ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់​ឲ្យ​ជា

1. កាល​ព្រះ‌យេស៊ូវ ទ្រង់​បាន​យាង​ចុះ​ពី​ភ្នំ​មក នោះ​មាន​មនុស្ស​កក‌កុញ​ដើរ​តាម​ទ្រង់

2. ក៏​ឃើញ​មាន​មនុស្ស​ឃ្លង់​ម្នាក់ មក​ក្រាប​ថ្វាយ‌បង្គំ​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ បើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូល‌បង្គំ​ជា​ស្អាត​បាន

3. ទ្រង់​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់​ដោយ​ព្រះ‌បន្ទូល​ថា ខ្ញុំ​ចង់​ដែរ ចូរ​ឲ្យ​ជា​ស្អាត​ចុះ ស្រាប់​តែ​រោគ​ឃ្លង់​ក៏​ជា​ស្អាត​ភ្លាម

4. រួច​ព្រះ‌យេស៊ូវ​ទ្រង់​ហាម​ថា នែ កុំ​ប្រាប់​អ្នក​ឯ​ណា​ឲ្យ​សោះ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សង្ឃ​ឃើញ​វិញ ហើយ​ថ្វាយ​ដង្វាយ​តាម​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ។

ព្រះ‌យេស៊ូវ​ប្រោស​អ្នក​បំរើ​របស់​នាយ​ទាហាន​រ៉ូម៉ាំង​ឲ្យ​ជា

5. កាល​ព្រះ‌យេស៊ូវ ទ្រង់​បាន​យាង​ចូល​ទៅ​ក្រុង​កាពើ‌ណិម​ហើយ នោះ​មេ​ទ័ព​ម្នាក់​មក​ឯ​ទ្រង់​ទូល​អង្វរ​ថា

6. ព្រះ‌អម្ចាស់​អើយ បាវ​ទូល‌បង្គំ​វា​ស្លាប់​ដៃ​ស្លាប់​ជើង ដេក​នៅ​ផ្ទះ​វេទនា​ខ្លាំង​ណាស់

7. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ខ្ញុំ​នឹង​ទៅ​ប្រោស​ឲ្យ​ជា

8. តែ​មេ​ទ័ព​ទូល​ប្រកែក​ថា ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​មិន​គួរ​នឹង​ទទួល​ទ្រង់​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​ទេ សូម​ទ្រង់​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​មួយ​ព្រះ‌ឱស្ឋ​មក​ប៉ុណ្ណោះ នោះ​បាវ​ទូល‌បង្គំ​នឹង​បាន​ជា​ហើយ

9. ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​នៅ​ក្រោម​បង្គាប់​គេ​ដែរ ហើយ​មាន​ទាហាន​នៅ​ក្រោម​ឱវាទ​ទូល‌បង្គំ បើ​ទូល‌បង្គំ​ប្រាប់​ទៅ​ម្នាក់​ថា ទៅ នោះ​វា​ក៏​ទៅ ប្រាប់​ទៅ​ម្នាក់​ទៀត​ថា មក វា​ក៏​មក ហើយ​ប្រាប់​ទៅ​បាវ​ថា ធ្វើ​ការ​នេះ នោះ​វា​ក៏​ធ្វើ​តាម

10. កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ពាក្យ​នោះ​ហើយ ទ្រង់​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ព្រះ‌ហឫ‌ទ័យ រួច​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក​ដែល​តាម​ទ្រង់​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ដែល​ឃើញ​សេចក្ដី​ជំនឿ​ជា​ខ្លាំង​ដល់​ម៉្លេះ​ទេ ទោះ​ទាំង​នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ផង

11. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​អង្គុយ​ជា​មួយ​នឹង​លោក​អ័ប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប នៅ​ក្នុង​នគរ​ស្ថាន‌សួគ៌

12. តែ​អស់​ទាំង​មនុស្ស​របស់​នគរ​នោះ នឹង​ត្រូវ​បោះ​ចោល ទៅ​ក្នុង​សេចក្ដី​ងងឹត​ខាង​ក្រៅ​វិញ នៅ​ទី​នោះ​នឹង​មាន​យំ ហើយ​សង្កៀត​ធ្មេញ

13. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​មេ​ទ័ព​នោះ​ថា ចូរ​ទៅ​ចុះ ឲ្យ​បាន​ដូច​សេចក្ដី​ជំនឿ​របស់​អ្នក​ចុះ បាវ​គាត់​ក៏​បាន​ជា​នៅ​វេលា​នោះ​ឯង។

ព្រះ‌យេស៊ូវ​ប្រោស​អ្នក​ជំងឺ​ជា​ច្រើន​ឲ្យ​ជា

14. លុះ​ព្រះ‌យេស៊ូវ ទ្រង់​យាង​ទៅ​ក្នុង​ផ្ទះ​របស់​ពេត្រុស​ហើយ នោះ​ឃើញ​ម្តាយ​ក្មេក​គាត់​កំពុង​តែ​ដេក​គ្រុន

15. រួច​ទ្រង់​ពាល់​ដៃ​នាង នោះ​គ្រុន​ក៏​បាត់​ទៅ ហើយ​នាង​ក្រោក​ឡើង​បំរើ​ទ្រង់។

16. ដល់​ពេល​ព្រលប់ គេ​នាំ​មនុស្ស​ជា​ច្រើន ដែល​មាន​អារក្ស​ចូល​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ក៏​ដេញ​អារក្ស​ដោយ‌សារ​ព្រះ‌បន្ទូល ឯ​អស់​អ្នក​ដែល​មាន​ជំងឺ​រោគា ទ្រង់​បាន​ប្រោស​ឲ្យ​ជា​គ្រប់​គ្នា​ដែរ

17. ដើម្បី​ឲ្យ​បាន​សំរេច តាម​ទំនាយ​ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក​ថា «ទ្រង់​បាន​ទទួល​អស់​ទាំង​រោគា ហើយ​ផ្ទុក​អស់​ទាំង​ជំងឺ​របស់​យើង​រាល់​គ្នា នៅ​លើ​ព្រះ‌អង្គ​ទ្រង់»។

លក្ខណ‌សម្បត្តិ​របស់​អ្នក​ដែល​ចង់​តាម​ព្រះ‌យេស៊ូវ

18. កាល​ព្រះ‌យេស៊ូវ ទ្រង់​ឃើញ​ហ្វូង​មនុស្ស​កក‌កុញ​នៅ​ជុំ‌វិញ​ទ្រង់ នោះ​ទ្រង់​បង្គាប់ ឲ្យ​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​ទៅ

19. ខណៈ​នោះ មាន​អាចារ្យ​ម្នាក់​ចូល​មក​ទូល​ទ្រង់​ថា លោក​គ្រូ​អើយ ខ្ញុំ​នឹង​តាម​លោក​ទៅ​ដែរ ទោះ​បើ​លោក​ទៅ​ឯ​ណា​ក៏​ដោយ

20. ព្រះ‌យេស៊ូវ​ទ្រង់​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សំបុក តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ

21. មាន​សិស្ស​ទ្រង់​ម្នាក់​ទៀត​ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​អនុញ្ញាត្ត​ឲ្យ​ទូល‌បង្គំ បាន​ទៅ​កប់​ខ្មោច​ឪពុក​ទូល‌បង្គំ​សិន

22. តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា ចូរ​មក​តាម​ខ្ញុំ​វិញ ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ។

ព្រះ‌យេស៊ូវ​ធ្វើ​ឲ្យ​រលក​ស្ងប់

23. កាល​ទ្រង់​បាន​យាង​ចុះ​ទូក​ហើយ នោះ​ពួក​សិស្ស​ក៏​តាម​ទ្រង់​ទៅ

24. ឯ​សមុទ្រ​ក៏​កំរើក​ឡើង​ជា​ខ្លាំង ដល់‌ម៉្លេះ​បាន​ជា​រលក​ឡើង​គ្រប​លើ​ទូក តែ​ទ្រង់​ផ្ទំ​លក់

25. ពួក​សិស្ស​ក៏​ចូល​ទៅ​តើន​ទ្រង់​ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ផង យើង​ខ្ញុំ​វិនាស​ហើយ

26. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​អ្នក​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​ភ័យ​ដូច្នេះ រួច​ទ្រង់​ក្រោក​ឡើង កំហែង​ដល់​ខ្យល់ និង​សមុទ្រ នោះ​ក៏​ស្ងប់​ឈឹង​អស់​ទៅ

27. អ្នក​ទាំង​នោះ​មាន​សេចក្ដី​អស្ចារ្យ ហើយ​និយាយ​គ្នា​ថា តើ​មនុស្ស​នេះ​បែប​យ៉ាង​ណា បាន​ជា​ទាំង​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ។

ព្រះ‌យេស៊ូវ​ប្រោស​បុរស​អារក្ស​ចូល​ពីរ​នាក់

28. កាល​ទ្រង់​បាន​ដល់​ស្រុក​គេរ៉ា‌ស៊ីន នៅ​ត្រើយ​ម្ខាង​ហើយ នោះ​មាន​មនុស្ស​២​នាក់ ដែល​មាន​អារក្ស​ចូល គេ​ចេញ​ពី​ផ្នូរ​ខ្មោច​មក​ជួប​នឹង​ទ្រង់ វា​សាហាវ​ណាស់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ហ៊ាន​ដើរ​តាម​ផ្លូវ​នោះ​ទេ

29. នោះ​វា​ស្រែក​ឡើង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​អើយ តើ​យើង​ហើយ​នឹង​ទ្រង់​មាន​ការ​អ្វី​នឹង​គ្នា តើ​ទ្រង់​បាន​យាង​មក​ទី​នេះ ដើម្បី​នឹង​ធ្វើ​ទុក្ខ​ដល់​យើង​មុន​កំណត់​ឬ​អី

30. រីឯ​នៅ​ទី​ដែល​ឆ្ងាយ​ពី​វា នោះ​មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ​កំពុង​តែ​រក​ស៊ី

31. ហើយ​ពួក​អារក្ស​នោះ​ក៏​ទូល​អង្វរ​ទ្រង់​ថា បើ​ទ្រង់​បណ្តេញ​យើង សូម​អនុញ្ញាត្ត​ឲ្យ​យើង​ចូល​ទៅ​នៅ​ក្នុង​ហ្វូង​ជ្រូក​នោះ​ចុះ

32. ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ទៅ​ចុះ វា​ក៏​ចេញ​ទៅ​ចូល​ក្នុង​ហ្វូង​ជ្រូក រួច​ជ្រូក​នាំ​គ្នា​បោល​ម្នីម្នា​តាម​ភ្នំ​ចោត ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ

33. ឯ​ពួក​អ្នក​ដែល​ឃ្វាល​វា គេ​នាំ​គ្នា​រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង រ៉ាយ‌រ៉ាប់​ប្រាប់​ពី​គ្រប់​ការ​ទាំង​នោះ ហើយ​ពី​មនុស្ស​២​នាក់​ដែល​មាន​អារក្ស​ចូល​ផង

34. ចំណែក​ពួក​អ្នក​ក្រុង​នោះ​ទាំង​អស់​គ្នា ក៏​ចេញ​មក​ឯ​ព្រះ‌យេស៊ូវ កាល​បាន​ឃើញ​ទ្រង់ គេ​ក៏​អង្វរ​ឲ្យ​ទ្រង់​យាង​ចេញ​ពី​ក្រវល់​ស្រុក​គេ​ទៅ។