ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាថ្មី

លូកា 14 Khmer Christian Bible (KCB)

1. នៅ​ថ្ងៃ​សប្ប័ទ​មួយ​ កាល​ព្រះអង្គ​យាង​ទៅ​បរិភោគ​អាហារ​នៅ​ផ្ទះ​របស់​អ្នក​ដឹកនាំ​ខាង​គណៈ​ផារិស៊ី​ម្នាក់​ ពួកគេ​តាម​ឃ្លាំ​មើល​ព្រះអង្គ​យ៉ាង​ដិត​ដល់​

2. ហើយ​មើល៍​ នៅ​ចំពោះ​ព្រះភក្ដ្រ​ព្រះអង្គ​ មាន​បុរស​ម្នាក់​មាន​ជំងឺ​ទាច។​

3. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​សួរ​ទៅ​ពួក​អ្នក​ជំនាញ​ច្បាប់​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ថា៖​ «តើ​វិន័យ​អនុញ្ញាត​ឲ្យ​ប្រោស​មនុស្ស​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ​ដែរ​ឬ​ទេ?»​

4. ប៉ុន្ដែ​ពួកគេ​នៅ​ស្ងៀម​ ដូច្នេះ​ព្រះអង្គ​ក៏​ចាប់​គាត់​ឡើង​ ហើយ​ប្រោស​គាត់​ឲ្យ​ជា​ រួច​ក៏​ឲ្យ​គាត់​ចេញ​ទៅ។​

5. បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «បើ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មាន​កូន​ម្នាក់​ ឬ​គោ​មួយ​ក្បាល​ធ្លាក់​ក្នុង​អណ្ដូង​នៅ​ថ្ងៃ​សប្ប័ទ​ តើ​មិន​ស្រង់​វា​ភ្លាមៗ​ទេ​ឬ?»​

6. ពួកគេ​មិន​អាច​ឆ្លើយ​តប​នឹង​សំណួរ​ទាំង​នេះ​បាន​ឡើយ។​

7. កាល​ព្រះអង្គ​សំគាល់​ឃើញ​របៀប​ដែល​ភ្ញៀវ​ជ្រើស​រើស​កន្លែង​កិត្ដិយស​ ព្រះអង្គ​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​ទៅ​ពួកគេ​ថា៖​

8. «ពេល​អ្នកណា​ម្នាក់​អញ្ជើញ​អ្នក​ទៅ​ពិធី​មង្គលការ​ ចូរ​អ្នក​កុំ​អង្គុយ​នៅ​កន្លែង​កិត្ដិយស​អី​ ក្រែងលោ​អ្នកនោះ​បាន​អញ្ជើញ​អ្នក​មាន​កិត្ដិយស​ជាង​អ្នក​មក​ដែរ។​

9. ពេល​នោះ ​អ្នក​ដែល​បាន​អញ្ជើញ​អ្នក និង​ភ្ញៀវ​នោះ​នឹង​មក​ប្រាប់​អ្នក​ថា​ សូម​ឲ្យ​កន្លែង​នេះ​ទៅ​គាត់​ នោះ​អ្នក​មុខជា​បាន​កន្លែង​នៅ​ខាង​ក្រោយ​បំផុត​ ទាំង​អាម៉ាស់​មុខ​មិន​ខាន។​

10. ដូច្នេះ​ពេល​គេ​អញ្ជើញ​អ្នក​ទៅ​បរិភោគ​អាហារ​ ចូរ​អង្គុយ​នៅ​កន្លែង​ខាង​ក្រោយ​បំផុត​ ដើម្បី​ពេល​ណា​អ្នក​ដែល​អញ្ជើញ​អ្នក​មក​ដល់​ គាត់​នឹង​ប្រាប់​អ្នក​ថា​ សម្លាញ់​អើយ!​ សូម​ឡើង​មក​កន្លែង​កិត្ដិយស​ នោះ​អ្នក​មុខជា​ខ្ពស់​មុខ​នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំងឡាយ​ដែល​អង្គុយ​រួម​តុ​ជាមួយ​អ្នក​មិនខាន​

11. ដ្បិត​អ្នកណា​លើក​តម្កើង​ខ្លួន​ នឹង​ត្រូវ​បន្ទាប​ចុះ​ ឯ​អ្នកណា​បន្ទាប​ខ្លួន​ នឹង​ត្រូវ​លើក​តម្កើង​វិញ»។​

12. ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​អ្នក​ដែល​អញ្ជើញ​ព្រះអង្គ​ដែរ​ថា៖​ «ពេល​អ្នក​រៀបចំ​ជប់​លៀង​អាហារ​ថ្ងៃ​ត្រង់​ ឬ​អាហារ​ពេល​ល្ងាច​ ចូរ​កុំ​អញ្ជើញ​មិត្ដ​ភក្ដិ​ បងប្អូន​ សាច់​ញាតិ​ ឬ​អ្នក​ជិត​ខាង​របស់​អ្នក​ដែល​ជា​អ្នក​មាន​ឡើយ​ ក្រែងលោ​ពួកគេ​នឹង​អញ្ជើញ​អ្នក​ដូច្នេះ​ដែរ​ ហើយ​វា​ក៏​ត្រលប់​ជា​ការ​តបស្នង​ចំពោះ​អ្នក​វិញ។​

13. ប៉ុន្ដែ​ពេល​អ្នក​រៀបចំ​ពិធី​ជប់​លៀង​ ចូរ​អញ្ជើញ​អ្នក​ក្រ​ មនុស្ស​ពិការ​ មនុស្ស​ខ្វិន​ និង​មនុស្ស​ខ្វាក់​វិញ​

14. នោះ​អ្នក​នឹង​មាន​ពរ​ហើយ​ ព្រោះ​ពួកគេ​សង​អ្នក​វិញ​មិន​បាន​ឡើយ​ ដូច្នេះ​អ្នក​នឹង​ទទួល​ការ​តបស្នង​នៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ»។​

15. ពេល​ឮ​សេចក្ដី​ទាំង​នេះ​ ភ្ញៀវ​ម្នាក់​ក្នុង​ចំណោម​ពួក​ភ្ញៀវ​អង្គុយ​រួម​តុ​ជាមួយ​ព្រះអង្គ​បាន​ទូល​ព្រះអង្គ​ថា៖​ «មាន​ពរ​ហើយ​ អ្នកណា​ដែល​នឹង​បរិភោគ​អាហារ​នៅ​ក្នុង​នគរ​ព្រះជាម្ចាស់»​

16. តែ​ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «មាន​បុរស​ម្នាក់​រៀបចំ​ពិធី​ជប់​លៀង​ពេល​ល្ងាច​ដ៏​ធំ​មួយ​ ហើយ​គាត់​បាន​អញ្ជើញ​ភ្ញៀវ​ជាច្រើន​

17. លុះ​ដល់​ពេល​ម៉ោង​អាហារ​ពេល​ល្ងាច​ គាត់​បាន​ចាត់​បាវបម្រើ​របស់​គាត់​ឲ្យ​ទៅ​ប្រាប់​ពួក​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ថា​ សូម​អញ្ជើញ​មក​ ដ្បិត​អ្វីៗ​បាន​រៀបចំ​រួច​រាល់​ហើយ!​

18. ប៉ុន្ដែ​ភ្ញៀវ​ទាំង​អស់​បាន​ចាប់ផ្ដើម​ដោះសា​បន្ដ​បន្ទាប់​គ្នា​ គឺ​អ្នក​ទី​មួយ​ប្រាប់​បាវបម្រើ​នោះ​ថា​ ខ្ញុំ​បាន​ទិញ​ចម្ការ​មួយ​កន្លែង​ ហើយ​ខ្ញុំ​ត្រូវ​ទៅ​មើល​ចម្ការ​ សូម​ឲ្យ​គាត់​អភ័យ​ទោស​ឲ្យខ្ញុំ​ផង។​

19. ម្នាក់​ទៀត​ប្រាប់​ថា​ ខ្ញុំ​បាន​ទិញ​គោ​ប្រាំ​នឹម​ ហើយ​ខ្ញុំ​ត្រូវ​ទៅ​សាកទឹម​ពួកវា​ សូម​ឲ្យ​គាត់​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង​

20. ម្នាក់​ផ្សេង​ទៀត​បាន​ប្រាប់​ថា​ ខ្ញុំ​ទើប​តែ​រៀបការ​ប្រពន្ធ​ហើយ​ ដូច្នេះ​ខ្ញុំ​មិន​អាច​ទៅ​បាន​ទេ។​

21. កាល​បាន​មក​ដល់​ហើយ​ បាវបម្រើ​នោះ​ក៏​ជម្រាប​ចៅហ្វាយ​គាត់​ពី​សេចក្ដី​ទាំង​នេះ​ ពេល​នោះ​ម្ចាស់​ដំណាក់​ខឹង​ណាស់​ ក៏​ប្រាប់​ទៅ​បាវបម្រើ​របស់​គាត់​ថា​ ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ទាំង​ធំ​ទាំង​តូច​ក្នុង​ក្រុង​ជា​ប្រញាប់​ ហើយ​ចូរ​នាំ​អ្នក​ក្រ​ មនុស្ស​ពិការ​ មនុស្ស​ខ្វាក់​ និង​មនុស្ស​ខ្វិន​មក​ទីនេះ​ចុះ។​

22. បន្ទាប់​មក​ បាវបម្រើ​នោះ​បាន​ប្រាប់​ថា​ លោក​ម្ចាស់​ អ្វី​ដែល​លោក​បាន​បង្គាប់​ បាន​ធ្វើ​រួច​ហើយ​ ប៉ុន្ដែ​នៅ​មាន​កន្លែង​សល់​ទៀត​

23. ចៅហ្វាយ​ក៏​ប្រាប់​ទៅ​បាវបម្រើ​នោះ​ថា​ ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ និង​ច្រក​នានា​ ហើយ​តឿន​ឲ្យ​ពួកគេ​មក​ ដើម្បី​ឲ្យ​បាន​ពេញ​ដំណាក់​របស់​ខ្ញុំ​

24. ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​អញ្ជើញ​រួច​ហើយ​ នោះ​គ្មាន​អ្នកណា​ម្នាក់​នឹង​បាន​ភ្លក់​អាហារ​ពេល​ល្ងាច​របស់​ខ្ញុំ​ឡើយ!»​

25. ពេល​ស្ដេច​មួយអង្គ​ទៅ​ច្បាំង​ជាមួយ​ស្ដេច​មួយ​អង្គ​ទៀត​ តើ​គាត់​មិន​អង្គុយ​ពិចារណា​ជាមុន​ទេ​ឬ​អី​ ដើម្បី​ឲ្យ​ដឹង​ថា​ ទ័ព​មួយ​ម៉ឺន​នាក់​របស់​គាត់​អាច​តទល់​ជាមួយ​ទ័ព​ពីរ​ម៉ឺន​នាក់​ដែល​កំពុង​មក​ច្បាំង​នោះ​បាន?​

26. «បើ​អ្នកណា​មក​ឯ​ខ្ញុំ​ ដោយ​មិន​ស្អប់​ឪពុក​ម្ដាយ​ ប្រពន្ធ​កូន​ បងប្អូន​ប្រុស​ស្រី​ និង​សូម្បី​តែ​ជីវិត​របស់​ខ្លួន​ទេ​ អ្នក​នោះ​មិន​អាច​ធ្វើជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ​

27. ហើយ​អ្នកណា​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ អ្នក​នោះ​ក៏​មិន​អាច​ធ្វើជា​សិស្ស​របស់​ខ្ញុំ​បាន​ដែរ​

28. ដ្បិត​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ បើ​អ្នកណា​ចង់​សង់​ប៉ម​មួយ​ តើ​មិន​អង្គុយ​គិត​ជាមុន​អំពី​ការ​ចំណាយ​ទេ​ឬ​អី​ ដើម្បី​ឲ្យ​ដឹង​ថា​មាន​គ្រប់​គ្រាន់​នឹង​ធ្វើ​ឲ្យ​រួច​រាល់​ឬ​អត់?​

29. ក្រែង​លោ​ពេល​ចាក់​គ្រឹះ​ហើយ​ មិន​អាច​ធ្វើ​រួច​រាល់​បាន​ មនុស្ស​គ្រប់​គ្នា​ដែល​ឃើញ​នឹង​ចាប់ផ្ដើម​ចំអក​ឲ្យ​ជា​មិន​ខាន​

30. ទាំង​និយាយ​ថា​ អ្នក​នេះ​ចាប់ផ្ដើម​សាង​សង់​បាន​ ប៉ុន្ដែ​មិន​អាច​ធ្វើ​រួច​រាល់។​

31. ពេល​ស្ដេច​មួយ​អង្គ​ទៅ​ច្បាំង​ជាមួយ​ស្ដេច​មួយ​អង្គ​ទៀត​ តើ​គាត់​មិន​អង្គុយ​ពិចារណា​ជាមុន​ទេ​ឬ​អី​ ដើម្បី​ឲ្យ​ដឹង​ថា​ ទ័ព​មួយ​ម៉ឺន​នាក់​របស់​គាត់​អាច​តទល់​ជាមួយ​ទ័ព​ពីរ​ម៉ឺន​នាក់​ដែល​កំពុង​មក​ច្បាំង​នោះ​បាន?​

32. បើ​មិន​បាន​ទេ​ ស្ដេច​នោះ​នឹង​ចាត់​ទូត​ឲ្យ​ទៅ​សុំ​ចរចា​រក​សន្ដិភាព​ នៅ​ពេល​ដែល​ស្ដេច​មួយ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។​

33. ដូច្នេះ​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​អស់​គ្នា​ បើ​មិន​លះបង់​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ខ្លួន​ទេ​ នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ។​

34. អំបិល​ល្អ​ទេ​ ប៉ុន្ដែ​បើ​អំបិល​ប្រែ​ជា​បាត់​ជាតិ​ប្រៃ​ តើ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​វា​ប្រៃ​វិញ​បាន?​

35. វា​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ឡើយ​ ទោះ​ជា​ប្រើ​សម្រាប់​ដី​ ឬ​ជី​ក៏​ដោយ​ គឺ​មាន​តែ​បោះ​ចោល​ទៅ​ក្រៅ។​ អ្នកណា​មាន​ត្រចៀក​ស្ដាប់ ចូរ​ស្ដាប់​ចុះ!»​