ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាថ្មី

រ៉ូម 13 Khmer Christian Bible (KCB)

1. មនុស្ស​គ្រប់​គ្នា​ត្រូវ​ចុះចូល​នឹង​រដ្ឋ​អំណាច​ ដ្បិត​សិទ្ធិ​អំណាច​ទាំង​នោះ​មក​ពី​ព្រះជាម្ចាស់​ ហើយ​សិទ្ធិ​អំណាច​ដែល​កំពុង​មាន​នេះក៏​ព្រះអង្គ​បាន​តែងតាំង​ដែរ​

2. ដូច្នេះ​ អ្នកណា​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ អ្នក​នោះ​ក៏​ប្រឆាំង​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ដែរ​ ហើយ​អ្នក​ប្រឆាំង​ទាំង​នោះ​នឹង​នាំ​ឲ្យ​ខ្លួន​ឯង​ជាប់​ទោស​

3. ដ្បិត​អ្នក​ធ្វើ​ល្អ​មិន​ខ្លាច​អ្នក​គ្រប់គ្រង​ឡើយ​ ផ្ទុយ​ទៅ​វិញ​ មាន​តែ​អ្នក​ធ្វើ​អាក្រក់​ប៉ុណ្ណោះ​ ដូច្នេះ​ បើ​អ្នក​មិន​ចង់​ខ្លាច​រដ្ឋ​អំណាច​ទេ​ ចូរ​ធ្វើ​ល្អ​ចុះ​ នោះ​អ្នក​គ្រប់គ្រង​នឹង​សរសើរ​អ្នក​មិន​ខាន​

4. ព្រោះ​គេ​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់​សម្រាប់​ជា​ការ​ល្អ​ដល់​អ្នក​ ប៉ុន្ដែ​បើ​អ្នក​ធ្វើ​អាក្រក់​ ចូរ​ភ័យខ្លាច​ចុះ​ ដ្បិត​គេ​មិន​មែន​ស្ពាយ​ដាវ​ឥត​ប្រយោជន៍​ទេ​ គេ​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់​ ហើយ​ជា​អ្នក​តបស្នង​តាម​សេចក្ដី​ក្រោធ​ដល់​អស់​អ្នក​ដែល​ធ្វើ​អាក្រក់​

5. ដូច្នេះ​ ចូរ​ចុះចូល​ចុះ​ មិន​មែន​ដោយ​ខ្លាច​សេចក្ដី​ក្រោធ​ប៉ុណ្ណោះ​ទេ​ គឺ​ដោយ​ព្រោះ​មនសិការ​ផង។​

6. ហេតុនេះ​ហើយ​បាន​ជា​អ្នក​រាល់គ្នា​ត្រូវ​បង់​ពន្ធដារ​ដែរ​ ព្រោះ​អ្នក​ទាំង​នោះ​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់​ដែល​កំពុង​បំពេញ​តួនាទី​នេះ​

7. ដូច្នេះ​ ចូរ​សង​ដល់​អ្នក​ទាំង​នោះ​ គឺ​ចូរ​បង់​ពន្ធដារ​ និង​ពន្ធអាករ​ដល់​ពួកអ្នក​ដែល​អ្នក​រាល់គ្នា​ត្រូវ​បង់​ ចូរ​កោតខ្លាច​ពួកអ្នក​ដែល​អ្នក​រាល់គ្នា​ត្រូវ​កោតខ្លាច​ ហើយ​ចូរ​គោរព​ពួកអ្នក​ដែល​អ្នក​រាល់គ្នា​ត្រូវ​គោរព។​

8. ចូរ​កុំ​ជំពាក់​អ្វី​អ្នកណា​ឡើយ​ ជំពាក់​តែ​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅមក​បាន​ហើយ​ ដ្បិត​អ្នកណា​ស្រឡាញ់​អ្នក​ដទៃ​ អ្នក​នោះ​បាន​សម្រេច​តាម​ក្រឹត្យវិន័យ​ហើយ​

9. ព្រោះ​បញ្ញត្ដិ​ដែល​ថា​ កុំ​ផិត​ក្បត់​ កុំ​សម្លាប់​មនុស្ស​ កុំ​លួច​ កុំ​លោភលន់​ ព្រមទាំង​បញ្ញត្ដិ​ផ្សេង​ទៀត​បើ​មាន​ គឺ​ត្រូវ​បាន​សង្ខេប​ដូចនេះ​ថា​ ចូរ​ស្រឡាញ់​អ្នក​ជិតខាង​របស់​អ្នក​ឲ្យ​ដូច​ខ្លួន​ឯង។​

10. សេចក្ដី​ស្រឡាញ់​មិន​ដែល​ធ្វើ​អាក្រក់​ដល់​អ្នក​ជិតខាង​ឡើយ​ ដូច្នេះ​ សេចក្ដី​ស្រឡាញ់​ជា​ការ​សម្រេច​ក្រឹត្យវិន័យ។​

11. ចូរ​ធ្វើ​ដូច្នេះ​ដោយ​ដឹង​ពី​ពេល​វេលា​ចុះ​ថា​ ដល់​ម៉ោង​សម្រាប់​អ្នក​រាល់គ្នា​ត្រូវ​ភ្ញាក់​ហើយ​ ដ្បិត​ឥឡូវ​នេះ​ សេចក្ដី​សង្គ្រោះ​របស់​យើង​មក​ជិត​បង្កើយ​ជាង​ពេល​ដែល​យើង​ទើបតែ​បាន​ជឿ​

12. ដ្បិត​រាត្រី​កាល​ជិត​កន្លង​ផុត​ហើយ​ រីឯ​ថ្ងៃ​ក៏​ជិត​មក​ដល់​ដែរ​ ដូច្នេះ​ចូរ​យើង​បោះបង់​ចោល​អំពើ​នៃ​សេចក្ដី​ងងឹត​ទាំងឡាយ​ ហើយ​ពាក់​គ្រឿង​សឹក​នៃ​ពន្លឺ​វិញ។​

13. ចូរ​យើង​រស់នៅ​តាម​បែប​ត្រឹមត្រូវ​ប្រៀប​ដូចជា​ដើរ​នៅ​ពេល​ថ្ងៃ​ គឺ​មិន​ប្រមឹក​ មិន​ស៊ី​ផឹកអ៊ូអែ​ មិន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ល្មោភ​កាម​ ឈ្លោះ​ប្រកែក​ ឬ​ច្រណែន​គ្នា​ឡើយ​

14. គឺ​ចូរ​ប្រដាប់​ខ្លួន​ដោយ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​វិញ​ ហើយ​កុំ​គិត​តែ​បំពេញ​ចំណង់​តណ្ហា​ខាង​សាច់ឈាម​ឡើយ។​