ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 7 Khmer Standard Version (KHSV)

សុន្ទរ‌កថា​របស់​លោក​ស្ទេផាន

1. លោក​មហា‌បូជា‌ចារ្យ​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​ពិត​ជា​ដូច្នេះ​មែន​ឬ?»

2. លោក​ស្ទេផាន​ឆ្លើយ​ឡើង​ថា៖ «សូម​ជម្រាប​អស់​លោក​ជា​បង‌ប្អូន និង​ជា​ឪពុក សូម​ជ្រាប! កាល​លោក​អប្រាហាំ*​ជា​បុព្វបុរស*​របស់​យើង រស់​នៅ​ឯ​ស្រុក​មេសូ‌ប៉ូតាមា គឺ​មុន​ពេល​លោក​ទៅ​នៅ​ស្រុក​ខារ៉ាន ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង បាន​មក​បង្ហាញ​ព្រះ‌អង្គ​ឲ្យ​លោក​ឃើញ

3. ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ “ចូរ​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​អ្នក ចាក​ចេញ​ពី​ញាតិ‌សន្ដាន​របស់​អ្នក រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក!”។

4. លោក​អប្រាហាំ​ក៏​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ខារ៉ាន។ ក្រោយ​ពេល​ឪពុក​របស់​លោក​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌ជាម្ចាស់​បាន​នាំ​លោក​ចេញ​ពី​ស្រុក​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ។

5. នៅ​ស្រុក​នេះ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​ដី​ធ្លី​ឲ្យ​លោក​ឡើយ គឺ​សូម្បី​តែ​ដី​ល្មម​នឹង​ដាក់​បាត​ជើង ក៏​ព្រះ‌អង្គ​មិន​ប្រទាន​ឲ្យ​ដែរ។ ប៉ុន្តែ ព្រះ‌អង្គ​បាន​សន្យា​ថា នឹង​ប្រគល់​ស្រុក​នេះ​ទាំង​មូល​មក​ឲ្យ​លោក និង​ឲ្យ​ពូជ‌ពង្ស​របស់​លោក​ទៅ​ជំនាន់​ក្រោយៗ​ផង។ ពេល​នោះ លោក​អប្រាហាំ​គ្មាន​កូន​ទេ។

6. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “ពូជ‌ពង្ស​របស់​អ្នក​នឹង​អាស្រ័យ​នៅ​លើ​ទឹក​ដី​បរទេស។ អ្នក​ស្រុក​នោះ​នឹង​យក​ពូជ‌ពង្ស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បម្រើ ព្រម​ទាំង​ធ្វើ​ទុក្ខ​ទោស​គេ អស់​រយៈ​ពេល​បួន​រយ​ឆ្នាំ”។

7. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា “ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ជាតិ​សាសន៍​ដែល​យក​ពូជ‌ពង្ស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បម្រើ។ ក្រោយ​មក ពូជ‌ពង្ស​របស់​អ្នក​នឹង​ចាក​ចេញ​ពី​ស្រុក​នោះ មក​គោរព​ថ្វាយ‌បង្គំ​យើង​នៅ​កន្លែង​នេះ”។

8. បន្ទាប់​មក ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​សម្ពន្ធ‌មេត្រី*​ឲ្យ​លោក​អប្រាហាំ ដោយ​យក​ពិធី​កាត់​ស្បែក*​ធ្វើ​ជា​សញ្ញា។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​អ៊ីសាក​កើត​បាន​ប្រាំ​បី​ថ្ងៃ លោក​អប្រាហាំ ជា​ឪពុក បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ។ លោក​អ៊ីសាក​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​យ៉ាកុប​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​បុព្វបុរស*​ទាំង​ដប់‌ពីរ​រូប​ដែរ។

9. ពួក​បុព្វបុរស​មាន​ចិត្ត​ច្រណែន‌ឈ្នានីស​នឹង​លោក​យ៉ូសែប ក៏​លក់​លោក​ឲ្យ​គេ​នាំ​យក​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប។

10. ប៉ុន្តែ ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​លោក ព្រះ‌អង្គ​បាន​រំដោះ​លោក​ឲ្យ​រួច​ផុត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន។ ព្រះ‌អង្គ​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង‌វៃ និង​គាប់​ព្រះ‌ហឫទ័យ​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ ព្រះចៅ​ផារ៉ោន​បាន​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​ស្រុក​អេស៊ីប និង​ត្រួត‌ត្រា​ព្រះ‌រាជ​វាំង​ទាំង​មូល​ផង។

11. ពេល​នោះ មាន​កើត​ទុរ្ភិក្ស​ពេញ​ទាំង​ស្រុក​អេស៊ីប និង​ស្រុក​កាណាន បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង បុព្វបុរស​របស់​យើង​រក​អ្វី​បរិភោគ​ពុំ​បាន​ឡើយ។

12. ពេល​លោក​យ៉ាកុប​ឮ​ដំណឹង​ថា​នៅ​ស្រុក​អេស៊ីប​មាន​ស្រូវ លោក​ក៏​ចាត់​ពួក​បុព្វបុរស​របស់​យើង ឲ្យ​ទៅ​ស្រុក​នោះ​ជា​លើក​ទី​មួយ។

13. នៅ​លើក​ទី​ពីរ លោក​យ៉ូសែប​បាន​ប្រាប់​ឲ្យ​បង‌ប្អូន​របស់​លោក​ស្គាល់​លោក ហើយ​ព្រះចៅ​ផារ៉ោន​ក៏​បាន​ជ្រាប​អំពី​ដើម​កំណើត​របស់​លោក​យ៉ូសែប​ដែរ។

14. បន្ទាប់​មក លោក​យ៉ូសែប​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប ជា​ឪពុក និង​ញាតិ‌សន្ដាន​ទាំង​អស់ ដែល​មាន​គ្នា​ចិត‌សិប​ប្រាំ​នាក់​នោះ​មក។

15. លោក​យ៉ាកុប​ក៏​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​លោក​ទទួល​មរណ‌ភាព​ទៅ ពួក​បុព្វបុរស​ក៏​ទទួល​មរណ‌ភាព​នៅ​ស្រុក​នោះ​ដែរ។

16. គេ​បាន​ដឹក​សព​លោក​យ៉ាកុប និង​សព​ពួក​បុព្វបុរស​មក​បញ្ចុះ​នៅ​ភូមិ​ស៊ីគែម ក្នុង​ផ្នូរ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​កូន​របស់​លោក​ហេម័រ នៅ​ភូមិ​ស៊ីគែម​នោះ។

17. លុះ​ជិត​ដល់​ពេល​ព្រះ‌ជាម្ចាស់​ត្រូវ​បំពេញ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​សន្យា​ជា​មួយ​លោក​អប្រាហាំ ជន‌ជាតិ​របស់​យើង​បាន​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ស្រុក​អេស៊ីប។

18. បន្ទាប់​មក មាន​ស្ដេច​ថ្មី​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​អេស៊ីប តែ​ទ្រង់​មិន​ស្គាល់​លោក​យ៉ូសែប​ទេ។

19. ស្ដេច​ថ្មី​នោះ​បាន​ប្រើ​ល្បិច​អាក្រក់​មក​លើ​ពូជ​សាសន៍​យើង គឺ​ទ្រង់​បាន​ធ្វើ​បាប​បុព្វបុរស​របស់​យើង រហូត​ដល់​បង្ខំ​ពួក​គាត់​ឲ្យ​យក​ទារក​តូចៗ​របស់​ខ្លួន​ទៅ​បំបរ‌បង់​ចោល ដើម្បី​កុំ​ឲ្យ​មាន​ជីវិត​រស់​ត​ទៅ​មុខ​ទៀត។

20. លោក​ម៉ូសេ​បាន​កើត​នៅ​ជំនាន់​នោះ ហើយ​លោក​ជា​ទារក​មួយ​ដ៏​ស្អាត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។ ឪពុក‌ម្ដាយ​បាន​ចិញ្ចឹម​លោក​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​បី​ខែ។

21. កាល​គេ​បំបរ‌បង់​លោក​ចោល បុត្រី​របស់​ស្ដេច​ផារ៉ោន​បាន​រើស​លោក​យក​មក​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា ធ្វើ​ជា​កូន។

22. លោក​ម៉ូសេ​បាន​ទទួល​ការ​អប់រំ តាម​ចំណេះ​វិជ្ជា​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អេស៊ីប លោក​មាន​សំនួន‌វោហារ​ពូកែ ហើយ​ប៉ិន‌ប្រសប់​ធ្វើ​កិច្ចការ​ផ្សេងៗ​ផង។

23. លុះ​ដល់​លោក​មាន​អាយុ​គម្រប់​សែ‌សិប​ឆ្នាំ លោក​ក៏​បាន​សម្រេច​ចិត្ត​ទៅ​សួរ​សុខ​ទុក្ខ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​បង‌ប្អូន​រួម​ជាតិ​របស់​លោក។

24. លោក​បាន​ឃើញ​ជន​រួម​ជាតិ​របស់​លោក​ម្នាក់​ត្រូវ​គេ​ធ្វើ​បាប លោក​ក៏​ចេញ​មុខ​ការពារ ហើយ​សង‌សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដោយ​វាយ​សម្លាប់​ជន‌ជាតិ​អេស៊ីប​នោះ​ទៅ។

25. លោក​នឹក​ស្មាន​ថា បង‌ប្អូន​រួម​ជាតិ​របស់​លោក​មុខ​ជា​យល់​ថា ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ពួក​គេ​តាម​រយៈ​លោក ប៉ុន្តែ ពួក​គេ​ពុំ​បាន​យល់​ដូច្នោះ​ឡើយ។

26. នៅ​ថ្ងៃ​បន្ទាប់ លោក​ម៉ូសេ​បាន​ប្រទះ​ឃើញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ខ្លះ​កំពុង​វាយ​គ្នា លោក​ក៏​មាន​ប្រសាសន៍​សម្រុះ‌សម្រួល​គេ​ថា: “អ្នក​រាល់​គ្នា​ជា​បង‌ប្អូន​នឹង​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​ធ្វើ​បាប​គ្នា​ឯង​ដូច្នេះ?”។

27. ម្នាក់​ដែល​ធ្វើ​បាប​បង‌ប្អូន បាន​ច្រាន​លោក​ម៉ូសេ​ចេញ ទាំង​ពោល​ថា: “នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​ពី​លើ​យើង?

28. តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ​ដូច​អ្នក​បាន​សម្លាប់​អេស៊ីប​ម្នាក់​ពី​ម្សិល‌មិញ​នោះ​ដែរ​ឬ?”។

29. កាល​លោក​ម៉ូសេ​ឮ​ពាក្យ​នេះ លោក​ក៏​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​ម៉ាឌាន។ នៅ​ស្រុក​នោះ លោក​បាន​កូន​ប្រុស​ពីរ​នាក់។

30. សែ‌សិប​ឆ្នាំ​កន្លង​មក​ទៀត មាន​ទេវតា*​មួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​ឃើញ នៅ​វាល​រហោ‌ស្ថាន​ភ្នំ​ស៊ីណៃ ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​នៅ​គុម្ពោត​មួយ។

31. លោក​ម៉ូសេ​ងឿង‌ឆ្ងល់​ចំពោះ​ហេតុ​ដ៏​អស្ចារ្យ ដែល​លោក​ឃើញ​នោះ​ណាស់។ ពេល​លោក​ចូល​ទៅ​ជិត ដើម្បី​ពិនិត្យ​មើល លោក​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់​ថា:

32. “យើង​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប”។ លោក​ម៉ូសេ​ភ័យ​ញ័រ​ជា​ខ្លាំង ពុំ​ហ៊ាន​សម្លឹង​មើល​ទេ។

33. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា: “ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​កន្លែង​ដ៏‌វិសុទ្ធ*។

34. យើង​បាន​ឃើញ​ប្រជា‌រាស្ដ្រ​របស់​យើង​រង​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សម្រែក​សោក​សៅ​របស់​គេ​ដែរ យើង​ចុះ​មក​នេះ ដើម្បី​រំដោះ​ពួក​គេ។ ចូរ​មក! យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីប​ឥឡូវ​នេះ”។

35. ជន‌ជាតិ​អ៊ីស្រា‌អែល បាន​បដិសេធ​មិន​ទទួល​ស្គាល់​លោក​ម៉ូសេ​នេះ​ទេ ដោយ​ពោល​ថា “នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​លើ​យើង?”។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ចាត់​លោក​ឲ្យ​ទៅ ក្នុង​ឋានៈ​ជា​មេ​ដឹក​នាំ និង​ជា​អ្នក​រំដោះ ដោយ​មាន​ជំនួយ​ពី​ទេវតា ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​ឃើញ​ក្នុង​គុម្ពោត។

36. គឺ​លោក​ម៉ូសេ​នេះ​ហើយ ដែល​បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​មក ទាំង​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ដ៏​អស្ចារ្យ នៅ​ស្រុក​អេស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ​ផង។

37. លោក​ម៉ូសេ​នេះ​ហើយ​ដែល​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: “ព្រះ‌ជាម្ចាស់​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា”។

38. កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ជួប‌ជុំ​គ្នា​ក្នុង​វាល​រហោ‌ស្ថាន គឺ​លោក​ម៉ូសេ​នេះ​ហើយ​ដែល​នៅ​ជា​មួយ​ទេវតា​ផង នៅ​ជា​មួយ​បុព្វបុរស​ផង។ ទេវតា​បាន​ថ្លែង​ព្រះ‌បន្ទូល​មក​លោក នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​លោក​បាន​ទទួល​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត យក​មក​ប្រគល់​ឲ្យ​យើង​ទាំង​អស់​គ្នា។

39. បុព្វបុរស​របស់​យើង​មិន​ព្រម​ស្ដាប់​បង្គាប់​លោក​ទេ គឺ​គេ​បែរ​ជា​នាំ​គ្នា​ជំទាស់​នឹង​លោក ហើយ​មាន​ចិត្ត​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ

40. ដោយ​ពោល​ទៅ​កាន់​លោក​អើរ៉ុន​ថា: “សូម​លោក​ឆ្លាក់​រូប​ចម្លាក់​ផ្សេងៗ​ធ្វើ​ជា​ព្រះ​ដឹក​នាំ​យើង ដ្បិត​លោក​ម៉ូសេ​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ យើង​មិន​ដឹង​លោក​ទៅ​ជា​យ៉ាង​ណា​ហើយ​ទេ!”។

41. នៅ​គ្រា​នោះ គេ​ក៏​បាន​ឆ្លាក់​រូប​កូន​គោ​មួយ ហើយ​យក​យញ្ញ‌បូជា​មក​ថ្វាយ​រូប​ចម្លាក់​នោះ រួច​នាំ​គ្នា​សប្បាយ​រីក‌រាយ​ចំពោះ​វត្ថុ​ដែល​ជា​ស្នា‌ដៃ​របស់​ខ្លួន។

42. ពេល​នោះ ព្រះ‌ជាម្ចាស់​ឈប់​រវី‌រវល់​នឹង​គេ ទ្រង់​បណ្ដោយ​គេ​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង‌ឡាយ​នៅ​លើ​មេឃ ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​ថា: “ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​អើយ! ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នៅ​វាល​រហោ‌ស្ថាន តើ​អ្នក​រាល់​គ្នា​ដែល​បាន​យក​សត្វ ឬ​យញ្ញ‌បូជា​អ្វី​មក​ឲ្យ​យើង​ឬ​ទេ?

43. អ្នក​រាល់​គ្នា​បាន​សែង​ខ្ទម​របស់​ព្រះ​ម៉ូឡុក និង​សែង​រូប​ផ្កាយ​តំណាង​ព្រះ​រេម‌ផាន់ របស់​អ្នក​រាល់​គ្នា។ រូប​សំណាក​អស់​ទាំង​នេះ អ្នក​រាល់​គ្នា​បាន​ឆ្លាក់ ដើម្បី​យក​មក​ថ្វាយ‌បង្គំ!។ ដូច្នេះ យើង​នឹង​កៀរ​អ្នក​រាល់​គ្នា​យក​ទៅ​ឆ្ងាយ ហួស​ស្រុក​បាប៊ី‌ឡូន​ទៅ​ទៀត”។

44. នៅ​វាល​រហោ‌ស្ថាន បុព្វបុរស​របស់​យើង​មាន​ព្រះ‌ពន្លា*​របស់​ព្រះ‌ជាម្ចាស់ សង់​ឡើង ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ គឺ​តាម​គំរូ​ដែល​លោក​បាន​ឃើញ។

45. បុព្វបុរស​របស់​យើង​បាន​ទទួល​ព្រះ‌ពន្លា-តៗ​គ្នា ហើយ​សែង​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​រឹប​យក​ពី​ជាតិ​សាសន៍​នានា ក្រោម​ការ​ដឹក​នាំ​របស់​លោក​យ៉ូស្វេ គឺ​ជា​ជាតិ​សាសន៍​ដែល​ព្រះ‌ជាម្ចាស់​បាន​ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ព្រះ‌ពន្លា​នេះ​នៅ​គង់‌វង្ស​រហូត​ដល់​ជំនាន់​ព្រះ‌បាទ​ដាវីឌ។

46. ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ព្រះ‌បាទ​ដាវីឌ ព្រះ‌បាទ​ដាវីឌ​ក៏​បាន​ទូល​សូម​អនុញ្ញាត​ពី​ព្រះ‌អង្គ រក​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ​របស់​លោក​យ៉ាកុប

47. តែ​ព្រះ‌បាទ​សាឡូម៉ូន​ឯ‌ណោះ​វិញ​ទេ ដែល​បាន​សង់​ព្រះ‌ដំណាក់​នោះ។

48. ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​មិន​គង់​នៅ​ក្នុង​ដំណាក់​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ឡើយ ដូច​ព្យាការី*​បាន​ថ្លែង​ទុក​មក​ស្រាប់​ថា:

49. “ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែន‌ដី​ក៏​ជា​កំណល់​ទ្រ​ជើង​យើង​ដែរ”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា ឲ្យ​យើង​បាន? តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា?

50. គឺ​យើង​ទេ​តើ​ដែល​បាន​បង្កើត អ្វីៗ​ទាំង​នោះ​មក!”។

51. អស់​លោក​ចិត្ត រឹង‌រូស​អើយ! អស់​លោក​មាន​ចិត្ត​មាន​ត្រចៀក​ដូច​សាសន៍​ដទៃ ចេះ​តែ​ជំទាស់​ប្រឆាំង​នឹង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ជា‌និច្ច គឺ​មិន​ខុស​ពី​បុព្វបុរស​របស់​អស់​លោក​ទេ!

52. គ្មាន​ព្យាការី​ណា​ម្នាក់ ដែល​បុព្វបុរស​របស់​អស់​លោក​មិន​បាន​បៀត‌បៀន​នោះ​ឡើយ។ បុព្វបុរស​របស់​អស់​លោក​បាន​សម្លាប់​អស់​អ្នក​ដែល​ប្រកាស​ទុក​ជា​មុន​ថា ព្រះ​ដ៏​សុចរិត​នឹង​យាង​មក។ ឥឡូវ​នេះ អស់​លោក​បាន​ចាប់​ព្រះ‌អង្គ​នោះ​បញ្ជូន​ទៅ​ឲ្យ​គេ ហើយ​អស់​លោក​ធ្វើ​គុត​ព្រះ‌អង្គ​ថែម​ទៀត​ផង។

53. អស់​លោក​បាន​ទទួល​ក្រឹត្យ‌វិន័យ តាម​រយៈ​ទេវតា តែ​អស់​លោក​ពុំ​បាន​ប្រព្រឹត្ត​តាម​សោះ!»។

បណ្ដា‌ជន​សម្លាប់​លោក​ស្ទេផាន

54. កាល​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឮ​ដូច្នោះ គេ​ក្រេវ‌ក្រោធ​ជា​ខ្លាំង គេ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។

55. រីឯ​លោក​ស្ទេផាន​វិញ លោក​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* លោក​សម្លឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ និង​ឃើញ​ព្រះ‌យេស៊ូ​ឈរ​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ។

56. លោក​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ និង​ឃើញ​បុត្រ​មនុស្ស*​ឈរ​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់»។

57. ពួក​គេ​ស្រែក​ឡើង​យ៉ាង​ខ្លាំង ទាំង​យក​ដៃ​ខ្ទប់​ត្រចៀក ហើយ​នាំ​គ្នា​ស្ទុះ​ទៅ​សង្គ្រប់​ពី​លើ​លោក។

58. គេ​បណ្ដេញ​លោក​ចេញ​ពី​ទីក្រុង រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ ពួក​អ្នក​ដែល​ជា​សាក្សី​បាន​យក​សម្លៀក‌បំពាក់​របស់​ខ្លួន​ទៅ​ទុក នៅ​ក្បែរ​ជើង​យុវជន​ម្នាក់​ឈ្មោះ សូល។

59. នៅ​ពេល​គេ​គប់​ដុំ​ថ្ម​សម្លាប់​នោះ លោក​ស្ទេផាន​ទូល‌អង្វរ​ថា៖ «ព្រះ‌អម្ចាស់‌យេស៊ូ​អើយ សូម​ទទួល​វិញ្ញាណ​របស់​ទូលបង្គំ​ផង!»។

60. បន្ទាប់​មក លោក​លុត​ជង្គង់​ចុះ ហើយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​កុំ​ប្រកាន់​ទោស​គេ ព្រោះ​តែ​អំពើ​បាប​នេះ​ធ្វើ​អ្វី»។ កាល​បាន​ទូល​ដូច្នោះ​ហើយ លោក​ក៏​ផុត​ដង្ហើម​ទៅ។