ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 23 Khmer Standard Version (KHSV)

បណ្ដាំ​របស់​លោក​យ៉ូស្វេ

1. ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​រួច​ពី​ខ្មាំង​សត្រូវ​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ និង​មាន​សុខ​សន្តិ‌ភាព។ ជា​យូរ​ឆ្នាំ​ក្រោយ​មក​ទៀត លោក​យ៉ូស្វេ​មាន​វ័យ​ចាស់​ជរា

2. លោក​បាន​កោះ​ហៅ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ គឺ​ទាំង​ក្រុម​ព្រឹទ្ធា‌ចារ្យ ទាំង​ក្រុម​អ្នក​ដឹក​នាំ ទាំង​ក្រុម​ចៅ‌ក្រម និង​នាយ​ក្រុម មក​ផ្ដែ‌ផ្ដាំ​ថា៖ «ឥឡូវ​នេះ ខ្ញុំ​មាន​វ័យ​ចាស់​ជរា​ហើយ

3. អ្នក​រាល់​គ្នា​បាន​ឃើញ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជាតិ​ទាំង​នោះ​សម្រាប់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រយុទ្ធ ដើម្បី​អ្នក​រាល់​គ្នា។

4. មើល៍! ខ្ញុំ​ចែក​ទឹក​ដី​របស់​ពួក​គេ​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក តាម​កុល‌សម្ព័ន្ធ​រៀងៗ​ខ្លួន ដោយ​ចាប់​ឆ្នោត គឺ​ទាំង​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានា​ដែល​ខ្ញុំ​ពុំ​ទាន់​វាយ​យក​បាន ទាំង​ទឹក​ដី​របស់​ប្រជា‌ជាតិ​ទាំង​អស់​ដែល​ខ្ញុំ​ដណ្ដើម​យក​បាន ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ នៅ​ទិស​ខាង​កើត រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ​នៅ​ខាង​លិច។

5. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ផ្ទាល់ នឹង​បណ្ដេញ​ពួក​គេ​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា ហើយ​យក​ទឹក​ដី​របស់​ពួក​គេ​មក​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​កាន់​កាប់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា»។

6. ចូរ​មាន​កម្លាំង​ខ្លាំង‌ក្លា​ឡើង ហើយ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ*​របស់​លោក​ម៉ូសេ ដោយ​មិន​ប្រាស​ចាក​ទៅ​ខាង​ស្ដាំ ឬ​ទៅ​ខាង​ឆ្វេង​ឡើយ។

7. មិន​ត្រូវ​ពាក់‌ព័ន្ធ​នឹង​ប្រជា‌ជាតិ​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​អង្វរ​រក​ព្រះ​របស់​គេ ឬ​យក​ឈ្មោះ​ព្រះ​ទាំង​នោះ​មក​ស្បថ​ឡើយ ហើយ​កុំ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ​ជា​ដាច់​ខាត។

8. ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​ជំពាក់​ចិត្ត​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​ប្រព្រឹត្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ

9. ព្រះ‌អម្ចាស់​នឹង​យក​ទឹក​ដី​ពី​ប្រជា‌ជាតិ​ដ៏​ធំៗ និង​មាន​កម្លាំង​ខ្លាំង‌ក្លា មក​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។ រហូត​មក​ដល់​សព្វ​ថ្ងៃ គ្មាន​នរណា​អាច​ប្រយុទ្ធ​តទល់​នឹង​អ្នក​រាល់​គ្នា​ឡើយ។

10. មនុស្ស​តែ​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អាច​ដេញ​តាម​ពួក​គេ​មួយ​ពាន់​នាក់ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រយុទ្ធ ដើម្បី​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា។

11. ចូរ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន​ទែន ចូរ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

12. ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អង្គ ទៅ​ជំពាក់​ចិត្ត​នឹង​ប្រជា‌ជាតិ​នានា ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​អ្នក​រាល់​គ្នា​រៀប‌ការ​ជា​មួយ​ពួក​គេ ព្រម​ទាំង​ពាក់‌ព័ន្ធ​ជា​មួយ​ពួក​គេ

13. ចូរ​ចង​ចាំ​ឲ្យ​ច្បាស់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹង​លែង​បណ្ដេញ​ប្រជា‌ជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៀត​ហើយ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​អន្ទាក់ ឬ​អង្គប់ ហើយ​ប្រៀប​ដូច​ជា​រំពាត់​ខ្សែ‌តី​វាយ​លើ​ខ្នង ឬ​ជា​បន្លា នៅ​ក្នុង​ភ្នែក​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​វិនាស​សូន្យ​ពី​ទឹក​ដី​ដ៏​ល្អ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ។

14. «ចំណែក​ខ្ញុំ​វិញ ពេល​នេះ​ខ្ញុំ​ជិត​លា​ចាក​លោក​ហើយ។ អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ស្គាល់ ឲ្យ​អស់​ពី​ចិត្ត អស់​ពី​គំនិត​ថា ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ស្ដី​អំពី​សុភមង្គល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ទ្រង់​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា​នោះ នឹង​សម្រេច​ចំពោះ​អ្នក​រាល់​គ្នា​សព្វ​គ្រប់​ទាំង​អស់ ឥត​ខ្វះ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។

15. ព្រះ‌បន្ទូល​ស្ដី​អំពី​សុភមង្គល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​សន្យា សុទ្ធ​តែ​បាន​សម្រេច​សព្វ​គ្រប់​យ៉ាង​ណា ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ព្រមាន​អ្នក​រាល់​គ្នា ក៏​នឹង​សម្រេច​យ៉ាង​នោះ​ដែរ រហូត​ដល់​អ្នក​រាល់​គ្នា​វិនាស​សាប‌សូន្យ​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រទាន​ឲ្យ។

16. ប្រសិន​បើ​អ្នក​រាល់​គ្នា​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​កាន់​តាម ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​ទៅ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ដទៃ នោះ​ព្រះ‌អម្ចាស់​នឹង​ពិរោធ​ចំពោះ​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​សូន្យ​យ៉ាង​ឆាប់​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា»។