ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាថ្មី

លូកា 24 Khmer Christian Bible (KCB)

1. នៅ​ព្រឹក​ព្រលឹម​នាថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍​ ពួកគេ​ក៏​នាំ​យក​គ្រឿង​ក្រអូប​ដែល​ពួកគេ​បាន​រៀបចំ​មក​ឯ​ផ្នូរ​

2. ពួកគេ​បាន​ឃើញ​ថ្ម​ត្រូវ​បាន​ប្រមៀល​ចេញ​ពី​ផ្នូរ​

3. ពេល​ពួកគេ​ចូល​ទៅ​ មិន​បាន​ឃើញ​សព​ព្រះអម្ចាស់​យេស៊ូ​ទេ​

4. ហើយ​កាល​ពួកគេ​កំពុង​នឹក​ឆ្ងល់​ពី​ហេតុការណ៍​នេះ​ មើល៍​មាន​បុរស​ពីរ​នាក់​ស្លៀក​ពាក់​ភ្លឺ​ចែងចាំង​បាន​ឈរ​ក្បែរ​ពួកគេ។​

5. ពួកគេ​ក៏​ប្រែ​ជា​ភ័យខ្លាច​ ហើយ​ក្រាប​មុខ​ដល់​ដី​ ឯ​បុរស​ពីរ​នាក់​នោះ​ប្រាប់​មក​ពួកគេ​ថា៖​ «ហេតុអ្វី​អ្នក​រាល់គ្នា​រក​មនុស្ស​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ?​

6. ដ្បិត​ព្រះអង្គ​បាន​រស់​ឡើង​វិញ​ហើយ​ មិន​នៅ​ទីនេះ​ទេ!​ ចូរ​ចាំ​ព្រះអង្គ​មាន​បន្ទូល​ប្រាប់​អ្នក​រាល់គ្នា​យ៉ាង​ដូចម្ដេច​ កាល​នៅ​ស្រុក​កាលីឡេ​

7. គឺ​មាន​បន្ទូល​ថា​ កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​ពួក​មនុស្ស​បាប​ រួច​ត្រូវ​គេ​ឆ្កាង​ ប៉ុន្ដែ​នៅ​ថ្ងៃ​ទី​បី​នឹង​រស់​ឡើង​វិញ»។​

8. ពួកគេ​ក៏​នឹក​ចាំ​ពី​ព្រះបន្ទូល​របស់​ព្រះអង្គ​

9. ហើយ​ពេល​ត្រលប់​ពី​ផ្នូរ​មក​វិញ​ ពួកគេ​បាន​ប្រាប់​ហេតុការណ៍​ទាំង​អស់​នេះ​ដល់​សាវក​ទាំង​ដប់​មួយ​ ព្រមទាំង​អ្នក​ផ្សេងៗ​ទៀត។​

10. ពួក​ស្ដ្រី​ដែល​បាន​ប្រាប់​ហេតុការណ៍​ទាំង​នោះ​ដល់​ពួក​សាវក​ មាន​នាង​ម៉ារា​អ្នក​ក្រុង​ម៉ាក់ដាឡា​ នាង​យ៉ូអាណាន់​ និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​លោក​យ៉ាកុប​ ព្រមទាំង​ស្ដ្រី​ផ្សេង​ទៀត​ដែល​នៅ​ជាមួយ​ពួកគេ។​

11. ប៉ុន្ដែ​អ្នក​ទាំង​នោះ​មិន​ជឿ​ពួក​នាង​ទេ​ ដ្បិត​ពាក្យ​សំដី​របស់​ពួក​នាង​ដូចជា​ផ្ដេសផ្ដាស​សម្រាប់​ពួកគេ។​

12. លោក​ពេត្រុស​បាន​ក្រោក​ឡើង​រត់​ទៅ​ឯ​ផ្នូរ​ និង​បាន​អោន​មើល​ ក៏​ឃើញ​តែ​ក្រណាត់​ទេសឯក​ប៉ុណ្ណោះ​ រួច​គាត់​ក៏​ចាក​ចេញ​មក​វិញ​ដោយ​ងឿង​ឆ្ងល់​អំពី​អ្វី​ដែល​កើត​ឡើង។​

13. ហើយ​មើល៍​ នៅ​ថ្ងៃ​ដដែល​នោះ​ មាន​ពីរ​នាក់​ក្នុង​ចំណោមពួក​សិស្ស​កំពុង​ធ្វើ​ដំណើរ​ទៅ​ភូមិ​មួយ​ឈ្មោះ​ភូមិ​អេម៉ោស​ ដែល​មាន​ចម្ងាយ​ប្រហែល​ដប់​មួយ​គីឡូម៉ែត្រ​ពី​ក្រុង​យេរូសាឡិម​

14. ហើយ​ពួកគេ​និយាយ​គ្នា​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​បាន​កើត​ឡើង​

15. ហើយ​ពេល​ពួកគេ​កំពុង​ជជែក​គ្នា​ ព្រះយេស៊ូ​ក៏​យាង​មក​ជិត​ធ្វើ​ដំណើរ​ជាមួយ​ពួកគេ​ដែរ​

16. តែ​ភ្នែក​របស់​ពួកគេ​ត្រូវ​បាន​ខ្ទប់​មិន​ឲ្យ​ស្គាល់​ព្រះអង្គ​ទេ។​

17. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​ពួក​អ្នក​កំពុង​ដើរ​បណ្ដើរ​ និយាយ​គ្នា​បណ្ដើរ​អំពី​រឿង​អ្វី?»​ ពួកគេ​ក៏​ឈរ​ទាំង​ទឹក​មុខ​ស្រងូត​ស្រងាត់​

18. ម្នាក់​ឈ្មោះ​ក្លេប៉ាស​ទូល​តប​ទៅ​ព្រះអង្គ​ថា៖​ «តើ​មាន​តែ​អ្នក​ម្នាក់​ប៉ុណ្ណោះ​ឬ​ ដែល​នៅ​ក្រុង​យេរូសាឡិម​ ហើយ​មិន​ដឹង​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ក្រុង​ប៉ុន្មាន​ថ្ងៃ​នេះ?»​

19. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​រឿង​អ្វី​ទៅ?»​ ពួកគេ​ទូល​តប​ថា៖​ «គឺ​អំពី​លោក​យេស៊ូ​ ជា​អ្នក​ក្រុង​ណាសារ៉ែត​ លោក​ជា​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់​ដ៏​មាន​អំណាច​ទាំង​នៅ​ក្នុង​ពាក្យ​សំដី​ និង​ការ​ប្រព្រឹត្ដិ​នៅ​ចំពោះ​ព្រះជាម្ចាស់​ និង​ប្រជាជន​ទាំងអស់​

20. ប៉ុន្ដែ​យ៉ាង​ដូចម្ដេច​បាន​ជា​ទាំង​ពួក​សម្ដេច​សង្ឃ​ និង​ពួក​អាជ្ញាធរ​របស់​យើង​កាត់​ទោស​ប្រហារ​ជីវិត​លោក​ គឺ​ពួកគេ​បាន​ឆ្កាង​លោក​

21. ហើយ​យើង​សង្ឃឹម​ថា​ លោក​ជា​ព្រះ​មួយ​អង្គ​ដែល​នឹង​សង្គ្រោះ​អ៊ីស្រាអែល​ ប៉ុន្ដែ​លើសពី​នេះ​ទៅ​ទៀត​ នេះ​ជា​ថ្ងៃ​ទី​បី​ហើយ​ តាំងពី​ហេតុការណ៍​ទាំង​នេះ​បាន​កើតឡើង។​

22. មាន​ពួក​ស្ដ្រីខ្លះ​នៅ​ក្នុង​ចំណោម​យើង​បាន​ធ្វើ​ឲ្យ​យើង​ឆ្ងល់​ដែរ​ គឺ​កាល​ពួកគេ​បាន​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម​

23. មិន​បាន​ឃើញ​សព​លោក​ទេ​ ពួកគេ​បាន​មក​ប្រាប់​ទៀត​ថា​ បាន​ឃើញ​ពួក​ទេវតា​លេច​មក​ប្រាប់​ថា​ លោក​នៅរស់​ទេ។​

24. មាន​អ្នក​ខ្លះ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​នៅ​ជាមួយ​យើង​បាន​ចេញ​ដំណើរ​ទៅ​ឯ​ផ្នូរ​ ហើយ​ក៏​ឃើញ​ដូចជា​ស្ដ្រី​ទាំង​នោះ​និយាយ​មែន​ គឺ​ពួកគេ​មិន​បាន​ឃើញ​លោក​ទេ»។​

25. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ឱ​ពួក​មនុស្ស​ល្ងីល្ងើ​ និង​មាន​ចិត្ត​មិន​ងាយ​ជឿ​អស់​ទាំង​សេចក្ដី​ដែល​ពួក​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក​អើយ!​

26. តើ​ព្រះគ្រិស្ដ​មិន​ត្រូវ​រង​ទុក្ខ​វេទនា​ទាំង​នោះ​ទេ​ឬ​ ដើម្បី​ចូល​ទៅ​ក្នុង​សិរី​រុងរឿង​របស់​ព្រះអង្គ?»​

27. រួច​ព្រះអង្គ​ក៏​ពន្យល់​ប្រាប់​ពួកគេ​គ្រប់​សេចក្ដី​ដែល​បាន​ចែង​អំពី​ព្រះអង្គ​នៅ​ក្នុង​បទគម្ពីរ​ទាំង​អស់​ ចាប់​ផ្ដើម​ពី​គម្ពីរ​ម៉ូសេ​រហូត​ដល់​គម្ពីរ​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល។​

28. កាល​ពួកគេ​ធ្វើ​ដំណើរ​មក​ជិត​ដល់​ភូមិ​នោះ​ហើយ​ ព្រះអង្គ​ក៏​ធ្វើ​ជា​យាង​បង្ហួស​ទៅ​

29. ប៉ុន្ដែ​ពួកគេ​បាន​ទទូច​សុំ​ព្រះអង្គ​យ៉ាង​ខ្លាំង​ថា៖​ «សូម​ស្នាក់​នៅ​ជាមួយ​យើង​សិន​ ព្រោះ​ល្ងាច​ណាស់​ហើយ»​ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ស្នាក់នៅ​ជាមួយ​ពួកគេ។​

30. កាល​ព្រះអង្គ​អង្គុយ​នៅ​តុ​អាហារ​ជាមួយ​នឹង​ពួកគេ​ ព្រះអង្គ​បាន​យក​នំប៉័ង​មក​ប្រទាន​ពរ​ រួច​កាច់​ឲ្យ​ទៅ​ពួកគេ​

31. ពេល​នោះ​ភ្នែក​របស់​ពួកគេ​ត្រូវ​បាន​បើក​ឡើង​ ហើយ​ពួកគេ​ក៏​ស្គាល់​ព្រះអង្គ​ ប៉ុន្ដែ​ព្រះអង្គ​ក៏​បាត់​ពី​មុខ​ពួកគេ​ទៅ។​

32. ពួកគេ​បាន​និយាយ​គ្នា​ថា៖​ «តើ​ចិត្ដ​របស់​យើង​មិន​បាន​ឆេះឆួល​ទេ​ឬ​ កាល​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​មក​កាន់​យើង​នៅ​តាម​ផ្លូវ​ គឺ​នៅ​ពេល​ព្រះអង្គ​បក​ស្រាយ​បទគម្ពីរ​ប្រាប់​យើង?»​

33. ពេល​នោះ​ពួកគេ​ក្រោក​ឡើង​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ ហើយ​ពួកគេ​បាន​ឃើញ​សាវក​ទាំង​ដប់​មួយ​ និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ពួកគេ​កំពុង​ជួបជុំ​គ្នា​

34. និយាយ​ថា៖​ «ព្រះអម្ចាស់​បាន​រស់​ឡើង​វិញ​ពិត​មែន​ គឺ​ព្រះអង្គ​បាន​លេច​មក​ឲ្យ​លោក​ស៊ីម៉ូន​ឃើញ»។​

35. ពួកគេ​ក៏​ពន្យល់​ប្រាប់​ពី​ហេតុការណ៍​នៅ​តាម​ផ្លូវ​ និង​ពី​របៀប​ដែល​ពួកគេ​ស្គាល់​ព្រះអង្គ​នៅ​ពេល​កាច់​នំប៉័ង។​

36. ពេល​ពួកគេ​កំពុង​ប្រាប់អំពី​ហេតុការណ៍​ទាំង​នេះ​ ព្រះអង្គ​ក៏​ឈរ​នៅ​កណ្ដាល​ចំណោម​ពួកគេ​ និង​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «សូម​អ្នក​រាល់គ្នា​ប្រកប​ដោយ​សេចក្ដី​សុខសាន្ដ»​

37. ពួកគេ​ក៏​ខ្លាច​ញ័ររន្ធត់​ ព្រោះ​ពួកគេ​គិត​ថា​ជួប​ខ្មោច។​

38. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ច្របូក​ច្របល់​ដូច្នេះ?​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មាន​ចិត្ត​សង្ស័យ​ដូច្នេះ?​

39. ចូរ​មើល​ដៃ​ និង​ជើង​របស់​ខ្ញុំ​ចុះ​ ថា​ជា​ខ្ញុំ​ ហើយ​ចូរ​មើល​ និង​ពាល់​ខ្ញុំ​ចុះ​ ព្រោះ​ខ្មោច​គ្មាន​សាច់​គ្មាន​ឆ្អឹង​ដូចជា​អ្នក​រាល់គ្នា​ឃើញ​ខ្ញុំ​នេះ​ទេ»។​

40. កាល​ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ហើយ​ ក៏​បង្ហាញ​ព្រះហស្ត​ និង​បាទា​ឲ្យ​ពួកគេ​ឃើញ។​

41. ប៉ុន្ដែ​ដោយ​សេចក្ដី​អំណរ​ និង​ការ​ងឿង​ឆ្ងល់​ ពួកគេ​នៅ​តែ​មិន​ទាន់​ជឿ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មាន​អាហារ​នៅ​ទីនេះ​ដែរ​ឬ​ទេ?»​

42. ពួកគេ​ក៏​ឲ្យ​ត្រី​អាំង​មួយ​ដុំ​ដល់​ព្រះអង្គ​

43. ហើយ​ព្រះអង្គ​ក៏​យក​មក​បរិភោគ​នៅ​ចំពោះ​មុខ​ពួកគេ​

44. រួច​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ទាំង​នេះ​ជា​ពាក្យ​សំដី​របស់​ខ្ញុំ​ ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ កាល​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​នៅ​ឡើយ​ គឺ​បាន​ប្រាប់​ថា​ សេចក្ដី​ទាំង​អស់​ដែល​បាន​ចែង​ទុក​អំពី​ខ្ញុំ​នៅ​ក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ គម្ពីរ​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ទំនុក​តម្កើង​ត្រូវតែ​សម្រេច»។​

45. បន្ទាប់មក​ព្រះអង្គ​ក៏​បើក​គំនិត​របស់​ពួកគេ​ឲ្យ​យល់​បទគម្ពីរ​ទាំង​នោះ​

46. ដោយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គឺ​មាន​សេចក្ដី​ចែង​ទុក​ដូច្នេះ​ថា​ ព្រះគ្រិស្ដ​ត្រូវ​រងទុក្ខ​វេទនា​ ហើយ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី​

47. ហើយ​គេ​នឹង​ប្រកាស​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​អំពី​ការ​ប្រែ​ចិត្ដ​សម្រាប់​ការ​លើក​លែង​ទោស​បាប​ដល់​ជនជាតិ​ទាំង​អស់​ចាប់​ផ្ដើម​ពី​ក្រុង​យេរូសាឡិម​ទៅ​

48. ហើយ​អ្នក​រាល់គ្នា​ជា​សាក្សី​នៃ​ហេតុការណ៍​ទាំង​នេះ​

49. មើល៍​ ខ្ញុំ​បាន​ប្រគល់​សេចក្ដី​សន្យា​របស់​ព្រះវរបិតា​ខ្ញុំ​ដល់​អ្នក​រាល់គ្នា​ហើយ​ ប៉ុន្ដែ​ចូរ​អ្នក​រាល់គ្នា​នៅ​ក្នុង​ក្រុង​រហូត​ដល់​អ្នក​រាល់គ្នា​បាន​គ្រប​ដណ្ដប់​ដោយ​អំណាច​ពី​ស្ថានលើ»។​

50. ព្រះអង្គ​ក៏​នាំ​ពួកគេ​ចេញ​ទៅ​ក្រៅ​រហូត​ដល់​ក្រុង​បេថានី​ ហើយ​ព្រះអង្គ​ក៏​លើក​ព្រះហស្ដ​ប្រទាន​ពរ​ដល់​ពួកគេ។​

51. កាល​ព្រះអង្គ​កំពុង​ប្រទាន​ពរ​ឲ្យ​ពួកគេ​ ព្រះអង្គ​ក៏​ចាក​ចេញ​ពី​ពួកគេ​ទៅ​ គឺ​ត្រូវ​បាន​លើក​យក​ទៅ​ឯ​ស្ថានសួគ៌​វិញ​។​

52. ពួកគេ​ក៏​ថ្វាយបង្គំ​ព្រះអង្គ​ ហើយ​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ដោយ​អំណរ​ជា​ខ្លាំង​

53. និង​បាន​នៅ​ក្នុង​ព្រះវិហារ​ថ្វាយ​ព្រះពរ​ព្រះជាម្ចាស់​ជានិច្ច។​