ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 14 Khmer Standard Version (KHSV)

ការ​បែង​ចែក​ទឹក​ដី​ខាង​លិច​ទន្លេ​យ័រដាន់

1. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ទទួល​ទឹក​ដី​ស្រុក​កាណាន ដែល​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​អស់​លោក​ដែល​ជា​មេ​ក្រុម​គ្រួសារ​របស់​កុល‌សម្ព័ន្ធ​នានា បែង​ចែក​ឲ្យ​ជា​មត៌ក​ដូច​ត​ទៅ​នេះ

2. គឺ​កុល‌សម្ព័ន្ធ​ទាំង​ប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត​បាន​ទទួល​ទឹក​ដី​ជា​មត៌ក​ដោយ​ចាប់​ឆ្នោត ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ

3. ដ្បិត​កាល​ពី​មុន លោក​ម៉ូសេ​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​ពីរ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​រួច​មក​ហើយ តែ​លោក​ពុំ​បាន​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​លេវី ដូច​កុល‌សម្ព័ន្ធ​ឯ​ទៀតៗ​ទេ។

4. គេ​ចាត់​ទុក​កូន​ចៅ​លោក​យ៉ូសែប​ជា​កុល‌សម្ព័ន្ធ​ពីរ គឺ​ម៉ាណា‌សេ និង​អេប្រាអ៊ីម។ រីឯ​កុល‌សម្ព័ន្ធ​លេវី​ពុំ​បាន​ទទួល​ទឹក​ដី​ទេ គឺ​ពួក​គេ​ទទួល​តែ​កន្លែង​សម្រាប់​ស្នាក់​អាស្រ័យ​នៅ​តាម​ក្រុង​នានា ព្រម​ទាំង​ដី‌ធ្លី​សម្រាប់​សត្វ​ពាហនៈ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ប៉ុណ្ណោះ។

5. ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​បែង​ចែក​ស្រុក​នោះ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ បង្គាប់​មក​លោក​ម៉ូសេ។

លោក​កាលែប​ទទួល​ទឹក​ដី​ហេប្រូន

6. កូន​ចៅ​យូដា​បាន​នាំ​គ្នា​មក​ជួប​លោក​យ៉ូស្វេ នៅ​គីល‌កាល់។ ពេល​នោះ លោក​កាលែប ជា​កូន​របស់​លោក​យេ‌ភូនេ ក្នុង​អំបូរ​កេណាស មាន​ប្រសាសន៍​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «លោក​ជ្រាប​ស្រាប់​ហើយ​នូវ​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ នៅ​ស្រុក​កាដេស-‌បារនា ស្ដី​អំពី​យើង​ទាំង​ពីរ គឺ​លោក និង​ខ្ញុំ។

7. កាល​នោះ ខ្ញុំ​មាន​អាយុ​សែ‌សិប​ឆ្នាំ លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ចាត់​ខ្ញុំ​ពី​កាដេស-‌បារនា​ឲ្យ​មក​ស៊ើប‌ការណ៍​នៅ​ស្រុក​នេះ។ ខ្ញុំ​ក៏​បាន​ធ្វើ​សេចក្ដី​រាយ‌ការណ៍​ជូន​ទៅ​លោក​វិញ ដោយ​ស្មោះ​ត្រង់។

8. បង‌ប្អូន​ដែល​បាន​ឡើង​មក​ស៊ើប‌ការណ៍​ជា​មួយ​ខ្ញុំ នាំ​គ្នា​ធ្វើ​ឲ្យ​ប្រជា‌ជន​បាក់​ទឹក​ចិត្ត។ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។

9. នៅ​ថ្ងៃ​នោះ លោក​ម៉ូសេ​បាន​សន្យា​យ៉ាង​ម៉ឺង​ម៉ាត់​ជា​មួយ​ខ្ញុំ​ថា កូន​ចៅ​របស់​ខ្ញុំ ព្រម​ទាំង​ខ្ញុំ នឹង​ទទួល​ទឹក​ដី​ដែល​ខ្ញុំ​ឈាន​ជើង​ជាន់​នេះ​ទុក​ជា​មត៌ក​រហូត​ត​ទៅ ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​នេះ​មក​លោក​ម៉ូសេ​កាល​ពី​សែ‌សិប​ប្រាំ​ឆ្នាំ​មុន គឺ​នៅ​គ្រា​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ឆ្លង​កាត់​វាល​រហោ‌ស្ថាន។ ព្រះ‌អម្ចាស់​បាន​ទុក​ជីវិត​ឲ្យ​ខ្ញុំ​នៅ​រស់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ឥឡូវ​នេះ ខ្ញុំ​មាន​អាយុ​ប៉ែត‌សិប​ប្រាំ​ឆ្នាំ​ហើយ។

11. សព្វ​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​ថ្ងៃ ដែល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ​ដែរ។ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​មុន ល្មម​នឹង​ចេញ​ទៅ​ប្រយុទ្ធ ឬ​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត។

12. សូម​ប្រគល់​ស្រុក​ភ្នំ​មក​ឲ្យ​ខ្ញុំ ដ្បិត​នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​សន្យា​ថា​នឹង​ប្រទាន​មក​ខ្ញុំ។ នៅ​ថ្ងៃ​ដដែល​នោះ ខ្ញុំ​បាន​ជម្រាប​លោក​ស្រាប់​ហើយ​ថា មាន​ជន‌ជាតិ​អា‌ណាក់​រស់​នៅ​ទី​នោះ ក្រុង​របស់​គេ​ជា​ក្រុង​ធំៗ ដែល​មាន​កំពែង​យ៉ាង​មាំ។ ប្រសិន​បើ​ព្រះ‌អម្ចាស់​គង់​ជា​មួយ​ខ្ញុំ ខ្ញុំ​មុខ​ជា​វាយ​យក​ក្រុង​ទាំង​នោះ​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​មិន​ខាន ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់»។

13. លោក​យ៉ូស្វេ​ក៏​ជូន​ពរ​លោក​កាលែប ជា​កូន​របស់​លោក​យេ‌ភូនេ រួច​ប្រគល់​ក្រុង​ហេប្រូន​ជូន​លោក ទុក​ជា​មត៌ក។

14. ក្រុង​ហេប្រូន​នៅ​ជា​កម្មសិទ្ធិ​របស់​កូន​ចៅ​កាលែប ជា​កូន​លោក​យេ‌ភូនេ ក្នុង​អំបូរ​កេណាស រហូត​ដល់​សព្វ​ថ្ងៃ​នេះ ព្រោះ​លោក​បាន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ស្មោះ​អស់​ពី​ចិត្ត។

15. កាល​ពី​ដើម ក្រុង​ហេប្រូន​មាន​ឈ្មោះ​ថា គារ‌យ៉ាត-‌អើបា។ លោក​អើបា​ជា​បុរស​ម្នាក់​ដែល​មាន​មាឌ​ធំ​ជាង​គេ ក្នុង​ចំណោម​ជន‌ជាតិ​អា‌ណាក់។ចាប់​ពី​ពេល​នោះ​មក ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ គ្មាន​សង្គ្រាម​ទៀត​ឡើយ។