ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាថ្មី

រ៉ូម 5 Khmer Christian Bible (KCB)

1. ដូច្នេះ​ ដែល​យើង​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​ នោះ​យើង​មាន​មេត្រីភាព​ជាមួយ​ព្រះជាម្ចាស់​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។​

2. តាមរយៈ​ព្រះអង្គ​ ដោយសារ​ជំនឿ​ យើង​មាន​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះគុណ​នេះ​ ដែល​យើង​កំពុង​ឈរ​ ហើយ​មាន​អំណរ​ចំពោះ​សេចក្ដី​សង្ឃឹម​នៃ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់។​

3. មិន​ត្រឹមតែ​ប៉ុណ្ណោះ​ យើង​ក៏​មាន​អំណរ​ នៅ​ពេល​យើង​មាន​ទុក្ខ​លំបាក​ដែរ​ ព្រោះ​ដឹង​ថា​ ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្ដី​អត់ធ្មត់​

4. សេចក្ដី​អត់ធ្មត់​បង្កើត​សេចក្ដី​ស៊ាំថ្នឹក​ សេចក្ដី​ស៊ាំថ្នឹក​បង្កើត​សេចក្ដី​សង្ឃឹម​

5. ហើយ​សេចក្ដី​សង្ឃឹម​មិន​ធ្វើ​ឲ្យ​ខកចិត្ដ​ឡើយ​ ព្រោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​បាន​បង្ហូរ​មក​ក្នុង​ចិត្ដ​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​យើង។​

6. ពេល​យើង​នៅ​ខ្សោយ​នៅ​ឡើយ​ លុះ​ដល់​ពេល​កំណត់​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ ដើម្បី​មនុស្ស​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​

7. កម្រ​មាន​មនុស្ស​ណា​ម្នាក់​សុខ​ចិត្ដ​ស្លាប់​ដើម្បី​មនុស្ស​សុចរិត​ណាស់​ ឬ​ក៏​ប្រហែល​ជា​មាន​មនុស្ស​ម្នាក់​ហ៊ាន​ស្លាប់​ដើម្បី​មនុស្ស​ល្អ​មែន​

8. តែ​ព្រះជាម្ចាស់​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​យើង​ ដោយ​ឲ្យ​ព្រះគ្រិស្ដ​សោយ​ទិវង្គត​ដើម្បី​យើង​ កាល​យើង​នៅជា​មនុស្ស​បាប​នៅ​ឡើយ​

9. លើស​ពី​នេះ​ទៅ​ទៀត​ យើង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ឈាម​របស់​ព្រះអង្គ​ ហើយ​យើង​ក៏​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​រួច​ពី​សេចក្ដី​ក្រោធ‍​របស់​ព្រះជាម្ចាស់​តាមរយៈ​ព្រះអង្គ​ទៀត​ផង​

10. បើ​ព្រះជាម្ចាស់​ឲ្យ​យើង​ផ្សះផ្សា​ជាមួយ​ព្រះអង្គ​តាមរយៈ​ការ​សោយ​ទិវង្គត​នៃ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ កាល​យើង​នៅ​ជា​ខ្មាំង​សត្រូវ​នៅ​ឡើយ​ ចុះ​ឥឡូវ​នេះ​ ពេល​ដែល​យើង​បាន​ផ្សះផ្សា​រួច​ហើយ​ យើង​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត​ ដោយសារ​ជីវិត​របស់​ព្រះយេស៊ូ​

11. ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ យើង​ក៏​មាន​អំណរ​ដែរ​នៅ​ក្នុង​ព្រះជាម្ចាស់​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ ដែល​ឥឡូវ​នេះ​យើង​បាន​ទទួល​ការ​ផ្សះផ្សា​តាមរយៈ​ព្រះអង្គ​រួច​ហើយ។​

12. ដូច្នេះ​ ដូច​ដែល​បាប​បាន​ចូល​មក​ក្នុង​ពិភពលោក​តាមរយៈ​មនុស្ស​ម្នាក់​ ហើយ​សេចក្ដី​ស្លាប់​ក៏​មក​តាមរយៈ​បាប​ជា​យ៉ាង​ណា​ នោះ​សេចក្ដី​ស្លាប់​ក៏​រាលដាល​ដល់​មនុស្ស​គ្រប់​គ្នា​ជា​យ៉ាង​នោះ​ដែរ​ ព្រោះ​មនុស្ស​គ្រប់​គ្នា​បាន​ធ្វើ​បាប​

13. ដ្បិត​បាប​បាន​មាន​នៅ​ក្នុង​ពិភពលោក​នេះ​រួច​ទៅ​ហើយ​ មុន​មាន​គម្ពីរ​វិន័យ​ តែ​កាល​ណា​មិន​ទាន់​មាន​ក្រឹត្យវិន័យ​ ​បាប​ក៏​មិន​បាន​រាប់​ជា​ទោស​ដែរ​

14. យ៉ាង​ណា​ក្ដី​ ចាប់​តាំង​ពី​ជំនាន់​លោក​អ័ដាម​ដល់​ជំនាន់​លោក​ម៉ូសេ​ សេចក្ដី​ស្លាប់​បាន​សោយរាជ្យ​លើ​មនុស្ស​ទាំង​អស់​ ទោះជា​ពួកគេ​មិន​បាន​ធ្វើ​បាប​ដូច​ការ​ល្មើស​របស់​លោក​អ័ដាម​ក៏​ដោយ​ ហើយ​លោក​អ័ដាម​នេះ​ជា​គំរូ​នៃ​ព្រះ​មួយ​អង្គ​ដែល​ត្រូវ​យាង​មក‍។​

15. ប៉ុន្ដែ​អំណោយទាន​មិន​ដូច​កំហុស​ឡើយ​ ​បើ​មនុស្ស​ជាច្រើន​ស្លាប់​ដោយសារ​កំហុស​របស់​មនុស្ស​ម្នាក់​ នោះ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ និង​អំណោយទាន​តាមរយៈ​ព្រះគុណ​របស់​មនុស្ស​ម្នាក់​ ដែល​ជា​ព្រះយេស៊ូ​គ្រិស្ដ​ បាន​ប្រទាន​យ៉ាង​ហូរហៀរ​ដល់​មនុស្ស​ជាច្រើន​លើស​ជាង​នោះ​ទៅ​ទៀត​

16. ហើយ​អំណោយទាន​ក៏​មិន​ដូចជា​បាប​ដែល​មនុស្ស​ម្នាក់​បាន​ធ្វើ​ដែរ​ ព្រោះ​ការ​ជំនុំជម្រះ​កំហុស​របស់​មនុស្ស​ម្នាក់​ ​នាំ​ឲ្យ​មាន​ការ​ដាក់​ទោស​ ប៉ុន្ដែ​អំណោយទាន​វិញ​ បាន​រាប់​មនុស្ស​ជា​សុចរិត​ ទោះជា​មាន​កំហុស​ជាច្រើន​ក៏ដោយ​

17. រួច​បើ​ដោយសារ​កំហុស​របស់​មនុស្ស​ម្នាក់​ សេចក្ដី​ស្លាប់​បាន​សោយរាជ្យ​តាមរយៈ​ម្នាក់​នោះ​ទៅ​ហើយ​ នោះ​ពួកអ្នក​ដែល​ទទួល​បាន​ព្រះគុណ​ដ៏​ហូរហៀរ​ និង​អំណោយទាន​នៃ​សេចក្ដី​សុចរិត​ ​នឹង​សោយរាជ្យ​នៅ​ក្នុង​ជីវិត​លើស​ជាង​នោះ​ទៅ​ទៀត​ដោយសារ​មនុស្ស​ម្នាក់​ ​គឺ​ព្រះយេស៊ូ​គ្រិស្ដ។​

18. ដូច្នេះ​ហើយ​ ដោយសារ​កំហុស​តែ​មួយ​របស់​មនុស្ស​ម្នាក់​ ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​ទោស​ជា​យ៉ាង​ណា​ នោះ​ដោយសារ​អំពើ​សុចរិត​តែ​មួយ​របស់​មនុស្ស​ម្នាក់​ក៏​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​រាប់​ជា​សុចរិត​ និង​មាន​ជីវិត​ជា​យ៉ាង​នោះ​ដែរ​

19. ហើយ​ដោយសារ​ការ​មិន​ស្ដាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ត្រលប់​ជា​មនុស្ស​បាប​ជា​យ៉ាង​ណា​ នោះ​ដោយសារ​ការ​ស្ដាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​ ក៏​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ត្រលប់​ជា​មនុស្ស​សុចរិត​ជា​យ៉ាង​នោះ​ដែរ‍។​

20. គម្ពីរ​វិន័យ​ចូល​មក​ ដើម្បី​ឲ្យ​កំហុស​កើន​ឡើង​ ប៉ុន្ដែ​កន្លែង​ណា​ដែល​មាន​បាប​កើន​ឡើង​ នោះ​ព្រះគុណ​ក៏​ចម្រើន​ឡើង​ជាបរិបូរ​លើស​នោះ​ទៅ​ទៀត​

21. ដូច​ដែល​បាប​បាន​សោយរាជ្យ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្លាប់​ជា​យ៉ាង​ណា​ នោះ​ព្រះគុណ​ក៏​សោយរាជ្យ​ដោយសារ​សេចក្ដី​សុចរិត​ដែល​នាំ​ទៅ​ឯ​ជីវិត​អស់កល្ប​ជានិច្ច​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ជា​យ៉ាង​នោះ​ដែរ។​