ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 10 Khmer Standard Version (KHSV)

លោក​កូនេ‌លាស​ប្រែ​ចិត្ត​គំនិត​ជឿ​ព្រះ‌អម្ចាស់

1. នៅ​ក្រុង​សេសារា មាន​បុរស​ម្នាក់​ឈ្មោះ​កូនេ‌លាស ជា​នាយ​ទាហាន​ក្នុង​កង​វរ‌សេនា​តូច រ៉ូម៉ាំង​មួយ ឈ្មោះ «កង​វរ‌សេនា​តូច​អ៊ីតា‌លី»។

2. គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល ជា​អ្នក​គោរព​ប្រណិ‌ប័តន៍ និង​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។ គាត់​តែង​ចែក​ទាន​ជា​ច្រើន​ឲ្យ​ប្រជា‌ជន ព្រម​ទាំង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​គ្រប់​ពេល​វេលា។

3. ថ្ងៃ​មួយ ប្រមាណ​ជា​ម៉ោង​បី​រសៀល គាត់​បាន​និមិត្ត​ឃើញ​ទេវតា*​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់​យ៉ាង​ច្បាស់ ទេវតា​នោះ​ចូល​មក​ផ្ទះ​គាត់ ហៅ​គាត់​ថា៖ «លោក​កូនេ‌លាស​អើយ!»។

4. លោក​កូនេ‌លាស​សម្លឹង​មើល​ទៅ​ទេវតា ហើយ​មាន​ប្រសាសន៍​ទៅ​វិញ ទាំង​ភ័យ​ខ្លាច​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​មាន​ការ​អ្វី?»។ ទេវតា​ពោល​មក​គាត់​ថា៖ «ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ ព្រះ‌អង្គ​ក៏​ជ្រាប​អំពី​ទាន​របស់​លោក​ដែរ ព្រះ‌អង្គ​មិន​ភ្លេច​ទេ។

5. សុំ​លោក​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ​ឥឡូវ​នេះ អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​ពេត្រុស​មក។

6. គាត់​ស្នាក់​នៅ​ផ្ទះ​អ្នក​សម្លាប់​ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ផ្ទះ​នោះ​នៅ​ក្បែរ​មាត់​សមុទ្រ»។

7. កាល​ទេវតា*​ដែល​បាន​និយាយ​ជា​មួយ​គាត់​ចេញ​ផុត​ទៅ លោក​កូនេ‌លាស​ក៏​ហៅ​អ្នក​បម្រើ​ពីរ​នាក់ និង​ទាហាន​ម្នាក់ ដែល​នៅ​ក្រោម​បញ្ជា​របស់​គាត់​ជា​យូរ​ហើយ ហើយ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ផង​នោះ ឲ្យ​ចូល​មក។

8. លោក​បាន​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​អស់​ប្រាប់​ពួក​គេ រួច​ចាត់​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ។

9. នៅ​ថ្ងៃ​បន្ទាប់ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​យ៉ុប‌ប៉េ។ ប្រមាណ​ជា​ថ្ងៃ​ត្រង់ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាន*​នៅ​លើ​ដំបូល​ផ្ទះ។

10. ពេល​នោះ លោក​ឃ្លាន ចង់​ពិសា​បាយ។ កាល​គេ​កំពុង​តែ​រៀបចំ​ម្ហូប​ចំណី​ជូន​លោក​ពិសា លោក​បាន​លង់​ស្មារតី

11. និមិត្ត​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កំរាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង ចុះ​ពី​លើ​មក​ដល់​ដី។

12. នៅ​លើ​កំរាល​នោះ មាន​សត្វ​ចតុប្បាទ​គ្រប់​ប្រភេទ មាន​សត្វ​លូន​វារ និង​បក្សា‌បក្សី។

13. មាន​ព្រះ​សូរសៀង​បញ្ជា​មក​គាត់​ថា៖ «ពេត្រុស​អើយ! ចូរ​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!»។

14. ប៉ុន្តែ លោក​ពេត្រុស​ទូល​ទៅ​វិញ​ថា៖ «ទេ ព្រះ‌អម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ​ហាម​ឃាត់ ឬ​មិន​បរិសុទ្ធ*​ទាល់​តែ​សោះ»។

15. បន្ទាប់​មក លោក​ពេត្រុស​បាន​ឮ​ព្រះ‌សូរសៀង​នោះ​ជា​លើក​ទី​ពីរ​ថា៖ «អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា​វិន័យ​ហាម​ឃាត់​នោះ​ឡើយ!»។

16. ហេតុ‌ការណ៍​នេះ​កើត​មាន​ដល់​ទៅ​បី​ដង នៅ​ទី​បំផុត វត្ថុ​នោះ​ក៏​ឡើង​ទៅ​លើ​មេឃ​វិញ​ភ្លាម​បាត់​ទៅ។

17. លោក​ពេត្រុស​កំពុង​តែ​នឹក​ឆ្ងល់​មិន​ដឹង​ជា​ត្រូវ​គិត​ដូច​ម្ដេច អំពី​ហេតុ‌ការណ៍​ដែល​លោក​បាន​និមិត្ត​ឃើញ​នោះ ស្រាប់​តែ​ពួក​អ្នក​ដែល​លោក​កូនេ‌លាស​ចាត់​ឲ្យ​មក បាន​មក​ដល់​មាត់​ទ្វារ ទាំង​សាក​សួរ​រក​ផ្ទះ​របស់​លោក​ស៊ីម៉ូន។

18. គេ​ស្រែក​សួរ​ថា៖ «លោក​ស៊ីម៉ូន​ហៅ​ពេត្រុស​ស្នាក់​ក្នុង​ផ្ទះ​នេះ​ឬ​ទេ?»។

19. ពេល​លោក​ពេត្រុស​កំពុង​រិះគិត​អំពី​ហេតុ‌ការណ៍ ដែល​លោក​និមិត្ត​ឃើញ​នោះ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «មាន​បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក

20. ចូរ​ចុះ​ទៅ​ក្រោម​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ភ្លាម​ទៅ កុំ​រារែក​ឡើយ ដ្បិត​យើង​នេះ​ហើយ​ដែល​បាន​ចាត់​គេ​ឲ្យ​មក»។

21. លោក​ពេត្រុស​ក៏​ចុះ​ទៅ​ក្រោម មាន​ប្រសាសន៍​ទៅ​បុរស​ទាំង​បី​នាក់​នោះ​ថា៖ «ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រក! តើ​អ្នក​មក​មាន​ការ​អ្វី?»។

22. គេ​ឆ្លើយ​ថា៖ «លោក​កូនេ‌លាស ជា​នាយ​ទាហាន បាន​ចាត់​យើង​ឲ្យ​មក គាត់​ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រជា‌ជាតិ​យូដា សរសើរ​គ្រប់ៗ​គ្នា។ ទេវតា​ដ៏‌វិសុទ្ធ​មួយ​រូប​បាន​មក​ប្រាប់​គាត់​ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ស្ដាប់​លោក​មាន​ប្រសាសន៍»។

23. លោក​ពេត្រុស​អញ្ជើញ​អ្នក​ទាំង​នោះ​ចូល​ក្នុង​ផ្ទះ ឲ្យ​ស្នាក់​នៅ​ជា​មួយ។ព្រឹក​ឡើង លោក​ក៏​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ ទាំង​មាន​បង‌ប្អូន​ខ្លះ​នៅ​ក្រុង​យ៉ុប‌ប៉េ​ជូន​ដំណើរ​ទៅ​ផង។

24. នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត លោក​បាន​ទៅ​ដល់​ក្រុង​សេសារា។ រីឯ​លោក​កូនេ‌លាស​វិញ គាត់​បាន​អញ្ជើញ​ញាតិ‌សន្ដាន និង​មិត្ត​ជិត‌ដិត​មក​ផ្ទះ​របស់​គាត់ ហើយ​ទន្ទឹង​រង់‌ចាំ​ពួក​លោក​ពេត្រុស។

25. ពេល​លោក​ពេត្រុស​មក​ដល់ លោក​កូនេ‌លាស​ចេញ​ទៅ​ទទួល ក្រាប​ចុះ​ទៀប​ជើង​លោក។

26. ប៉ុន្តែ លោក​ពេត្រុស​ចាប់​គាត់​ឲ្យ​ក្រោក​ឡើង ទាំង​ពោល​ថា៖ «អញ្ជើញ​ក្រោក​ឡើង ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ​ទេ​តើ!»។

27. លោក​ដើរ​ចូល​ទៅ​ខាង​ក្នុង​បណ្ដើរ សន្ទនា​ជា​មួយ​លោក​កូនេ‌លាស​បណ្ដើរ។ ដោយ​លោក​ឃើញ​មនុស្ស​ជា​ច្រើន​នៅ​ជុំ​គ្នា

28. លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង‌ប្អូន​ជ្រាប​ឬ​ទេ វិន័យ*​របស់​សាសនា​យូដា ហាម​មិន​ឲ្យ​សាសន៍​យូដា ទាក់ទង​ជា​មួយ​ជន​បរទេស ឬ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គេ​ឡើយ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ដឹង​ថា មិន​ត្រូវ​ប្រកាន់​នរណា​ម្នាក់​ថា​ជា​មនុស្ស ដែល​វិន័យ​ហាម​ឃាត់​មិន​ឲ្យ​ទាក់ទង ឬ​ជា​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ។

29. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មក​ភ្លាម ឥត​មាន​ជំទាស់​អ្វី​សោះ នៅ​ពេល​ដែល​បង‌ប្អូន​ហៅ​ខ្ញុំ​មក។ ឥឡូវ​នេះ សុំ​ប្រាប់​ខ្ញុំ​មើល៍ បង‌ប្អូន​ហៅ​ខ្ញុំ​មក​មាន​ការ​អ្វី?»។

30. លោក​កូនេ‌លាស​មាន​ប្រសាសន៍​ថា៖ «កាល​ពី​បី​ថ្ងៃ​មុន ពេល​ខ្ញុំ​កំពុង​អធិស្ឋាន*​ក្នុង​ផ្ទះ​ខ្ញុំ នៅ​ម៉ោង​បី​រសៀល មាន​បុរស​ម្នាក់​ស្លៀក​សម្លៀក‌បំពាក់​ភ្លឺ​ត្រចះ‌ត្រចង់​មក​ឈរ​នៅ​មុខ​ខ្ញុំ ហើយ​ពោល​ថា

31. “លោក​កូនេ‌លាស​អើយ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ រីឯ​ទាន​របស់​លោក​ក៏​ព្រះ‌អង្គ​មិន​ភ្លេច​ដែរ។

32. ឥឡូវ​នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​ពេត្រុស នៅ​ក្រុង​យ៉ុប‌ប៉េ​មក។ គាត់​ស្នាក់​នៅ​ផ្ទះ​របស់​លោក​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក ផ្ទះ​នោះ​ស្ថិត​នៅ​មាត់​សមុទ្រ”។

33. ខ្ញុំ​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​ភ្លាម លោក​មក​ដូច្នេះ​ជា​ការ​ប្រពៃ​ណាស់។ ឥឡូវ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស្ថិត​នៅ​ទី​នេះ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ រង់‌ចាំ​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក»។

សុន្ទរ‌កថា​របស់​លោក​ពេត្រុស​នៅ​ផ្ទះ​លោក​កូនេ‌លាស

34. ពេល​នោះ លោក​ពេត្រុស​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ខ្ញុំ​បាន​យល់​យ៉ាង​ច្បាស់​ហើយ​ថា ព្រះ‌ជាម្ចាស់​រាប់​រក​មនុស្ស​ទួទៅ​ឥត​រើស​មុខ​ឡើយ

35. ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត* ព្រះ‌អង្គ​មុខ​ជា​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​នោះ​មិន​ខាន។

36. ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌បន្ទូល​មក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​នាំ​ដំណឹង‌ល្អ*​មក​ប្រាប់​គេ អំពី​សេចក្ដី​សុខ‌សាន្ត តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ដ* គឺ​ព្រះ‌យេស៊ូ​នេះ​ហើយ ដែល​ជា​ព្រះ‌អម្ចាស់​លើ​មនុស្ស​ទាំង​អស់។

37. បង‌ប្អូន​ជ្រាប​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នៅ​ស្រុក​យូដា​ទាំង​មូល​ស្រាប់​ហើយ ជា​ហេតុ‌ការណ៍​ដែល​បាន​ចាប់​ផ្ដើម​នៅ​ស្រុក​កាលី‌ឡេ គឺ​បន្ទាប់​ពី​ពេល​ដែល​លោក​យ៉ូហាន​បាន​ប្រកាស​ឲ្យ​បណ្ដា‌ជន​ទទួល​ពិធី​ជ្រមុជ​ទឹក។

38. បង‌ប្អូន​បាន​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​ចាក់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* និង​ឫទ្ធា‌នុភាព អភិសេក​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត។ បង‌ប្អូន​ក៏​ជ្រាប​ដែរ​ថា​ព្រះ‌យេស៊ូ​បាន​យាង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រព្រឹត្ត​អំពើ​ល្អ និង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​មារ*​សង្កត់‌សង្កិន​ឲ្យ​បាន​ជា ដ្បិត​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ព្រះ‌អង្គ។

39. យើង​ជា​បន្ទាល់​អំពី​កិច្ចការ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​ធ្វើ នៅ​ក្នុង​ដែន​ដី​របស់​ជន‌ជាតិ​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​បាន​នាំ​គ្នា​ធ្វើ​គុត​ព្រះ‌អង្គ ដោយ​ព្យួរ​នៅ​លើ​ឈើ។

40. ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី និង​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌អង្គ​បង្ហាញ​ខ្លួន

41. ដល់​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​ជា​មុន​ឲ្យ​ធ្វើ​ជា​បន្ទាល់ បាន​ឃើញ គឺ​យើង​ហ្នឹង​ហើយ​ជា​បន្ទាល់​ដែល​បាន​បរិភោគ​ជា​មួយ​ព្រះ‌អង្គ ក្រោយ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌ជាម្ចាស់​ពុំ​បាន​ឲ្យ​ព្រះ‌យេស៊ូ​បង្ហាញ​ខ្លួន​ឲ្យ​ប្រជា‌រាស្ដ្រ​ទាំង​មូល​ឃើញ​ទេ។

42. ព្រះ‌យេស៊ូ​បាន​បញ្ជា​ឲ្យ​យើង​ធ្វើ​ជា​បន្ទាល់​ប្រកាស​ប្រាប់​ប្រជា‌ជន​ថា ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​ព្រះ‌អង្គ​ឲ្យ​វិនិច្ឆ័យ​ទោស​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។

43. ព្យាការី*​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌យេស៊ូ​ថា អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គ នឹង​ទទួល​ការ​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌នាម​ព្រះ‌អង្គ»។

ជន‌ជាតិ​ដទៃ​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ

44. លោក​ពេត្រុស​កំពុង​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​យាង​ចុះ​មក​សណ្ឋិត​លើ​អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌បន្ទូល។

45. ពួក​អ្នក​ជឿ​ជា​សាសន៍​យូដា ដែល​មក​ជា​មួយ​លោក​ពេត្រុស ងឿង‌ឆ្ងល់​ណាស់ ដោយ​ព្រះ‌ជាម្ចាស់​បាន​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ប្រទាន​ឲ្យ​សាសន៍​ដទៃ​ដែរ

46. ព្រោះ​គេ​បាន​ឮ​សាសន៍​ដទៃ​ទាំង​នោះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* ព្រម​ទាំង​លើក​តម្កើង​ព្រះ‌ជាម្ចាស់​ផង។

47. ពេល​នោះ លោក​ពេត្រុស​មាន​ប្រសាសន៍​ថា៖ «គ្មាន​នរណា​អាច​ឃាត់​យើង​មិន​ឲ្យ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អស់​អ្នក ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ ដូច​ជា​យើង​បាន​ទទួល​ដែរ​នោះ​ទេ!»។

48. លោក​ក៏​បញ្ជា​ឲ្យ​គេ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អ្នក​ទាំង​នោះ ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ​គ្រិស្ដ*។ បន្ទាប់​មក ពួក​គេ​សុំ​ឲ្យ​លោក​ស្នាក់​នៅ​ជា​មួយ​គេ​បាន​យូរ​ថ្ងៃ​បន្ដិច​ទៀត។