ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាថ្មី

រ៉ូម 14 Khmer Christian Bible (KCB)

1. ចូរ​ទទួល​អ្នក​ដែល​ខ្សោយ​ខាង​ជំនឿ​ កុំ​ឈ្លោះ​ប្រកែក​ពី​គំនិត​ខុស​ប្លែក​គ្នា​ឡើយ​

2. គឺ​ម្នាក់​ជឿ​ថា​ ខ្លួន​អាច​បរិភោគ​អាហារ​បាន​គ្រប់​មុខ​ ប៉ុន្ដែ​ចំពោះ​អ្នក​ខ្សោយ​វិញ​បរិភោគ​តែ​បន្លែ​

3. នោះ​ចូរ​កុំ​ឲ្យ​អ្នក​ដែល​បរិភោគ​មើលងាយ​អ្នក​ដែល​មិន​បរិភោគ​ ហើយ​អ្នក​ដែល​មិន​បរិភោគ​ក៏​មិន​ត្រូវ​ថ្កោលទោស​អ្នក​ដែល​បរិភោគ​ដែរ​ ដ្បិត​ព្រះជាម្ចាស់​បាន​ទទួល​អ្នក​នោះ​

4. តើ​អ្នក​ជា​អ្វី​ បានជា​ហ៊ាន​ថ្កោលទោស​បាវបម្រើ​របស់​គេ?​ ទោះជា​អ្នកបម្រើ​នោះ​ឈរ​ក្ដី​ ដួល​ក្ដី​ ស្រេច​លើ​ចៅហ្វាយ​របស់​គេ​ទេ​តើ​ តែ​គេ​នឹង​ឈរ​បាន​ ព្រោះ​ព្រះអម្ចាស់​មាន​អំណាច​ជួយ​គេ​ឲ្យ​ឈរ​បាន។​

5. ដ្បិត​ម្នាក់​គិត​ថា​ ថ្ងៃមួយ​ប្រសើរ​ជាង​ថ្ងៃមួយ​ទៀត​ ម្នាក់​ទៀត​បែរជា​គិត​ថា​ ថ្ងៃ​ណា​ក៏​ដូចជា​ថ្ងៃ​ណា​ដែរ​ ដូច្នេះ​ ចូរ​ម្នាក់ៗ​ជឿ​ជាក់​នៅ​ក្នុង​គំនិត​របស់​ខ្លួន​ចុះ​

6. ព្រោះ​អ្នក​ដែល​ប្រតិបត្ដ​តាម​ថ្ងៃ​ គេ​ប្រតិបត្ដ​សម្រាប់​ព្រះអម្ចាស់​ ឯ​អ្នក​ដែល​បរិភោគ​ គេ​បរិភោគ​សម្រាប់​ព្រះអម្ចាស់​ដែរ​ ដ្បិត​គេ​បាន​អរព្រះគុណ​ព្រះជាម្ចាស់​ ហើយ​អ្នក​ដែល​មិន​បរិភោគ​ គេ​ក៏​មិន​បរិភោគ​សម្រាប់​ព្រះអម្ចាស់​ ហើយ​គេ​ក៏​អរព្រះគុណ​ព្រះជាម្ចាស់​ដែរ​

7. ដ្បិត​ក្នុង​ចំណោម​យើង​ គ្មាន​អ្នកណា​ម្នាក់​រស់នៅ​ដើម្បី​ខ្លួន​ឯង​ទេ​ ហើយ​ក៏​គ្មាន​អ្នកណា​ម្នាក់​ស្លាប់​ដើម្បី​ខ្លួន​ឯង​ដែរ​

8. ព្រោះ​បើ​យើង​រស់នៅ​ គឺ​រស់នៅ​ដើម្បី​ព្រះអម្ចាស់​ ហើយ​បើ​យើង​ស្លាប់​ គឺ​ស្លាប់​ដើម្បី​ព្រះអម្ចាស់​ ដូច្នេះ​ហើយ​ ទោះបី​យើង​រស់​ក្ដី​ ស្លាប់ក្ដី​ យើង​ជា​របស់​ព្រះអម្ចាស់​

9. ហេតុនោះ​ហើយ​បាន​ជា​ព្រះគ្រិស្ដ​សោយ​ទិវង្គត​ ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ ដើម្បី​ធ្វើ​ជា​ព្រះអម្ចាស់​លើ​ទាំង​មនុស្ស​ស្លាប់​ និង​មនុស្ស​រស់។​

10. ចុះ​អ្នក​វិញ​ ហេតុអ្វី​បាន​ជា​ថ្កោលទោស​បងប្អូន​របស់​ខ្លួន​ដូច្នេះ?​ ឬ​ហេតុអ្វី​បានជា​អ្នក​មើលងាយ​បងប្អូន​របស់​ខ្លួន​ដូច្នេះ?​ ដ្បិត​យើង​នឹង​ឈរ​នៅ​មុខ​ទី​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​ទាំង​អស់​គ្នា​

11. ព្រោះ​មាន​សេចក្ដី​ចែង​ទុក​ថា​ ព្រះអម្ចាស់​មាន​បន្ទូល​ថា​ យើង​មាន​ព្រះជន្ម​រស់​ជានិច្ច​ ដូច្នេះ​ ​ជង្គង់​ទាំង​អស់​ត្រូវ​លុត​ចុះ​នៅ​ចំពោះ​មុខ​យើង​ ហើយ​អណ្ដាត​ទាំង​អស់​ត្រូវ​ប្រកាស​ទទួល​ស្គាល់​ព្រះជាម្ចាស់។​

12. ដូច្នេះ​ យើង​ម្នាក់ៗ​នឹង​រៀប​រាប់​ទូល​ព្រះជាម្ចាស់​ពី​អំពើ​ដែល​យើង​បាន​ធ្វើ​

13. ហេតុនេះ​ យើង​មិន​ត្រូវ​ថ្កោលទោស​គ្នា​ទៀត​ឡើយ​ ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​ប្ដេជ្ញា​ចិត្ដ​ថា​ យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​បងប្អូន​ណា​ម្នាក់​ជំពប់​ដួល​ ឬ​រវាត​ចិត្ដ​ឡើយ។​

14. ខ្ញុំ​ដឹង​ ហើយ​ជឿ​ជាក់​នៅ​ក្នុង​ព្រះអម្ចាស់​យេស៊ូ​ថា​ គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ​ដោយ​ខ្លួន​ឯង​នោះ​ទេ​ លុះត្រា​តែ​មាន​អ្នកណា​ម្នាក់​ចាត់​ទុក​ថា​ វា​មិន​បរិសុទ្ធ​ ទើប​វា​ត្រលប់​ជា​មិន​បរិសុទ្ធ​សម្រាប់​អ្នក​នោះ​

15. ប៉ុន្ដែ​ បើ​អ្នក​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ព្រួយចិត្ដ​ដោយសារ​តែ​រឿង​អាហារ​ នោះ​អ្នក​មិន​បាន​រស់នៅ​ដោយ​សេចក្ដី​ស្រឡាញ់​ទៀត​ទេ​ ដូច្នេះ​ ​កុំ​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ដែល​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ជំនួស​ត្រូវ​វិនាស​ដោយសារ​តែ​អាហារ​របស់​អ្នក​ឡើយ។​

16. ដូច្នេះ​ កុំ​ឲ្យ​គេ​និយាយ​បង្ខូច​ការ​ល្អ​របស់​អ្នក​បាន​ឡើយ។​

17. ដ្បិត​នគរ​របស់​ព្រះជាម្ចាស់​មិន​មែន​ជា​ការ​បរិភោគ​ និង​ការ​ផឹក​ឡើយ​ គឺ​ជា​សេចក្ដី​សុចរិត​ សេចក្ដី​សុខសាន្ត​ និង​សេចក្ដី​អំណរ​នៅ​ក្នុង​ព្រះវិញ្ញាណ​បរិសុទ្ធ។​

18. ព្រោះ​អ្នក​ដែល​បម្រើ​ព្រះគ្រិស្ដ​តាម​របៀប​នេះ​ គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​ណាស់​ ហើយ​មនុស្ស​ទាំងឡាយ​ក៏​ទទួល​ស្គាល់​អ្នក​នោះ​ដែរ។​

19. ដូច្នេះ​ហើយ​ យើង​ត្រូវ​ដេញ​តាម​សេចក្ដី​ទាំងឡាយ​ ដែល​នាំឲ្យ​មាន​សេចក្ដី​សុខសាន្ដ​ និង​ការ​ស្អាង​ចិត្ដ​ដល់​គ្នា​ទៅវិញ​ទៅមក។​

20. កុំ​បំផ្លាញ​កិច្ចការ​របស់​ព្រះជាម្ចាស់​ដោយសារ​តែ​អាហារ​ឡើយ​ ដ្បិត​អាហារ​សុទ្ធតែ​បរិសុទ្ធ​ទេ​ ប៉ុន្ដែ​ជា​ការ​អាក្រក់​សម្រាប់​អ្នក​ដែល​បរិភោគ​ដោយ​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​

21. ហើយ​ជា​ការ​ប្រសើរ​ បើ​មិន​បរិភោគ​សាច់​ ឬ​ផឹក​ស្រា​ និង​អ្វី​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ជំពប់​ដួល។​

22. បើ​អ្នក​មាន​ជំនឿ​បែប​ណា​ ចូរ​ជឿ​បែប​នោះ​តែ​ម្នាក់​ឯង​នៅ​ចំពោះ​ព្រះជាម្ចាស់​ចុះ​ ដ្បិត​មាន​ពរ​ហើយ​ អ្នកណា​ដែល​មិន​ថ្កោលទោស​ខ្លួន​ឯង​ចំពោះ​អ្វី​ដែល​ខ្លួន​យល់​ថា​ត្រឹម​ត្រូវ​

23. ផ្ទុយ​ទៅ​វិញ​ បើ​អ្នកណា​បរិភោគ​ទាំង​សង្ស័យ​ អ្នក​នោះ​មាន​ទោស​ហើយ​ ព្រោះ​មិន​បាន​បរិភោគ​ដោយ​ជំនឿ​ទេ​ ហើយ​អំពើ​ទាំងឡាយ​ដែល​មិន​មែន​មកពី​ជំនឿ​ទេ​ នោះ​សុទ្ធតែ​ជា​បាប​ទាំង​អស់។​