ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ពួក​ខាង​គណៈ‌ផារី‌ស៊ី និង​ទំនៀម‌ទំលាប់

1. គ្រា​នោះ ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ដែល​នៅ​ក្រុង​យេរូ‌សាឡិម គេ​ក៏​មក​ឯ​ព្រះ‌យេស៊ូវ​ទូល​ថា

2. ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​លោក​ធ្វើ​ខុស​នឹង​ទំនៀម‌ទំលាប់ ដែល​ពួក​ចាស់‌ទុំ​បាន​តាំង​ទុក​ពី​បុរាណ​មក​ដូច្នេះ ដ្បិត​កាល​ណា​បរិភោគ នោះ​គេ​មិន​លាង​ដៃ​សោះ

3. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ឯ​អ្នក​រាល់​គ្នា​វិញ តើ​ហេតុ​អ្វី​បាន​ជា​ធ្វើ​ខុស​នឹង​បញ្ញត្ត​ព្រះ ដោយ​កាន់​តាម​ទំនៀម‌ទំលាប់​បុរាណ​របស់​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ

4. ដ្បិត​ព្រះ​ទ្រង់​បាន​បង្គាប់​ថា «ចូរ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ​ឯង» ហើយ​ថា «អ្នក​ណា​ដែល​និយាយ​អាក្រក់​ពី​ឪពុក​ម្តាយ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»

5. តែ​អ្នក​រាល់​គ្នា​និយាយ​ដូច្នេះ​វិញ បើ​អ្នក​ណា​នឹង​និយាយ​ទៅ​ឪពុក​ម្តាយ​ថា របស់​អ្វី​ដែល​ខ្ញុំ​អាច​នឹង​ជួយ​ម៉ែ​ឪ​បាន នោះ​បាន​ថ្វាយ​ជា​ដង្វាយ​ហើយ យ៉ាង​នោះ​មិន​ចាំ​បាច់​ឲ្យ​អ្នក​នោះ​គោរព​ប្រតិ‌បត្តិ ដល់​ឪពុក​ម្តាយ​ទៀត​ទេ

6. ដូច្នេះ ឈ្មោះ​ថា​អ្នក​រាល់​គ្នា​លើក​បញ្ញត្ត​នៃ​ព្រះ​ចោល​ហើយ ដោយ‌សារ​ទំនៀម‌ទំលាប់​ពី​បុរាណ​របស់​អ្នក​រាល់​គ្នា

7. ឱ​ពួក​មនុស្ស​កំពុត​អើយ ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់​ថា

8. «បណ្តា‌ជន​នេះ គេ​គោរព​ប្រតិ‌បត្តិ​ដល់​អញ​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ នោះ​នៅ​ឆ្ងាយ​ពី​អញ​ណាស់

9. គេ​ថ្វាយ‌បង្គំ​អញ​ជា​ឥត​ប្រយោជន៍​ទេ ព្រោះ​គេ​បង្រៀន​សេចក្ដី​ដែល​ជា​បញ្ញត្ត​របស់​មនុស្ស​វិញ»។

មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ

10. រួច​ទ្រង់​ហៅ​ហ្វូង​មនុស្ស​មក មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចូរ​ស្តាប់ ហើយ​យល់​ចុះ

11. មិន​មែន​ជា​របស់​ចូល​តាម​មាត់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក​នោះ​ទេ ឯ​របស់​ដែល​ធ្វើ​ឲ្យ​គេ​ស្មោក‌គ្រោក នោះ​គឺ​ជា​សេចក្ដី​ដែល​ចេញ​ពី​មាត់​វិញ​ទេ​តើ។

12. នោះ​ពួក​សិស្ស​ក៏​មក​ទូល​ថា តើ​ទ្រង់​ជ្រាប​ថា ពួក​ផារី‌ស៊ី គេ​អន់​ចិត្ត ដោយ​ឮ​សេចក្ដី​នោះ​ឬ​ទេ

13. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អស់​ទាំង​ដើម​ណា​ដែល​ព្រះ‌វរ‌បិតា​ខ្ញុំ​នៅ​ស្ថាន‌សួគ៌​មិន​បាន​ដាំ នោះ​នឹង​ត្រូវ​រំលើង​ចោល

14. តាម​តែ​គេ​ចុះ គេ​ជា​មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់ បើ​មនុស្ស​ខ្វាក់​នាំ​មនុស្ស​ខ្វាក់​ដូច្នេះ នោះ​ទាំង​២​នាក់​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ហើយ

15. រួច​ពេត្រុស​ទូល​ថា សូម​ស្រាយ​ន័យ​ពាក្យ​ប្រៀប​នេះ ឲ្យ​យើង​ខ្ញុំ​យល់​ផង

16. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត​ឬ​អី

17. តើ​មិន​ទាន់​ឃើញ​ទេ​ឬ​អី​ថា របស់​អ្វី​ដែល​ចូល​តាម​មាត់ នោះ​តែង​ចុះ​ទៅ​ក្នុង​ពោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់

18. តែ​ឯ​សេចក្ដី​ដែល​ចេញ​ពី​មាត់​មក នោះ​មក​អំពី​ចិត្ត​វិញ គឺ​សេចក្ដី​ទាំង​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក

19. ដ្បិត​គឺ​ពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់ គឺ​ការ​កាប់​សំឡាប់​គេ ផិត​គ្នា សហាយ‌ស្មន់ លួច​ប្លន់ ធ្វើ​បន្ទាល់​ក្លែង‌ក្លាយ ហើយ​នឹង​ជេរ​ប្រមាថ

20. សេចក្ដី​ទាំង​នោះ​ទើប​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក​មែន តែ​ដែល​បរិភោគ​ឥត​លាង​ដៃ នោះ​មិន​មែន​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​ទេ។

ស្ត្រី​សាសន៍​ដទៃ​ម្នាក់​ជឿ​ព្រះ‌យេស៊ូវ

21. ព្រះ‌យេស៊ូវ ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ទៅ​ក្នុង​កំលុង​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន

22. នោះ​ឃើញ​មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​នៅ​ស្រុក​នោះ គាត់​ចេញ​មក​ស្រែក​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់ ជា​ពូជ​ហ្លួង​ដាវីឌ​អើយ សូម​មេត្តា​ប្រោស​ខ្ញុំ​ម្ចាស់​ផង ដ្បិត​កូន​ស្រី​របស់​ខ្ញុំ​ម្ចាស់ មាន​អារក្ស​ចូល ធ្វើ​ទុក្ខ​ជា​ខ្លាំង​ណាស់

23. តែ​ទ្រង់​មិន​បាន​ឆ្លើយ​តប​ទៅ​ស្ត្រី​នោះ​១​ព្រះ‌ឱស្ឋ​សោះ បាន​ជា​ពួក​សិស្ស​របស់​ទ្រង់​ចូល​មក​ទូល​ថា សូម​ឲ្យ​ស្ត្រី​នេះ​ទៅ​វិញ​ទៅ ដ្បិត​គេ​ចេះ​តែ​ស្រែក​តាម​យើង​ខ្ញុំ

24. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ខ្ញុំ​បាន​ទទួល​បង្គាប់​នឹង​មក​ឯ​ពួក​កូន​ចៀម ដែល​បាត់‌បង់​របស់​ពូជ‌ពង្ស​សាសន៍​អ៊ីស្រា‌អែលតែ​ប៉ុណ្ណោះ​ទេ

25. ប៉ុន្តែ ស្ត្រី​នោះ​មក​ក្រាប​ថ្វាយ‌បង្គំ​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង

26. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដែល​យក​នំបុ័ង​របស់​កូន​ក្មេង​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ នោះ​មិន​ល្អ​ទេ

27. តែ​ស្ត្រី​នោះ​ទូល​ថា មែន​ហើយ ព្រះ‌អម្ចាស់ ប៉ុន្តែ កូន​ឆ្កែ​វា​ស៊ី​កំទេច​ដែល​ធ្លាក់​ចុះ​ពី​តុ​ម្ចាស់​វា​មក​ដែរ

28. នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នាង​ស្រី​អើយ នាង​មាន​សេចក្ដី​ជំនឿ​ជា​ខ្លាំង​មែន ចូរ​ឲ្យ​នាង​បាន​ដូច​សេចក្ដី​ប្រាថ្នា​ចុះ ស្រាប់​តែ​កូន​ស្រី​របស់​នាង​បាន​ជា ចាប់​តាំង​ពី​វេលា​នោះ​ឯង​ទៅ។

ព្រះ‌យេស៊ូវ​ប្រោស​អ្នក​មាន​ជំងឺ​ផ្សេងៗ​ឲ្យ​ជា

29. ព្រះ‌យេស៊ូវ ទ្រង់​យាង​ចេញ​ពី​ទី​នោះ មក​ខាង​សមុទ្រ​កាលី‌ឡេ រួច​យាង​ឡើង​ទៅ​លើ​ភ្នំ គង់​ចុះ​នៅ​ទី​នោះ

30. នោះ​មាន​ហ្វូង​មនុស្ស​មក​ឯ​ទ្រង់​កក‌កុញ នាំ​ទាំង​មនុស្ស​ខ្វិន ខ្វាក់ គ ពិការ និង​មនុស្ស​ឯ​ទៀត​ជា​ច្រើន មក​ដាក់​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​គេ​បាន​ជា

31. ដល់‌ម៉្លេះ​បាន​ជា​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន​មាន​សេចក្ដី​អស្ចារ្យ ដោយ​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​បាន​មាំ‌មួន មនុស្ស​ខ្វិន​ដើរ​រួច និង​មនុស្ស​ខ្វាក់​មើល​ឃើញ ហើយ​គេ​ក៏​សរសើរ‌ដំកើង​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​គ្រប់ៗ​គ្នា។

ព្រះ‌យេស៊ូវ​ប្រទាន​នំបុ័ង​ឲ្យ​មនុស្ស​បួន​ពាន់​នាក់​បរិភោគ

32. ព្រះ‌យេស៊ូវ ទ្រង់​ហៅ​ពួក​សិស្ស​មក មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត ដល់​ហ្វូង​មនុស្ស​នោះ​ណាស់ ដ្បិត​គេ​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ​អស់​៣​ថ្ងៃ​មក​ហើយ គេ​គ្មាន​អ្វី​នឹង​បរិភោគ​សោះ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ទៅ​វិញ​ទាំង​អត់‌ឃ្លាន​ទេ ក្រែង​ហេវ​តាម​ផ្លូវ

33. ពួក​សិស្ស​ទូល​ទ្រង់​ថា នៅ​ទី​ស្ងាត់​នេះ យើង​ខ្ញុំ​នឹង​រក​នំបុ័ង​ឲ្យ​ហ្វូង​មនុស្ស​ធំ​ដល់‌ម៉្លេះ​បរិភោគ​ឆ្អែត​ឯ​ណា​បាន

34. តែ​ព្រះ‌យេស៊ូវ​ទ្រង់​សួរ​ថា តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន គេ​ទូល​ថា មាន​៧ ហើយ​នឹង​ត្រី​តូចៗ​ខ្លះ

35. នោះ​ទ្រង់​ក៏​ប្រាប់​ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​នៅ​ដី

36. រួច​ទ្រង់​យក​នំបុ័ង​៧ និង​ត្រី​ទាំង​នោះ​មក​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ដល់​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ហ្វូង​មនុស្ស

37. គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត ហើយ​គេ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​៧​កំប្រោង

38. ឯ​ពួក​ប្រុសៗ​ដែល​បាន​បរិភោគ​ឆ្អែត នោះ​មាន​៤​ពាន់​នាក់​ឥត​រាប់​ស្រីៗ ហើយ​នឹង​កូន​ក្មេង​ផង​ទេ

39. រួច​កាល​ទ្រង់​បាន​ឲ្យ​ហ្វូង​មនុស្ស​វិល​ទៅ​វិញ នោះ​ទ្រង់​យាង​ចុះ​ទូក​ឆ្លង​ទៅ​ដល់​ដែន​ស្រុក​ម៉ាកា‌ដាន់។