ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាថ្មី

រ៉ូម 6 Khmer Christian Bible (KCB)

1. តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​យើង​ត្រូវ​ធ្វើ​បាប​បន្ដ​ទៀត​ឬ​ ដើម្បី​ឲ្យ​ព្រះគុណ​បាន​ចម្រើន​ឡើង?​

2. មិន​មែន​ដូច្នោះ​ទេ!​ យើង​ដែល​បាន​ស្លាប់​ខាង​ឯបាប​រួច​ហើយ​ តើ​ឲ្យ​យើង​រស់នៅ​ក្នុង​បាប‍​តទៅ​ទៀត​យ៉ាង​ដូចម្ដេច​កើត?​

3. តើ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ យើង​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជទឹក​ទៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ គឺ​បាន​ទទួល​ពិធី​ជ្រមុជទឹក​ទៅ​ក្នុង​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ទេ​ឬ?​

4. ដូច្នេះ​ យើង​ត្រូវ​បាន​បញ្ចុះ​ជាមួយ​ព្រះអង្គ​រួច​ហើយ​តាមរយៈ​ពិធី​ជ្រមុជទឹក​ទៅ​ក្នុង​សេចក្ដី​ស្លាប់​ ដើម្បី​ឲ្យ​ដូច​ដែល​ព្រះគ្រិស្ដ​បាន​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ដោយសារ​សិរី​រុងរឿង​របស់​ព្រះវរបិតា​ជា​យ៉ាង​ណា​ នោះ​យើង​នឹង​រស់នៅ​ក្នុង​ជីវិត​ថ្មី​ជា​យ៉ាង​នោះ​ដែរ។​

5. ដ្បិត​បើ​យើង​បាន​រួម​ជាមួយ​ព្រះអង្គ​នៅ​ក្នុង​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ហើយ​ នោះ​យើង​មុខជា​រួម​ជាមួយ​ព្រះអង្គ​នៅ​ក្នុង​ការ​រស់​ឡើង​វិញ​របស់​ព្រះអង្គ​មិនខាន​ដែរ​

6. ដ្បិត​យើង​ដឹង​សេចក្ដី​នេះ​ថា​ មនុស្ស​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជាមួយ​ព្រះអង្គ​រួច​ហើយ​ ដើម្បី​ឲ្យ​ខ្លួន​យើង​ដែល​មាន​បាប​ត្រូវ​វិនាស​សូន្យ​ និង​កុំ​ឲ្យ​យើង​ធ្វើ​ជា​បាវបម្រើ​របស់​បាប​តទៅ​ទៀត​

7. ព្រោះ​អ្នកណា​ស្លាប់​រួច​ហើយ​ អ្នក​នោះ​ក៏​បាន​រួច​ពី​បាប​ហើយ​ដែរ។​

8. ប៉ុន្ដែ​បើ​យើង​ស្លាប់​ជាមួយ​ព្រះគ្រិស្ដ​ យើង​ជឿ​ថា​ ​យើង​នឹង​រស់​ជាមួយ​ព្រះអង្គ​ដែរ​

9. ដោយ​ដឹង​ថា​ ព្រះគ្រិស្ដ​បាន​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ហើយ​ក៏​មិន​សោយ​ទិវង្គត​ទៀត​ឡើយ​ រីឯ​សេចក្ដី​ស្លាប់​គ្មាន​អំណាច​លើ​ព្រះអង្គ​ទៀត​ដែរ​

10. ព្រោះ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ គឺ​ព្រះអង្គ​បាន​សោយ​ទិវង្គត​ខាង​ឯ​បាប​តែម្ដង​ជា​សម្រេច​ ហើយ​ចំពោះ​ការ​ដែល​ព្រះអង្គ​មាន​ជីវិត​រស់​ គឺ​រស់​ខាង​ឯ​ព្រះជាម្ចាស់​វិញ​

11. ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​រាប់​ខ្លួន​ទុក​ដូចជា​ស្លាប់​ខាងឯ​បាប​រួច​ហើយ​ដែរ​ ប៉ុន្ដែ​រស់នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ខាង​ឯ​ព្រះជាម្ចាស់​វិញ។​

12. ហេតុនេះ​ កុំ​ឲ្យ​បាប​សោយរាជ្យ​ក្នុង​រូបកាយ​របស់​អ្នក​រាល់គ្នា​ដែល​តែងតែ​ស្លាប់​ ដើម្បី​ឲ្យ​ស្ដាប់​តាម​ចំណង់​តណ្ហា​នៃ​បាប​ឡើយ​

13. ហើយ​មិន​ត្រូវ​ប្រគល់​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ឲ្យ​បាប​ទុក​ជា​ឧបករណ៍​បម្រើ​សេចក្ដី​ទុច្ចរិត​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ថ្វាយ​ខ្លួន​ដល់​ព្រះជាម្ចាស់​ ទុក​ដូចជា​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ រួច​ថ្វាយ​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ដល់​ព្រះជាម្ចាស់​ទុក​ជា​ឧបករណ៍​បម្រើ​សេចក្ដី​សុចរិត​វិញ​

14. ព្រោះ​បាប​លែង​ត្រួតត្រា​លើ​អ្នក​រាល់គ្នា​ទៀត​ហើយ​ ព្រោះ​អ្នក​រាល់គ្នា​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ទៀត​ទេ​ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ។​

15. តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច?​ ដោយ​ព្រោះ​យើង​នៅ​ក្រោម​ព្រះគុណ​ ហើយ​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ តើ​ឲ្យ​យើង​ធ្វើ​បាប​ឬ?​ មិន​មែន​ដូច្នោះ​ទេ!​

16. តើ​អ្នក​រាល់គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា​ បើ​អ្នក​រាល់គ្នា​ប្រគល់​ខ្លួន​ធ្វើ​ជា​បាវបម្រើ​ ហើយ​ស្ដាប់​បង្គាប់​តាម​នរណា​ម្នាក់​ នោះ​អ្នក​រាល់គ្នា​ជា​បាវបម្រើ​របស់​អ្នក​ដែល​អ្នក​រាល់គ្នា​ស្ដាប់​បង្គាប់​នោះ​ហើយ​ អ្នក​រាល់គ្នា​ជា​បាវបម្រើ​របស់​បាប​ដែល​នាំ​ឲ្យ​ស្លាប់​ ឬ​ជា​បាវបម្រើ​នៃ​ការ​ស្ដាប់​បង្គាប់​ដែល​នាំ​ឲ្យ​បាន​សុចរិត។​

17. អរព្រះគុណ​ព្រះជាម្ចាស់​ណាស់​ ពីដើម​អ្នក​រាល់គ្នា​ជា​បាវបម្រើ​របស់​បាប​ ប៉ុន្ដែ​អ្នក​រាល់គ្នា​បាន​ស្ដាប់​បង្គាប់​អស់​ពី​ចិត្ត​តាម​គំរូ​នៃ​សេចក្ដី​បង្រៀន​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​

18. ដូច្នេះ​ ព្រះអង្គ​ក៏​បាន​ប្រោស​ឲ្យ​រួច​ពី​បាប​ រួច​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​បាវបម្រើ​នៃ​សេចក្ដី​សុចរិត។​

19. ដោយសារ​ភាព​ទន់ខ្សោយ​ខាង​សាច់ឈាម​របស់​អ្នក​រាល់គ្នា​ ខ្ញុំ​សូម​និយាយ​តាម​បែប​មនុស្ស​លោក​ទៅ​ចុះ​ គឺ​ពី​មុន​អ្នក​រាល់គ្នា​បាន​ប្រគល់​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​បម្រើ​សេចក្ដី​ស្មោក​គ្រោក​ និង​សេចក្ដី​ទុច្ចរិត​ដែល​នាំ​ទៅ​សេចក្ដី​អាក្រក់​ជា​យ៉ាង​ណា​ ឥឡូវ​នេះ​ចូរ​អ្នក​រាល់គ្នា​ប្រគល់​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​នោះ​បម្រើ​សេចក្ដី​សុចរិត​ដែល​នាំ​ទៅ​ភាព​បរិសុទ្ធ​ជា​យ៉ាង​នោះ​ដែរ។​

20. នៅ​ពេល​អ្នក​រាល់គ្នា​ជា​បាវបម្រើ​របស់​បាប​ នោះ​អ្នក​រាល់គ្នា​ដាច់​ចេញ​ពី​សេចក្ដី​សុចរិត​

21. នៅ​ពេល​នោះ​ តើ​អ្នក​រាល់គ្នា​បាន​ទទួល​ផល​អ្វីខ្លះ​ពី​សេចក្ដី​ដែល​អ្នក​រាល់គ្នា​អៀនខ្មាស​នៅ​ពេល​នេះ?​ ព្រោះ​លទ្ធផល​នៃ​សេចក្ដី​ទាំង​នោះ​ជា​សេចក្ដី​ស្លាប់​

22. ប៉ុន្ដែ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​បាន​រួច​ពី​បាប​ ហើយ​ត្រលប់​ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់​ អ្នក​រាល់គ្នា​បាន​ទទួល​ផល​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ភាព​បរិសុទ្ធ​ដែល​មាន​លទ្ធផល​ជា​ជីវិត​អស់កល្ប​ជានិច្ច​

23. ដ្បិត​ឈ្នួល​របស់​បាប​ជា​សេចក្ដី​ស្លាប់​ តែ​អំណោយទាន​របស់​ព្រះជាម្ចាស់​ ជា​ជីវិត​អស់កល្ប​ជានិច្ច​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង។​