ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្តេច​អ័ហាស​សោយ‌រាជ្យ​លើ​ស្រុក​យូដា

1. នៅ​ឆ្នាំ​ទី​១៧ ក្នុង​រាជ្យ​ពេកា ជា​កូន​រេម៉ាលា នោះ​អ័ហាស ជា​បុត្រ​យ៉ូថាម ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង

2. កាល​អ័ហាស​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២០​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១៦​ឆ្នាំ ទ្រង់​មិន​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ដាវីឌ ជា​អយ្យកោ​ទ្រង់​ទេ

3. គឺ​ទ្រង់​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង​ផង តាម​ទំលាប់​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ

4. ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់ ហើយ​នៅ​លើ​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ខ្ចី​ទាំង​ប៉ុន្មាន​ដែរ

5. នៅ​គ្រា​នោះ រេស៊ីន ជា​ស្តេច​ស៊ីរី និង​ពេកា ជា​កូន​រេម៉ាលា ស្តេច​អ៊ីស្រា‌អែល បាន​ឡើង​មក​ច្បាំង​នឹង​អ័ហាស ក៏​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម តែ​ពុំ​អាច​នឹង​ឈ្នះ​ទ្រង់​បាន​ទេ

6. នៅ​វេលា​នោះ​រេស៊ីន ជា​ស្តេច​ស៊ីរី​ទ្រង់​ចាប់​យក​ក្រុង​អេឡាត បង្វិល​ឲ្យ​ទៅ​ខាង​ពួក​ស៊ីរី​វិញ ហើយ​បណ្តេញ​ពួក​សាសន៍​យូដា​ពី​ក្រុង​អេឡាត​ចេញ រួច​ពួក​សាសន៍​ស៊ីរី គេ​មក​តាំង​ទី​លំនៅៗ​ក្រុង​នោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

7. ដូច្នេះ អ័ហាស​ទ្រង់​ចាត់​សារ ឲ្យ​ទៅ​ឯ​ទី​កាឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ​ថា ទូល‌បង្គំ​នេះ​ជា​អ្នក​បំរើ ហើយ​ជា​បុត្រ​របស់​ទ្រង់ ហេតុ​នេះ​សូម​ទ្រង់​ឡើង​មក​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​ស៊ីរី និង​ស្តេច​អ៊ីស្រា‌អែល ដែល​គេ​បាន​លើក​គ្នា​មក​ទាស់​នឹង​ទូល‌បង្គំ​ផង

8. អ័ហាស​ក៏​យក​មាស​នឹង​ប្រាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌ទ្រព្យ​ផ្ញើ​ទៅ​ថ្វាយ​ជា​ដង្វាយ ដល់​ស្តេច​ស្រុក​អាស‌ស៊ើរ

9. ឯ​ស្តេច​អាស‌ស៊ើរ​ក៏​ស្តាប់​តាម រួច​ទ្រង់​ឡើង​ទៅ​ទាស់​នឹង​ក្រុង​ដាម៉ាស ទ្រង់​ច្បាំង​ចាប់​យក​បាន ហើយ​ដឹក‌នាំ​ពួក​អ្នក​ក្រុង​នោះ ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​គារ ព្រម​ទាំង​ធ្វើ​គុត​រេស៊ីន​ផង។

10. រួច​មក ស្តេច​អ័ហាស​ទ្រង់​យាង​ទៅ​ឯ​ក្រុង​ដាម៉ាស ដើម្បី​ជួប​នឹង​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ អ័ហាស​ទ្រង់​ឃើញ​អាស‌នា​១ ដែល​នៅ​ក្រុង​ដាម៉ាស​នោះ រួច​ទ្រង់​ផ្ញើ​គំរូ និង​ទ្រង់‌ទ្រាយ​នៃ​អាស‌នា​នោះ តាម​របៀប​រចនា​គ្រប់​យ៉ាង​ទៅ​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ

11. រួច​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ ក៏​ស្អាង​អាស‌នា​១ តាម​គំរូ​ដែល​ស្តេច​អ័ហាស​បាន​ផ្ញើ​មក​ពី​ក្រុង​ដាម៉ាស​នោះ​គ្រប់​ជំពូក អ៊ូរីយ៉ា​ក៏​ធ្វើ​ឲ្យ​ទាន់​ស្តេច​អ័ហាស​យាង​ត្រឡប់​មក​ពី​ក្រុង​ដាម៉ាស​វិញ

12. កាល​ស្តេច​បាន​យាង​មក​ពី​ក្រុង​ដាម៉ាស​វិញ​ហើយ ទ្រង់​ក៏​ឃើញ ហើយ​ទ្រង់​យាង​ទៅ​ឯ​អាស‌នា​នោះ ដើម្បី​នឹង​ថ្វាយ​ដង្វាយ

13. ទ្រង់​ក៏​ដុត​ដង្វាយ​ដុត និង​ដង្វាយ​ម្សៅ នៅ​លើ​អាស‌នា​នោះ ព្រម​ទាំង​ច្រួច​ដង្វាយ​ច្រួច ហើយ​ប្រោះ​ឈាម​នៃ​ដង្វាយ​មេត្រី​ផង

14. ឯ​អាស‌នា​លង្ហិន​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​យក​ចេញ​ពី​ល្វែង​មុខ​នៃ​ព្រះ‌វិហារ គឺ​ពី​កណ្តាល​អាស‌នា​ទ្រង់ ហើយ​នឹង​ទី​បរិសុទ្ធ​បំផុត ទៅ​ដាក់​នៅ​ទិស​ខាង​ជើង នៃ​អាស‌នា​របស់​ទ្រង់​វិញ

15. ស្តេច​អ័ហាស​ក៏​បង្គាប់​ដល់​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ​ថា ត្រូវ​ដុត​ដង្វាយ​ដុត​ពេល​ព្រឹក និង​ដង្វាយ​ម្សៅ​ពេល​ល្ងាច ព្រម​ទាំង​ដង្វាយ​ដុត​របស់​ស្តេច និង​ដង្វាយ​ម្សៅ​ទ្រង់ ហើយ​ទាំង​ដង្វាយ​ដុត ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​របស់​ពួក​ជន​ទាំង‌ឡាយ នៅ​លើ​អាស‌នា​ធំ​នោះ ក៏​ត្រូវ​ប្រោះ​ឈាម​ដង្វាយ​ដុត នឹង​ឈាម​នៃ​យញ្ញ‌បូជា​នៅ​លើ​នោះ​ដែរ តែ​អាស‌នា​លង្ហិន​នោះ ត្រូវ​ទុក​សំរាប់​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ

16. អ៊ូរីយ៉ា​ជា​សង្ឃ​ក៏​ធ្វើ​ដូច្នោះ តាម​គ្រប់​ទាំង​បង្គាប់​របស់​ស្តេច​អ័ហាស។

17. ស្តេច​អ័ហាស​ទ្រង់​កាត់​បន្ទះ​លង្ហិន ចេញ​ពី​គ្រោង​ជើង​នៃ​ចាន​ក្លាំ ក៏​យក​ចាន​ក្លាំ​ពី​លើ​ជើង​ទាំង​នោះ​ចេញ ហើយ​យក​សមុទ្រ​ពី​លើ​រូប​គោ​លង្ហិន ដែល​ទ្រ​ពី​ក្រោម ទៅ​ដាក់​លើ​កំរាល​ថ្ម​វិញ

18. ឯ​បាំង‌សាច​ដែល​គេ​បាន​ធ្វើ​នៅ​ឯ​ព្រះ‌វិហារ សំរាប់​ថ្ងៃ​ឈប់​សំរាក និង​ទ្វារ​នៃ​ស្តេច​ខាង​ក្រៅ នោះ​ទ្រង់​ក៏​រើ​ចេញ ដោយ​ព្រោះ​ស្តេច​ស្រុក​អាស‌ស៊ើរ

19. រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ហាស ជា​ការ​ដែល​ទ្រង់​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

20. អ័ហាស​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ជា​មួយ​នឹង​ពួក​អយ្យកោ រួច​ហេសេគា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។