ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​រាជ្យ​ទ្រង់ នោះ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន​ក៏​ឡើង​មក ហើយ​យេហូ‌យ៉ា‌គីម​ក៏​ចុះ​ចូល​ជា​អ្នក​បំរើ​ទ្រង់​អស់​៣​ឆ្នាំ ក្រោយ​មក​បែរ​ជា​បះ‌បោរ​នឹង​ទ្រង់​វិញ

2. គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ប្រើ​ពួក​កង​សាសន៍​ខាល់ដេ សាសន៍​ស៊ីរី សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន ឲ្យ​មក​ទាស់​នឹង​ទ្រង់ ដើម្បី​នឹង​បំផ្លាញ​ស្រុក​យូដា​ទៅ តាម​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់

3. ពិត​ប្រាកដ​ជា​សេចក្តី​ទាំង​នោះ​កើត​មក​ដល់​ស្រុក​យូដា ដោយ​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ដក​គេ ពី​ចំពោះ​ទ្រង់​ចេញ ដោយ​ព្រោះ​អំពើ​បាប​របស់​ម៉ាន៉ាសេ ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន

4. ហើយ​ដោយ​ព្រោះ​ឈាម​ឥត​ទោស ដែល​ទ្រង់​បាន​កំចាយ​ផង ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម ពេញ​ដោយ​ឈាម​ដែល​ឥត​ទោស​នោះ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​អត់​ទោស​ឲ្យ​ទេ

5. រីឯ​ដំណើរ​ឯ​ទៀត​ពី​យេហូ‌យ៉ា‌គីម និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ស្រេច​ហើយ

6. យេហូ‌យ៉ា‌គីម​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ រួច​យ៉ូយ៉ា‌គីន ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា

7. ឯ​ស្តេច​ស្រុក​អេស៊ីព្ទ ទ្រង់​មិន​បាន​ចេញ​ពី​ស្រុក​ទ្រង់​មក​ទៀត​ទេ ដ្បិត​ស្តេច​ស្រុក​បាប៊ី‌ឡូន ទ្រង់​បាន​វាយ​យក​ស្រុក​របស់​ស្តេច​អេស៊ីព្ទ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ជ្រោះ​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទន្លេ​អ៊ើប្រាត​ហើយ។

ស្តេច​យ៉ូយ៉ា‌គីន​សោយ‌រាជ្យ​លើ​ស្រុក​យូដា

8. កាល​យ៉ូយ៉ា‌គីន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​១៨​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣​ខែ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម ជា​នេហ៊ូសថា បុត្រី​អែល‌ណា‌ថាន ជា​អ្នក​ក្រុង​យេរូ‌សាឡិម

9. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​អំពើ ដែល​ព្រះ‌បិតា​ទ្រង់​បាន​ប្រព្រឹត្ត​ដែរ។

10. នៅ​គ្រា​នោះ ពួក​ពល‌ទ័ព​របស់​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន ក៏​ឡើង​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម

11. ឯ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន ទ្រង់​ក៏​ឡើង​មក​ដល់​ទី​ក្រុង កំពុង​ដែល​ពួក​ពល‌ទ័ព​ទ្រង់​ឡោម‌ព័ទ្ធ​នោះ

12. ហើយ​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា ព្រម​ទាំង​ព្រះ‌មាតា ពួក​ជំនិត ពួក​អ្នក​ធំ និង​ពួក​មេ‌ទ័ព​របស់​ទ្រង់​ផង ក៏​ចេញ​ទៅ​គាល់​ស្តេច​បាប៊ី‌ឡូន គឺ​នៅ​ឆ្នាំ​ទី​៨​ក្នុង​រាជ្យ​ទ្រង់​នោះ​ឯង ដែល​ស្តេច​បាប៊ី‌ឡូន​ចាប់​យក​បាន

13. នេប៊ូ‌ក្នេសា​ក៏​នាំ​យក​អស់​ទាំង​ទ្រព្យ​វិសេស ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពី​ព្រះ‌រាជ‌វាំង​ចេញ​មក ក៏​យក​អស់​ទាំង​គ្រឿង​ប្រដាប់​មាស ដែល​សាឡូ‌ម៉ូន ជា​ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា កាត់​ជា​ដុំៗ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល

14. ទ្រង់​ក៏​ដឹក‌នាំ​ពួក​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ទៅ ព្រម​ទាំង​ពួក​អ្នក​ធំ និង​ពួក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ទៅ​ផង ឯ​ពួក​ឈ្លើយ​ទាំង​អស់​មាន​ចំនួន​១​ម៉ឺន​នាក់ រួម​ទាំង​ពួក​រចនា និង​ពួក​ជាង​ទាំង​អស់​ដែរ សល់​នៅ​តែ​មនុស្ស​ទាល់​ក្រ​បំផុត នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ

15. ទ្រង់​ក៏​ដឹក‌នាំ​យ៉ូយ៉ា‌គីន ព្រម​ទាំង​ព្រះ‌មាតា និង​ភរិយា ហើយ​ពួក​មេ‌ទ័ព និង​ពួក​អ្នក​ធំ​ក្នុង​ស្រុក​នោះ​ផង ទៅ​ឯ​ស្រុក​បាប៊ី‌ឡូន គឺ​ទ្រង់​នាំ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ី‌ឡូន​នោះ

16. ឯ​អស់​ទាំង​មនុស្ស​ខ្លាំង​ពូកែ ចំនួន​ជា​៧​ពាន់​នាក់ និង​ពួក​រចនា ហើយ​ពួក​ជាង ចំនួន​ជា​១​ពាន់​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ពេញ​កំឡាំង​ល្មម​ច្បាំង​បាន នោះ​ស្តេច​បាប៊ី‌ឡូន​បាន​នាំ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ី‌ឡូន​ទាំង​អស់

17. រួច​ស្តេច​បាប៊ី‌ឡូន​ទ្រង់​លើក​ម៉ាថានា ជា​មា​របស់​យ៉ូយ៉ា‌គីន តាំង​ឡើង​ឲ្យ​បាន​សោយ‌រាជ្យ​ជំនួស ក៏​ផ្លាស់​ព្រះ‌នាម​ទៅ​ជា​សេដេគា។

ស្តេច​សេដេគា​សោយ‌រាជ្យ​លើ​ស្រុក​យូដា

18. កាល​សេដេគា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២១​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១១​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា ហាមូ‌ថាល បុត្រី​យេរេមី ជា​អ្នក​ស្រុក​លិបណា

19. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​អំពើ​ដែល​យេហូ‌យ៉ា‌គីម​បាន​ប្រព្រឹត្ត​ដែរ

20. គឺ​យ៉ាង​នោះ​ដែល​សេចក្តី​ក្រោធ​នៃ​ព្រះ‌យេហូវ៉ា បាន​កើត​ឡើង​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​ស្រុក​យូដា ដរាប​ដល់​ទ្រង់​បាន​បោះ​គេ​ចោល​ពី​ចំពោះ​ទ្រង់​ចេញ។