ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 21 Khmer Standard Version (KHSV)

ក្រុង​ទាំង‌ឡាយ​របស់​កុល‌សម្ព័ន្ធ​លេវី

1. មេ​ក្រុម​គ្រួសារ​នៃ​កូន​ចៅ​លេវី​នាំ​គ្នា​មក​ជួប​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​មេ​គ្រួសារ​របស់​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល

2. នៅ​ស៊ីឡូ ក្នុង​ស្រុក​កាណាន​ជម្រាប​ថា៖ «ព្រះ‌អម្ចាស់​បាន​បញ្ជា​តាម​រយៈ​លោក​ម៉ូសេ​ថា ត្រូវ​ប្រគល់​ក្រុង​សម្រាប់​ឲ្យ​យើង​ខ្ញុំ​ស្នាក់​នៅ ព្រម​ទាំង​វាល​ស្មៅ​ជិត​ខាង សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ដែរ»។

3. ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​យក​ក្រុង​ខ្លះ និង​វាល​ស្មៅ​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ចែក​ឲ្យ​ពួក​លេវី ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។

4. គេ​បាន​ចាប់​ឆ្នោត​សម្រាប់​អំបូរ​នានា​នៃ​កូន​ចៅ​កេហាត់។ ក្នុង​ចំណោម​ពួក​លេវី​ទាំង​នោះ កូន​ចៅ​របស់​បូជា‌ចារ្យ​អើរ៉ុន​ទទួល​បាន​ក្រុង​ចំនួន​ដប់​បី ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា កុល‌សម្ព័ន្ធ​ស៊ីម្មាន និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។

5. កូន​ចៅ​ឯ​ទៀតៗ​របស់​កេហាត់​ទទួល​បាន​ក្រុង​ចំនួន​ដប់ ក្នុង​ទឹក​ដី​នៃ​អំបូរ​នានា​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម កុល‌សម្ព័ន្ធ​ដាន់ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដែល​នៅ​ខាង​លិច។

6. កូន​ចៅ​របស់​លោក​គើសុន​ទទួល​បាន​ក្រុង​ចំនួន​ដប់​បី ក្នុង​ទឹក​ដី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ កុល‌សម្ព័ន្ធ​អេ‌ស៊ើរ កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​បាសាន។

7. កូន​ចៅ​របស់​លោក​ម៉្រារី​ទទួល​បាន​ក្រុង​ចំនួន​ដប់‌ពីរ ក្នុង​ទឹក​ដី​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន។

8. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចែក​ក្រុង និង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ឲ្យ​ពួក​លេវី ដោយ​ការ​ចាប់​ឆ្នោត ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់​មក​លោក​ម៉ូសេ។

9. កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​ស៊ីម្មាន បាន​ចែក​ក្រុង​ដែល​មាន​ឈ្មោះ​ដូច​ខាង​ក្រោម​នេះ

10. ឲ្យ​កូន​ចៅ​លោក​អើរ៉ុន​នៃ​អំបូរ​លោក​កេហាត់ ជា​កូន​របស់​លោក​លេវី ដ្បិត​ការ​ចាប់​ឆ្នោត​លើក​ដំបូង​ត្រូវ​ចំ​លើ​ពួក​គេ។

11. ពួក​គេ​ទទួល​បាន​ក្រុង​គារ‌យ៉ាត-‌អើបា​ពោល​គឺ​ក្រុង​ហេប្រូន​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​ស្រុក​យូដា ព្រម​ទាំង​វាល​ស្មៅ​ដែល​នៅ​ជុំ‌វិញ។ លោក​អើបា ជា​បុព្វបុរស​របស់​ជន‌ជាតិ​អា‌ណាក់។

12. រីឯ​ដី​ចម្ការ និង​ភូមិ​នានា​ដែល​នៅ​ជាប់​ក្រុង​នោះ​វិញ គេ​បាន​ប្រគល់​ជូន​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ ទុក​ជា​កម្មសិទ្ធិ។

13. ពួក​គេ​បាន​ចែក​ក្រុង​ឲ្យ​កូន​ចៅ​លោក​បូជា‌ចារ្យ​អើរ៉ុន សម្រាប់​ជា​ជម្រក​ដល់​អ្នក​សម្លាប់​គេ​ដូច​ត​ទៅ​នេះ គឺ​ក្រុង​ហេប្រូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​លីប‌ណា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

14. ក្រុង​យ៉ាទៀរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អែសធេ‌ម៉ូរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

15. ក្រុង​ហូឡូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ដេបៀរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

16. ក្រុង​អាយីន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យូថា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​បេត‌សេមែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុង ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​ស៊ីម្មាន។

17. ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ពួក​លេវី​ទទួល​បាន​ក្រុង​គីបៀន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កេបា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

18. ក្រុង​អាណា‌ថោត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាល់‌ម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​បួន​ក្រុង។

19. សរុប​ទាំង​អស់ ក្រុម​បូជា‌ចារ្យ​ដែល​ជា​កូន​ចៅ​លោក​អើរ៉ុន​ទទួល​បាន​ដប់​បី​ក្រុង ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ផង។

20. ពួក​លេវី​ក្នុង​អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​របស់​លោក​កេហាត់ ទទួល​បាន​ក្រុង​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម តាម​ការ​ចាប់​ឆ្នោត។

21. ពួក​គេ​ទទួល​បាន​ក្រុង​សម្រាប់​ជា​ជម្រក​ដល់​អ្នក​សម្លាប់​គេ គឺ​មាន​ក្រុង​ស៊ីគែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ក្រុង​កេស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

22. ក្រុង​គីប‌សែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេត‌ហូរ៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​បួន​ក្រុង។

23. ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ដាន់ គេ​ទទួល​បាន​ក្រុង​អែល‌ថ្កេរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​គីប‌ថោន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

24. ក្រុង​អាយ៉ា‌ឡូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​កាថ-‌រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។

25. ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល គេ​ទទួល​បាន​ក្រុង​ពីរ គឺ​ក្រុង​តាណាក់ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អ៊ីត‌ឡាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

26. សរុប​មក អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​របស់​លោក​កេហាត់​ទទួល​បាន​ក្រុង​ចំនួន​ដប់ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

27. ពួក​លេវី​ជា​កូន​ចៅ​លោក​គើសុន​ទទួល​បាន​ក្រុង ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដែល​នៅ​ខាង​កើត សម្រាប់​ជា​ជម្រក​ដល់​អ្នក​សម្លាប់​គេ: ក្រុង​កូឡាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្នុង​ស្រុក​បាសាន ព្រម​ទាំង​ក្រុង​បេស‌ត្រា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​ពីរ។

28. ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ គេ​ទទួល​បាន​ក្រុង​គីស‌យ៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ដាប្រាត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

29. ក្រុង​យ៉ាមូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ក្រុង​អេន‌កានីន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។

30. ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ គេ​ទទួល​បាន​ក្រុង​មីសាល់ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាប់‌ដូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

31. ក្រុង​ហែល‌កាថ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​រេហូប និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។

32. ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី គេ​ទទួល​បាន​ក្រុង​សម្រាប់​ជា​ជម្រក​ដល់​អ្នក​សម្លាប់​គេ គឺ​ក្រុង​កេដែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្នុង​ស្រុក​កាលី‌ឡេ ក្រុង​ហាម៉ាត-‌ដោរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ការ‌ថាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បី។

33. សរុប​ទាំង​អស់ ពួក​លេវី​ជា​កូន​ចៅ​របស់​លោក​គើសុន តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ​ទទួល​បាន​ក្រុង​ដប់​បី ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ផង។

34. ចំពោះ​អំបូរ​លេវី​ឯ​ទៀតៗ គឺ​កូន​ចៅ​លោក​ម៉្រារី គេ​ទទួល​បាន​ក្រុង​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន: ក្រុង​យ៉ុក‌នាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ការថា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

35. ក្រុង​ឌីម-‌ណា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​ណា-‌ហា‌ឡាល់ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។

36. ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​រូបេន​ដែល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គេ​បាន​ទទួល​ក្រុង​បេស‌ស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាហាស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

37. ក្រុង​ក្ដេម៉ូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​មេ‌ផ្អាត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។

38. ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​កាដ គេ​ទទួល​បាន​ក្រុង​សម្រាប់​ជា​ជម្រក​ដល់​អ្នក​សម្លាប់​គេ គឺ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ម៉ាហា‌ណែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

39. ក្រុង​ហេស‌បូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​យ៉ា‌ស៊ើ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។

40. សរុប​ទាំង​អស់ កូន​ចៅ​លោក​ម៉្រារី​តាម​អំបូរ​របស់​ពួក​គេ ពោល​គឺ​អំបូរ​លេវី​ដែល​នៅ​សល់ ទទួល​បាន​ក្រុង​ចំនួន​ដប់‌ពីរ ដោយ​ការ​ចាប់​ឆ្នោត។

41. រួម​ទាំង​អស់ ក្រុង​របស់​ពួក​លេវី ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​សែ‌សិប​ប្រាំ​បី ក្រុង​ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

42. ក្រុង​នីមួយៗ​មាន​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​ក្រុង​ទាំង​អស់​សុទ្ធ​តែ​មាន​វាល​ស្មៅ​ដូចៗ​គ្នា។

43. ព្រះ‌អម្ចាស់​បាន​ប្រគល់​ស្រុក​នោះ​ទាំង​មូល​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ថា​នឹង​ប្រទាន​ឲ្យ​បុព្វបុរស​របស់​គេ។ ពួក​គេ​បាន​កាន់​កាប់​ស្រុក​ជា​កម្មសិទ្ធិ ហើយ​តាំង​ទី​លំ‌នៅ​នៅ​ទី​នោះ។

44. ព្រះ‌អម្ចាស់​ប្រទាន​សេចក្ដី​សុខ‌សាន្ត​នៅ​ជុំ‌វិញ​ស្រុក​របស់​ពួក​គេ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​ដូនតា​របស់​គេ។ គ្មាន​ខ្មាំង​សត្រូវ​ណា​ម្នាក់​អាច​តទល់​នឹង​ពួក​គេ​បាន​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង​អស់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។

45. ហេតុ​នេះ ព្រះ‌បន្ទូល​ដ៏​ប្រសើរ​ដែល​ព្រះ‌អម្ចាស់​សន្យា​ជា​មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​សម្រេច​ជា​ស្ថាពរ ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។