ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

យេហ៊ូវ​ទទួល​ពិធី​ចាក់​ប្រេង​អភិសេក​ជា​ស្តេច

1. គ្រា​នោះ ហោរា​អេលី‌សេ លោក​ហៅ​ម្នាក់​ក្នុង​ពួក​សិស្ស​នៃ​ពួក​ហោរា​មក​ប្រាប់​ថា ចូរ​ក្រវាត់​ចង្កេះ យក​ខួច​ប្រេង​នេះ​កាន់​នៅ​ដៃ ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត​ចុះ

2. កាល​ណា​ទៅ​ដល់​ហើយ ចូរ​រក​យេហ៊ូវ ជា​កូន​យេហូ‌សា‌ផាត ដែល​ជា​កូន​នីមស៊ី ហើយ​ចូល​ទៅ​ហៅ​លោក ឲ្យ​ក្រោក​ពី​កណ្តាល​ពួក​បង​ប្អូន​លោក នាំ​ទៅ​ឯ​បន្ទប់​ខាង​ក្នុង

3. រួច​យក​ខួច​ប្រេង​នេះ​ចាក់​លើ​ក្បាល​លោក ដោយ​ជំរាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​ចាក់​ប្រេង​តាំង​ឯង​ឡើង​ជា​ស្តេច ឲ្យ​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល រួច​ហើយ​ចូរ​ឯង​បើក​ទ្វារ​រត់​ទៅ កុំ​ឲ្យ​បង្អង់​ឡើយ

4. ដូច្នេះ មនុស្ស​កំឡោះ ជា​អ្នក​បំរើ​ពួក​ហោរា​នោះ ក៏​ទៅ​ឯ​រ៉ាម៉ូត-កាឡាត​ទៅ

5. កាល​គាត់​ទៅ​ដល់​ហើយ នោះ​ឃើញ​ពួក​មេ‌ទ័ព​កំពុង​អង្គុយ​នៅ​ជា​មួយ​គ្នា គាត់​ក៏​ជំរាប​ថា លោក​មេ‌ទ័ព​អើយ ខ្ញុំ​មាន​ការ​១​ចំពោះ​លោក រួច​យេហ៊ូវ​សួរ​ថា តើ​ចំពោះ​អ្នក​ណា​ក្នុង​ពួក​យើង​នេះ គាត់​ឆ្លើយ​ថា លោក​មេ‌ទ័ព​អើយ គឺ​ចំពោះ​លោក​នេះ​ឯង

6. ដូច្នេះ យេហ៊ូវ​ក៏​ក្រោក​ឡើង ចូល​ទៅ​ក្នុង​ផ្ទះ រួច​អ្នក​នោះ​ចាក់​ប្រេង​លើ​ក្បាល​លោក​ជំរាប​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​ចាក់​ប្រេង​តាំង​ឯង​ឡើង ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​អញ

7. ត្រូវ​ឲ្យ​ប្រហារ​ជំនួស​វង្ស​របស់​អ័ហាប់ ជា​ចៅ‌ហ្វាយ​ឯង​ទៅ ប្រយោជន៍​ឲ្យ​អញ​បាន​សង‌សឹក​នឹង​យេសិ‌បិល ដោយ​ព្រោះ​ឈាម​នៃ​ពួក​ហោរា ជា​អ្នក​បំរើ​អញ និង​ឈាម​នៃ​ពួក​អ្នក​បំរើ​របស់​អញ​ទាំង​អស់​ដែរ

8. ដ្បិត​ជំនួរ​វង្ស​របស់​អ័ហាប់ ត្រូវ​វិនាស​ទៅ​អស់​រលីង ហើយ​អញ​នឹង​កាត់‌កាល់​អស់​ទាំង​កូន​ប្រុសៗ​ពី​អ័ហាប់​ចេញ ទោះ​ទាំង​អ្នក​ដែល​បិទ​បាំង​ទុក និង​ពួក​អ្នក​ឥត​ចំណង​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ផង

9. អញ​នឹង​ធ្វើ​ឲ្យ​ជំនួរ​វង្ស​អ័ហាប់​បាន​ដូច​ជា​ជំនួរ​វង្ស​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ហើយ​ដូច​ជា​ជំនួរ​វង្ស​នៃ​ប្អាសា ជា​កូន​អ័ហ៊ីយ៉ា​ដែរ

10. ឆ្កែ​នឹង​ទំពា​ស៊ី​យេសិ‌បិល នៅ​តំបន់​១ ក្នុង​ក្រុង​យេស‌រាល ឥត​មាន​អ្នក​ណា​កប់​នាង​ឡើយ រួច​ហើយ​គាត់​ក៏​បើក​ទ្វារ​រត់​ចេញ​ទៅ។

11. បន្ទាប់​នោះ យេហ៊ូវ​ក៏​ចេញ​មក​ឯ​ពួក​មេ‌ទ័ព​របស់​ចៅ‌ហ្វាយ​លោក មាន​ម្នាក់​សួរ​ថា តើ​ស្រួល‌បួល​ទេ​ឬ​មនុស្ស​ចំកួត​នេះ​មក​រក​លោក​ធ្វើ​អី លោក​ឆ្លើយ​ថា លោក​រាល់​គ្នា​ស្គាល់​មនុស្ស​នោះ​នឹង​រឿង​គេ​ហើយ

12. តែ​ពួក​នោះ​ឆ្លើយ​ឡើង​ថា នេះ​ភរ​ទេ សូម​ប្រាប់​យើង​ឲ្យ​ត្រង់​មក លោក​ក៏​ប្រាប់​ថា អ្នក​នោះ​បាន​និយាយ​ប្រាប់​ខ្ញុំ​យ៉ាង​នេះ​មួយៗ​ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​ចាក់​ប្រេង​តាំង​ឯង​ឡើង ជា​ស្តេច​លើ​ស្រុក​អ៊ីស្រា‌អែល​ហើយ

13. ដូច្នេះ គេ​ក៏​ប្រញាប់‌ប្រញាល់​នឹង​យក​អាវ​របស់​គេ​រៀង​ខ្លួន ដាក់​ឲ្យ​លោក​អង្គុយ​នៅ​ត្រង់​ក្បាល​ជណ្តើរ​រួច​ផ្លុំ​ត្រែ​ឡើង​ថា យេហ៊ូវ​ជា​ស្តេច​ហើយ។

ស្តេច​យេហ៊ូវ​ធ្វើ​គុត​ស្តេច​យ៉ូរ៉ាម និង​ស្តេច​អ័ហា‌ស៊ីយ៉ា

14. ដូច្នេះ យេហ៊ូវ ជា​កូន​យេហូ‌សា‌ផាត ដែល​ជា​កូន​នីមស៊ី លោក​ក៏​គិត​ក្បត់​នឹង​យ៉ូរ៉ាម (រីឯ​យ៉ូរ៉ាម និង​ពួក​ទ័ព​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន គេ​កំពុង​តែ​ការ‌ពារ​រក្សា​ក្រុង​រ៉ាម៉ូត-កាឡាត ដោយ​ព្រោះ​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី

15. តែ​ស្តេច​យ៉ូរ៉ាម​ទ្រង់​បាន​វិល​ទៅ​ឯ​យេស‌រាល ដើម្បី​រក្សា​របួស​ដែល​ពួក​ស៊ីរី​បាន​ធ្វើ ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​ហាសែល​ជា​ស្តេច​ស៊ីរី​នោះ) នោះ​យេហ៊ូវ​ពោល​ថា បើ​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​ដូច្នេះ​ហើយ នោះ​កុំ​ឲ្យ​អ្នក​ណា​ចេញ​រួច​ពី​ទី​ក្រុង​នេះ នាំ​ដំណឹង​ទៅ​ប្រាប់​ក្នុង​ក្រុង​យេស‌រាល​ឡើយ

16. យេហ៊ូវ​ក៏​ឡើង​ជិះ​រថ​ទៅ​ឯ​យេស‌រាល ដ្បិត​យ៉ូរ៉ាម​ទ្រង់​ផ្ទំ​ប្រឈួន​នៅ​ទី​នោះ ហើយ​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា បាន​យាង​ចុះ​មក​សួរ។

17. មាន​អ្នក​ចាំ​យាម​ឈរ​លើ​ប៉ម​យេស‌រាល ក៏​ឃើញ​ពួក​យេហ៊ូវ​ដែល​កំពុង​តែ​មក ហើយ​គាត់​ប្រាប់​ថា ខ្ញុំ​ឃើញ​មនុស្ស​១​ពួក​មក យ៉ូរ៉ាម​ក៏​បង្គាប់​ថា ចូរ​ដំរូវ​ទ័ព​សេះ​ម្នាក់​ទ័ព​សេះ​ម្នាក់​ចាត់​ឲ្យ​ទៅ​ជួប​នឹង​គេ​សួរ​ថា តើ​មក​ដោយ​មេត្រី​ឬ

18. ដូច្នេះ​ទ័ព​សេះ​ម្នាក់​នោះ ក៏​ចេញ​ទៅ​ជួប​នឹង​គេ ប្រាប់​ថា ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ដូច្នេះ តើ​មក​ដោយ​មេត្រី​ឬ តែ​យេហ៊ូវ​តប​ថា តើ​ឯង​ត្រូវ​ការ​អ្វី​នឹង​សេចក្តី​មេត្រី​នោះ ចូរ​ថយ​ទៅ​ខាង​ក្រោយ​យើង​ទៅ អ្នក​ចាំ​យាម​ក៏​ប្រាប់​ថា អ្នក​ដែល​ចាត់​ទៅ​នោះ បាន​ទៅ​ដល់​គេ​ហើយ តែ​មិន​មក​វិញ​សោះ

19. នោះ​ទ្រង់​ក៏​ចាត់​ម្នាក់​ទៀត​ឲ្យ​ជិះ​សេះ​ទៅ អ្នក​នោះ​បាន​ទៅ​ដល់​គេ​ប្រាប់​ថា ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ដូច្នេះ​ថា តើ​មក​ដោយ​មេត្រី​ឬ តែ​យេហ៊ូវ​ឆ្លើយ​តប​ថា តើ​ឯង​ត្រូវ​ការ​អ្វី​នឹង​សេចក្តី​មេត្រី​នោះ ចូរ​ថយ​ទៅ​ខាង​ក្រោយ​យើង​ទៅ

20. ដូច្នេះ អ្នក​ចាំ​យាម​ប្រាប់​ថា អ្នក​នោះ​បាន​ទៅ​ដល់​គេ​ហើយ តែ​មិន​មក​វិញ​សោះ ឯ​ភាព​ដែល​បរ​រថ នោះ​មើល​ទៅ​ដូច​ជា​យេហ៊ូវ ជា​កូន​នីមស៊ី ដ្បិត​គេ​បរ​មក​យ៉ាង​លឿន​អាក្រក់​ណាស់។

21. នោះ​យ៉ូរ៉ាម​បង្គាប់​ថា ចូរ​រៀប‌ចំ​ឡើង គេ​ក៏​ទឹម​ព្រះ‌រាជ‌រថ​ថ្វាយ​ទ្រង់ រួច​យ៉ូរ៉ាម ជា​ស្តេច​អ៊ីស្រា‌អែល និង​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា ទ្រង់​គង់​នៅ​រថ​១​រៀង​អង្គ ចេញ​ទៅ​ជួប​នឹង​យេហ៊ូវ បាន​ប្រទះ​គ្នា​នៅ​ត្រង់​តំបន់​របស់​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល

22. កាល​យ៉ូរ៉ាម​ទ្រង់​ឃើញ​យេហ៊ូវ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា យេហ៊ូវ​អើយ តើ​អ្នក​មក​ដោយ​មេត្រី​ឬ លោក​ឆ្លើយ​តប​ថា កំពុង​ដែល​មាន​សេចក្តី​កំផិត និង​មន្ត‌អាគម​របស់​យេសិ‌បិល ជា​មាតា​ទ្រង់​ជា​ច្រើន​ម៉្លេះ នោះ​តើ​នឹង​មាន​សេចក្តី​មេត្រី​ឯ​ណា​បាន

23. ដូច្នេះ យ៉ូរ៉ាម​ក៏​ញាក់​បង្ហៀរ​រត់​ទៅ ដោយ​ព្រះ‌បន្ទូល​នឹង​អ័ហា‌ស៊ីយ៉ា​ថា អ័ហា‌ស៊ីយ៉ា​អើយ នេះ​ជា​ការ​ក្បត់​ទេ

24. យេហ៊ូវ​ក៏​យឹត​ធ្នូ​ពេញ​កំឡាំង បាញ់​ទៅ​ត្រូវ​ទី​កណ្តាល​ខ្នង​យ៉ូរ៉ាម ព្រួញ​ក៏​ត្រូវ​ត្រង់​បេះ‌ដូង​ទ្រង់ ចេញ​មក​ខាង​ក្រៅ ហើយ​ទ្រង់​ស្រុត​ចុះ នៅ​ក្នុង​ព្រះ‌រាជ‌រថ

25. នោះ​យេហ៊ូវ​បង្គាប់​ទៅ​ប៊ីឌការ ជា​មេ‌ទ័ព​លោក​ថា ចូរ​លើក​វា​បោះ​ចោល​ទៅ​ក្នុង​តំបន់ របស់​ចំការ​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល​ទៅ ដ្បិត​ត្រូវ​ឲ្យ​នឹក​ចាំ​ពី​កាល​ដែល​ខ្ញុំ និង​អ្នក​បាន​ជិះ​សេះ​ទៅ​តាម​អ័ហាប់​ជា​បិតា​វា នោះ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​សេចក្តី​នេះ​ចំ​លើ​រូប​វា​ថា

26. ប្រាកដ​មែន ម្សិល‌មិញ អញ​បាន​ឃើញ​ឈាម​របស់​ណាបោត និង​ឈាម​របស់​កូន​ប្រុស​វា ដូច្នេះ អញ​នឹង​សង​ឯង​នៅ​ក្នុង​ចំការ​នេះ​ឯង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដូច្នេះ​ចូរ​លើក​វា​បោះ​ចោល​ទៅ​ក្នុង​ចំការ​នេះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ។

ស្តេច​អ័ហា‌ស៊ីយ៉ា ស្តេច​ស្រុក​យូដា សោយ​ទិវង្គត

27. កាល​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា បាន​ឃើញ​ការ​ដូច្នោះ នោះ​ទ្រង់​ក៏​រត់​ទៅ​តាម​ច្បារ តែ​យេហ៊ូវ​ដេញ​តាម​ដោយ​បង្គាប់​គេ​ថា ចូរ​វាយ​សំឡាប់​វា​នៅ​លើ​រទេះ​តែ​ម្តង​ទៅ ដូច្នេះ គេ​ក៏​វាយ​ទ្រង់​ត្រង់​ផ្លូវ​ឡើង​ទៅ​ឯ​គើរ ជិត​ក្រុង​យីបលាម តែ​ទ្រង់​រត់​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​សុគត​នៅ​ទី​នោះ

28. ពួក​អ្នក​បំរើ​ទ្រង់ ក៏​ដឹក‌នាំ​សព​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម បញ្ចុះ​ក្នុង​ផ្នូរ​របស់​ទ្រង់ នៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ក្នុង​ក្រុង​ដាវីឌ​ទៅ។

29. ឯ​អ័ហា‌ស៊ីយ៉ា​បាន​ចាប់​តាំង​សោយ‌រាជ្យ​លើ​ស្រុក​យូដា ក្នុង​ឆ្នាំ​ទី​១១ នៃ​រាជ្យ​យ៉ូរ៉ាម​ជា​បុត្រ​អ័ហាប់។

ព្រះ‌នាង​យេសិ‌បិល​សោយ​ទិវង្គត

30. កាល​យេហ៊ូវ​បាន​ទៅ​ដល់​យេស‌រាល​ហើយ នោះ​យេសិ‌បិល​ក៏​ឮ ហើយ​ព្រះ‌នាង​ក៏​ផាត់​រង្វង់​ភ្នែក នឹង​តែង​ព្រះ‌កេសា រួច​ទត​មើល​តាម​បង្អួច​មក

31. កាល​យេហ៊ូវ​កំពុង​តែ​ចូល​តាម​ទ្វារ​របង នោះ​យេសិ‌បិល​ស្រែក​សួរ​ថា តើ​មាន​សេចក្តី​សុខ​ឬ​អី ស៊ីមរី​ជា​អ្នក​សំឡាប់​ចៅ‌ហ្វាយ​ខ្លួន​អើយ

32. នោះ​លោក​ក៏​ងើប​មើល​ទៅ​ឯ​បង្អួច​សួរ​ថា តើ​អ្នក​ណា​កាន់​ខាង​អញ តើ​មាន​អ្នក​ណា​ឬ​ទេ ខណៈ​នោះ មាន​មនុស្ស​កំរៀវ​ពីរ​បី​នាក់​បាន​អើត​មុខ​មក

33. ដូច្នេះ លោក​បង្គាប់​គេ​ថា ចូរ​បោះ​វា​ចុះ​មក នោះ​គេ​ក៏​បោះ​ទំលាក់​យេសិ‌បិល​ចុះ​មក ហើយ​ឈាម​ខ្លះ​ក៏​ខ្ទាត​ទៅ​ប្រឡាក់​នឹង​ជញ្ជាំង និង​សេះ រួច​លោក​ឲ្យ​សេះ​ជាន់​ឈ្លី

34. កាល​លោក​បាន​ចូល​ទៅ​បរិភោគ​ភោជ‌នាហារ​រួច​ហើយ នោះ​ក៏​បង្គាប់​ថា ចូរ​ទៅ​មើល​ស្ត្រី​ដែល​ត្រូវ​បណ្តាសា​នោះ ហើយ​កប់​វា​ទៅ ដ្បិត​វា​ជា​បុត្រ​ស្តេច​ដែរ

35. គេ​ក៏​ទៅ​ដើម្បី​នឹង​កប់​សព តែ​រក​បាន​តែ​លលាដ៏​ក្បាល ប្រអប់​ជើង និង​បាត​ដៃ​ប៉ុណ្ណោះ

36. ដូច្នេះ គេ​ត្រឡប់​មក​វិញ ជំរាប​ដល់​លោក ហើយ​លោក​មាន​ប្រសាសន៍​ថា នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល ដោយ‌សារ​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី ជា​អ្នក​បំរើ​ទ្រង់​ថា ឆ្កែ​នឹង​ទំពា​ស៊ី​សាច់​យេសិ‌បិល នៅ​តំបន់​យេស‌រាល

37. ហើយ​សព​របស់​យេសិ‌បិល​នឹង​បាន​ជា​លាមក នៅ​លើ​ដី ក្នុង​ទី​តំបន់​នៃ​ស្រុក​យេស‌រាល បាន​ជា​មិន​ដែល​មាន​អ្នក​ណា​ថា នេះ​ជា​សព​យេសិ‌បិល​នោះ​ឡើយ។