ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ប្រស្នា​អំពី​ស្ត្រី​ក្រមុំ​ដប់​នាក់

1. គ្រា​នោះ នគរ​ស្ថាន‌សួគ៌​នឹង​បាន​ដូច​ជា​ស្រី​ព្រហ្មចារី​១០​នាក់ ដែល​យក​ចង្កៀង​រៀង​ខ្លួន ចេញ​ទៅ​ទទួល​ប្ដី​ថ្មោង‌ថ្មី

2. ក្នុង​ពួក​នាង​ទាំង​នោះ មាន​៥​នាក់​មាន​គំនិត ហើយ​៥​នាក់​ល្ងង់

3. នាង​ល្ងង់​ទាំង​នោះ គេ​យក​តែ​ចង្កៀង​ទៅ តែ​មិន​បាន​យក​ប្រេង​ជាប់​នឹង​ខ្លួន​ផង​ទេ

4. ឯ​ពួក​នាង​មាន​គំនិត​វិញ គេ​បាន​យក​ទាំង​ចង្កៀង ហើយ​នឹង​ប្រេង​ដាក់​ក្នុង​ដប​ទៅ​ជា​មួយ​ផង

5. តែ​ដោយ​ព្រោះ​ប្ដី​ក្រ​មក​ពេក បាន​ជា​នាង​ទាំង​នោះ​ងោក‌ងុយ ហើយ​ដេក​លក់​ទៅ

6. លុះ​ដល់​កណ្តាល​អធ្រាត្រ ស្រាប់​តែ​ឮ​សូរ​សំរែក​ថា នែ ប្ដី​មក​ហើយ ចូរ​ចេញ​ទៅ​ទទួល​ចុះ

7. ស្រី​ព្រហ្មចារី​ទាំង‌ឡាយ​ក៏​ភ្ញាក់​ឡើង រៀប‌ចំ​ចង្កៀង​រៀង​រាល់​ខ្លួន

8. ឯ​ពួក​នាង​ដែល​ល្ងង់ គេ​និយាយ​ទៅ​ពួក​នាង​មាន​គំនិត​ថា សូម​ចែក​ប្រេង​មក​ឲ្យ​យើង​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​ហើយ

9. តែ​ពួក​នាង​មាន​គំនិត​ឆ្លើយ​ឡើង​ថា ទេ ក្រែង​គ្មាន​ល្មម​ដល់​យើង ហើយ​នឹង​នាង​រាល់​គ្នា​ផង ស៊ូ​ទៅ​ឯ​ផ្ទះ​លក់​ប្រេង ទិញ​សំរាប់​ខ្លួន​វិញ​ទៅ

10. តែ​កំពុង​តែ​នាង​ទាំង​នោះ​ទៅ​ទិញ ប្ដី​ក៏​មក​ដល់ ហើយ​ពួក​នាង​ដែល​បាន​បំរុង​ជា​ស្រេច ក៏​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​គ្នា រួច​គេ​បិទ​ទ្វារ

11. ឯ​នាង​ព្រហ្មចារី​ឯ​ទៀត ក៏​មក​អង្វរ​ថា លោក​ម្ចាស់ៗ​អើយ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ផង

12. តែ​គាត់​ឆ្លើយ​ថា ខ្ញុំ​ប្រាប់​នាង​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ស្គាល់​នាង​ទេ

13. ដូច្នេះ ចូរ​ចាំ​យាម​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ថ្ងៃ​ណា ឬ​ពេល​ណា​ដែល​កូន​មនុស្ស​ត្រូវ​មក​នោះ​ទេ។

ប្រស្នា​ស្តី​អំពី​ប្រាក់

14. ដ្បិត​ដំណើរ​នេះ​បែប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​រៀប​នឹង​ចេញ​ពី​ស្រុក​ទៅ គាត់​ហៅ​ពួក​បាវ​មក​ប្រគល់​របស់​ទ្រព្យ​ខ្លួន​ទុក​នឹង​គេ

15. បាន​ឲ្យ​ប្រាក់​ទៅ​ម្នាក់​៥​ពាន់ ម្នាក់​ទៀត​២​ពាន់ ហើយ​អ្នក​ទី​បី​១​ពាន់ គឺ​ឲ្យ​គ្រប់​គ្នា​តាម​ដំរិះ​គេ​រៀង​ខ្លួន រួច​ក៏​ចេញ​ទៅ

16. នោះ​អ្នក​ដែល​ទទួល​៥​ពាន់ ក៏​យក​ប្រាក់​ទៅ​ជួញ​បាន​ចំណេញ​បាន​៥​ពាន់​ទៀត

17. ហើយ​អ្នក​ដែល​ទទួល​២​ពាន់ គាត់​ធ្វើ​ដូច្នោះ​ដែរ ក៏​បាន​ចំណេញ​២​ពាន់​ទៀត

18. តែ​ឯ​អ្នក​ដែល​ទទួល​តែ​១​ពាន់ វា​ទៅ​ជីក​ដី​កប់​ប្រាក់​របស់​ចៅ‌ហ្វាយ​វិញ

19. យូរ​ក្រោយ​មក ចៅ‌ហ្វាយ​របស់​បាវ​ទាំង​នោះ​ត្រឡប់​មក​វិញ គិត​បញ្ជី​នឹង​គេ

20. ចំណែក​អ្នក​ដែល​បាន​ទទួល​៥​ពាន់ ក៏​យក​៥​ពាន់​ទៀត​មក​ជំរាប​ចៅ‌ហ្វាយ​ថា លោក​ចៅ‌ហ្វាយ លោក​បាន​ប្រគល់​ប្រាក់​៥​ពាន់​មក​ខ្ញុំ មើល​ខ្ញុំ​បាន​ចំណេញ​៥​ពាន់​ទៀត

21. ចៅ‌ហ្វាយ​និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ‌ត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅ‌ហ្វាយ​ឯង​ចុះ

22. កាល​អ្នក​ដែល​ទទួល​២​ពាន់​បាន​មក​ដល់ នោះ​ក៏​ជំរាប​ថា លោក​ចៅ‌ហ្វាយ លោក​បាន​ប្រគល់​២​ពាន់​មក​ខ្ញុំ មើល​ខ្ញុំ​បាន​ចំណេញ​២​ពាន់​ទៀត

23. ចៅ‌ហ្វាយ​និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ‌ត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅ‌ហ្វាយ​ឯង​ចុះ

24. ឯ​អ្នក​ដែល​បាន​ទទួល​១​ពាន់ វា​ក៏​ចូល​មក​ជំរាប​ចៅ‌ហ្វាយ​ថា លោក​ចៅ‌ហ្វាយ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌រ៉ឹង​ណាស់ លោក​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប‌ព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ

25. ដូច្នេះ ខ្ញុំ​នឹក​ខ្លាច ក៏​ទៅ​កប់​ប្រាក់​១​ពាន់​នេះ​ទុក​ក្នុង​ដី ហ៏ ខ្ញុំ​សូម​ប្រគល់​របស់​លោក​ជូន​លោក​វិញ

26. ចៅ‌ហ្វាយ​ក៏​ឆ្លើយ​តប​ថា បាវ​អាក្រក់ ហើយ​ខ្ជិល​ច្រអូស​អើយ បើ​ឯង​ដឹង​ថា អញ​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប‌ព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ

27. នោះ​គួរ​តែ​ឯង​បាន​យក​ប្រាក់​ទៅ ផ្ញើ​ទុក​នឹង​អ្នក​ចង​ការ​ចុះ លុះ​ដល់​អញ​មក​វិញ នោះ​នឹង​បាន​ប្រាក់​អញ ទាំង​ដើម ទាំង​ការ​ផង

28. ដូច្នេះ ចូរ​ដក​ប្រាក់​១​ពាន់​នោះ​ពី​វា​ចេញ ឲ្យ​ដល់​អ្នក​ដែល​មាន​១​ម៉ឺន​វិញ

29. ដ្បិត​នឹង​ឲ្យ​ដល់​អស់​អ្នក​ដែល​មាន ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ឡើង តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ហូត​យក ទាំង​របស់​អ្វី ដែល​អ្នក​នោះ​មាន​ផង

30. ឯ​បាវ​ឥត​ប្រយោជន៍​នោះ ចូរ​បោះ​វា​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។

ការ​កាត់​ទោស​នៅ​គ្រា​ចុង​ក្រោយ​បង្អស់

31. តែ​កាល​ណា​កូន​មនុស្ស​នឹង​មក ក្នុង​សិរី‌ល្អ​របស់​លោក មាន​ទាំង​ពួក​ទេវតា​បរិសុទ្ធ​ទាំង​អស់​គ្នា មក​ជា​មួយ នោះ​លោក​នឹង​ឡើង​គង់​លើ​បល្ល័ង្ក​រុងរឿង​ឧត្តម​របស់​លោក

32. រួច​គ្រប់​ទាំង​សាសន៍​នឹង​ត្រូវ​ប្រមូល​គ្នា នៅ​ចំពោះ​លោក ហើយ​លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​ជា​អ្នក​គង្វាល ដែល​ញែក​ចៀម​ចេញ​ពី​ពពែ​ដែរ

33. រួច​នឹង​ដាក់​ចៀម​នៅ​ខាង​ស្តាំ ហើយ​ពពែ​នៅ​ខាង​ឆ្វេង

34. នោះ​លោក​ដ៏​ជា​ស្តេច នឹង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក​ដែល​នៅ​ខាង​ស្តាំ​ថា ឱ​ពួក​អ្នក​ដែល​ព្រះ‌វរ‌បិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀប‌ចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ៍​មក

35. ពី​ព្រោះ​យើង​បាន​ឃ្លាន ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​បរិភោគ យើង​បាន​ស្រេក ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​ផឹក យើង​ជា​អ្នក​ដទៃ ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​យើង

36. យើង​នៅ​អាក្រាត ហើយ​អ្នក​រាល់​គ្នា​បាន​ស្លៀក‌ពាក់​ឲ្យ​យើង យើង​បាន​ឈឺ ហើយ​អ្នក​រាល់​គ្នា​បាន​មក​សួរ​យើង ក៏​ជាប់​គុក ហើយ​អ្នក​រាល់​គ្នា​បាន​មក​ឯ​យើង

37. នោះ​ពួក​មនុស្ស​សុចរិត​នឹង​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ស្រេក​ឃ្លាន ហើយ​បាន​ថ្វាយ​ទ្រង់​សោយ​ពី​កាល​ណា

38. តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ជា​អ្នក​ដទៃ ហើយ​បាន​ទទួល​ទ្រង់​ពី​កាល​ណា ឬ​ទ្រង់​អាក្រាត ហើយ​បាន​បំពាក់​ថ្វាយ​ទ្រង់​ពី​កាល​ណា

39. តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឈឺ ឬ​ជាប់​គុក ហើយ​បាន​មក​ឯ​ទ្រង់​ពី​កាល​ណា

40. នោះ​ស្តេច​នឹង​ឆ្លើយ​ទៅ​គេ​ថា យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ

41. រួច​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​ខាង​ឆ្វេង​ទៀត​ថា ពួក​អ្នក​រាល់​គ្នា​ដែល​ត្រូវ​បណ្តាសា​អើយ ចូរ​ថយ​ពី​អញ​ចេញ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប‌ជានិច្ច ដែល​បាន​រៀប‌ចំ​ទុក​សំរាប់​អារក្ស ហើយ​នឹង​ពួក​ទេវតា​របស់​វា​វិញ

42. ពី​ព្រោះ​អញ​បាន​ឃ្លាន តែ​ឯង​រាល់​គ្នា​មិន​បាន​ឲ្យ​បរិភោគ​ទេ អញ​បាន​ស្រេក តែ​ឯង​រាល់​គ្នា​មិន​បាន​ឲ្យ​ផឹក​ទេ

43. អញ​ជា​អ្នក​ដទៃ តែ​ឯង​រាល់​គ្នា​មិន​បាន​ទទួល​សោះ អញ​នៅ​អាក្រាត តែ​ឯង​រាល់​គ្នា​មិន​បាន​ស្លៀក‌ពាក់​ឲ្យ​អញ​ទេ អញ​ក៏​ឈឺ ហើយ​នៅ​ជាប់​គុក តែ​ឯង​រាល់​គ្នា​មិន​បាន​មក​សួរ​សោះ

44. រួច​គេ​នឹង​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឃ្លាន ឬ​ស្រេក ឬ​ជា​អ្នក​ដទៃ ឬ​នៅ​អាក្រាត ឬ​ឈឺ ឬ​ជាប់​គុក ហើយ​មិន​បាន​ទៅ​ជួយ​ទ្រង់​នោះ​ពី​កាល​ណា

45. នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​តប​ថា អញ​ប្រាប់​ឯង​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​មិន​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​យ៉ាង​តូច​បំផុត ក្នុង​ពួក​អ្នក​ទាំង​នេះ នោះ​ឈ្មោះ​ថា​មិន​បាន​ធ្វើ​ដល់​អញ​ដែរ

46. ឯ​ពួក​អ្នក​ទាំង​នោះ​នឹង​ថយ​ទៅ មាន​ទោស​អស់​កល្ប‌ជានិច្ច តែ​ពួក​សុចរិត​នឹង​ចូល​ទៅ​ក្នុង​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​វិញ។