ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 3 Khmer Standard Version (KHSV)

ជន‌ជាតិ​អ៊ីស្រា‌អែល​ឆ្លង​កាត់​ទន្លេ​យ័រដាន់

1. លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​ចាក​ចេញ​ពី​ជំរំ​ស៊ីទីម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់។ លុះ​ទៅ​ដល់​ទន្លេ​យ័រដាន់ គេ​ក៏​ស្នាក់​នៅ​ទី​នោះ មុន​នឹង​ឆ្លង​ទៅ​ត្រើយ​ម្ខាង។

2. បី​ថ្ងៃ​ក្រោយ​មក ពួក​នាយ​ក្រុម​បាន​ដើរ​កាត់​ជំរំ

3. ហើយ​បញ្ជា​ប្រជា‌ជន​ថា៖ «ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុម​បូជា‌ចារ្យ​លេវី*​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ពេល​នោះ ត្រូវ​នាំ​គ្នា​ចាក​ចេញ​ពី​កន្លែង​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ ហើយ​ដើរ​តាម​ហិប​នោះ​ទៅ។

4. ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ស្គាល់​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ ដ្បិត​តាំង​ពី​ដើម​រៀង​មក អ្នក​រាល់​គ្នា​មិន​ដែល​បាន​ដើរ​តាម​ផ្លូវ​នេះ​ឡើយ។ ប៉ុន្តែ មិន​ត្រូវ​ចូល​ទៅ​ជិត​ហិប​ជា​ដាច់​ខាត អ្នក​រាល់​គ្នា​ត្រូវ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ពីរ‌ពាន់‌ហត្ថ​ពី​ហិប​នោះ»។

5. បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ ដ្បិត​ថ្ងៃ​ស្អែក ព្រះ‌អម្ចាស់​នឹង​សម្តែង​ការ​អស្ចារ្យ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា»។

6. លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​អស់​លោក​បូជា‌ចារ្យ​ថា៖ «ចូរ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី ឆ្លង​ទៅ​មុន​ប្រជា‌ជន​ទៅ!»។ គេ​ក៏​សែង​ហិប​ឆ្លង​ទៅ​មុន​ប្រជា‌ជន។

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ថ្ងៃ​នេះ យើង​ចាប់​ផ្ដើម​ពង្រឹង​អំណាច​របស់​អ្នក ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ ដើម្បី​ឲ្យ​គេ​ដឹង​ថា យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ស្ថិត​នៅ​ជា​មួយ​ម៉ូសេ​កាល​ពី​មុន​ដែរ។

8. រីឯ​អ្នក​ត្រូវ​បង្គាប់​ឲ្យ​ក្រុម​បូជា‌ចារ្យ ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​ថា “កាល​ណា​អ្នក​រាល់​គ្នា​ទៅ​ដល់​មាត់​ទន្លេ​យ័រដាន់ ត្រូវ​ចុះ​ទៅ​ឈរ​នៅ​ក្នុង​ទន្លេ​តែ​ម្ដង”»។

9. លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «ចូរ​មក​នេះ ស្ដាប់​ព្រះ‌បន្ទូល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​សិន»។

10. លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៀត​ថា៖ «មាន​សញ្ញា​សម្គាល់​មួយ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ពិត​ជា​សណ្ឋិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ហើយ​ព្រះ‌អង្គ​ពិត​ជា​បណ្ដេញ​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​ហេវី ជន‌ជាតិ​ពេរី‌ស៊ីត ជន‌ជាតិ​គើរ‌កា‌ស៊ី ជន‌ជាតិ​អាម៉ូរី និង​យេប៊ូស ឲ្យ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​មែន

11. គឺ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល​នឹង​ឆ្លង​កាត់​ទន្លេ​យ័រដាន់ នៅ​មុខ​អ្នក​រាល់​គ្នា។

12. ឥឡូវ​នេះ ចូរ​ជ្រើស​រើស​យក​បុរស​ដប់‌ពីរ​នាក់ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល គឺ​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ។

13. ពេល​ណា​ក្រុម​បូជា‌ចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល ដាក់​ជើង​ក្នុង​ទឹក​ទន្លេ​យ័រដាន់ ពេល​នោះ ទឹក​ទន្លេ​យ័រដាន់​នឹង​ត្រូវ​ទប់ ឈប់​ហូរ ហើយ​ប្រមូល​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់​មួយ​កន្លែង»។

14. នៅ​គ្រា​ដែល​ប្រជា‌ជន​ចាក​ចេញ​ពី​ជំរំ បម្រុង​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ក្រុម​បូជា‌ចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី នាំ​គ្នា​ដើរ​នៅ​ខាង​មុខ​ប្រជា‌ជន។

15. ពេល​នោះ ជា​រដូវ​ចម្រូត ហើយ​ទឹក​ទន្លេ​យ័រដាន់​ជន់​លិច​ដល់​មាត់​ច្រាំង។ កាល​ក្រុម​បូជា‌ចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​ទៅ​ដល់​ទន្លេ​យ័រដាន់ ហើយ​ពេល​ពួក​គេ​ដាក់​ជើង​ក្នុង​ទឹក​នៅ​មាត់​ច្រាំង

16. ស្រាប់​តែ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​ក៏​ឈប់ ប្រមូល​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់​តែ​មួយ​កន្លែង។ ទឹក​នោះ​នៅ​ផ្ដុំ​គ្នា​យ៉ាង​ឆ្ងាយ​ពី​ទី​នោះ គឺ​នៅ​ក្រុង​អដាំ ជា​ក្រុង​មួយ​នៅ​ជិត​សារ‌ថាន។ រីឯ​ទឹក​ដែល​ហូរ​ចុះ​ឆ្ពោះ​ទៅ​សមុទ្រ​អារ៉ាបា​វិញ គឺ​សមុទ្រ​អំបិល ត្រូវ​កាត់​ផ្ដាច់។ ប្រជា‌ជន​ក៏​នាំ​គ្នា​ឆ្លង​ទន្លេ នៅ​ទល់​មុខ​ក្រុង​យេរីខូ។

17. នៅ​ពេល​ដែល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដើរ​កាត់​បាត​ទន្លេ​យ័រដាន់ ក្រុម​បូជា‌ចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ នាំ​គ្នា​ឈរ​លើ​ដី​ស្ងួត នៅ​កណ្ដាល​ទន្លេ រហូត​ដល់​ប្រជា‌ជាតិ​ទាំង​មូល​ឆ្លង​ផុត​ទន្លេ​យ័រដាន់។