ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាថ្មី

រ៉ូម 12 Khmer Christian Bible (KCB)

1. ដូច្នេះ​ បងប្អូន​អើយ!​ តាមរយៈ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះជាម្ចាស់​ ខ្ញុំ​ទទូច​ឲ្យ​អ្នក​រាល់គ្នា​ថ្វាយ​រូបកាយ​របស់​អ្នក​រាល់គ្នា​ទុកជា​យញ្ញបូជា​ដែល​មានជីវិត​ ហើយ​បរិសុទ្ធ​ ព្រមទាំង​ជាទី​គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​ ដ្បិត​នេះ​ហើយ​ជា​ការ​បម្រើ​ដ៏​ត្រឹម​ត្រូវ​របស់​អ្នក​រាល់គ្នា​

2. កុំ​ត្រាប់​តាម​លោកិយ​នេះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ឲ្យ​ព្រះជាម្ចាស់​កែប្រែ​អ្នក​រាល់គ្នា​ដោយ​គំនិត​ផ្លាស់ប្រែ​ជាថ្មី​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ច្បាស់​ថា​ អ្វី​ទៅ​ជា​បំណង​របស់​ព្រះជាម្ចាស់​ គឺ​អ្វី​ដែល​ល្អ​ អ្វី​ដែល​គាប់​ព្រះ​ហឫទ័យ​ព្រះអង្គ​ និង​អ្វីដែល​គ្រប់​លក្ខណ៍​

3. ដ្បិត​តាមរយៈ​ព្រះគុណ​ដែល​ខ្ញុំ​បាន​ទទួល​ ខ្ញុំ​សូម​ប្រាប់​មនុស្ស​គ្រប់​គ្នា​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ថា​ ចូរ​កុំ​គិត​ខ្ពស់​ហួស​ពី​គំនិត​ដែល​ត្រូវ​គិត​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​គិត​ឲ្យ​បាន​សមស្រប​តាម​ខ្នាត​ជំនឿ​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​ម្នាក់ៗ​វិញ​

4. ដ្បិត​យើង​មាន​អវយវៈ​ជាច្រើន​នៅ​ក្នុង​រូបកាយ​តែ​មួយ​ ហើយ​អវយវៈ​ទាំង​នោះ​សុទ្ធតែ​មាន​មុខងារ​ផ្សេងៗ​គ្នា​ជា​យ៉ាង​ណា​

5. នោះ​យើង​ដែល​មាន​គ្នា​ច្រើន​ក៏​ជា​រូបកាយ​តែ​មួយ​នៅ​ក្នុង​ព្រះគ្រិស្ដ​ជា​យ៉ាង​នោះ​ដែរ​ ហើយ​ម្នាក់ៗ​ជា​អវយវៈ​របស់​គ្នា​ទៅវិញ​ទៅមក។​

6. ដ្បិត​យើង​មាន​អំណោយទាន​ផ្សេងៗ​គ្នា​តាមរយៈ​ព្រះគុណ​ដែល​បាន​ប្រទាន​ដល់​យើង​ បើ​ជា​អំណោយទាន​ខាង​ការ​ថ្លែង​ព្រះបន្ទូល​ នោះ​ចូរ​ថ្លែង​តាម​ខ្នាត​ជំនឿ​ចុះ​

7. បើ​ខាង​ការ​បម្រើ​ ចូរ​បម្រើ​ បើ​ខាង​ការ​បង្រៀន​ ចូរ​បង្រៀន​

8. បើ​ខាង​ការ​លើក​ទឹក​ចិត្ដ​ ចូរ​លើក​ទឹក​ចិត្ដ​ បើ​ខាង​ការ​ឲ្យ​ ចូរ​ឲ្យ​ដោយ​សប្បុរស​ បើ​ខាង​ការ​ដឹកនាំ​ ចូរ​ដឹកនាំ​ដោយ​ឧស្សាហ៍​ បើ​ខាងកា​រផ្ដល់​សេចក្ដី​មេត្ដា​ ចូរ​ធ្វើ​ដោយ​រីករាយ​ចុះ។​

9. ចូរ​មាន​សេចក្ដី​ស្រឡាញ់​ឥត​ពុតត្បុត​ ស្អប់​សេចក្ដី​អាក្រក់​ ហើយ​ប្រកាន់​ខ្ជាប់​សេចក្ដី​ល្អ។​

10. ចូរ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ដោយ​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ ហើយ​ចូរ​គោរព​គ្នា​ទៅវិញ​ទៅមក​ដោយ​ការ​ផ្ដល់​កិត្ដិយស​

11. ចូរ​ឧស្សាហ៍​ កុំ​ខ្ជិល​ឡើយ​ ចូរ​បម្រើ​ព្រះអម្ចាស់​ដោយ​វិញ្ញាណ​ឆេះឆួល។​

12. ចូរ​អរ​សប្បាយ​ដោយ​មាន​សង្ឃឹម​ ចូរ​ស៊ូទ្រាំ​នៅ​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​ ចូរ​អធិស្ឋាន​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​

13. ចូរ​ផ្គត់ផ្គង់​ពួក​បរិសុទ្ធ​ដែល​មាន​សេចក្ដី​ត្រូវការ​ ហើយ​ត្រូវ​ចេះ​ទទួល​ភ្ញៀវ​ដោយ​រាក់ទាក់​ផង។​

14. ចូរ​ឲ្យ​ពរ​ដល់​ពួកអ្នក​បៀតបៀន​អ្នក​រាល់គ្នា​ ចូរ​ឲ្យពរ​ ​កុំ​ដាក់​បណ្ដាសា​ឲ្យ​សោះ​

15. ចូរ​អរ​សប្បាយ​ជាមួយ​ពួកអ្នក​អរ​សប្បាយ​ ហើយ​យំ​ជាមួយ​ពួកអ្នក​យំ​

16. ចូរ​មាន​គំនិត​ឲ្យ​ចុះ​សម្រុង​គ្នា​ទៅវិញ​ទៅមក​ កុំ​មាន​គំនិត​ឆ្មើងឆ្មៃ​ ត្រូវ​ចុះ​សម្រុង​ជាមួយ​អ្នក​ទន់ទាប​ ហើយ​កុំ​គិត​ថា​ខ្លួន​ឯង​ឆ្លាត​ឡើយ។​

17. ចូរ​កុំ​តប​ស្នង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ​ ត្រូវ​តាំង​ចិត្ដ​ធ្វើ​ការ​ល្អ​នៅ​ចំពោះ​មនុស្ស​ទាំង​អស់​

18. ចំពោះ​អ្នក​រាល់គ្នា​វិញ​ ចូរ‍​រស់នៅ​ជាមួយ​មនុស្ស​ទាំង​អស់​ដោយ​សុខសាន្ដ​ចុះ​ បើ​ធ្វើ​កើត។​

19. បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ ចូរ​កុំ​សងសឹក​ដោយ​ខ្លួន​ឯង​ឡើយ​ ប៉ុន្ដែ​ទុក​ឲ្យ​ព្រះជាម្ចាស់​បញ្ចេញ​កំហឹង​ចុះ​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ព្រះអម្ចាស់​មាន​បន្ទូល​ថា​ ការ​សងសឹក​ស្រេច​លើ​យើង​ យើង​នឹង​តបស្នង​ពួកគេ​វិញ​

20. ប៉ុន្ដែ​បើ​សត្រូវ​របស់​អ្នក​ឃ្លាន​ ចូរ​ឲ្យ​គេ​បរិភោគ​ ហើយ​បើ​គេ​ស្រេក​ ចូរ​ឲ្យ​គេ​ផឹក​ដែរ​ចុះ​ ដ្បិត​ធ្វើ​ដូច្នេះ​ ប្រៀប​ដូចជា​អ្នក​ប្រមូល​រងើក​ភ្លើង​ដាក់​លើ​ក្បាល​របស់​គេ»។​

21. ចូរ​កុំ​ឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​បាន​ឡើយ​ ប៉ុន្ដែ​ចូរ​អ្នក​យក​ឈ្នះ​លើ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​ចុះ។​