ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាថ្មី

លូកា 23 Khmer Christian Bible (KCB)

1. រួច​អ្នកនៅ​ក្នុងអង្គ​ប្រជុំ​ទាំង​មូលក៏ក្រោកឡើង​នាំ​ព្រះអង្គ​ទៅជួប​លោក​ពីឡាត់​

2. ពួកគេ​ក៏​ចាប់​ផ្ដើម​ចោទ​ប្រកាន់​ព្រះអង្គ​ថា៖​ «យើង​បាន​ឃើញ​អ្នក​នេះ​កំពុង​នាំ​ជនជាតិ​របស់​យើង​បះបោរ​ និង​ហាម​ការ​បង់​ពន្ធដារ​ឲ្យ​ព្រះចៅ​អធិរាជ​ ព្រមទាំង​ហៅ​ខ្លួន​ឯង​ថា​ជា​ព្រះគ្រិស្ដ​ គឺ​ជា​ស្ដេច»។​

3. លោក​ពីឡាត់​ក៏​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ជា​ស្ដេច​របស់​ជនជាតិ​យូដា​ឬ?»​ ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «លោក​និយាយ​ត្រូវ​ហើយ»​

4. លោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួក​សម្ដេច​សង្ឃ​ និង​បណ្ដាជន​ថា៖​ «ខ្ញុំ​មិន​ឃើញ​ថា​ បុរស​ម្នាក់​នេះ​មាន​ទោស​សោះ»​

5. ប៉ុន្ដែ​ពួកគេ​និយាយ​ទទូច​ថា៖​ «គាត់​ញុះញង់​ប្រជាជន​ ទាំង​បង្រៀន​ពាសពេញ​ស្រុក​យូដា​ទាំង​មូល​ គឺ​ចាប់​ពី​ស្រុក​កាលីឡេ​រហូត​មក​ដល់​ទីនេះ»។​

6. ពេល​លោក​ពីឡាត់​ឮ​ដូច្នេះ​ ក៏​សាក​សួរ​ថា​ បុរស​ម្នាក់​នេះ​ជាអ្នក​ស្រុក​កាលីឡេ​មែន​ដែរ​ឬ​អត់​

7. កាល​ដឹង​ថា​ ព្រះអង្គ​ស្ថិត​ក្នុង​សិទ្ធិ​អំណាច​របស់​ស្ដេច​ហេរ៉ូឌ​ លោក​ពីឡាត់​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ឯ​ស្ដេច​ហេរ៉ូឌ​ ដ្បិត​នៅ​ថ្ងៃ​នោះ​ស្ដេច​ក៏​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ដែរ​

8. ពេល​ស្ដេច​ជួប​ព្រះយេស៊ូ​ ក៏​ត្រេកអរ​ជា​ពន់ពេក​ ព្រោះ​ស្ដេច​បាន​ឮ​អំពី​ព្រះអង្គ​ និង​ចង់​ជួប​ព្រះអង្គ​ជា​យូរ​មក​ហើយ​ ស្ដេច​សង្ឃឹម​ថា​នឹង​ឃើញ​ព្រះអង្គ​សំដែង​ទីសំគាល់​អស្ចារ្យ​ណា​មួយ។​

9. ស្ដេច​ក៏​សួរ​ព្រះអង្គ​ជា​ច្រើន​ ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ឆ្លើយ​អ្វី​ឡើយ។​

10. ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​ក៏​ក្រោក​ឈរ​ចោទ​ប្រកាន់​ព្រះអង្គ​យ៉ាង​ធ្ងន់ៗ។​

11. កាល​ស្ដេច​ហេរ៉ូឌ​ និង​ពួក​ទាហាន​របស់​ស្ដេច​ចំអក​មើលងាយ​ព្រះអង្គ​រួច​ ក៏​ពាក់​អាវ​ភ្លឺ​រលោង​ឲ្យ​ព្រះអង្គ​ ហើយ​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ឲ្យ​លោក​ពីឡាត់​វិញ។​

12. នៅ​ថ្ងៃ​នោះ​ លោក​ពីឡាត់​ និង​ស្ដេច​ហេរ៉ូឌ​ ទាំង​ពីរ​នាក់​បាន​ត្រលប់​ជា​មិត្ដ​សម្លាញ់​នឹង​គ្នា​ ដ្បិត​កាល​ពីមុន​ជា​សត្រូវ​នឹង​គ្នា។​

13. កាល​លោក​ពីឡាត់​ហៅ​ពួក​សម្ដេច​សង្ឃ​ ពួក​អាជ្ញាធរ​ និង​ប្រជាជន​មក​ជុំ​គ្នា​ហើយ​

14. ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​បាន​នាំ​បុរស​ម្នាក់​នេះ​មក​ឲ្យ​ខ្ញុំ​ ដោយ​ចោទ​ថា​ជា​អ្នក​ញុះញង់​ប្រជាជន​ ប៉ុន្ដែ ​មើល៍​ នៅ​ចំពោះ​មុខ​អ្នក​រាល់គ្នា​ ខ្ញុំ​បាន​សាក​សួរ​គាត់​អស់​ហើយ​ ឃើញ​ថា​បុរស​ម្នាក់​នេះ​គ្មាន​ទោស​ដូច​ដែល​អ្នក​រាល់គ្នា​ចោទ​ប្រកាន់​សោះ។​

15. ស្ដេច​ហេរ៉ូឌ​ក៏​ដូចគ្នា​ដែរ​ ដ្បិត​ស្ដេច​បាន​បញ្ជូន​បុរស​នេះ​មក​ឲ្យ​យើង​វិញ​ ហើយ​មើល៍​ គាត់​មិន​បាន​ប្រព្រឹត្ត​អ្វី​មួយ​ដែល​សម​នឹង​ស្លាប់​សោះ​

16. ដូច្នេះ​ពេល​ដាក់​ទណ្ឌកម្ម​គាត់​ហើយ​ ខ្ញុំ​នឹង​ដោះ​លែង​គាត់»​

17. [រៀង​រាល់​ថ្ងៃ​បុណ្យ​ លោក​ពីឡាត់​ធ្លាប់​ដោះលែង​អ្នក​ទោស​ម្នាក់​ឲ្យ​ពួកគេ]។​

18. ប៉ុន្ដែ​ពួកគេ​ស្រែក​ទាំង​អស់​គ្នា​ថា៖​ «សូម​យក​ម្នាក់​នេះ​ទៅ​ ហើយ​ដោះលែង​បារ៉ាបាស​ឲ្យ​យើង​វិញ!»​

19. បារ៉ាបាស​ត្រូវ​គេ​ចាប់​ដាក់​គុក​ ដោយព្រោះ​តែ​ការ​បះបោរ​ និង​ការ​កាប់​សម្លាប់​ដែល​បានកើត​ឡើង​នៅ​ក្នុង​ក្រុង។​

20. ដោយ​ចង់​ដោះលែង​ព្រះយេស៊ូ​ លោក​ពីឡាត់​ក៏​និយាយ​បញ្ជាក់​ទៅ​ពួកគេ​ម្ដងទៀត។​

21. ប៉ុន្ដែ​ពួកគេ​ស្រែក​ថា៖​ «ឆ្កាង​វា​ទៅ​ ឆ្កាង​វា​ទៅ!»​

22. លោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួកគេ​ជា​លើក​ទី​បី​ថា៖​ «ហេតុអ្វី​ តើ​អ្នក​នេះ​បាន​ធ្វើ​អ្វី​អាក្រក់​ឬ?​ ខ្ញុំ​ឃើញ​ថា​គាត់​គ្មាន​ទោស​ត្រូវ​ស្លាប់​ទេ​ ដូច្នេះ​ពេល​ដាក់​ទណ្ឌកម្ម​ហើយ​ ខ្ញុំ​នឹង​ដោះ​លែង​គាត់!»​

23. ប៉ុន្ដែ​ពួកគេ​បាន​ទទូច​ដោយ​សំឡេង​ឮៗ​ទាមទារ​ឲ្យ​ឆ្កាង​ព្រះអង្គ​ ហើយ​សំឡេង​របស់​ពួកគេ​ក៏​យក​ឈ្នះ​បាន​

24. ដូច្នេះ​លោក​ពីឡាត់​ក៏​សម្រេច​ចិត្ដ​ធ្វើ​តាម​ការ​ទាមទារ​របស់​ពួកគេ​

25. ហើយ​លោក​ក៏​ដោះ​លែង​មនុស្ស​ម្នាក់​ដែល​ពួកគេ​បាន​សូម​ ជា​ម្នាក់​ដែល​ត្រូវ​គេ​ចាប់​ដាក់​គុក​ពី​បទ​បះបោរ​ និង​កាប់​សម្លាប់​ ឯ​ព្រះយេស៊ូ​វិញ​ លោក​បាន​ប្រគល់​ទៅ​តាម​ចិត្ដ​របស់​ពួកគេ។​

26. កាល​ពួកគេ​នាំ​ព្រះអង្គ​ទៅ​ ក៏​ចាប់​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ ជា​អ្នក​ក្រុង​គីរេន​ដែល​ទើប​មក​ពី​ចម្ការ​ គឺ​ពួកគេ​បាន​ដាក់​ឈើ​ឆ្កាង​លើ​គាត់​ឲ្យ​លី​ដើរ​តាម​ព្រះយេស៊ូ​

27. ហើយ​មាន​ប្រជាជន​ច្រើន​កុះករ​បាន​ដើរ​តាម​ព្រះអង្គ​ មាន​ទាំង​ពួក​ស្ដ្រី​កំពុង​កាន់ទុក្ខ​ និង​កំពុង​យំ​សោក​សម្រាប់​ព្រះអង្គ​ផង។​

28. ប៉ុន្ដែ​ព្រះយេស៊ូ​ងាក​មក​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កូន​ស្រី​ក្រុង​យេរូសាឡិម​អើយ!​ កុំ​យំ​សម្រាប់​ខ្ញុំ​អី​ ចូរ​យំ​សម្រាប់​អ្នក​រាល់គ្នា​ និង​កូន​ចៅ​របស់​អ្នក​រាល់គ្នា​វិញ​ចុះ​

29. ដ្បិត​មើល៍​ នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ដែល​ពួកគេ​នឹង​និយាយ​ថា​ មាន​ពរ​ហើយ​ដល់​ពួក​ស្ដ្រីអារ​ និង​ផ្ទៃ​ដែល​មិន​បាន​បង្កើត​កូន ព្រម​ទាំង​ស្ដ្រី​ដែល​មិន​បាន​បំបៅ​កូន។​

30. ពេល​នោះ​ពួកគេ​នឹង​ចាប់​ផ្ដើម​និយាយ​ទៅ​កាន់​ភ្នំ​នានា​ថា​ សូម​ធ្លាក់​សង្កត់​យើង​ទៅ​ ហើយ​និយាយ​ទៅ​ទីទួល​នានា​ទៀត​ថា​ សូម​គ្រប​លើ​យើង​ទៅ​

31. ព្រោះ​កាល​ដើម​ឈើ​នៅ​ស្រស់​នៅ​ឡើយ​ ពួកគេ​ធ្វើ​ការ​ទាំង​នេះ​ទៅ​ហើយ​ ចុះ​ពេល​ដើម​ឈើ​ក្រៀម​ នោះ​តើ​នឹង​មាន​អ្វី​កើត​ឡើង?»​

32. គេ​នាំ​មនុស្ស​មាន​ទោស​ធ្ងន់​ពីរ​នាក់​ទៀត​ទៅ​ឆ្កាង​ជាមួយ​ព្រះអង្គ​ដែរ។​

33. កាល​មក​ដល់​កន្លែង​មួយ​ឈ្មោះ​លលាដ៌​ក្បាល​ ពួក​គេ​ក៏​ឆ្កាង​ព្រះអង្គ​ និង​មនុស្ស​មាន​ទោស​ធ្ងន់​ពីរ​នាក់​ទៀត​នៅ​ទីនោះ​ដែរ​ គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះអង្គ។​

34. ព្រះយេស៊ូ​បាន​មាន​បន្ទូល​ថា៖​ «ឱ​ ព្រះវរបិតា​អើយ!​ សូម​លើក​លែង​ទោស​ដល់​ពួកគេ​ផង​ ដ្បិត​ពួកគេ​មិន​ដឹង​ថា​ ពួកគេ​កំពុង​ធ្វើ​អ្វី​ទេ»។​ ពួកគេ​បាន​ចាប់​ឆ្នោត​ចែក​អាវ​របស់​ព្រះអង្គ។​

35. ប្រជាជន​បាន​ឈរ​មើល​ព្រះអង្គ​ ឯ​ពួក​អាជ្ញាធរ​ក៏​មើលងាយ​ព្រះអង្គ​ដែរ​ ដោយ​និយាយ​ថា៖​ «វា​សង្គ្រោះ​អ្នក​ដទៃ​បាន​ ចូរ​ឲ្យ​វា​សង្គ្រោះ​ខ្លួន​ឯង​មើល៍​ បើ​វា​នេះ​ជា​ព្រះគ្រិស្ដ​ដែល​ព្រះជាម្ចាស់​រើសតាំង​មែន»​

36. ឯ​ពួក​ទាហាន​ក៏​ចំអក​ឲ្យ​ព្រះអង្គ​ដែរ​ និង​បាន​ចូល​មក​ជិត​ឲ្យ​ទឹក​ខ្មេះ​ដល់​ព្រះអង្គ​

37. ទាំង​និយាយ​ថា៖​ «បើ​ឯង​ជា​ស្ដេច​របស់​ជនជាតិ​យូដា​មែន​ ចូរ​សង្គ្រោះ​ខ្លួន​ឯង​មើល៍!»​

38. ហើយ​នៅ​ចំ​ពី​លើ​ព្រះអង្គ​មាន​ចំណារ​មួយ​ថា​ នេះ​ជា​ស្ដេច​របស់​ជនជាតិ​យូដា។​

39. មនុស្ស​មាន​ទោស​ធ្ងន់​ម្នាក់​ដែល​ត្រូវ​គេ​ឆ្កាង​ដែរ​នោះ​បាន​ប្រមាថ​ព្រះអង្គ​ថា៖​ «តើ​ឯង​មិន​មែន​ជា​ព្រះគ្រិស្ដ​ទេ​ឬ?​ ចូរ​សង្គ្រោះ​ខ្លួន​ឯង​ និង​យើង​មើល៍!»​

40. ប៉ុន្ដែ​ម្នាក់​ទៀត​បន្ទោស​ម្នាក់​នោះ​ថា៖​ «តើ​ឯង​មិន​កោត​ខ្លាច​ព្រះជាម្ចាស់​ទេ​ឬ​ ដ្បិត​ឯង​ក៏​ជាប់​ទោស​ដូចគ្នា?​

41. សម្រាប់​យើង​យុត្ដិធម៌​ហើយ​ ដ្បិត​យើង​ទទួល​ទោស​សម​នឹង​អ្វី​ដែល​យើង​បាន​ប្រព្រឹត្ដ​ ប៉ុន្ដែ​ម្នាក់​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ»។​

42. រួច​គាត់​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះយេស៊ូ​អើយ!​ ពេល​ព្រះអង្គ​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះអង្គ​ សូម​នឹក​ចាំ​ពី​ខ្ញុំ​ផង»។​

43. ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​វិញ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​ ថ្ងៃ​នេះ​អ្នក​នឹង​នៅ​ស្ថានសួគ៌​ជាមួយ​ខ្ញុំ»។​

44. ប្រហែល​ជា​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ ភាព​ងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំង​មូល​រហូត​ដល់​ម៉ោង​បី​រសៀល​

45. ដួងអាទិត្យ​បាន​បាត់​រស្មី​ ហើយ​វាំង​នន​នៅ​ក្នុង​ព្រះវិហារ​បាន​រហែក​ជា​ពីរ​

46. ព្រះយេស៊ូ​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «ព្រះវរបិតា​អើយ!​ ខ្ញុំ​សូម​ប្រគល់​វិញ្ញាណ​របស់​ខ្ញុំ​ទៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះអង្គ​វិញ»​ ពេល​មាន​បន្ទូល​បែប​នេះ​ហើយ​ ព្រះអង្គ​ផុតដង្ហើម​ទៅ។​

47. កាល​នាយ​ទាហាន​ម្នាក់​បាន​ឃើញ​ហេតុការណ៍​ដែល​កើត​ឡើង​ ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖​ «បុរស​នេះ​ជា​មនុស្ស​សុចរិត​មែន»​

48. រីឯ​បណ្ដាជន​ទាំង​អស់​ដែល​ជួបជុំ​គ្នា​មើល​ហេតុការណ៍​នេះ​ កាល​បាន​សង្កេត​ឃើញ​ហេតុការណ៍​ដែល​បានកើត​ឡើង​ ក៏​ត្រលប់​ទៅ​វិញ​ទាំង​គក់​ទ្រូង។​

49. ពួក​អ្នក​ដែល​ស្គាល់​ព្រះអង្គ​ទាំង​អស់​ និង​ពួក​ស្ដ្រី​ដែល​បាន​ដើរ​តាម​ព្រះអង្គ​ពី​ស្រុក​កាលីឡេ​មក​បាន​ឈរ​មើល​ហេតុការណ៍​ទាំង​នេះ​ពី​ចម្ងាយ។​

50. មើល៍​ មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​កំពូល​ និង​ជា​មនុស្ស​ល្អ​ ហើយ​សុចរិត។​

51. គាត់​មិន​បាន​យល់​ស្រប​ជាមួយ​ផែនការ​ និង​អំពើ​របស់​ពួកគេ​នេះ​ទេ។​ គាត់​មក​ពី​ក្រុង​អើរីម៉ាថេ​ ជា​ក្រុង​មួយ​នៃ​ស្រុក​យូដា​ គាត់​ជា​អ្នក​ដែល​កំពុង​រង់ចាំ​នគរ​ព្រះជាម្ចាស់​

52. គាត់​បាន​ចូល​ទៅ​ជួប​លោក​ពីឡាត់​សុំ​យក​សព​ព្រះយេស៊ូ។​

53. កាល​គាត់​ដាក់​សព​ចុះ​ហើយ​ ក៏​រុំ​នឹង​សំពត់​ទេសឯក​ ហើយ​បាន​បញ្ចុះ​សព​នោះ​នៅ​ក្នុង​ផ្នូរ​ដែល​ដាប់​ទៅ​ក្នុង​ថ្ម​ ជា​កន្លែង​ដែល​មិន​ទាន់​បាន​បញ្ចុះ​សព​ណា​នៅ​ឡើយ។​

54. ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​ ហើយ​ថ្ងៃ​សប្ប័ទ​បាន​ខិត​ជិត​មក​ដល់​

55. ឯ​ពួក​ស្ដ្រី​ដែល​ចេញ​មក​ពី​ស្រុក​កាលីឡេ​ជាមួយ​ព្រះអង្គ​ បាន​ដើរ​តាមទៅ​មើល​ផ្នូរ​ និង​របៀប​ដែល​គេ​ដាក់​សព​របស់​ព្រះអង្គ។​

56. កាល​បាន​ត្រលប់​មក​វិញ​ ពួកគេ​ក៏​រៀបចំ​គ្រឿង​ក្រអូប​ និង​ប្រេង​ក្រអូប​ ហើយ​បាន​សម្រាក​នៅ​ថ្ងៃ​សប្ប័ទ​តាម​បញ្ញត្ដិ។​