ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 22 Khmer Standard Version (KHSV)

1. «បង‌ប្អូន និង​ចាស់​ទុំ​ទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ពាក្យ​ដោះ‌សា​របស់​ខ្ញុំ​សិន!»។

2. កាល​ពួក​គេ​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ជា​ភាសា​ហេប្រឺ​ដូច្នេះ គេ​រឹត​តែ​ស្ងៀម​ស្ងាត់​ថែម​ទៀត។ លោក​ប៉ូល​មាន​ប្រសាសន៍​ថា៖

3. «ខ្ញុំ​ជា​ជន‌ជាតិ​យូដា កើត​នៅ​ក្រុង​តើសុស ក្នុង​ស្រុក​គីលី‌គា។ ប៉ុន្តែ ខ្ញុំ​បាន​មក​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​តាំង​ពី​កុមារ ហើយ​ខ្ញុំ​បាន​ទទួល​ការ​អប់រំ តាម​ក្រឹត្យ‌វិន័យ​នៃ​បុព្វបុរស​របស់​យើង​យ៉ាង​តឹង‌រ៉ឹង​ពី​សំណាក់​លោក​កាម៉ា‌លាល។ ខ្ញុំ​បាន​ខ្នះ‌ខ្នែង​បម្រើ​ព្រះ‌ជាម្ចាស់ ដូច​បង‌ប្អូន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។

4. ខ្ញុំ​ធ្លាប់​បៀត‌បៀន​អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ រហូត​ដល់​សម្លាប់​គេ ហើយ​ចាប់​ចង​មនុស្ស​ប្រុស​ស្រី​យក​ទៅ​ឃុំ‌ឃាំង​ទៀត​ផង

5. ដូច​មាន​លោក​មហា​បូជា‌ចារ្យ* និង​ក្រុម​ព្រឹទ្ធា‌ចារ្យ* ជា​សាក្សី​ស្រាប់។ ខ្ញុំ​បាន​ទទួល​លិខិត​ពី​លោក​ទាំង​នោះ យក​ទៅ​ជូន​បង‌ប្អូន​នៅ​ក្រុង​ដាម៉ាស ដ្បិត​ខ្ញុំ​ទៅ​ទី​នោះ ដើម្បី​ចាប់​ចង​ពួក​អ្នក​ដែល​ដើរ​តាម​មាគ៌ា​នេះ យក​មក​ធ្វើ​ទោស​នៅ​ក្រុង​យេរូ‌សាឡឹម។

6. ពេល​ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ប្រមាណ​ជា​ថ្ងៃ​ត្រង់ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ដ៏​ភ្លឺ​ត្រចះ‌ត្រចង់ ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំ‌វិញ​ខ្ញុំ។

7. ខ្ញុំ​ក៏​ដួល ហើយ​ឮ​សំឡេង​មួយ​ពោល​មក​ខ្ញុំ​ថា “សូល​អើយ សូល! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ​ដូច្នេះ?”។

8. ខ្ញុំ​បាន​សួរ​វិញ​ថា “លោក​ម្ចាស់​អើយ តើ​លោក​ជា​នរណា?”។ សំឡេង​នោះ​ឆ្លើយ​មក​ខ្ញុំ​ថា “ខ្ញុំ​ជា​យេស៊ូ អ្នក​ស្រុក​ណាសា‌រ៉ែត ដែល​អ្នក​កំពុង​តែ​បៀត‌បៀន”។

9. រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​ខ្ញុំ ក៏​បាន​ឃើញ​ពន្លឺ​នោះ​ដែរ តែ​មិន​បាន​ឮ​ព្រះ​សូរសៀង​ទេ។

10. ខ្ញុំ​ក៏​សួរ​ថា “ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ធ្វើ​ដូច​ម្ដេច?”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ក្រោក​ឡើង ទៅ​ក្រុង​ដាម៉ាស​ទៅ នៅ​ទី​នោះ គេ​នឹង​ប្រាប់​អ្នក​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បង្គាប់​ឲ្យ​អ្នក​ធ្វើ”។

11. ដោយ​ខ្ញុំ​ពុំ​អាច​មើល​អ្វី​ឃើញ ព្រោះ​តែ​ពន្លឺ​រស្មី​ដ៏​រុងរឿង​នោះ អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​បាន​ដឹក​ដៃ​នាំ​ខ្ញុំ​ទៅ​ក្រុង​ដាម៉ាស។

12. នៅ​ក្រុង​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​អណា‌ណាស ជា​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ស្រប​តាម​ក្រឹត្យ‌វិន័យ* ហើយ​ជន‌ជាតិ​យូដា​នៅ​ក្រុង​ដាម៉ាស​គោរព​រាប់​អាន​គាត់​គ្រប់ៗ​គ្នា។

13. គាត់​មក​ឈរ​ជិត​ខ្ញុំ ហើយ​ពោល​ថា “បង​សូល​អើយ សូម​ឲ្យ​បង​មើល​ឃើញ​វិញ​ចុះ!”។ រំពេច​នោះ ភ្នែក​ខ្ញុំ​ក៏​ភ្លឺ​ឡើង ហើយ​ខ្ញុំ​មើល​ឃើញ​គាត់។

14. គាត់​មាន​ប្រសាសន៍​ថា “ព្រះ​នៃ​បុព្វបុរស*​របស់​យើង បាន​ជ្រើស​រើស​បង ដើម្បី​ឲ្យ​បង​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ឲ្យ​បង​បាន​ឃើញ​ព្រះ​ដ៏​សុចរិត និង​ឲ្យ​បង​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផ្ទាល់​តែ​ម្ដង

15. ដ្បិត​បង​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ព្រះ‌អង្គ នៅ​មុខ​មនុស្ស​ទាំង​អស់ អំពី​ហេតុ‌ការណ៍​ដែល​បង​បាន​ឃើញ និង​អំពី​សេចក្ដី​ដែល​បង​បាន​ឮ។

16. ដូច្នេះ តើ​បង​នៅ​បង្អែ‌បង្អង់​ដល់​កាល​ណា​ទៀត សូម​ក្រោក​ឡើង ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អង្គ​ទៅ ដើម្បី​ព្រះ‌អង្គ​លាង​បាប*​ឲ្យ”។

17. ខ្ញុំ​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​នៅ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ព្រះ‌វិហារ ខ្ញុំ​លង់​ស្មារតី

18. ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រញាប់​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ភ្លាម​ទៅ ដ្បិត​អ្នក​ក្រុង​នេះ​មិន​ព្រម​ទទួល​សក្ខីភាព​ដែល​អ្នក​និយាយ​អំពី​យើង​ទេ”។

19. ខ្ញុំ​ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់ អ្នក​ទាំង​នោះ​បាន​ដឹង​ស្រាប់​ហើយ​ថា ទូលបង្គំ​ធ្លាប់​ចូល​ទៅ​សាលា​ប្រជុំ*​នានា ចាប់​អស់​អ្នក​ដែល​ជឿ​ព្រះ‌អង្គ​យក​ទៅ​ឃុំ‌ឃាំង និង​វាយ‌ដំ​ទៀត​ផង។

20. នៅ​ពេល​គេ​សម្លាប់​លោក​ស្ទេផាន​ដែល​ជា​បន្ទាល់​របស់​ព្រះ‌អង្គ ទូលបង្គំ​ក៏​នៅ​ទី​នោះ ហើយ​បាន​យល់​ស្រប​ជា​មួយ​ពួក​គេ ទាំង​នៅ​យាម​សម្លៀក‌បំពាក់​របស់​ពួក​អ្នក​ដែល​ប្រហារ​ជីវិត​លោក​ផង​ដែរ”។

21. ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ទៅ​ចុះ ដ្បិត​យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ”»។

22. បណ្ដា‌ជន​បាន​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​មក​ដល់​ត្រឹម​នេះ ក៏​ស្រែក​ឡើង​ថា៖ «សូម​សម្លាប់​មនុស្ស​បែប​នេះ​ចោល​ទៅ កុំ​ទុក​ឲ្យ​នៅ​រស់​ឡើយ!»។

23. គេ​នាំ​គ្នា​ស្រែក ទាំង​បោះ​អាវ​របស់​ខ្លួន និង​បាច​ធូលី​ដី​ឡើង​លើ​ទៀត​ផង។

24. លោក​មេ‌បញ្ជា‌ការ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ និង​ឲ្យ​គេ​វាយ​សួរ​ចម្លើយ ចង់​ដឹង​មូល​ហេតុ​ដែល​នាំ​ឲ្យ​បណ្ដា‌ជន​ស្រែក​ប្រឆាំង​នឹង​លោក​បែប​នេះ។

25. នៅ​ពេល​គេ​កំពុង​យក​ខ្សែ​ចង​លោក លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​នាយ​ទាហាន​ម្នាក់​នៅ​ជិត​នោះ​ថា៖ «តើ​អស់​លោក​មាន​សិទ្ធិ​វាយ​អ្នក​ដែល​មាន​សញ្ជាតិ​រ៉ូម៉ាំង ដោយ​មិន​កាត់​ទោស​ជា​មុន​ឬ!»។

26. នាយ​ទាហាន​ឮ​ពាក្យ​នេះ ក៏​ទៅ​ជម្រាប​លោក​មេ‌បញ្ជា‌ការ​ថា៖ «តើ​លោក​គិត​ធ្វើ​អី​ហ្នឹង បុរស​នោះ​ជា​ជន‌ជាតិ​រ៉ូម៉ាំង​ទេ​តើ»។

27. លោក​មេ‌បញ្ជា‌ការ​មក​សួរ​លោក​ប៉ូល​ថា៖ «សុំ​ប្រាប់​ខ្ញុំ​មើល៍ តើ​អ្នក​ជា​ជន‌ជាតិ​រ៉ូម៉ាំង​មែន​ឬ?»។ លោក​ឆ្លើយ​ថា៖ «បាទ ខ្ញុំ​ជា​ជន‌ជាតិ​រ៉ូម៉ាំង​មែន»។

28. លោក​មេ‌បញ្ជា‌ការ​ក៏​មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​បាន​ចំណាយ​ប្រាក់​ជា​ច្រើន ដើម្បី​ឲ្យ​បាន​សញ្ជាតិ​រ៉ូម៉ាំង»។ លោក​ប៉ូល​តប​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សញ្ជាតិ​រ៉ូម៉ាំង តាំង​ពី​កំណើត​មក​ម៉្លេះ»។

29. ពួក​អ្នក​ដែល​បម្រុង​នឹង​សួរ​ចម្លើយ​លោក នាំ​គ្នា​ដក​ខ្លួន​ថយ​ពី​ទី​នោះ​ភ្លាម រីឯ​លោក​មេ‌បញ្ជា‌ការ​ក៏​ភិត‌ភ័យ​ដែរ នៅ​ពេល​ដឹង​ថា​លោក​ប៉ូល​មាន​សញ្ជាតិ​រ៉ូម៉ាំង​ដូច្នេះ ព្រោះ​គាត់​បាន​ឲ្យ​គេ​ដាក់​ច្រវាក់​លោក។

លោក​ប៉ូល​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

30. នៅ​ថ្ងៃ​បន្ទាប់ ដោយ​លោក​មេ‌បញ្ជា‌ការ​ចង់​ដឹង​ច្បាស់​នូវ​មូល​ហេតុ ដែល​នាំ​ឲ្យ​ជន‌ជាតិ​យូដា​ចោទ​ប្រកាន់​លោក​ប៉ូល គាត់​ក៏​ឲ្យ​គេ​ដោះ​ច្រវាក់​ចេញ​ពី​លោក។ គាត់​បញ្ជា​ឲ្យ​ពួក​នាយក​បូជា‌ចារ្យ* និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល​ជួប‌ជុំ​គ្នា ហើយ​ឲ្យ​នាំ​លោក​ប៉ូល​ចុះ​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំ។