ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

លោក​យ៉ូហាន-បាទីស្ទ​ប្រៀន​ប្រដៅ​បណ្តា‌ជន

1. នៅ​ឆ្នាំ​ទី​១៥ ក្នុង​រាជ្យ​សេសារ-ទីប៊ើរ កាល​លោក​ប៉ុនទាស-ពីឡាត់ ធ្វើ​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​យូដា ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ​នៅ​ស្រុក​កាលី‌ឡេ ភីលីព អនុជ​ទ្រង់ ជា​ស្តេច​អនុ‌រាជ​នៅ​ស្រុក​អ៊ីទូរេ និង​នៅ​ក្រវល់​ស្រុក​ត្រាខូ‌នីត លីសា‌នាស ជា​ស្តេច​អនុ‌រាជ​នៅ​ស្រុក​អាប៊ីលេន

2. ហើយ​ក្នុង​កាល​ដែល​លោក​អាណ និង​លោក​កៃផា​ធ្វើ​ជា​សំដេច​សង្ឃ នោះ​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យ៉ូហាន ជា​កូន​សាការី នៅ​ទី​រហោ‌ស្ថាន

3. គាត់​ក៏​ទៅ​ពេញ​ក្នុង​ស្រុក​ជុំ‌វិញ​ទន្លេ​យ័រដាន់​ទាំង​អស់ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​បុណ្យ​ជ្រមុជ‌ទឹក ខាង​ឯ​ការ​ប្រែ​ចិត្ត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប

4. ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​គម្ពីរ ដែល​កត់​ពាក្យ​ទំនាយ​របស់​ហោរា​អេសាយថា «ជា​សំឡេង​មនុស្ស​ម្នាក់ ដែល​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា ចូរ​រៀប‌ចំ​ផ្លូវ​ទទួល​ព្រះ‌អម្ចាស់ ចូរ​ដំរង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ

5. គ្រប់​ទាំង​ច្រក​ភ្នំ​នឹង​បាន​លុប​ឲ្យ​ពេញ គ្រប់​ទាំង​ភ្នំ​ធំ​តូច​នឹង​ត្រូវ​បន្ទាប​ទៅ ផ្លូវ​ក្ងិច‌ក្ងក់​នឹង​ទៅ​ជា​ត្រង់ ហើយ​ផ្លូវ​រដិប‌រដុប​នឹង​បាន​រាប​ស្មើ​ទៅ​វិញ

6. នៅ​គ្រប់​ទាំង​មនុស្ស​នឹង​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ»។

7. គាត់​ក៏​ពោល​ដល់​មនុស្ស​ទាំង​ហ្វូង ដែល​មក​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​ថា ឱ​ពូជ​ពស់‌វែក​អើយ តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​ពី​សេចក្ដី​ក្រោធ ដែល​ត្រូវ​មក​ដូច្នេះ

8. បើ​ដូច្នេះ ចូរ​បង្កើត​ផល​ដែល​សំណំ​នឹង​ការ​ប្រែ​ចិត្ត​ចុះ កុំ​ឲ្យ​ចាប់​តាំង​នឹក​ក្នុង​ចិត្ត​ថា មាន​លោក​អ័ប្រាហាំ​ជា​អយ្យកោ​ខ្លួន​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​ទ្រង់​អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រាហាំ ពី​ថ្ម​ទាំង​នេះ​ក៏​បាន​ដែរ

9. ប៉ុន្តែ ពូថៅ​បាន​ដាក់​នៅ​ឫស​ដើម​ឈើ​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​មាន​ផ្លែ​មិន​ល្អ នោះ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ចេញ

10. បណ្តា​មនុស្ស​ក៏​សួរ​គាត់​ថា តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្តេច​វិញ

11. គាត់​ឆ្លើយ​ថា អ្នក​ណា​ដែល​មាន​អាវ​២ ត្រូវ​ឲ្យ​អ្នក​នោះ​ចែក​ដល់​អ្នក​ដែល​គ្មាន​ផង ហើយ​អ្នក​ណា​ដែល​មាន​ស្បៀង​អាហារ ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ

12. មាន​ពួក​អ្នក​យក​ពន្ធ​មក ដើម្បី​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ដែរ គេ​ក៏​សួរ​គាត់​ថា លោក​គ្រូ តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្តេច

13. គាត់​ឆ្លើយ​ថា កុំ​ឲ្យ​ទារ​ពន្ធ​ហួស​កំរិត​ដែល​បាន​កំណត់​មក​ឡើយ

14. ក៏​មាន​ពួក​ទាហាន​សួរ​គាត់​ដែរ​ថា ឯ​យើង​ខ្ញុំ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច គាត់​ឆ្លើយ​ថា កុំ​ឲ្យ​សង្កត់‌សង្កិន ឬ​ចោទ​បង្កាច់​អ្នក​ឯ​ណា​ឡើយ ចូរ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ។

15. កាល​បណ្តា​មនុស្ស​នៅ​តែ​ចាំ​មើល ដោយ​រិះ‌គិត​ក្នុង​ចិត្ត​ពី​ដំណើរ​យ៉ូហាន ដែល​គាត់​ជា​ព្រះ‌គ្រីស្ទ​ឬ​មិន​មែន

16. នោះ​យ៉ូហាន​ប្រាប់​គេ​គ្រប់​គ្នា​ថា ឯ​ខ្ញុំៗ ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក​ក៏​ពិត ប៉ុន្តែ មាន​ព្រះ​១​អង្គ​មក ដែល​មាន​អំណាច​លើស​ជាង​ខ្ញុំ​ទៅ​ទៀត ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ទ្រង់​ផង ព្រះ‌អង្គ​នោះ​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​ភ្លើង​វិញ

17. ទ្រង់​កាន់​ចង្អេរ​នៅ​ព្រះ‌ហស្ត ទ្រង់​នឹង​បោស​រំលីង​ទី​លាន​ទ្រង់ ហើយ​នឹង​ប្រមូល​ស្រូវ​មក​ដាក់​ក្នុង​ជង្រុក​ទ្រង់ តែ​អង្កាម ទ្រង់​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន

18. នោះ​គាត់​ក៏​ប្រាប់​ដំណឹង​ល្អ​ដល់​បណ្តា​មនុស្ស ព្រម​ទាំង​ទូន្មាន​សេចក្ដី​ជា​ច្រើន​ទៀត​ដែរ

19. ប៉ុន្តែ កាល​គាត់​បាន​បន្ទោស​ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ ពី​រឿង​ហេរ៉ូ‌ឌាស ជា​ភរិយា​របស់​អនុជ​ទ្រង់ ហើយ​ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ទ្រង់​បាន​ធ្វើ

20. នោះ​ទ្រង់​បាន​បន្ថែម​ការ​នេះ​ទៀត គឺ​បាន​ចាប់​គាត់​ដាក់​គុក។

ព្រះ‌យេស៊ូវ​ទទួល​ពិធី​ជ្រមុជ‌ទឹក

21. លុះ​កាល​បណ្តា‌ជន​ទាំង​ប៉ុន្មាន បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ព្រះ‌យេស៊ូវ​ក៏​ទទួល​ដែរ រួច​កំពុង​ដែល​ទ្រង់​អធិស្ឋាន នោះ​ស្រាប់​តែ​មេឃ​របើក​ឡើង

22. ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ទ្រង់ មាន​រូប​រាង​ដូច​ជា​សត្វ​ព្រាប ក៏​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា ឯង​ជា​កូន​ស្ងួនភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់។

បញ្ជី​រាយ​នាម​ព្រះ‌អយ្យកោ​របស់​ព្រះ‌យេស៊ូវ

23. ឯ​ព្រះ‌យេស៊ូវ កាល​ទ្រង់​ចាប់​តាំង​ប្រារព្ធ​ការ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​ប្រហែល​ជា​៣០​ឆ្នាំ ហើយ​តាម​ដែល​គេ​គិត​ស្មាន នោះ​ថា​ទ្រង់​ជា​កូន​យ៉ូសែប ដែល​ជា​កូន​ហេលី

24. ហេលី​ជា​កូន​ម៉ាត់ថាត់ៗ ជា​កូន​លេវីៗ ជា​កូន​ម៉ិលគីៗ ជា​កូន​យ៉ាណាយៗ ជា​កូន​យ៉ូសែប

25. យ៉ូសែប​ជា​កូន​របស់​ម៉ាតា‌ធាសៗ ជា​កូន​ហាម៉ូសៗ ជា​កូន​ណាអ៊ូមៗ ជា​កូន​អែសលីៗ ជា​កូន​ណាកៃ

26. ណាកៃ​ជា​កូន​ម៉ាអាតៗ ជា​កូន​ម៉ាតា‌ធាសៗ ជា​កូន​សេម៉ីៗ ជា​កូន​យ៉ូសែបៗ ជា​កូន​យូដា

27. យូដា​ជា​កូន​យ៉ូអា‌ណាន់ៗ ជា​កូន​រេសាៗ ជា​កូន​សូរ៉ូ‌បា‌បិលៗ ជា​កូន​សាល‌ធាលៗ ជា​កូន​នេរី

28. នេរី​ជា​កូន​ម៉ិលគីៗ ជា​កូន​អ័តឌីៗ ជា​កូន​កូសាមៗ ជា​កូន​អែល‌ម៉ូដាម អែល‌ម៉ូដាម ជា​កូន​អ៊ើរ

29. អ៊ើរ​ជា​កូន​យ៉ូសេៗ ជា​កូន​អេលា‌ស៊ើរៗ ជា​កូន​យ៉ូរិមៗ ជា​កូន​ម៉ាត់ថាត់ៗ ជា​កូន​លេវី

30. លេវី​ជា​កូន​ស៊ីម្មានៗ ជា​កូន​យូដាៗ ជា​កូន​យ៉ូសែបៗ ជា​កូន​យ៉ូណានៗ ជា​កូន​អេលា‌គីម

31. អេលា‌គីម​ជា​កូន​មេលាសៗ ជា​កូន​ម៉ៃណានៗ ជា​កូន​ម៉ាតាថាៗ ជា​កូន​របស់​ណាថាន់ៗ ជា​កូន​ដាវីឌ

32. ដាវីឌ​ជា​កូន​អ៊ីសាយៗ ជា​កូន​អូបិឌៗ ជា​កូន​បូអូសៗ ជា​កូន​សាល‌ម៉ូនៗ ជា​កូន​របស់​ណាសូន

33. ណាសូន​ជា​កូន​អេមី‌ន៉ាដាប់ៗ ជា​កូន​អើរ៉ាម អើរ៉ាម​ជា​កូន​អែសរ៉ូមៗ ជា​កូន​ពេរេសៗ ជា​កូន​របស់​យូដា

34. យូដា​ជា​កូន​យ៉ាកុបៗ ជា​កូន​អ៊ីសាកៗ ជា​កូន​អ័ប្រាហាំ អ័ប្រាហាំ​ជា​កូន​ថេរ៉ាៗ ជា​កូន​ណាឃរ

35. ណាឃរ​ជា​កូន​សេរូកៗ ជា​កូន​រេហ៊ូវៗ ជា​កូន​ផាលេកៗ ជា​កូន​ហេប៊ើរៗ ជា​កូន​សេឡា

36. សេឡា​ជា​កូន​កៃណានៗ ជា​កូន​របស់​អើប៉ាក់‌សាឌៗ ជា​កូន​សិមៗ ជា​កូន​ណូអេៗ ជា​កូន​ឡាមេក

37. ឡាមេក​ជា​កូន​មធូសាឡាៗ ជា​កូន​ហេណុកៗ ជា​កូន​យ៉ារេឌៗ ជា​កូន​ម៉ាលេ‌លាលៗ ជា​កូន​របស់​កៃណាន

38. កៃណាន​ជា​កូន​អេណុសៗ ជា​កូន​សេតៗ ជា​កូន​អ័ដាមៗ ជា​កូន​ព្រះ។