ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌នាង​អ័ថា‌លា​ដណ្តើម​អំណាច​នៅ​ក្រុង​យេរូ‌សាឡិម

1. រីឯ​អ័ថា‌លា ព្រះ‌មាតា​នៃ​អ័ហា‌ស៊ីយ៉ា កាល​បាន​ឃើញ​ថា ព្រះ‌រាជ‌បុត្រា​សុគត​ហើយ​ដូច្នោះ នោះ​ព្រះ‌នាង​ក៏​ចាត់‌ចែង​បំផ្លាញ​ជំនួរ​វង្ស​នៃ​ស្តេច​ទាំង​ប៉ុន្មាន​ទៅ

2. តែ​យ៉ូសេបា ជា​បុត្រី​ស្តេច​យ៉ូរ៉ាម ហើយ​ជា​កនិដ្ឋា​របស់​អ័ហា‌ស៊ីយ៉ា នាង​បាន​លួច​យក​យ៉ូអាស ជា​បុត្រា​របស់​អ័ហា‌ស៊ីយ៉ា ចេញ​ពី​ពួក​បុត្រា​របស់​ស្តេច ដែល​ត្រូវ​ស្លាប់​នោះ ព្រម​ទាំង​មេនំ​ផង ទៅ​លាក់​ទុក​ក្នុង​បន្ទប់​ដេក ឲ្យ​រួច​ពី​អ័ថា‌លា មិន​ឲ្យ​ត្រូវ​ស្លាប់

3. បុត្រ​នោះ​ក៏​នៅ​ជា​មួយ​នឹង​នាង លាក់​ទុក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​អស់​៦​ឆ្នាំ ឯ​ព្រះ‌នាង​អ័ថា‌លា បាន​សោយ‌រាជ្យ​លើ​នគរ។

ស្តេច​យ៉ូអាស​ឡើង​គ្រង​រាជ្យ

4. លុះ​ដល់​ឆ្នាំ​ទី​៧ នោះ​យេហូ‌យ៉ាដា​ក៏​ចាត់​គេ ឲ្យ​ទៅ​នាំ​ពួក​មេ‌ទ័ព ពួក​នាយ និង​ពួក​ថ្មើរ​ជើង មក​ឯ​លោក​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា លោក​ក៏​តាំង​សញ្ញា​នឹង​គេ ហើយ​ឲ្យ​គេ​ស្បថ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា រួច​បង្ហាញ​ឲ្យ​គេ​ឃើញ​បុត្រា​នៃ​ស្តេច​នោះ

5. លោក​បង្គាប់​គេ​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​នេះ គឺ​ពួក​អ្នក​រាល់​គ្នា​១​ភាគ​ក្នុង​៣ ដែល​ចូល​វេន​នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ត្រូវ​ត្រួត​លើ​ការ​ចាំ​យាម រក្សា​នៅ​មន្ទីរ​របស់​ស្តេច

6. ត្រូវ​ឲ្យ​១​ភាគ​ក្នុង​៣​ទៀត នៅ​ត្រង់​មាត់​ទ្វារ​ស៊ើរ ហើយ​១​ភាគ​ក្នុង​៣​ទៀត នៅ​ត្រង់​ទ្វារ​ខាង​ក្រោយ​ទី​នៃ​ពួក​ចាំ​យាម អ្នក​រាល់​គ្នា​ត្រូវ​ចាំ​យាម​រក្សា​ព្រះ‌វិហារ​យ៉ាង​នោះ កុំ​ឲ្យ​អ្នក​ណា​ចូល​ឡើយ

7. ឯ​អ្នក​រាល់​គ្នា​ទាំង​២​កង ដែល​ចេញ​វេន​នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ត្រូវ​ចាំ​យាម​រក្សា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ព័ទ្ធ​ជុំវិញ​ស្តេច

8. ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​កាន់​គ្រឿង​សស្រ្តា‌វុធ នៅ​ដៃ​រៀង​ខ្លួន​ចោម​ព័ទ្ធ​ស្តេច បើ​មាន​អ្នក​ណា​ចូល​ហួស​ថែវ​អ្នក​រាល់​គ្នា​មក នោះ​ត្រូវ​សំឡាប់​ចេញ ហើយ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​នឹង​ស្តេច ក្នុង​កាល​ដែល​ទ្រង់​យាង​ចេញ​ទៅ និង​ចូល​មក​ផង។

9. ពួក​មេ‌ទ័ព គេ​ធ្វើ​តាម​បង្គាប់​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ​គ្រប់​ជំពូក គេ​នាំ​យក​ពួក​កង​គេ​រៀង​ខ្លួន ជា​ពួក​ដែល​ចូល​វេន​នៅ​ថ្ងៃ​ឈប់​សំរាក និង​ពួក​ដែល​ចេញ​វេន​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ មក​ឯ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ

10. លោក​ក៏​ចែក​លំពែង និង​ខែល​របស់​ស្តេច​ដាវីឌ ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដល់​ពួក​មេ‌ទ័ព

11. ដូច្នេះ ពួក​ចាំ​យាម​គេ​ក៏​កាន់​គ្រឿង​សស្រ្តា‌វុធ​នៅ​ដៃ​រៀង​ខ្លួន ឈរ​នៅ​ព័ទ្ធ​ជុំវិញ​ស្តេច ចាប់​តាំង​ពី​ខាង​ស្តាំ​ព្រះ‌វិហារ រហូត​ដល់​ខាង​ឆ្វេង​តាម​ក្បែរ​អាស‌នា​ព្រះ‌វិហារ

12. នោះ​លោក​នាំ​ព្រះ‌រាជ‌បុត្រា​នៃ​ស្តេច​ចេញ​មក ហើយ​បំពាក់​មកុដ‌រាជ្យ​ថ្វាយ​ទ្រង់ ព្រម​ទាំង​ប្រគល់​សេចក្តី​បន្ទាល់​ដល់​ទ្រង់ តាំង​ឡើង​ជា​ស្តេច ហើយ​ចាក់​ប្រេង​ថ្វាយ នោះ​គេ​ក៏​ទះ​ដៃ​បន្លឺ​ឡើង​ថា សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្តី​ចំរើន។

13. កាល​ព្រះ‌នាង​អ័ថា‌លា បាន​ឮ​សូរ​អឺង‌កង​នៃ​ពួក​ចាំ​យាម និង​បណ្តា‌ជន​ទាំង​ប៉ុន្មាន នោះ​ព្រះ‌នាង​យាង​ចូល​ទៅ​ឯ​គេ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

14. ក៏​ទត​មើល​ទៅ​ឃើញ​ស្តេច​ទ្រង់​ប្រថាប់ នៅ​លើ​ទី​ថ្កល់ តាម​ទំនៀម​មាន​ទាំង​ពួក​មេ‌ទ័ព និង​ពួក​ផ្លុំ​ត្រែ ឈរ​នៅ​ជិត​ផង ពួក​បណ្តា‌ជន ជា​អ្នក​ស្រុក​នោះ​ទាំង​អស់ ក៏​រីក‌រាយ​សប្បាយ​ឡើង ទាំង​ផ្លុំ​ត្រែ​ផង ដូច្នេះ​ព្រះ‌នាង​អ័ថា‌លា​ទ្រង់​ហែក​ព្រះ‌ពស្រ្ត​ស្រែក​ឡើង​ថា នេះ​ជា​ការ​ក្បត់ ជា​ការ​ក្បត់​ហើយ

15. តែ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​បង្គាប់​ដល់​ពួក​មេ‌ទ័ព​ដែល​ត្រួត​លើ​ពល‌ទ័ព​ថា ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ​ទៅ ហើយ​បើ​អ្នក​ណា​តាម​ព្រះ‌នាង នោះ​ត្រូវ​សំឡាប់​គេ​ដោយ​ដាវ នោះ​គឺ​ពី​ព្រោះ​សង្ឃ​បាន​ប្រាប់​ថា កុំ​ឲ្យ​សំឡាប់​ព្រះ‌នាង​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ

16. ដូច្នេះ គេ​ក៏​ចៀស​បើក​ផ្លូវ​ឲ្យ​ព្រះ‌នាង​យាង​ចេញ ហើយ​ព្រះ‌នាង​យាង​ចេញ​ទៅ​តាម​ផ្លូវ​សេះ ដែល​ចូល​ទៅ​ឯ​ដំណាក់​ស្តេច រួច​គេ​ធ្វើ​គុត​នៅ​ទី​នោះ​ទៅ។

17. រួច​មក​យេហូ‌យ៉ាដា លោក​ឲ្យ​ស្តេច និង​ពួក​ជន​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា​ថា គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ស្តេច និង​ពួក​រាស្ត្រ ចុះ​សញ្ញា​គ្នា​ដែរ

18. ក្រោយ​នោះ​ពួក​បណ្តា‌ជន​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​ស្រុក គេ​ចូល​ទៅ​បំផ្លាញ​វិហារ​ព្រះ‌បាល បំបាក់​បំបែក​អស់​ទាំង​អាស‌នា ព្រម​ទាំង​រូប​ព្រះ​អស់​រលីង ក៏​សំឡាប់​ម៉ាត់‌ថាន ជា​សង្ឃ​នៃ​ព្រះ‌បាល នៅ​ត្រង់​មុខ​អាស‌នា រួច​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​តាំង​ឲ្យ​មាន​ពួក​ត្រួត‌ត្រា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

19. លោក​ក៏​នាំ​យក​ពួក​មេ‌ទ័ព ពួក​នាយ និង​ពួក​ថ្មើរ​ជើង ព្រម​ទាំង​ពួក​បណ្តា‌ជន​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក ទៅ​ដង្ហែ​ស្តេច​ចុះ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចូល​ទៅ​ក្នុង​ដំណាក់​ហ្លួង តាម​ផ្លូវ​ទ្វារ​កំផែង ជា​ទី​របស់​ពួក​ចាំ​យាម ហើយ​ទ្រង់​ក៏​ឡើង​គង់​លើ​បល្ល័ង្ក‌រាជ្យ

20. ដូច្នេះ ពួក​បណ្តា‌ជន​ទាំង‌ឡាយ​នៅ​ក្នុង​ស្រុក គេ​រីក‌រាយ​សប្បាយ​ឡើង​ទាំង​អស់​គ្នា ហើយ​ទី​ក្រុង​ក៏​មាន​សេចក្តី​សុខ‌សាន្ត‌ត្រាណ ឯ​អ័ថា‌លា គេ​បាន​ធ្វើ​គុត​ព្រះ‌នាង​ដោយ​ដាវ នៅ​ត្រង់​ដំណាក់​ស្តេច​ទៅ។