ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ប្រស្នា​អំពី​ចៅ‌ក្រម និង​ស្ត្រី​មេម៉ាយ

1. នោះ​ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ

2. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ក្នុង​ក្រុង​១ មាន​ចៅ‌ក្រម​ម្នាក់ ដែល​មិន​កោត‌ខ្លាច​ដល់​ព្រះ ក៏​មិន​ព្រម​ញញើត​ចំពោះ​មនុស្ស​ណា​ផង

3. ហើយ​មាន​ស្ត្រី​មេម៉ាយ​ម្នាក់ នៅ​ក្នុង​ក្រុង​នោះ​ដែរ នាង​ចេះ​តែ​មក​និយាយ​នឹង​លោក​នោះ​ថា សូម​លោក​កាត់​ទោស​ដល់​ខ្មាំង​សត្រូវ​ឲ្យ​ខ្ញុំ​ផង

4. តែ​លោក​មិន​ទទួល​ព្រម​ជា​យូរ​ក្រែល​ហើយ លុះ​ក្រោយ​មក​ក៏​គិត​ក្នុង​ចិត្ត​ថា ទោះ​បើ​អញ​មិន​ខ្លាច​ដល់​ព្រះ ឬ​ព្រឹម​ញញើត​ចំពោះ​មនុស្ស​ណា​ក៏​ដោយ

5. គង់​តែ​អញ​នឹង​ជំនុំ​ជំរះ​ឲ្យ​ស្ត្រី​មេម៉ាយ​នេះ​ជា​មិន​ខាន ដោយ​ព្រោះ​នាង​នាំ​ឲ្យ​រំខាន​ចិត្ត​អញ​ខ្លាំង​ណាស់ ក្រែង​នាង​ចេះ​តែ​មក​រំអុក​ជានិច្ច​ដូច្នេះ​ទៅ នឹង​នាំ​ឲ្យ​អញ​ពិបាក​ចិត្ត​ទៅ​ទៀត

6. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ពិចារណា​សេចក្ដី ដែល​ចៅ‌ក្រម​ទុច្ចរិត​នោះ​និយាយ​ចុះ

7. ចំណែក​ព្រះ​វិញ ដែល​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់ ដល់​ពួក​រើស​តាំង​របស់​ទ្រង់ ដែល​គេ​អំពាវ‌នាវ​រក​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ នោះ​តើ​ទ្រង់​មិន​សង‌សឹក​ជំនួស​គេ​ដែរ​ទេ​ឬ​អី

8. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទ្រង់​នឹង​សង‌សឹក​ជំនួស​អ្នក​ទាំង​នោះ ជា​ប្រញាប់​មិន​ខាន ប៉ុន្តែ កាល​ណា​កូន​មនុស្ស​នឹង​មក តើ​នឹង​ឃើញ​នៅ​មាន​សេចក្ដី​ជំនឿ​នៅ​ផែនដី​ដែរ​ឬ​ដូច​ម្តេច។

បុរស​ម្នាក់​ខាង​គណៈ‌ផារី‌ស៊ី និង​អ្នក​ទារ​ពន្ធ

9. ឯ​ពួក​អ្នក​ខ្លះ​ដែល​ទុក​ចិត្ត​នឹង​ខ្លួន​គេ​ថា គេ​សុចរិត ហើយ​ក៏​មើល‌ងាយ​ដល់​មនុស្ស​ឯ​ទៀត​ផង នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​នេះ​ថា

10. មាន​បុរស​២​នាក់​ឡើង​ទៅ​អធិស្ឋាន​ក្នុង​ព្រះ‌វិហារ មួយ​ជា​ពួក​ផារី‌ស៊ី មួយ​ទៀត​ជា​អ្នក​យក​ពន្ធ

11. អ្នក​ផារី‌ស៊ី​ក៏​ឈរ​តាំង​អធិស្ឋាន​តែ​ម្នាក់​ឯង​ដូច្នេះ​ថា ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ព្រោះ​ទូល‌បង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត ដែល​ជា​មនុស្ស​ប្លន់ ទុច្ចរិត ហើយ​កំផិត ឬ​ដូច​ជា​អ្នក​យក​ពន្ធ​នេះ​ទេ

12. ទូល‌បង្គំ​តម​ក្នុង​១​អាទិត្យ​២​ដង ហើយ​ក៏​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អម្បាលម៉ាន​ដែល​ទូល‌បង្គំ​បាន​ចំណេញ​ផង

13. ឯ​អ្នក​យក​ពន្ធ គាត់​ឈរ​នៅ​ទី​ឆ្ងាយ មិន​ទាំង​ងើប​មើល​ទៅ​លើ​មេឃ​ផង ក៏​គក់​ដើម​ទ្រូង​ទូល​ថា ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូល‌បង្គំ ដែល​ជា​អ្នក​មាន​បាប​ផង

14. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កាល​ចុះ​ទៅ​ដល់​ផ្ទះ អ្នក​នេះ​បាន​រាប់​ជា​សុចរិត ជា​ជាង​អ្នក​១​នោះ ដ្បិត​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​វិញ ហើយ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង។

ព្រះ‌យេស៊ូវ​ប្រទាន​ពរ​ឲ្យ​ក្មេងៗ

15. មាន​គេ​នាំ​កូន​តូចៗ មក​ឯ​ព្រះ‌យេស៊ូវ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​ពាល់​វា តែ​កាល​ពួក​សិស្ស​បាន​ឃើញ នោះ​ក៏​បន្ទោស​ដល់​គេ

16. ប៉ុន្តែ ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​ព្រះ‌បន្ទូល​ថា ទុក​ឲ្យ​កូន​តូច​មក​ឯ​ខ្ញុំ​ឯ​ណេះ កុំ​ឃាត់​វា​ឡើយ ព្រោះ​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ

17. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​នគរ​ព្រះ ដូច​ជា​កូន​តូចៗ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ។

អ្នក​មាន​ម្នាក់​ចង់​បាន​ជីវិត​អស់​កល្ប‌ជានិច្ច

18. មាន​នាម៉ឺន​ម្នាក់​ទូល​សួរ​ទ្រង់​ថា ឱ​លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ឲ្យ​បាន​ជីវិត​រស់​អស់​កល្ប‌ជានិច្ច

19. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា ល្អ ដូច្នេះ គ្មាន​អ្នក​ណា​ល្អ​ឡើយ មាន​តែ​មួយ​ប៉ុណ្ណោះ គឺ​ជា​ព្រះ

20. អ្នក​បាន​ស្គាល់​បញ្ញត្ត​ទាំង​ប៉ុន្មាន​ហើយ ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ»

21. តែ​គាត់​ទូល​ឆ្លើយ​ថា ខ្ញុំ​បាន​កាន់​តាម​សេចក្ដី​ទាំង​នេះ តាំង​តែ​ពី​ក្មេង​មក​ហើយ

22. កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នោះ នោះ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា អ្នក​នៅ​ខ្វះ​សេចក្ដី​១​ទៀត ដូច្នេះ ចូរ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ‌សម្បត្តិ នៅ​លើ​ស្ថាន‌សួគ៌​វិញ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ

23. កាល​គាត់​បាន​ឮ​សេចក្ដី​ទាំង​នេះ​ហើយ នោះ​ក៏​កើត​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ព្រោះ​គាត់​មាន​សម្បត្តិ​ទ្រព្យ​ច្រើន​ណាស់។

24. ព្រះ‌យេស៊ូវ​ក៏​ឃើញ​ថា គាត់​កើត​មាន​ចិត្ត​ព្រួយ បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ពិបាក​ណាស់

25. ដ្បិត​ដែល​សត្វ​អូដ្ឋ​នឹង​ចូល​ទៅ​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ទៅ​ទៀត

26. ពួក​អ្នក​ដែល​ឮ​ក៏​ទូល​សួរ​ថា ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ

27. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ការ​ដែល​មនុស្ស​ធ្វើ​មិន​កើត នោះ​ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់

28. នោះ​ពេត្រុស​ទូល​ថា មើល យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់ មក​តាម​ទ្រង់​ហើយ

29. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​អ្នក​ណា ដែល​លះ​ចោល​ផ្ទះ‌សំបែង ឪពុក​ម្តាយ បង​ប្អូន ឬ​ប្រពន្ធ​កូន ដោយ​យល់​ដល់​នគរ​ព្រះ

30. ឥត​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង ក្នុង​សម័យ​នេះ​នោះ​ឡើយ ហើយ​លុះ​ដល់​បរ‌លោក​នាយ ក៏​នឹង​បាន​ជីវិត​រស់​អស់​កល្ប‌ជានិច្ច​ថែម​ទៀត​ផង។

ព្រះ‌យេស៊ូវ​ប្រកាស​អំពី​ព្រះ‌អង្គ​សោយ​ទិវង្គត

31. ទ្រង់​ក៏​យក​ពួក​១២​នាក់​មក​មាន​ព្រះ‌បន្ទូល​ថា មើល យើង​រាល់​គ្នា​នឹង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​គ្រប់​សេចក្ដី​ដែល​ពួក​ហោរា​បាន​ចែង​ទុក​ពី​កូន​មនុស្ស នឹង​បាន​សំរេច​ពិត

32. ដ្បិត​គេ​នឹង​បញ្ជូន​លោក​ទៅ​ពួក​សាសន៍​ដទៃ គេ​នឹង​សើច​ចំអក​ឲ្យ ត្មះ‌តិះដៀល ហើយ​ស្តោះ​ដាក់​លោក

33. រួច​កាល​គេ​បាន​វាយ​នឹង​រំពាត់​ហើយ នោះ​គេ​នឹង​សំឡាប់​លោក​បង់ តែ​ក្រោយ​៣​ថ្ងៃ​មក លោក​នឹង​រស់​ឡើង​វិញ

34. តែ​ពួក​សាវក​មិន​បាន​យល់​សេចក្ដី​ទាំង​នោះ​សោះ ពាក្យ​នោះ​ជា​ពាក្យ​លាក់​កំបាំង​ដល់​គេ ហើយ​គេ​មិន​បាន​យល់​ជា​ថា​ដូច​ម្តេច​ទេ។

ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ម្នាក់​ឲ្យ​ភ្លឺ

35. កាល​ជិត​ដល់​ក្រុង​យេរីខូរ​ហើយ នោះ​មាន​មនុស្ស​ខ្វាក់​ម្នាក់ អង្គុយ​សូម​ទាន​នៅ​មាត់​ផ្លូវ

36. គាត់​ឮ​សូរ​សន្ធឹក​មនុស្ស​ទាំង​ហ្វូង ដែល​ដើរ​តាម​នោះ ក៏​សួរ​គេ​ថា តើ​មាន​ការ​អ្វី

37. គេ​ប្រាប់​គាត់​ថា គឺ​ព្រះ‌យេស៊ូវ ពី​ស្រុក​ណាសា‌រ៉ែត ទ្រង់​យាង​មក

38. រួច​គាត់​ស្រែក​ឡើង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំ​ផង

39. ឯ​ពួក​អ្នក​ដែល​ដើរ​មុន គេ​កំហែង​គាត់​ឲ្យ​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា ឱ​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំ​ផង

40. នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ក៏​ឈប់ ហើយ​បង្គាប់​ឲ្យ​គេ​នាំ​គាត់​មក កាល​គាត់​មក​ជិត​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា

41. តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក គាត់​ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ភ្នែក​ទូល‌បង្គំ​បាន​ភ្លឺ​ឡើង

42. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ឲ្យ​ភ្លឺ​ចុះ សេចក្ដី​ជំនឿ​អ្នក​បាន​ជួយ​សង្គ្រោះ​អ្នក​ហើយ

43. ស្រាប់​តែ​ភ្នែក​គាត់​បាន​ភ្លឺ​ភ្លាម ហើយ​គាត់​ដើរ​តាម​ទ្រង់ ទាំង​ពណ៌នា​សរសើរ‌ដំកើង​ព្រះ ឯ​មនុស្ស​ទាំង​អស់​ដែល​ឃើញ ក៏​សរសើរ​ដល់​ព្រះ​ដែរ។