ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាថ្មី

លូកា 10 Khmer Christian Bible (KCB)

1. បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​មក​ ព្រះអម្ចាស់​រើស​តាំង​សិស្ស​ចិត​សិប​នាក់​ផ្សេង​ទៀត​ និង​ចាត់​ពួកគេ​ពីរ​នាក់ៗ​ឲ្យ​ទៅ​មុន​ព្រះអង្គ​ឆ្ពោះទៅ​គ្រប់​ក្រុង​ និង​គ្រប់​ទីកន្លែង​ដែល​ព្រះអង្គ​បម្រុង​នឹង​ទៅ។​

2. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចម្រូត​ធំ​ណាស់​ ប៉ុន្ដែ​ពួក​អ្នក​ច្រូត​មាន​តិច​ ដូច្នេះ​ចូរ​ទូល​សុំ​ព្រះអម្ចាស់​នៃ​ចម្រូត​ដើម្បី​ឲ្យ​ព្រះអង្គ​ចាត់​ពួក​អ្នក​ច្រូត​មក​ក្នុង​ចម្រូត​របស់​ព្រះអង្គ​

3. ចូរ​ទៅ​ចុះ​ ហើយ​មើល៍ ខ្ញុំ​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ដូចជា​កូន​ចៀម​កណ្ដាល​ហ្វូង​ចចក។​

4. កុំ​យក​ថង់​ប្រាក់​ ថង់​យាម​ ឬ​ស្បែក​ជើង​ទៅ​តាម​ឡើយ​ ហើយ​កុំ​ជម្រាប​សួរ​អ្នកណា​នៅ​តាម​ផ្លូវ​ឲ្យ​សោះ។​

5. អ្នក​រាល់គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​ក៏​ដោយ​ មុន​ដំបូង​ ចូរ​និយាយ​ថា​ សូម​ឲ្យ​ផ្ទះ​នេះ​មាន​សេចក្ដី​សុខសាន្ដ។​

6. បើ​មាន​មនុស្ស​នៃ​សេចក្ដី​សុខសាន្ដ​នៅ​ទីនោះ​ សេចក្ដី​សុខសាន្ដ​របស់​អ្នក​រាល់គ្នា​នឹង​សណ្ឋិត​លើ​អ្នក​នោះ​ ប៉ុន្ដែ​បើ​គ្មាន​វិញ​ សេចក្ដី​សុខសាន្ដ​នឹង​ត្រលប់​មក​លើ​អ្នក​រាល់គ្នា​វិញ។​

7. ចូរ​នៅ​ផ្ទះ​ដដែល​នោះ​ចុះ​ ទាំង​បរិភោគ​ និង​ផឹក​អ្វីៗ​ដែល​គេ​ឲ្យ​ផង​ ព្រោះ​អ្នក​ធ្វើការ​ស័ក្តិសម​នឹង​ទទួល​បាន​ឈ្នួល​របស់​ខ្លួន​ ហើយ​កុំ​ប្ដូរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឲ្យ​សោះ។​

8. ក្រុង​ណា​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ចូល​ ហើយ​គេ​ទទួល​អ្នក​រាល់គ្នា​ ចូរ​បរិភោគ​អ្វីៗ​ដែល​គេ​រៀបចំ​នៅ​មុខ​អ្នក​រាល់គ្នា​ចុះ​

9. ហើយ​ចូរ​ប្រោស​ពួក​អ្នក​ជំងឺ​នៅ​ក្រុង​នោះ​ឲ្យ​បាន​ជា​ចុះ​ ព្រមទាំង​ប្រាប់​ពួកគេ​ថា​ នគរ​ព្រះជាម្ចាស់​បាន​មក​ជិត​អ្នក​រាល់គ្នា​ហើយ។​

10. ប៉ុន្ដែ​ក្រុង​ណា​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ចូល​ ហើយ​គេ​មិន​ទទួល​អ្នក​រាល់គ្នា​ ពេល​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ក្រុង​នោះ​ ចូរ​អ្នក​រាល់គ្នា​និយាយ​ថា​

11. សូម្បីតែ​ធូលី​ដី​ពី​ក្រុង​របស់​អ្នក​រាល់គ្នា​ដែល​ជាប់​នឹង​ជើង​របស់​យើង​ ក៏​យើង​រលាស់​ចេញ​ឲ្យ​អ្នក​រាល់គ្នា​វិញ​ដែរ​ ប៉ុន្ដែ​ចូរ​ដឹង​ការ​នេះ​ចុះ​ថា​ នគរ​ព្រះជាម្ចាស់​បាន​មក​ជិត​បង្កើយ​ហើយ។​

12. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ថ្ងៃ​នោះ​ សម្រាប់​ក្រុង​សូដុម​ងាយទ្រាំ​ជាង​ក្រុង​នោះ​ទៅ​ទៀត​។​

13. វេទនា​ដល់​អ្នក​ហើយ​ ក្រុង​ខូរ៉ាស៊ីន​ វេទនា​ដល់​អ្នក​ហើយ​ ក្រុង​បេតសៃដា!​ ព្រោះ​ប្រសិន​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​ក្នុង​ចំណោម​អ្នក​រាល់គ្នា​បាន​សំដែង​នៅ​ក្រុង​ទីរ៉ុស​ និង​ក្រុងស៊ីដូន​វិញ​ នោះ​គេ​មុខជា​ប្រែ​ចិត្ដ​តាំងពី​យូរ​ ដោយ​ស្លៀក​សំពត់​ធ្មៃ​ ទាំង​អង្គុយ​ក្នុង​ផេះ​មិន​ខាន​

14. ប៉ុន្ដែ​នៅ​ពេល​ជំនុំជម្រះ​ក្រុង​ទីរ៉ុស​ និង​ស៊ីដូន ​មុខជា​ងាយទ្រាំ​ជាង​អ្នក​រាល់គ្នា។​

15. ឯ​អ្នក​វិញ​ ក្រុង​កាពើណិម​អើយ!​ តើ​អ្នក​នឹង​ថ្កើង​ឡើង​ដល់​ស្ថានសួគ៌​ឬ?​ អ្នក​នឹង​ត្រូវ​ធ្លាក់​ចុះ​ដល់​ស្ថាននរក​មិន​ខាន។​

16. អ្នកណា​ស្ដាប់​អ្នក​រាល់គ្នា​ គឺ​ស្ដាប់​ខ្ញុំ​ អ្នកណា​បដិសេធ​នឹង​អ្នក​រាល់គ្នា​ គឺ​បដិសេធ​ខ្ញុំ​ ហើយ​អ្នកណា​បដិសេធ​ខ្ញុំ​ គឺ​បដិសេធ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។​

17. សិស្ស​ទាំង​ចិត​សិប​នាក់​បាន​ត្រលប់​មក​វិញ​ដោយ​អំណរ​ ទាំង​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម្បីតែ​ពួក​អារក្ស​ក៏​ចុះចូល​នឹង​យើង​ក្នុង​នាម​របស់​ព្រះអង្គ​ដែរ»​

18. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ខ្ញុំ​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​ស្ថានសួគ៌​ដូច​ជា​ផ្លេក​បន្ទោរ​

19. មើល៍​ ខ្ញុំ​បាន​ឲ្យ​សិទ្ធិ​អំណាច​ដល់​អ្នក​រាល់គ្នា​ដើរ​ជាន់​សត្វ​ពស់​ សត្វ​ខ្យាដំរី​ និង​លើ​អំណាច​ទាំង​អស់​របស់​ខ្មាំង​សត្រូវ​ ហើយ​គ្មាន​អ្វី​អាច​ធ្វើ​ទុក្ខ​អ្នក​រាល់គ្នា​បាន​ឡើយ​

20. ដូច្នេះ​ ចូរ​កុំ​អរ​សប្បាយ​នឹង​ការ​ដែល​ពួក​អារក្ស​ចុះចូល​នឹង​អ្នក​រាល់គ្នា​នោះ​ឡើយ​ តែ​ចូរ​អរ​សប្បាយ​ ដោយ​ឈ្មោះ​របស់​អ្នក​រាល់គ្នា​ត្រូវ​បាន​កត់ទុក​ក្នុង​ស្ថានសួគ៌​វិញ»។​

21. នៅ​ពេល​នោះ​ ព្រះអង្គ​មាន​អំណរ​ជាខ្លាំង​ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «ឱ​ ព្រះវរបិតា​ជា​ម្ចាស់​ស្ថានសួគ៌​ និង​ផែនដី​អើយ!​ ខ្ញុំ​សរសើរ​តម្កើង​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដី​ទាំង​នេះ​ពី​មនុស្ស​មាន​ប្រាជ្ញា​ និង​មនុស្ស​ឈ្លាសវៃ ​តែ​បើក​សំដែង​ដល់​ទារក​វិញ​ មែន​ហើយ​ ព្រះវរបិតា​អើយ!​ ដ្បិត​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នឹង​ការ​បែប​នេះ​ណាស់។​

22. ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ខ្ញុំ​ ហើយ​គ្មាន​អ្នកណា​ស្គាល់​ថា​ ព្រះរាជ​បុត្រា​ជា​អ្នកណា​ទេ​ ក្រៅពី​ព្រះវរបិតា​ ហើយ​ក៏គ្មាន​អ្នកណា​ស្គាល់​ថា​ ព្រះវរបិតា​ជា​អ្នកណា​ដែរ​ ក្រៅពី​ព្រះរាជ​បុត្រា​ និង​អស់​អ្នក​ដែល​ព្រះរាជ​បុត្រា​មាន​បំណង​បើកសំដែង​ឲ្យ​ស្គាល់​ប៉ុណ្ណោះ»។​

23. បន្ទាប់មក​ ព្រះអង្គ​ក៏​បែរ​ទៅ​ពួក​សិស្ស​ ហើយ​មាន​បន្ទូល​ដោយ​ឡែក​ថា៖​ «មាន​ពរ​ហើយ​ ភ្នែក​ណា​ឃើញ​អ្វីៗ​ដែល​អ្នក​រាល់គ្នា​កំពុង​ឃើញ​

24. ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នក​នាំ​ព្រះបន្ទូល​ និង​ស្ដេច​ជាច្រើន​ចង់​ឃើញ​អ្វីៗ​ដែល​អ្នក​រាល់គ្នា​កំពុង​ឃើញ​ ហើយ​ចង់​ឮ​អ្វីៗ​ដែល​អ្នក​រាល់គ្នា​កំពុង​ឮ​ ប៉ុន្ដែ​គេ​មិន​បាន​ឃើញ​ និង​មិន​បាន​ឮ​ឡើយ»។​

25. ក្រោយមក​ មាន​អ្នក​ជំនាញ​ច្បាប់​ម្នាក់​បាន​ក្រោក​ឈរ​ឡើង​ល្បង​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​នឹង​បាន​ជីវិត​អស់​កល្ប​ជានិច្ច​ជា​មរតក?»​

26. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «តើ​ក្នុង​គម្ពីរ​វិន័យ​មាន​ចែងទុក​យ៉ាង​ដូច​ម្ដេច?​ តើ​អ្នក​អាន​យ៉ាង​ណា​ដែរ?»​

27. គាត់​ក៏​ទូល​ថា៖​ «អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​ អស់​ពី​ព្រលឹង​ អស់​ពី​កម្លាំង​ និង​អស់​ពី​គំនិត​របស់​អ្នក​ ហើយ​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ឲ្យ​ដូចជា​ខ្លួន​អ្នក»។​

28. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​ឆ្លើយ​ត្រូវ​ណាស់​ ចូរ​ប្រព្រឹត្ដ​ការ​នេះ​ចុះ​ នោះ​អ្នក​នឹង​មាន​ជីវិត​មិន​ខាន»។​

29. ប៉ុន្ដែ​ដោយ​ចង់​បញ្ជាក់​ថា​ខ្លួន​គាត់​សុចរិត​ គាត់​ក៏​សួរ​ព្រះយេស៊ូ​ថា៖​ «តើ​អ្នកណា​ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ?»​

30. ជា​ការ​ឆ្លើយ​តប​វិញ​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «មាន​បុរស​ម្នាក់​មក​ពី​ក្រុង​យេរូសាឡិម​ចុះ​ទៅ​ក្រុង​យេរីខូរ​ ហើយ​គាត់​បាន​ជួប​ពួក​ចោរ​ប្លន់​ដែល​បាន​ប្លន់​យក​អាវ​របស់​គាត់​ ព្រមទាំង​បាន​វាយ​គាត់​ឲ្យ​រង​របួស​ជិត​ស្លាប់​ រួច​ក៏​ទុក​គាត់​ចោល​ ហើយ​ចេញបាត់​ទៅ។​

31. ជួនជា​មាន​សង្ឃ​ម្នាក់​ចុះ​មក​តាម​ផ្លូវ​នោះ​ ពេល​ឃើញ​បុរស​នោះ គាត់​ក៏​ចៀស​ទៅ​ម្ខាង​បង្ហួស​ទៅ។​

32. អ្នក​ខាង​អំបូរ​លេវី​ម្នាក់​បាន​មក​ដល់​កន្លែង​កើត​ហេតុ​ ហើយ​ធ្វើ​ដូចគ្នា​ គឺ​ពេល​គាត់​ឃើញ​បុរស​នោះ​ គាត់​ក៏​ចៀស​ទៅ​ម្ខាង​បង្ហួស​ទៅ​

33. ប៉ុន្ដែ​ជនជាតិ​សាម៉ារី​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​ដល់​ ពេល​គាត់​ឃើញ​បុរស​នោះ​ ក៏​មាន​សេចក្ដី​អាណិត​អាសូរ​

34. រួច​ក៏​ចូល​មក​ជិត​ ហើយ​រុំ​របួស​ឲ្យ​បុរស​នោះ​ដោយ​ចាក់​ប្រេង​ និង​ស្រា​ពី​លើ​ ហើយ​បាន​បញ្ជិះ​បុរស​នោះ​លើ​សត្វ​របស់​គាត់ ​នាំ​ទៅ​ផ្ទះ​សំណាក់​ដើម្បី​មើលថែ។​

35. នៅ​ថ្ងៃ​បន្ទាប់​ គាត់​បាន​ដក​ប្រាក់​ពីរ​ឌេណារី​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់​ និង​បាន​ប្រាប់​ថា​ សូម​មើលថែ​គាត់​ផង​ ហើយ​អ្វី​ក៏ដោយ​ដែល​អ្នក​ចាយ​លើស​នេះ​ ខ្ញុំ​នឹង​សង​ដល់​អ្នក​នៅ​ពេល​ខ្ញុំ​ត្រលប់​មក​វិញ។​

36. ក្នុង​ចំណោម​អ្នក​ទាំង​បី​នេះ​ តើ​អ្នក​គិត​ថា​ ម្នាក់​ណា​គួរ​ក្លាយជា​អ្នក​ជិត​ខាង​របស់​បុរស​ម្នាក់​ដែល​បាន​ជួប​ពួក​ចោរ​ប្លន់​នោះ?»​

37. អ្នក​ជំនាញ​ច្បាប់​នោះ​បាន​ទូល​ថា៖​ «គឺ​ម្នាក់​ដែល​បាន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ដល់​បុរស​នោះ»​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​វិញ​ថា៖​ «ចូរ​អ្នក​ទៅ​ ហើយ​ប្រព្រឹត្ដ​ច្នោះ​ដែរ​ចុះ»។​

38. កាល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​ទៅ​ ព្រះអង្គ​បាន​យាង​ចូល​ទៅ​ក្នុង​ភូមិ​មួយ​ ហើយ​មាន​ស្ដ្រី​ម្នាក់​ឈ្មោះ​ម៉ាថា​បាន​ទទួល​ព្រះអង្គ​

39. នាង​មាន​ប្អូន​ស្រី​ម្នាក់​ទៀត​ដែរ​ ឈ្មោះ​ម៉ារា​ដែល​កំពុង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអង្គ​ដោយ​អង្គុយ​នៅ​ទៀប​បាទា​ព្រះអម្ចាស់។​

40. ឯ​នាង​ម៉ាថា​វិញ​កំពុង​វក់វី​នឹង​ការ​បម្រើ​ជាច្រើន​ នាង​ក៏ចូល​មក​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​មិន​អើពើ​ទេ​ឬ​ ដែល​ប្អូន​ស្រី​ខ្ញុំទុក​ឲ្យ​ខ្ញុំ​បម្រើ​តែ​ម្នាក់​ឯង?​ សូម​ប្រាប់​នាង​ឲ្យ​ជួយ​ខ្ញុំ​ផង»​

41. ប៉ុន្ដែ​ព្រះអម្ចាស់​មាន​បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖​ «ម៉ាថា​អើយ!​ ម៉ាថា​ អ្នក​ព្រួយ​ខ្វល់ខ្វាយ​ពី​កិច្ចការ​ច្រើន​ម្ល៉េះ​

42. គឺ​មាន​កិច្ចការ​មួយ​ដែល​ចាំបាច់​ ឯ​ម៉ារា​វិញ​ជ្រើសរើស​ចំណែក​ដ៏​ល្អ​នោះ​ហើយ​ មិន​គួរ​ដក​យក​ពី​នាង​ឡើយ»។​