ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាថ្មី

លូកា 15 Khmer Christian Bible (KCB)

1. ពេល​នោះ​ ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ទាំង​អស់​បាន​ចូល​មក​ជិត​ដើម្បី​ស្ដាប់​ព្រះអង្គ​

2. ប៉ុន្ដែ​ទាំង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​បាន​រអ៊ូរទាំ​ថា៖​ «អ្នក​នេះ​ស្វាគមន៍​ពួក​មនុស្ស​បាប​ ហើយ​បរិភោគ​ជាមួយ​ពួកគេ​ទៀត​ផង»​

3. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​នេះ​ថា៖​

4. «សន្មត​ថា​ មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មាន​ចៀម​មួយ​រយ​ ហើយ​ចៀម​មួយ​បាន​វង្វេង​ចេញ​ពី​ហ្វូង​ តើ​គាត់​មិន​ទុក​ចៀម​កៅសិប​ប្រាំ​បួន​នៅ​វាល​ស្មៅ​ រួច​ទៅ​តាម​រក​ចៀម​មួយ​ដែល​បាន​វង្វេង​នោះ​ទាល់​តែ​ឃើញ​ទេ​ឬ?​

5. ពេល​រក​ឃើញ​ហើយ​ គាត់​ក៏​លី​វា​លើ​ស្មា​ទាំង​អរ​សប្បាយ។​

6. កាល​បាន​មក​ដល់​ផ្ទះ​ គាត់​ក៏​ហៅ​មិត្ត​ភក្តិ​ និង​អ្នក​ជិត​ខាង​មក​ជុំគ្នា​ដោយ​ប្រាប់​ពួកគេ​ថា​ សូម​អរ​សប្បាយ​ជាមួយ​ខ្ញុំ​ផង​ ដ្បិត​ខ្ញុំ​បាន​រក​ឃើញ​ចៀម​របស់​ខ្ញុំ​ដែល​វង្វេង​នោះ​វិញ​ហើយ។​

7. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ស្ថានសួគ៌​នឹង​មាន​សេចក្ដី​អរ​សប្បាយ​យ៉ាង​នោះ​ដែរ​ចំពោះ​មនុស្ស​បាប​ម្នាក់​បាន​ប្រែ​ចិត្ដ​ ជា​ជាង​មនុស្ស​សុចរិត​កៅសិប​ប្រាំ​បួន​នាក់​ដែល​មិន​ត្រូវ​ការ​ការ​ប្រែ​ចិត្ដ។​

8. ឬ​សន្មត​ថា​ ស្ដ្រី​ម្នាក់​មាន​កាក់​ប្រាក់​ដប់​កាក់​ ប៉ុន្ដែ​បើ​នាង​ធ្វើ​ឲ្យ​បាត់​កាក់​មួយ​ តើ​នាង​មិន​អុជ​ចង្កៀង​ បោស​ផ្ទះ​ ហើយ​រក​យ៉ាង​ល្អិត​ល្អន់​រហូត​ទាល់តែ​ឃើញ​វិញ​ទេ​ឬ?​

9. ពេល​រក​ឃើញ​ហើយ​ នាង​ក៏​ហៅ​មិត្ត​ភក្តិ​ និង​អ្នក​ជិត​ខាង​មក​ជុំគ្នា​ប្រាប់​ពួកគេ​ថា​ សូម​អរ​សប្បាយ​ជាមួយ​ខ្ញុំ​ផង​ ដ្បិត​ខ្ញុំ​រក​ឃើញ​កាក់​ប្រាក់​ដែល​ខ្ញុំ​បាន​បាត់​នោះ​វិញ​ហើយ។​

10. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់​ ក៏​មាន​សេចក្ដី​អរ​សប្បាយ​យ៉ាង​ដូច្នេះ​ដែរ​ ចំពោះ​មនុស្ស​បាប​ម្នាក់​ដែល​បាន​ប្រែ​ចិត្ដ»។​

11. ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «មាន​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ​នាក់​

12. កូន​ប្អូន​បាន​និយាយ​ទៅ​ឪពុក​ថា​ លោក​ឪពុក​អើយ!​ សូម​ប្រគល់​ទ្រព្យ​សម្បត្តិ​ជា​ចំណែក​របស់​ខ្ញុំ​ឲ្យ​មក​ខ្ញុំ​ រួច​ឪពុក​ក៏​ចែក​ទ្រព្យ​សម្បត្តិ​ឲ្យ​ពួកគេ។​

13. ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ កូន​ប្រុស​ប្អូន​បាន​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ខ្លួន​ រួច​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ។​ នៅ​ទីនោះ​ គាត់​បាន​ចាយ​បង្ហិន​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ដោយ​រស់​នៅ​យ៉ាង​លេលា។​

14. ពេល​គាត់​ចាយ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​អស់​ហើយ​ ក៏​កើត​មាន​គ្រោះ​អត់​ឃ្លាន​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ស្រុក​នោះ​ ហើយ​គាត់​ក៏​ចាប់ផ្ដើម​ខ្វះខាត​

15. ដូច្នេះ​គាត់​ក៏​ទៅ​ស៊ី​ឈ្នួល​អ្នក​ស្រុក​ម្នាក់​នៅ​ស្រុក​នោះ​ ហើយ​អ្នក​នោះ​បាន​ចាត់​គាត់​ឲ្យ​ទៅ​ឃ្វាល​ជ្រូក​នៅ​ឯ​កសិដ្ឋាន​របស់​ខ្លួន។​

16. គាត់​ចង់​ចំអែត​ពោះ​ដោយ​ចំណី​ជ្រូក​ដែល​ជ្រូក​កំពុង​ស៊ី​ខ្លាំង​ណាស់​ ប៉ុន្ដែ​គ្មាន​អ្នកណា​ឲ្យ​អ្វី​ដល់​គាត់​ឡើយ។​

17. ពេល​គាត់​ភ្ញាក់​ខ្លួន​ ក៏​និយាយ​ថា​ អ្នក​ស៊ី​ឈ្នួល​ទាំងឡាយ​របស់​ឪពុក​ខ្ញុំ​មាន​អាហារ​បរិបូរ​ ប៉ុន្ដែ​ខ្ញុំ​វិញ​នៅ​ទីនេះ​ឃ្លាន​ជិត​ស្លាប់​ហើយ​

18. ខ្ញុំ​នឹង​ក្រោក​ឡើង​ទៅ​ឯ​ឪពុក​ខ្ញុំ​វិញ​ ហើយ​ប្រាប់​គាត់​ថា​ លោក​ឪពុក​អើយ!​ កូន​បាន​ធ្វើ​បាប​ទាស់​នឹង​ស្ថានសួគ៌​ ហើយ​នឹង​លោក​ឪពុក​

19. កូន​មិន​ស័ក្តិសម​នឹង​ហៅ​ថា​ជា​កូន​របស់​លោក​ឪពុក​ទៀត​ទេ​ សូម​ឲ្យ​កូន​ធ្វើ​ជា​អ្នក​ស៊ី​ឈ្នួល​ម្នាក់​របស់​លោក​ឪពុក​ផង!​

20. រួច​គាត់​ក៏​ក្រោក​ឡើង​ត្រលប់​ទៅ​ឯ​ឪពុក​វិញ​ កាល​គាត់​នៅ​ឆ្ងាយ​នៅ​ឡើយ​ នោះ​ឪពុក​របស់​គាត់​បាន​ឃើញ​គាត់​ និង​មាន​ចិត្ដ​អាណិត​អាសូរ​ជា​ពន់ពេក​ ក៏​រត់​ទៅ​ឱប​ថើប​គាត់។​

21. កូន​ប្រុស​នោះ​ប្រាប់​ទៅ​ឪពុក​ថា​ លោក​ឪពុក​អើយ!​ កូន​បាន​ធ្វើ​បាប​ទាស់​នឹង​ស្ថានសួគ៌​ ហើយ​នឹង​លោក​ឪពុក​ កូន​មិន​ស័ក្តិសម​នឹង​ហៅ​ថា​កូន​របស់​លោក​ឪពុក​ទៀត​ទេ។​

22. ប៉ុន្ដែ​ឪពុក​បាន​ប្រាប់​ទៅ​ពួក​បាវបម្រើ​របស់​គាត់​ថា​ ចូរ​យក​អាវ​ដ៏​ល្អ​បំផុត​មក​បំពាក់​ឲ្យ​កូន​របស់​ខ្ញុំ​ជា​ប្រញាប់​ ទាំង​បំពាក់​ចិញ្ជៀន​លើ​ដៃ​ និង​ពាក់​ស្បែក​ជើង​ឲ្យ​ផង​

23. ហើយ​ចូរ​យក​កូន​គោ​ដែល​បាន​បំប៉ន​ទុក​មក​កាប់​ រួច​ចូរ​យើង​បរិភោគ​ដោយ​អរ​សប្បាយ​ចុះ​

24. ព្រោះ​កូន​ប្រុស​របស់​ខ្ញុំ​នេះ​បាន​ស្លាប់​ហើយ​ ប៉ុន្ដែ​រស់​ឡើង​វិញ​ វា​បាន​វង្វេង​បាត់​ទៅ​ ប៉ុន្ដែ​រក​ឃើញ​វិញ។​ រួច​ពួកគេ​ក៏​ចាប់ផ្ដើម​អរ​សប្បាយ។​

25. រីឯ​កូន​ប្រុស​ច្បង​របស់​គាត់​វិញ​នៅ​ឯ​ចម្ការ​ ពេល​គាត់​មក​ជិត​ដល់​ផ្ទះ​ គាត់​បាន​ឮ​សូរ​តន្ដ្រី​ និង​ការ​រាំ​រែក​

26. គាត់​ក៏​ហៅ​បាវបម្រើ​ម្នាក់​មក​សួរ​ថា​ តើ​មាន​ហេតុការណ៍​អ្វី?​

27. បាវបម្រើ​នោះ​ប្រាប់​គាត់​ថា​ ប្អូន​ប្រុស​របស់​លោក​មក​វិញ​ហើយ​ ឪពុក​របស់​លោក​បាន​កាប់​កូន​គោ​ដែល​បាន​បំប៉ន​ទុក​ ព្រោះ​គាត់​បាន​ទទួល​កូន​មក​វិញ​ដោយ​សុខសាន្ដ។​

28. កូន​ប្រុស​ច្បង​ក៏​ខឹង​ ហើយ​មិន​ចង់​ចូល​ក្នុង​ទេ​ ដូច្នេះ​ឪពុក​របស់​គាត់​បាន​ចេញ​មក​អង្វរ​គាត់​

29. ប៉ុន្ដែ​គាត់​បាន​ឆ្លើយ​ទៅ​ឪពុក​ថា​ មើល៍​ កូន​បាន​បម្រើ​លោក​ឪពុក​ជា​ច្រើន​ឆ្នាំ​ ហើយ​មិន​ដែល​មិន​ស្ដាប់​បង្គាប់​លោក​ឪពុក​ទេ ប៉ុន្ដែ​លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ​មួយ​ដល់​ខ្ញុំ​ ដើម្បី​ឲ្យ​ខ្ញុំ​អរ​សប្បាយ​ជាមួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ទេ​

30. ប៉ុន្ដែ​នៅ​ពេល​កូន​របស់​លោក​ឪពុក​ម្នាក់​នេះ​ ដែល​ជា​អ្នក​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​លោក​ឪពុក​ជាមួយ​ស្ដ្រី​ពេស្យា​មក​ដល់​ លោក​ឪពុក​ក៏​កាប់​កូន​គោ​ដែល​បំប៉ន​ទុក​សម្រាប់​វា។​

31. ឪពុក​ក៏​ប្រាប់​កូន​នោះ​វិញ​ថា​ កូន​អើយ!​ កូន​ឯង​នៅ​ជាមួយ​ឪពុក​ជានិច្ច​ ហើយ​អ្វីៗ​ដែល​ជា​របស់​ឪពុក​គឺ​ជា​របស់​កូន​ហើយ​

32. ដូច្នេះ​ត្រូវ​តែ​អរ​សប្បាយ​ និង​មាន​អំណរ​ឡើង​ ព្រោះ​ប្អូន​ប្រុស​របស់​កូន​នេះ​បាន​ស្លាប់​ហើយ​ តែ​រស់​ឡើង​វិញ​ និង​បាន​វង្វេង​បាត់​ទៅ​ ប៉ុន្ដែ​រក​ឃើញ​វិញ»។​