ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌យេស៊ូវ​ប្រោស​អ្នក​បំរើ​របស់​នាយ​ទាហាន​រ៉ូម៉ាំង​ឲ្យ​ជា

1. កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នោះ ឲ្យ​បណ្តា‌ជន​ស្តាប់​រួច​ហើយ ក៏​យាង​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម​វិញ

2. នោះ​មាន​បាវ​សំណប់​របស់​មេ​ទ័ព​ម្នាក់ វា​ឈឺ​ហៀប​នឹង​ស្លាប់

3. លោក​បាន​ឮ​និយាយ​ពី​ព្រះ‌យេស៊ូវ ក៏​ចាត់​ពួក​ចាស់‌ទុំ​សាសន៍​យូដា​ខ្លះ ឲ្យ​ទៅ​អង្វរ​អញ្ជើញ​ទ្រង់​មក​ជួយ​សង្គ្រោះ​បាវ​នោះ

4. កាល​គេ​បាន​ទៅ​ដល់​ព្រះ‌យេស៊ូវ​ហើយ នោះ​ក៏​ទទូច​អង្វរ​ទ្រង់​ថា មេ​ទ័ព​នោះ​មាន​បំណាច់​ណាស់ គួរ​ឲ្យ​ប្រោស​មេត្តា​ដែរ

5. ដ្បិត​គាត់​ស្រឡាញ់​ដល់​សាសន៍​យើង ហើយ​បាន​សង់​សាលា​ប្រជុំ​១​សំរាប់​យើង​រាល់​គ្នា

6. ព្រះ‌យេស៊ូវ​ក៏​យាង​ទៅ​ជា​មួយ​នឹង​គេ កាល​ហៀប​នឹង​ដល់​ផ្ទះ​ហើយ នោះ​មេ​ទ័ព​ចាត់​ពួក​សំឡាញ់​ឲ្យ​មក​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ សូម​កុំ​ព្រួយ​ព្រះ‌ទ័យ​ឡើយ មិន​គួរ​នឹង​ឲ្យ​ទូល‌បង្គំ​ទទួល​ទ្រង់​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​ទេ

7. គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​មិន​បាន​រាប់​ខ្លួន​ថា គួរ​នឹង​មក​ឯ​ទ្រង់​ដែរ សូម​ទ្រង់​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​១​ព្រះ‌ឱស្ឋ​ប៉ុណ្ណោះ​ចុះ នោះ​បាវ​ទូល‌បង្គំ​បាន​ជា​ហើយ

8. ដ្បិត​ទូល‌បង្គំ​នៅ​ក្រោម​អំណាច​គេ​ដែរ ក៏​មាន​ទាហាន​នៅ​ក្រោម​ឱវាទ​ទូល‌បង្គំ ទូល‌បង្គំ​ប្រាប់​ទៅ​ម្នាក់​ថា ទៅ​វា​ក៏​ទៅ ប្រាប់​ទៅ​ម្នាក់​ទៀត​ថា មក វា​ក៏​មក ហើយ​ប្រាប់​ទៅ​បាវ​ថា ធ្វើ​ការ​នេះ​ចុះ នោះ​វា​ក៏​ធ្វើ​តាម

9. កាល​ព្រះ‌យេស៊ូវ​បាន​ឮ​សេចក្ដី​ទាំង​នោះ ទ្រង់​ក៏​មាន​សេចក្ដី​អស្ចារ្យ​នឹង​មេ​ទ័ព​នោះ​ណាស់ រួច​ទ្រង់​បែរ​ទៅ មាន​ព្រះ‌បន្ទូល​នឹង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​តាម​ទ្រង់​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ដែល​ឃើញ​សេចក្ដី​ជំនឿ​ណា​ជា​ខ្លាំង​ដល់​ម៉្លេះ​ទេ ទោះ​បើ​នៅ​សាសន៍​អ៊ីស្រា‌អែល​ក៏​ដោយ

10. ឯ​ពួក​អ្នក​ដែល​លោក​បាន​ចាត់​ឲ្យ​មក គេ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​បាវ​ដែល​ឈឺ​នោះ​បាន​ជា​ហើយ។

ព្រះ‌យេស៊ូវ​ប្រោស​កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ឲ្យ​រស់​ឡើង​វិញ

11. ដល់​ថ្ងៃ​ក្រោយ​មក ទ្រង់​យាង​ទៅ​ឯ​ក្រុង​១​ហៅ​ថា ណា‌អ៊ីន មាន​ទាំង​ពួក​សិស្ស និង​មនុស្ស​សន្ធឹក​ទៅ​ដែរ

12. កាល​ចូល​ទៅ​ជិត​ដល់​ទ្វារ​កំផែង​ក្រុង នោះ​ឃើញ​គេ​សែង​ខ្មោច​ចេញ​មក ជា​ខ្មោច​កូន​តែ​១ ដែល​ម្តាយ​នៅ​មេម៉ាយ ហើយ​មាន​មនុស្ស​ក្រុង​នោះ​ជា​ច្រើន​ហែ​មក​ជា​មួយ​នឹង​គាត់

13. កាល​ព្រះ‌អម្ចាស់​បាន​ឃើញ នោះ​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត‌អាសូរ​ដល់​គាត់​ណាស់ ក៏​មាន​ព្រះ‌បន្ទូល​ថា កុំ​យំ​អី

14. រួច​ទ្រង់​យាង​ចូល​ទៅ​ពាល់​ក្តារ​មឈូស ឯ​ពួក​អ្នក​សែង​ក៏​ឈប់ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​កំឡោះ​អើយ ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង

15. អ្នក​ដែល​ស្លាប់​នោះ ក៏​ក្រោក​ឡើង​អង្គុយ ហើយ​ចាប់​តាំង​និយាយ រួច​ទ្រង់​ប្រគល់​ដល់​ម្តាយ​វិញ

16. មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច ក៏​សរសើរ‌ដំកើង​ដល់​ព្រះ ដោយ​ពាក្យ​ថា មាន​ហោរា​១​ធំ​បាន​កើត​ឡើង​ក្នុង​ពួក​យើង ហើយ​ថា ព្រះ​បាន​ប្រោស​រាស្ត្រ​ទ្រង់​ហើយ

17. ពាក្យ​គេ​ថ្លែង​ពី​ទ្រង់​នេះ បាន​ឮ​សុស‌សាយ​ពេញ​ទួទៅ​ក្នុង​ស្រុក​យូដា និង​ស្រុក​នៅ​ជុំ‌វិញ​ទាំង​អស់។

លោក​យ៉ូហាន-បាទីស្ទ​ចាត់​សិស្ស​ទៅ​ជួប​ព្រះ‌យេស៊ូវ

18. ពួក​សិស្ស​យ៉ូហាន ក៏​ទៅ​ប្រាប់​គាត់​ពី​គ្រប់​ការ​ទាំង​នេះ

19. រួច​យ៉ូហាន​ហៅ​សិស្ស​គាត់​២​នាក់​មក ប្រើ​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេស៊ូវ​ថា តើ​ទ្រង់​ជា​ព្រះ​ដែល​ត្រូវ​មក​ពិត ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​នៅ​ចាំ​១​អង្គ​ទៀត

20. កាល​អ្នក​ទាំង​២​នោះ​មក​ដល់ ក៏​ទូល​ទ្រង់​ថា លោក​យ៉ូហាន-បាទីស្ទ​បាន​ចាត់​យើង​ខ្ញុំ​ឲ្យ​មក​សួរ​ទ្រង់​ថា តើ​ទ្រង់​ជា​ព្រះ​ដែល​ត្រូវ​មក​ពិត ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​នៅ​ចាំ​១​អង្គ​ទៀត

21. នៅ​វេលា​នោះ​ឯង ទ្រង់​បាន​ប្រោស​មនុស្ស​ជំងឺ មនុស្ស​វេទនា និង​មនុស្ស​អារក្ស‌អសោច​ចូល​ជា​ច្រើន​ឲ្យ​បាន​ជា ហើយ​មនុស្ស​ខ្វាក់​ជា​ច្រើន​ឲ្យ​ភ្លឺ​ដែរ

22. រួច​ទ្រង់​ក៏​ឆ្លើយ​ថា ចូរ​ទៅ​ប្រាប់​យ៉ូហាន​ពី​ការ​ដែល​អ្នក​បាន​ឃើញ​ហើយ​ឮ​ចុះ គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​ស្តាប់​ឮ មនុស្ស​ស្លាប់​រស់​ឡើង​វិញ ហើយ​មនុស្ស​ទាល់​ក្រ​ក៏​បាន​ឮ​ដំណឹង​ល្អ

23. មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ។

24. កាល​សិស្ស​ដែល​យ៉ូហាន​ចាត់​ឲ្យ​មក បាន​ចេញ​ទៅ​ហើយ នោះ​ទ្រង់​ចាប់​តាំង​មាន​ព្រះ‌បន្ទូល​នឹង​បណ្តា​មនុស្ស​ពី​យ៉ូហាន​ថា តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី​នៅ​ទី​រហោ‌ស្ថាន បាន​ទៅ​មើល​ដើម​ត្រែង​រញ្ជួយ និង​ខ្យល់​ឬ​អី

25. តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី បាន​ទៅ​មើល​មនុស្ស​ស្លៀក‌ពាក់​អាវ​ទន់‌ភ្លន់​ឬ​អី មើល​ពួក​អ្នក​ដែល​ស្លៀក‌ពាក់​ល្អ​ប្រសើរ ហើយ​រស់​នៅ​ដោយ​រុងរឿង នោះ​សុទ្ធ​តែ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ

26. ចុះ​អ្នក​រាល់​គ្នា បាន​ទៅ​មើល​អ្វី មើល​ហោរា​ឬ​អី មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​ក៏​លើស​ជាង​ហោរា​ផង

27. ដ្បិត​គឺ​ពី​អ្នក​នេះ​ហើយ ដែល​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មើល អញ​ចាត់​ទូត​អញ​ទៅ​មុន​ឯង ទូត​នោះ​នឹង​រៀប‌ចំ​ផ្លូវ​នៅ​មុខ​ឯង»

28. ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ពួក​មនុស្ស ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​ហោរា​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ ប៉ុន្តែ អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ព្រះ នោះ​ក៏​ធំ​ជាង​គាត់​ហើយ

29. ឯ​បណ្តា‌ជន និង​ពួក​អ្នក​យក​ពន្ធ​ទាំង​ប៉ុន្មាន ដែល​ស្តាប់​យ៉ូហាន គេ​ក៏​រាប់​ព្រះ​ថា​ជា​សុចរិត ដោយ​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ពី​គាត់

30. តែ​ពួក​ផារី‌ស៊ី និង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ គេ​បាន​លើក​ព្រះ‌ដំរិះ ដែល​ដំរូវ​ដល់​គេ​ចោល​ចេញ ដោយ​មិន​បាន​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​វិញ

31. នោះ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធៀប​ដំណ​មនុស្ស​នេះ​ជា​អ្វី តើ​គេ​ដូច​ជា​អ្វី

32. គឺ​គេ​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ដែល​ស្រែក​ទៅ​គ្នា​វា​ថា យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ យើង​បាន​ទួញ​ទំនួញ​ឲ្យ​ឯង​តែ​ឯង​មិន​បាន​យំ​សោះ

33. ដ្បិត​យ៉ូហាន-បាទីស្ទ​បាន​មក​មិន​បរិភោគ​បាយ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ តែ​អ្នក​រាល់​គ្នា​ថា គាត់​មាន​អារក្ស​ចូល

34. ឯ​កូន​មនុស្ស បាន​មក​ទាំង​បរិភោគ​វិញ ហើយ​អ្នក​រាល់​គ្នា​ថា មើល​នេះ​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ជា​មិត្រ​សំឡាញ់​នឹង​ពួក​អ្នក​យក​ពន្ធ ហើយ​នឹង​មនុស្ស​មាន​បាប

35. ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត​ទាំង​ប៉ុន្មាន។

ព្រះ‌យេស៊ូវ​លើក​លែង​ទោស​ឲ្យ​ស្ត្រី​មាន​បាប​ម្នាក់

36. មាន​ពួក​ផារី‌ស៊ី​ម្នាក់​ទូល​សូម​ទ្រង់ ឲ្យ​សោយ​ជា​មួយ​នឹង​គាត់ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​នៅ​តុ ក្នុង​ផ្ទះ​គាត់

37. ហើយ​មើល​នៅ​ក្រុង​នោះ​មាន​ស្ត្រី​ម្នាក់​ដែល​មាន​បាប នាង​បាន​ដឹង​ថា ទ្រង់​គង់​នៅ​តុ​ក្នុង​ផ្ទះ​អ្នក​ផារី‌ស៊ី​នោះ ក៏​យក​ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប​មក

38. នាង​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះ‌បាទ​ទ្រង់​ទាំង​យំ ចាប់​តាំង​សំរក់​ទឹក​ភ្នែក​ទទឹក​ព្រះ‌បាទ​ទ្រង់ រួច​យក​សក់​ក្បាល​នាង​ជូត ក៏​ថើប​ព្រះ‌បាទ ដោយ​ស្រឡាញ់ ហើយ​យក​ប្រេង​ក្រអូប​លាប​ផង

39. កាល​ពួក​ផារី‌ស៊ី​ម្នាក់​ដែល​អញ្ជើញ​ទ្រង់​មក បាន​ឃើញ​ដូច្នោះ ក៏​គិត​ក្នុង​ចិត្ត​ថា បើ​អ្នក​នេះ​ជា​ហោរា​មែន នោះ​នឹង​ស្គាល់​ស្ត្រី​ដែល​ពាល់​ខ្លួន ហើយ​ដឹង​ថា​ជា​មនុស្ស​យ៉ាង​ណា ព្រោះ​នាង​ជា​មនុស្ស​មាន​បាប

40. ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ថា ស៊ីម៉ូន​អើយ ខ្ញុំ​ចង់​និយាយ​នឹង​អ្នក​បន្តិច គាត់​ក៏​ឆ្លើយ​ថា សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ

41. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មាន​២​នាក់​ជំពាក់​អ្នក​ចង​ការ​ម្នាក់ អ្នក​១ ជំពាក់​១០០​រៀល អ្នក​១​ទៀត​១០​រៀល

42. ដោយ​ព្រោះ​គេ​គ្មាន​អ្វី​នឹង​សង បាន​ជា​គាត់​លែង​ទារ​ពី​អ្នក​ទាំង​២​ទៅ ដូច្នេះ​ក្នុង​២​នាក់​នោះ តើ​អ្នក​ណា​ស្រឡាញ់​គាត់​ជា​ជាង

43. ស៊ីម៉ូន​ទូល​ឆ្លើយ​ថា ខ្ញុំ​ស្មាន​ថា​ជា​អ្នក​មួយ​ដែល​ជំពាក់​ច្រើន​ជាង​នោះ​ឯង ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​ស្មាន​ត្រូវ​ហើយ

44. រួច​ទ្រង់​បែរ​ទៅ​ឯ​ស្ត្រី​នោះ តែ​មាន​ព្រះ‌បន្ទូល​នឹង​ស៊ីម៉ូន​ថា អ្នក​ឃើញ​ស្ត្រី​នេះ​ឬ​ទេ ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​អ្នក អ្នក​មិន​បាន​ឲ្យ​ទឹក​សំរាប់​លាង​ជើង​ខ្ញុំ​ទេ តែ​នាង​បាន​សំរក់​ទឹក​ភ្នែក​ទទឹក​ជើង​ខ្ញុំ ហើយ​យក​សក់​ជូត​ផង

45. អ្នក​មិន​បាន​ថើប​ខ្ញុំ​សោះ តែ​តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ​ដោយ​ស្រឡាញ់

46. អ្នក​មិន​បាន​យក​ប្រេង​លាប​ក្បាល​ខ្ញុំ​សោះ តែ​នាង​យក​ប្រេង​ក្រអូប​មក​លាប​ជើង​ខ្ញុំ​វិញ

47. ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​ថា បាប​នាង​ដែល​មាន​ច្រើន​ទាំង​ម៉្លេះ បាន​អត់​ទោស​ឲ្យ​នាង​ហើយ ដ្បិត​នាង​មាន​សេចក្ដី​ស្រឡាញ់​ជា​ច្រើន ប៉ុន្តែ អ្នក​ណា​ដែល​គេ​អត់​ទោស​ឲ្យ​តិច នោះ​ក៏​ស្រឡាញ់​តិច

48. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា បាប​នាង​បាន​អត់​ទោស​ឲ្យ​នាង​ហើយ

49. ឯ​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ ជា​មួយ ក៏​ចាប់​តាំង​គិត​ក្នុង​ចិត្ត​ថា តើ​អ្នក​នេះ​ជា​អ្វី​ដែល​អត់​ទោស​បាប​បាន​ផង​ដូច្នេះ

50. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​នោះ​ថា សេចក្ដី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ អញ្ជើញ​នាង​ទៅ ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ។