ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌យេស៊ូវ​ចាត់​សិស្ស​៧២​រូប​ទៅ​ផ្សាយ​ដំណឹង​ល្អ

1. លុះ​ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌អម្ចាស់​ទ្រង់​ដំរូវ​៧០​នាក់​ទៀត ហើយ​ចាត់​គេ​ឲ្យ​ទៅ​មុន​ទ្រង់ មួយ​គូៗ​ក្នុង​គ្រប់​ក្រុង គ្រប់​កន្លែង​ដែល​ទ្រង់​គិត​យាង​ទៅ

2. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ ដូច្នេះ ឲ្យ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់

3. ទៅ​ចុះ មើល​ខ្ញុំ​ប្រើ​អ្នក​រាល់​គ្នា​ទៅ ដូច​ជា​កូន​ចៀម នៅ​កណ្តាល​ហ្វូង​ស្វាន

4. កុំ​ឲ្យ​យក​កាបូប ឬ​យាម ឬ​ស្បែក​ជើង​ឡើយ ក៏​កុំ​ឲ្យ​គំនាប់​អ្នក​ណា​តាម​ផ្លូវ​ផង

5. ឯ​ផ្ទះ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​មុន​ដំបូង​ត្រូវ​ថា សូម​ឲ្យ​ផ្ទះ​នេះ​បាន​សេចក្ដី​សុខ‌សាន្ត

6. បើ​នៅ​ផ្ទះ​នោះ មាន​មនុស្ស​ណា​ចូល​ចិត្ត​នឹង​សេចក្ដី​សុខ‌សាន្ត នោះ​សេចក្ដី​សុខ​របស់​អ្នក​រាល់​គ្នា នឹង​នៅ​ជាប់​នឹង​ផ្ទះ​នោះ បើ​គ្មាន​ទេ នោះ​សេចក្ដី​សុខ​នឹង​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ

7. ហើយ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​នោះ​ឯង ទាំង​ទទួល​បរិភោគ​របស់​អ្វីៗ ដែល​គេ​ឲ្យ​ចុះ ពី​ព្រោះ​អ្នក​ដែល​ធ្វើ​ការ នោះ​គួរ​នឹង​បាន​ឈ្នួល​វិញ កុំ​ឲ្យ​ផ្លាស់​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ឡើយ

8. ឯ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​រាក់​ទាក់​ទទួល នោះ​ឲ្យ​ទទួល​បរិភោគ​របស់​អ្វីៗ ដែល​គេ​លើក​មក​ឲ្យ​ចុះ

9. ទាំង​មើល​ពួក​អ្នក​ឈឺ​ក្នុង​ភូមិ​នោះ​ឲ្យ​ជា​ផង ហើយ​ប្រាប់​គេ​ថា នគរ​ព្រះ​ជិត​មក​ដល់​អ្នក​រាល់​គ្នា​ហើយ

10. តែ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​មិន​ទទួល​ទេ នោះ​ចូរ​ចេញ​ទៅ​ឯ​ផ្លូវ ហើយ​និយាយ​ថា

11. នែ ទោះ​ទាំង​ធូលី​ដី​ក្នុង​ភូមិ​អ្នក​រាល់​គ្នា ដែល​ជាប់​នៅ​ជើង​យើង នោះ​យើង​ក៏​ជូត​ចេញ​ទាស់​នឹង​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ ត្រូវ​ដឹង​សេចក្ដី​នេះ​ថា នគរ​ព្រះ​ជិត​ដល់​ហើយ

12. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​នោះ ក្រុង​សូដុំម​នឹង​ទ្រាំ​បាន​ងាយ ជា​ជាង​ភូមិ​នោះ

13. វេទនា​ដល់​ឯង ក្រុង​ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង ក្រុង​បេត‌សៃដា​អើយ ពី​ព្រោះ​ការ​ឫទ្ធិ‌បារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស និង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ អង្គុយ​ក្នុង​ផេះផង

14. ដូច្នេះ នៅ​ថ្ងៃ​ជំនុំ​ជំរះ ក្រុង​ទីរ៉ុស និង​ស៊ីដូន នឹង​ទ្រាំ​បាន​ងាយ ជា​ជាង​ឯង​រាល់​គ្នា

15. ហើយ​ក្រុង​កាពើ‌ណិម​អើយ គឺ​ឯង​ដែល​បាន​ដំកើង​ឡើង​ស្មើ​ស្ថាន‌សួគ៌​ហើយ ឯង​នឹង​ត្រូវ​ទំលាក់​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ

16. ឯ​អ្នក​ណា​ដែល​ស្តាប់​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​ស្តាប់​ខ្ញុំ តែ​អ្នក​ណា​ដែល​មើល‌ងាយ​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​មើល‌ងាយ​ដល់​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មើល‌ងាយ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​មើល‌ងាយ ដល់​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ។

ពួក​សិស្ស​វិល​ត្រឡប់​មក​វិញ

17. ពួក​៧០​នាក់​នោះ​ក៏​មក​វិញ​ដោយ​អំណរ ហើយ​ទូល​ថា ព្រះ‌អម្ចាស់​អើយ ទោះ​ទាំង​ពួក​អារក្ស​ក៏​ចុះ​ចូល​ចំពោះ​យើង​រាល់​គ្នា ដោយ​ព្រះ‌នាម​ទ្រង់​ដែរ

18. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ខ្ញុំ​បាន​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​លើ​មេឃ មក​ដូច​ជា​ផ្លេក‌បន្ទោរ

19. មើល​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច នឹង​ដើរ​ជាន់​ទាំង​ពស់ និង​ខ្យា‌ដំរី ហើយ​លើ​គ្រប់​ទាំង​ឥទ្ធិ‌ឫទ្ធិ​របស់​ខ្មាំង​សត្រូវ​ផង គ្មាន​អ្វី​នឹង​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ឡើយ

20. ប៉ុន្តែ កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះ​ចូល​អ្នក​រាល់​គ្នា​នោះ​ឡើយ ត្រូវ​ឲ្យ​រីក‌រាយ ដោយ​ព្រោះ​ឈ្មោះ​អ្នក​រាល់​គ្នា​បាន​កត់​ទុក​នៅ​ស្ថាន‌សួគ៌​វិញ។

ព្រះ‌យេស៊ូវ​មាន​ព្រះ‌ហឫ‌ទ័យ​រីក‌រាយ

21. នៅ​វេលា​នោះ​ឯង ព្រះ‌យេស៊ូវ​ទ្រង់​កំពុង​តែ​រីក‌រាយ​ដោយ​ព្រះ‌វិញ្ញាណ ក៏​មាន​ព្រះ‌បន្ទូល​ថា ឱ​ព្រះ‌វរ‌បិតា ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី​អើយ ទូល‌បង្គំ​សរសើរ​ដល់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​លាក់​សេចក្ដី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ ហើយ​នឹង​ពួក​ឈ្លាស‌វៃ តែ​បាន​សំដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ អើ ព្រះ‌វរ‌បិតា​អើយ ដ្បិត​ទ្រង់​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ​យ៉ាង​ដូច្នោះ

22. រួច​ទ្រង់​បែរ​ទៅ​មាន​ព្រះ‌បន្ទូល​នឹង​ពួក​សិស្ស​ថា គ្រប់​សេចក្ដី​ទាំង​អស់​សុទ្ធ​តែ​បាន​ប្រទាន​មក​ខ្ញុំ ពី​ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌រាជ‌បុត្រា​ទេ មាន​តែ​ព្រះ‌វរ‌បិតា​តែ​១ ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌វរ‌បិតា​ដែរ មាន​តែ​ព្រះ‌រាជ‌បុត្រា ហើយ​នឹង​អ្នក​ណា ដែល​ព្រះ‌រាជ‌បុត្រា​សព្វ​ព្រះ‌ហឫ‌ទ័យ បើក​ឲ្យ​ស្គាល់​ទ្រង់​ផង​ប៉ុណ្ណោះ

23. ទ្រង់​ក៏​បែរ​ទៅ​មាន​ព្រះ‌បន្ទូល​នឹង​ពួក​សិស្ស​ដោយ‌ឡែក​ថា មាន​ពរ​ហើយ ភ្នែក​ណា​ដែល​ឃើញ​អស់​ទាំង​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ

24. ពី​ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​ហោរា និង​ស្តេច​ជា​ច្រើន បាន​ប្រាថ្នា​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ​ដែរ តែ​មិន​បាន​ឃើញ​ទេ ក៏​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​ដែរ តែ​មិន​បាន​ឮ​សោះ។

ពាក្យ​ប្រស្នា​អំពី​អ្នក​ស្រុក​សាម៉ារី​ម្នាក់​មាន​ចិត្ត​សប្បុរស

25. នៅ​គ្រា​នោះ មាន​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​ឈរ​ឡើង ទូល​ល្បង​ទ្រង់​ថា លោក​គ្រូ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​បាន​ជីវិត​អស់​កល្ប‌ជានិច្ច

26. ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ក្នុង​ក្រឹត្យ‌វិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្តេច

27. អ្នក​នោះ​ទូល​ថា «ឯង​ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ»

28. ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត

29. តែ​អ្នក​នោះ​ចង់​សំដែង​ខ្លួន​ជា​អ្នក​សុចរិត ក៏​ទូល​សួរ​ទៀត​ថា តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង​ខ្ញុំ

30. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា មាន​មនុស្ស​ម្នាក់​កំពុង​តែ​ធ្វើ​ដំណើរ​ពី​ក្រុង​យេរូ‌សាឡិម ចុះ​ទៅ​ឯ​ក្រុង​យេរីខូរ ក៏​ធ្លាក់​ខ្លួន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ចោរ វា​ប្លន់​គាត់ ព្រម​ទាំង​វាយ​ឲ្យ​ត្រូវ​របួស រួច​ចេញ​បាត់​ទៅ ចោល​គាត់​ឲ្យ​ទ្រម​នៅ

31. ជួន​ជា​មាន​សង្ឃ​១​អង្គ ចុះ​មក​តាម​ផ្លូវ​នោះ កាល​បាន​ឃើញ​គាត់ នោះ​ក៏​វាង​តាម​ម្ខាង​ហួស​ទៅ

32. ហើយ​មាន​ពួក​លេវី​ម្នាក់ មក​ដល់​កន្លែង​នោះ​ដែរ កាល​បាន​ឃើញ​ហើយ ក៏​វាង​តាម​ម្ខាង​ហួស​ទៅ​ទៀត

33. តែ​មាន​សាសន៍​សាម៉ារី​ម្នាក់ ដើរ​ដំណើរ​មក​ដល់ កាល​បាន​ឃើញ​ហើយ នោះ​ក៏​មាន​ចិត្ត​ក្តួល​អាណិត​ដល់​គាត់

34. ទើប​ចូល​ទៅ​រុំ​របួស​ឲ្យ ព្រម​ទាំង​យក​ប្រេង និង​ស្រា ចាក់​លាប រួច​លើក​ដាក់​លើ​សត្វ​ជា​ជំនិះ​របស់​ខ្លួន ដឹក‌នាំ​ទៅ​ឯ​ផ្ទះ​សំណាក់ ថែ‌ទាំ​រក្សា​គាត់

35. ស្អែក​ឡើង កាល​គាត់​រៀប​នឹង​ចេញ​ទៅ នោះ​ក៏​យក​ប្រាក់​៤​កាក់ ហុច​ដល់​ម្ចាស់​ផ្ទះ​នោះ ដោយ​ប្រាប់​ថា ចូរ​ថែ​រក្សា​អ្នក​នេះ​ផង បើ​ជួន​ជា​អ្នក​ចាយ​លើស​ពី​នេះ​ទៅ នោះ​ដល់​ខ្ញុំ​មក​វិញ ខ្ញុំ​នឹង​សង​អ្នក

36. ដូច្នេះ ក្នុង​៣​នាក់​នោះ តើ​អ្នក​ស្មាន​ថា អ្នក​ណា​ជា​អ្នក​ជិត​ខាង​នឹង​មនុស្ស ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ចោរ​នោះ

37. អ្នក​នោះ​ឆ្លើយ​ថា គឺ​អ្នក​១​ដែល​មាន​ចិត្ត​អាណិត​ដល់​គាត់​នោះ​ឯង ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ។

ព្រះ‌យេស៊ូវ​គង់​នៅ​ផ្ទះ​នាង​ម៉ាថា និង​នាង​ម៉ារា

38. កាល​កំពុង​តែ​នាំ​គ្នា​ទៅ នោះ​ទ្រង់​យាង​ចូល​ទៅ​ភូមិ​១ ហើយ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ាថា បាន​ទទួល​អញ្ជើញ​ទ្រង់​ទៅ​ក្នុង​ផ្ទះ

39. នាង​មាន​ប្អូន​ស្រី​១​ឈ្មោះ​ម៉ារា នាង​នោះ​បាន​អង្គុយ​ស្តាប់​ព្រះ‌បន្ទូល នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អម្ចាស់

40. ឯ​ម៉ាថា នាង​មាន​ការ​រវល់​ជា​ច្រើន ក៏​ចូល​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​មិន​គិត​ឃើញ​ថា ប្អូន​ខ្ញុំ​ម្ចាស់ វា​ទុក​ខ្ញុំ​ម្ចាស់ ឲ្យ​ខ្វល់‌ខ្វាយ​បំរើ​តែ​ម្នាក់​ឯង​ទេ​ឬ​អី សូម​ទ្រង់​ប្រាប់​ឲ្យ​វា​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង

41. ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ម៉ាថាៗ​អើយ នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀប‌ចំ​ធ្វើ​អី​ច្រើន​ម៉្លេះ

42. មាន​សេចក្ដី​តែ​១​ទេ ដែល​សំរាប់​ត្រូវ​ការ ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ។