនុំ​បាន​ប្រគល់​សំបុត្រ​មួយ​ឲ្យ​លោក​ទាំង​ពីរ​នាំ​យក​ទៅ ដែល​មាន​សេចក្ដី​ដូច​ត​ទៅ​នេះ៖«យើង​ខ្ញុំ ជា​សាវ័ក ជា​ព្រឹទ្ធា‌ចារ្យ និង​ជា​បង‌ប្អូន សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ជា​សាសន៍​ដទៃ ដែល​រស់​នៅ​ក្រុង​អន់‌ទី‌យ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលី‌គា។

24. យើង​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា មាន​ពួក​យើង​ខ្លះ​បាន​នាំ​ឲ្យ​បង‌ប្អូន​ជ្រួល‌ច្របល់ មក​ពី​ពាក្យ​ដែល​គេ​និយាយ​ប្រាប់​បង‌ប្អូន បណ្ដាល​ឲ្យ​បង‌ប្អូន​មាន​កង្វល់​ក្នុង​ចិត្ត។ យើង​ខ្ញុំ​ពុំ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក​ទេ។

25. យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​យក​គ្នា​យើង​ខ្លះ ចាត់​ឲ្យ​មក​ជួប​បង‌ប្អូន​ជា​មួយ​លោក​ប៉ូល និង​លោក​បារណា‌បាស​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង

26. ជា​អ្នក​ដែល​បាន​សុខ​ចិត្ត​បូជា​ជីវិត​របស់​ខ្លួន​បម្រើ​ព្រះ‌យេស៊ូ​គ្រិស្ដ ជា​ព្រះ‌អម្ចាស់​របស់​យើង។

27. ហេតុ​នេះ យើង​ខ្ញុំ​សុំ​ចាត់​លោក​យូដាស និង​លោក​ស៊ីឡាស​ឲ្យ​នាំ​ពាក្យ​ដដែល​នេះ យក​មក​ជម្រាប​បង‌ប្អូន​ស្ដាប់​ផ្ទាល់​តែ​ម្ដង។

28. ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* និង​យើង​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​យក​វិន័យ*​ណា​ផ្សេង​ទៀត​ដែល​មិន​ចាំ‌បាច់ មក​បង្ខំ​បង‌ប្អូន​ឲ្យ​ប្រតិបត្តិ​តាម​ឡើយ

29. យើង​គ្រាន់​តែ​សុំ​ឲ្យ​បង‌ប្អូន​ចៀស‌វាង​កុំ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ គឺ​កុំ​បរិភោគ​ម្ហូប​អាហារ​ដែល​សែន​រូប​សំណាក កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់ ដោយ​ច្របាច់-ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា ដោយ​មិន​រៀប‌ការ។ ប្រសិន​បើ​បង‌ប្អូន​ប្រតិបត្តិ​ដូច្នេះ​បាន នោះ​ប្រពៃ​ហើយ។ សូម​ឲ្យ​បង‌ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ»។

30. ពួក​អ្នក​តំណាង​ក៏​លា​គេ ចេញ​ដំណើរ​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក ហើយ​ប្រមូល​អង្គ​ប្រជុំ រួច​ប្រគល់​សំបុត្រ​ជូន។

31. គេ​បាន​អាន​សំបុត្រ ហើយ​មាន​អំណរ​សប្បាយ​គ្រប់ៗ​គ្នា ព្រោះ​សំបុត្រ​នោះ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ។

32. លោក​យូដាស និង​លោក​ស៊ីឡាស ដែល​ជា​ព្យាការី*​មាន​ប្រសាសន៍​ជា​ច្រើន ដើម្បី​លើក​ទឹក​ចិត្ត និង​ពង្រឹង​ជំនឿ​របស់​បង‌ប្អូន។

33. បន្តិច​ក្រោយ​មក ពួក​បង‌ប្អូន​សុខ​ចិត្ត​ឲ្យ​លោក​ទាំង​ពីរ​វិល​ត្រឡប់​ទៅ​ឯ​ក្រុម‌ជំនុំ ដែល​បាន​ចាត់​គេ​ឲ្យ​មក​នោះ​វិញ ទាំង​ជូន​ពរ​ឲ្យ​លោក​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ‌សាន្ត។ [

34. ប៉ុន្តែ លោក​ស៊ីឡាស​សម្រេច​ចិត្ត​ស្នាក់​នៅ​ទី​នោះ​បន្ត​ទៅ​ទៀត។]

35. រីឯ​លោក​ប៉ូល និង​លោក​បារណា‌បាស ក៏​បាន​ស្នាក់​នៅ​ក្នុង​ក្រុង​អន់‌ទី‌យ៉ូក ទាំង​បង្រៀន និង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​អំពី​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ រួម​ជា​មួយ​បង‌ប្អូន​ជា​ច្រើន​នាក់​ទៀត​ផង។

បេសក‌កម្ម​លើក​ទី​ពីរ លោក​ប៉ូល និង​លោក​បារណា‌បាស​បែក​គ្នា

36. ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ទៀត លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បារណា‌បាស​ថា៖ «យើង​ត្រូវ​ត្រឡប់​ទៅ​សួរ​សុខ​ទុក្ខ​បង‌ប្អូន​នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ផ្សព្វ‌ផ្សាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។

37. លោក​បារណា‌បាស​មាន​បំណង​នាំ​លោក​យ៉ូហាន ហៅ​ម៉ាកុស​ទៅ​ជា​មួយ​ដែរ

38. ប៉ុន្តែ លោក​ប៉ូល​យល់​ឃើញ​ថា​មិន​គួរ​នាំ​គាត់​ទៅ​ជា​មួយ​ឡើយ ព្រោះ​គាត់​បាន​រត់​ចោល​ពួក​លោក​កាល​ពី​នៅ​ក្រុង​ប៉ាមភី‌លា គឺ​គាត់​មិន​បាន​ធ្វើ​ការ​រួម​ជា​មួយ​ពួក​លោក​ទេ។

39. លោក​ទាំង​ពីរ​ក៏​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​បែក​ផ្លូវ​គ្នា។ លោក​បារណា‌បាស​បាន​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ រួច​ចុះ​សំពៅ​ឆ្ពោះ​ទៅ​កោះ​គីប្រុស។

40. រីឯ​លោក​ប៉ូល លោក​នាំ​លោក​ស៊ីឡាស​ទៅ​ជា​មួយ ដោយ​ពួក​បង‌ប្អូន​បាន​ផ្ញើ​លោក​ទៅ​លើ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌អម្ចាស់

41. លោក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ស៊ីរី និង​ស្រុក​គីលី‌គា ទាំង​ពង្រឹង​ជំនឿ​ក្រុម‌ជំនុំ​នានា​ផង។