ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ប្រស្នា​អំពី​មង្គល‌ការ

1. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត​ទៅ​គេ​ថា

2. នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ស្តេច​១​អង្គ ដែល​រៀប​វិវាហ‌មង្គល​ឲ្យ​ព្រះ‌រាជ‌បុត្រា

3. ទ្រង់​ចាត់​ពួក​មហា‌តលិក​ឲ្យ​ទៅ​ហៅ​ពួក​ភ្ញៀវ ដែល​ទ្រង់​បាន​អញ្ជើញ​មក​ក្នុង​មង្គល‌ការ​នោះ ប៉ុន្តែ អ្នក​ទាំង​នោះ​មិន​ព្រម​មក​ទេ

4. ទ្រង់​ក៏​ចាត់​ពួក​មហា‌តលិក​ឯ​ទៀត​ឲ្យ​ទៅ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ឯង​ប្រាប់​ពួក​ភ្ញៀវ​ថា ឥឡូវ គ្រឿង​ជប់‌លៀង​បាន​រៀប​ជា​ស្រេច​ហើយ គេ​បាន​សំឡាប់​គោ និង​សត្វ​បំប៉ន​យ៉ាង​ធាត់ៗ ហើយ​ក៏​រៀប‌ចំ​គ្រប់​ទាំង​អស់​រួច​ជា​ស្រេច ចូរ​មក​បរិភោគ​ការ​ចុះ

5. តែ​អ្នក​ទាំង​នោះ​ធ្វេស​ប្រហែស​វិញ ម្នាក់​ក៏​ទៅ​ឯ​ចំការ​ខ្លួន ម្នាក់​ទៀត​ទៅ​ឯ​ការ​ជំនួញ

6. អ្នក​ឯ​ទៀត​ក៏​ចាប់​ពួក​មហា‌តលិក​ត្មះ‌តិះដៀល ហើយ​សំឡាប់​ចោល​ទៅ

7. កាល​ស្តេច​បាន​ឮ នោះ​ទ្រង់​មាន​ព្រះ‌ទ័យ​ក្រេវ‌ក្រោធ ក៏​ចាត់​ទ័ព​ឲ្យ​ទៅ​បំផ្លាញ​ពួក​មនុស្ស​ដែល​សំឡាប់​គេ​នោះ ព្រម​ទាំង​ដុត​ទី​ក្រុង​របស់​គេ​ចោល​អស់

8. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​មហា‌តលិក​ថា ការ​បាន​រៀប‌ចំ​ជា​ស្រេច តែ​ពួក​ភ្ញៀវ​មិន​គួរ​នឹង​មក​បរិភោគ​ទេ

9. ដូច្នេះ ចូរ​ទៅ​ឯ​ផ្លូវ​ប្រសព្វ អញ្ជើញ​អស់​អ្នក​ណា​ដែល​ប្រទះ​ឃើញ ឲ្យ​គេ​មក​បរិភោគ​វិញ

10. មហា‌តលិក​ទាំង​នោះ​ក៏​ចេញ​ទៅ​តាម​ផ្លូវ ប្រមូល​អស់​អ្នក​ណា​ដែល​ប្រទះ​ឃើញ ទាំង​អាក្រក់ ទាំង​ល្អ​មក នោះ​រោង​ការ​មាន​ភ្ញៀវ​ពេញ​ព្រៀប

11. ស្តេច​ក៏​យាង​ចូល​ទៅ​ទត​មើល​ពួក​ភ្ញៀវ ទ្រង់​ឃើញ​មនុស្ស​ម្នាក់​ទៅ​ទី​នោះ ដែល​មិន​បាន​ពាក់​អាវ​ផាយ

12. ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា សំឡាញ់​អើយ ដូច​ម្តេច​បាន​ជា​អ្នក​ចូល​មក​ក្នុង​ទី​នេះ ឥត​ពាក់​អាវ​ផាយ​ដូច្នេះ អ្នក​នោះ​រក​ឆ្លើយ​អ្វី​មិន​បាន​ឡើយ

13. ទើប​ទ្រង់​បង្គាប់​ទៅ​ពួក​មហា‌តលិក​ថា ចូរ​ចង​ជើង​ចង​ដៃ​វា​បោះ​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ

14. ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ។

អំពី​ពន្ធ‌ដារ

15. កាល​ពួក​ផារី‌ស៊ី​បាន​ចេញ​ទៅ នោះ​គេ​ពិគ្រោះ​គ្នា​ពី​ដំណើរ​យ៉ាង​ណា​នឹង​ចាប់​ទ្រង់ ដោយ​នូវ​ព្រះ‌បន្ទូល

16. រួច​ក៏​ចាត់​ពួក​សិស្ស​របស់​គេ​ឲ្យ​ទៅ​ឯ​ទ្រង់ ជា​មួយ​នឹង​ពួក​ហេរ៉ូឌ ដោយ​ពាក្យ​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ពិត​ត្រង់ ហើយ​ថា លោក​បង្រៀន​ពី​ផ្លូវ​ព្រះ​ដោយ​សេចក្ដី​ពិត ឥត​មាន​អំពល់​ដល់​អ្នក​ណា​ឡើយ ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ទេ

17. ដូច្នេះ សូម​ប្រាប់​យើង​ខ្ញុំ​ដែល​លោក​គិត​ដូច​ម្តេច តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ

18. តែ​ព្រះ‌យេស៊ូវ ទ្រង់​ជ្រាប​ឧបាយ‌កល​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​តប​ថា មនុស្ស​កំពុត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង​ខ្ញុំ​ដូច្នេះ

19. ចូរ​បង្ហាញ​ប្រាក់​ដែល​បង់​ពន្ធ​មក​ឲ្យ​ខ្ញុំ​មើល​ចុះ គេ​ក៏​យក​ប្រាក់​កាក់​ធំ​មក​ថ្វាយ​ទ្រង់​ទត

20. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា រូប​នេះ និង​ឈ្មោះ​នេះ តើ​ជា​របស់​អ្នក​ណា

21. គេ​ទូល​ឆ្លើយ​ថា របស់​សេសារ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ឯ​របស់​ព្រះ ចូរ​ថ្វាយ​ទៅ​ព្រះ​វិញ

22. កាល​បាន​ឮ​ដូច្នោះ នោះ​គេ​មាន​សេចក្ដី​អស្ចារ្យ រួច​ក៏​ដើរ​ចេញ​ពី​ទ្រង់​បាត់​ទៅ។

អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ

23. នៅ​ថ្ងៃ​នោះ​ឯង ពួក​សាឌូស៊ី ដែល​គេ​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ​ទេ គេ​ក៏​មក​ឯ​ទ្រង់ ទូល​សាក‌សួរ​ថា

24. លោក​គ្រូ លោក​ម៉ូសេ​បាន​ផ្តាំ​ថា «បើ​អ្នក​ណា​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​ប្រពន្ធ​របស់​បង ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង​ខ្លួន»

25. រីឯ​នៅ​ក្នុង​ពួក​យើង​ខ្ញុំ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​គ្មាន​កូន​សោះ បាន​ទុក​ប្រពន្ធ​ឲ្យ​ប្អូន

26. ប្អូន​បន្ទាប់​ក៏​ធ្វើ​ដូច​គ្នា រួច​ប្អូន​ទី​៣ ដរាប​ដល់​ប្អូន​ពៅ​បំផុត

27. ក្រោយ​បង្អស់​មក ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ

28. ដូច្នេះ ដល់​គ្រា​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ត្រូវ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា ក្នុង​បណ្តា​បង​ប្អូន​ទាំង​៧​នាក់​នោះ ដ្បិត​សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា

29. នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ភាន់‌ច្រឡំ​ទេ ពី​ព្រោះ​មិន​យល់​គម្ពីរ ឬ​ព្រះ‌ចេស្តា​នៃ​ព្រះ​សោះ

30. ដ្បិត​ដល់​គ្រា​រស់​ឡើង​វិញ នោះ​គេ​មិន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៀត​ទេ គឺ​បាន​ដូច​ជា​ទេវតា​នៃ​ព្រះ ដែល​នៅ​ស្ថាន‌សួគ៌​វិញ

31. តែ​ត្រង់​ឯ​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​សេចក្ដី​ដែល​ព្រះ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​អ្នក​រាល់​គ្នា​ទេ​ឬ​អី

32. គឺ​ថា «អញ​ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប» ព្រះ‌អង្គ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ។

33. ឯ​បណ្តា​មនុស្ស​គេ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ដោយ​ឮ​សេចក្ដី​ដែល​ទ្រង់​បង្រៀន​នោះ។

បញ្ញត្ត​សំខាន់​ជាង​គេ

34. តែ​កាល​ពួក​ផារី‌ស៊ី​បាន​ឮ​ថា ទ្រង់​ធ្វើ​ឲ្យ​ពួក​សាឌូស៊ី​បាត់​មាត់​ដូច្នោះ នោះ​គេ​ក៏​មូល​គ្នា

35. ហើយ​ពួក​គេ​ម្នាក់ ដែល​ជា​អ្នក​ប្រាជ្ញ​ខាង​ច្បាប់​ក៏​ល្បង​សួរ​ទ្រង់​ថា

36. លោក​គ្រូ ក្នុង​បណ្តា​ក្រឹត្យ‌វិន័យ តើ​បញ្ញត្ត​ណា​ដែល​យ៉ាង​សំខាន់​បំផុត

37. នោះ​ព្រះ‌យេស៊ូវ​ឆ្លើយ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង»

38. នេះ​ជា​បញ្ញត្ត​យ៉ាង​សំខាន់​ទី​១

39. ហើយ​បញ្ញត្ត​ទី​២​ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»

40. បណ្តា​ក្រឹត្យ‌វិន័យ និង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សំរេច​នៅ​បទ​បញ្ញត្ត​ទាំង​២​ប្រការ​នេះ​ឯង។

ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់​លើ​ស្តេច​ដាវីឌ

41. កំពុង​ដែល​ពួក​ផារី‌ស៊ី​នៅ​មូល​គ្នា​នៅ​ឡើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា

42. អ្នក​រាល់​គ្នា​គិត​ពី​ព្រះ‌គ្រីស្ទ​ដូច​ម្តេច តើ​ទ្រង់​ជា​ព្រះ‌វង្ស​អ្នក​ណា នោះ​គេ​ទូល​ឆ្លើយ​ថា ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ

43. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ទៀត​ថា ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ហ្លួង​ដាវីឌ​មាន​ព្រះ‌បន្ទូល ដោយ​នូវ​ព្រះ‌វិញ្ញាណ ហៅ​ទ្រង់​ជា​ព្រះ‌អម្ចាស់​បាន

44. ដោយ​ថា «ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង​នៅ​ក្រោម​ជើង​ឯង»

45. ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះ‌គ្រីស្ទ​ថា​ជា​ព្រះ‌អម្ចាស់ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ‌គ្រីស្ទ​ធ្វើ​ជា​ព្រះ‌វង្ស​ទ្រង់​បាន

46. តែ​គ្មាន​អ្នក​ណា​អាច​នឹង​ឆ្លើយ​តប​ទៅ​ទ្រង់​១​ម៉ាត់​បាន​ទេ រួច​តាំង​ពី​ថ្ងៃ​នោះ​មក គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។