ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ

1. លុះ​ដល់​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ កាល​ភ្លឺ​ស្រាងៗ នោះ​គេ​យក​គ្រឿង​ក្រអូប ដែល​រៀប‌ចំ​នោះ នាំ​គ្នា​ទៅ​ឯ​ផ្នូរ មាន​អ្នក​ខ្លះ​ទៀត​ទៅ​ជា​មួយ​ដែរ

2. គេ​ក៏​ឃើញ​ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ​ហើយ

3. តែ​កាល​ចូល​ទៅ នោះ​មិន​ឃើញ​ព្រះ‌សព​ព្រះ‌អម្ចាស់​យេស៊ូវ​ទេ

4. កំពុង​ដែល​មាន​សេចក្ដី​ងឿង‌ឆ្ងល់​អំពី​ការ​នោះ ស្រាប់​តែ​ឃើញ​មាន​២​នាក់​ស្លៀក‌ពាក់​ភ្លឺ‌ព្រោង‌ព្រាយ ឈរ​ជិត​គេ

5. គេ​ក៏​ភ័យ​ស្លុត ហើយ​ក្រាប​ផ្កាប់​មុខ​នឹង​ដី រួច​អ្នក​នោះ​និយាយ​មក​គេ​ថា ហេតុ​អ្វី​បាន​ជា​មក​រក​ព្រះ‌អង្គ ដែល​មាន​ព្រះ‌ជន្ម​រស់ នៅ​ក្នុង​ទី​ខ្មោច​ស្លាប់​ដូច្នេះ

6. ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ មិន​គង់​នៅ​ទី​នេះ​ទេ ចូរ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​នៅ​ស្រុក​កាលី‌ឡេ​នៅ​ឡើយ​ថា

7. កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​មាន​បាប ឲ្យ​គេ​ឆ្កាង ហើយ​៣​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ

8. នោះ​គេ​ក៏​នឹក​ឃើញ​ពី​ព្រះ‌បន្ទូល​ទ្រង់

9. លុះ​វិល​មក​ពី​ផ្នូរ​វិញ នោះ​ក៏​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​ពួក​១១​នាក់ និង​អ្នក​ឯ​ទៀត​ទាំង​ប៉ុន្មាន​ដែរ

10. រីឯ​ពួក​ស្ត្រី​ដែល​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​ពួក​សាវក នោះ​គឺ ម៉ារា ពី​ស្រុក​ម៉ាក់‌ដាឡា​១ យ៉ូអាន់​១ ម៉ារា ជា​ម្តាយ​យ៉ាកុប​១ ហើយ​ស្ត្រី​ឯ​ទៀត ដែល​នៅ​ជា​មួយ​គ្នា​ផង

11. ពួក​សាវក​មិន​បាន​ជឿ​ទេ ដ្បិត​ពាក្យ​សំដី​របស់​ស្រីៗ​នោះ មើល​ទៅ​ដូច​ជា​រឿង​លេង​សុទ្ធ

12. តែ​ពេត្រុស គាត់​ក្រោក​ឡើង​រត់​ទៅ​ឯ​ផ្នូរ ក៏​ឱន​មើល​ទៅ​ឃើញ​តែ​សំពត់‌ស្នប​ទទេ រួច​វិល​ទៅ​ផ្ទះ​ទាំង​អស្ចារ្យ​ក្នុង​ចិត្ត ពី​ការ​ដែល​កើត​មាន​មក។

សិស្ស​២​នាក់​ធ្វើ​ដំណើរ​ទៅ​ភូមិ​អេម៉ោស

13. រីឯ​នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​សិស្ស​២​នាក់​កំពុង​តែ​ដើរ​ទៅ​ឯ​ភូមិ​អេម៉ោស ចំងាយ​១១​គីឡូ‌ម៉ែត្រ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ

14. គេ​កំពុង​តែ​និយាយ​គ្នា ពី​អស់​ទាំង​ការ​ដែល​កើត​មាន​មក​នោះ

15. កាល​គេ​កំពុង​តែ​និយាយ​គ្នា ហើយ​រិះ‌គិត​ដូច្នេះ នោះ​ព្រះ‌យេស៊ូវ​ក៏​ចូល​មក យាង​ជា​មួយ​នឹង​គេ​ដែរ

16. តែ​ភ្នែក​គេ​ត្រូវ​ថ្ពឹន មិន​ឲ្យ​ស្គាល់​ទ្រង់​ទេ

17. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា តើ​រឿង​អ្វី ដែល​អ្នក​និយាយ​គ្នា កំពុង​ដែល​ដើរ​ទៅ ដោយ​មាន​មុខ​ស្រងូត​ដូច្នេះ

18. ឯ​ម្នាក់​ដែល​ឈ្មោះ​ក្លេវប៉ាស គាត់​ឆ្លើយ​ថា តើ​អ្នក​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​តែ​ម្នាក់​ឯង​ទេ​ឬ​អី បាន​ជា​មិន​ដឹង​ការ​ដែល​កើត​មក​នៅ​គ្រា​នេះ

19. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​ការ​អ្វី​ហ្នឹង នោះ​គេ​ឆ្លើយ​ថា គឺ​ពី​ដំណើរ​លោក​យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត ជា​ហោរា ដែល​ការ​លោក​ធ្វើ និង​ពាក្យ​សំដី​របស់​លោក សុទ្ធ​តែ​មាន​ឫទ្ធិ នៅ​ចំពោះ​ព្រះ និង​បណ្តា‌ជន​ទាំង‌ឡាយ​ផង

20. ហើយ​ពី​បែប​យ៉ាង​ណា ដែល​ពួក​សង្គ្រាជ និង​ពួក​នាម៉ឺន​យើង​ខ្ញុំ បាន​បញ្ជូន​លោក​ទៅ ឲ្យ​ជាប់​ទោស​ដល់​ជីវិត ហើយ​ឆ្កាង​លោក​ផង

21. តែ​យើង​ខ្ញុំ​បាន​សង្ឃឹម​ថា គឺ​លោក​នេះ​ហើយ ជា​ព្រះ​ដែល​រៀប​នឹង​ប្រោស​លោះ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ឥឡូវ​នេះ ក៏​មាន​ការ​នេះ​ថែម​ទៀត ដ្បិត​នេះ​គំរប់​៣​ថ្ងៃ​ហើយ តាំង​ពី​ការ​ទាំង​នោះ​កើត​មក

22. ហើយ​មាន​ស្ត្រី​ខ្លះ​ក្នុង​ពួក​យើង​ខ្ញុំ​បាន​នាំ​ឲ្យ​ឆ្ងល់​ដែរ ដោយ​បាន​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម

23. តែ​រក​សព​លោក​មិន​ឃើញ​សោះ ហើយ​គេ​មក​ប្រាប់​យើង​ថា ឃើញ​ទេវតា​លេច​មក​ប្រាប់​ថា លោក​រស់​ឡើង​វិញ​ហើយ

24. មាន​ពួក​យើង​ខ្ញុំ​ខ្លះ​បាន​ទៅ​ឯ​ផ្នូរ​ដែរ ក៏​ឃើញ​ដូច​ជា​ពួក​ស្រី​បាន​ថា​មែន តែ​មិន​បាន​ឃើញ​រូប​លោក​ទេ

25. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ឱ​មនុស្ស​ឥត​ពិចារណា ហើយ​ក្រ​នឹង​ជឿ​អស់​ទាំង​សេចក្ដី ដែល​ពួក​ហោរា​បាន​ទាយ​ទុក​មក​អើយ

26. តើ​មិន​គួរ​ឲ្យ​ព្រះ‌គ្រីស្ទ​រង​ទុក្ខ​ទាំង​នោះ ហើយ​ចូល​ទៅ​ក្នុង​សិរី‌ល្អ​នៃ​ទ្រង់​វិញ​ទេ​ឬ​អី

27. រួច​ទ្រង់​ក៏​ស្រាយ​ន័យ​សេចក្ដី ដែល​ដំរូវ​ដល់​ទ្រង់ ពី​ក្នុង​គម្ពីរ​ទាំង‌ឡាយ ឲ្យ​គេ​ស្តាប់ ចាប់​តាំង​ពី​គម្ពីរ​លោក​ម៉ូសេ និង​គម្ពីរ​ពួក​ហោរា​រៀង​មក

28. នោះ​ក៏​ជិត​ដល់​ភូមិ​ដែល​គេ​គិត​ទៅ ហើយ​ទ្រង់​ធ្វើ​ដូច​ជា​ចង់​យាង​បង្ហួស

29. តែ​គេ​ឃាត់​ទ្រង់ ដោយ​ពាក្យ​ថា សូម​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​សិន ពី​ព្រោះ​ល្ងាច ថ្ងៃ​ទាប​ណាស់​ហើយ ដូច្នេះ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​ជា​មួយ​នឹង​គេ

30. កាល​គង់​នៅ​តុ​ជា​មួយ​គ្នា នោះ​ទ្រង់​យក​នំបុ័ង​មក​ប្រទាន​ពរ រួច​កាច់​ប្រទាន​ទៅ​ឲ្យ​គេ

31. នោះ​ភ្នែក​គេ​បាន​បើក​ភ្លឺ​ឡើង ហើយ​គេ​បាន​ស្គាល់​ទ្រង់ តែ​ទ្រង់​បាត់​ពី​មុខ​គេ​ទៅ​ភ្លាម

32. នោះ​គេ​និយាយ​គ្នា​ថា តើ​យើង​មិន​មាន​សេចក្ដី​ខ្មួល‌ខ្មាញ់​នៅ​ក្នុង​ចិត្ត ក្នុង​ពេល​ដែល​ទ្រង់​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នឹង​យើង ហើយ​សំដែង​ពី​គម្ពីរ តាម​ផ្លូវ​នោះ​ទេ​ឬ​អី

33. នៅ​វេលា​នោះ​ឯង គេ​ក៏​ក្រោក​ឡើង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ឃើញ​ពួក​សាវក​១១​នាក់ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​បាន​ប្រជុំ​គ្នា កំពុង​តែ​និយាយ​ថា

34. ព្រះ‌អម្ចាស់ ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន ក៏​បាន​លេច​មក​មក​ឲ្យ​ស៊ីម៉ូន​ឃើញ

35. នោះ​គេ​ក៏​និយាយ​ប្រាប់​ពី​ការ​ដែល​កើត​មាន​មក​តាម​ផ្លូវ ហើយ​ដែល​គេ​បាន​ស្គាល់​ទ្រង់​ជាក់ ដោយ​ទ្រង់​កាច់​នំបុ័ង​ឲ្យ។

ពួក​សិស្ស​បាន​ឃើញ​ព្រះ‌យេស៊ូវ

36. កាល​កំពុង​តែ​ប្រាប់​រឿង​ទាំង​នោះ ស្រាប់​តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​នៅ​កណ្តាល​គេ មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត​ចុះ

37. តែ​គេ​ភ័យ​ញ័រ ទាំង​មាន​សេចក្ដី​ស្ញែង​ខ្លាច​ជា​ខ្លាំង ដោយ​ស្មាន​ថា​ជា​ខ្មោច​លង​វិញ

38. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ហេតុ​អ្វី​បាន​ជា​វិល‌វល់ ហើយ​សង្ស័យ​ក្នុង​ចិត្ត​ដូច្នេះ

39. ចូរ​មើល​មក​ដៃ និង​ជើង​ខ្ញុំ ឲ្យ​បាន​ដឹង​ថា នេះ​គឺ​ខ្ញុំ​ពិត​មែន ចូរ​ពាល់​ខ្ញុំ​មើល ដ្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ

40. លុះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​បង្ហាញ​ព្រះ‌ហស្ត និង​ព្រះ‌បាទ​ទ្រង់​ដល់​គេ

41. កាល​គេ​មិន​ទាន់​ជឿ​នៅ​ឡើយ ដោយ​ព្រោះ​មាន​សេចក្ដី​អំណរ និង​សេចក្ដី​អស្ចារ្យ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ទី​នេះ អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ

42. គេ​ក៏​យក​ត្រី​អាំង​១​ដុំ និង​សំណុំ​ឃ្មុំ​មក​ថ្វាយ​ទ្រង់

43. រួច​ទ្រង់​យក​ទៅ​សោយ​នៅ​មុខ​គេ

44. ក៏​មាន​ព្រះ‌បន្ទូល​ថា នេះ​ហើយ​ជា​សេចក្ដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ គឺ​ថា ត្រូវ​តែ​សំរេច​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​ពី​ខ្ញុំ ទោះ​ក្នុង​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ ក្នុង​ទំនាយ​ពួក​ហោរា ឬ​ក្នុង​បទ​ទំនុក​ដំកើង​ផង

45. នោះ​ទ្រង់​ក៏​បើក​បំភ្លឺ​សតិ‌ស្មារតី​គេ ឲ្យ​បាន​យល់​ក្នុង​គម្ពីរ

46. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា គឺ​សេចក្ដី​នេះ​ហើយ ដែល​បាន​ចែង​ទុក​មក គឺ​ថា ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​នៅ​ថ្ងៃ​ទី​៣​ទ្រង់​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ

47. ហើយ​ត្រូវ​ឲ្យ​ការ​ប្រែ​ចិត្ត និង​សេចក្ដី​ប្រោស​ឲ្យ​រួច បាន​ប្រកាស​ប្រាប់​ដល់​អស់​ទាំង​សាសន៍ ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡិម​ទៅ

48. អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ពី​ការ​ទាំង​នេះ

49. ហើយ​មើល ខ្ញុំ​នឹង​ឲ្យ​សេចក្ដី​សន្យា​របស់​ព្រះ‌វរ‌បិតា មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ចូរ​អ្នក​រាល់​គ្នា​នៅ​តែ​ក្នុង​ក្រុង​យេរូ‌សាឡិម ដរាប​ដល់​ព្រះ‌ចេស្តា​ពី​ស្ថាន​លើ បាន​មក​គ្រប​ដណ្តប់​លើ​អ្នក​រាល់​គ្នា។

ព្រះ‌យេស៊ូវ​យាង​ឡើង​ទៅ​ស្ថាន‌សួគ៌

50. នោះ​ទ្រង់​នាំ​គេ​ចេញ​ទៅ​ត្រឹម​បេថានី រួច​ទ្រង់​លើក​ព្រះ‌ហស្ត​ឡើង​ប្រទាន​ពរ​ឲ្យ

51. កំពុង​ដែល​ទ្រង់​ប្រទាន​ពរ នោះ​ព្រះ‌វរ‌បិតា​បាន​ញែក​ទ្រង់​ចេញ​ពី​គេ លើក​ឡើង​ទៅ​ស្ថាន‌សួគ៌​ទៅ

52. គេ​ក៏​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ រួច​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ដោយ​អំណរ​ជា​ខ្លាំង

53. ក៏​នៅ​ក្នុង​ព្រះ‌វិហារ​ជានិច្ច ទាំង​សរសើរ ហើយ​លើក​ដំកើង​ព្រះ។ អាម៉ែន។:៚