ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 20 Khmer Standard Version (KHSV)

រាជ្យ​មួយ​ពាន់​ឆ្នាំ

1. បន្ទាប់​មក ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ចុះ​ពី​លើ​មេឃ ទាំង​កាន់​កូន​សោ​ស្ថាន​នរក​អវិចី និង​ច្រវាក់​មួយ​យ៉ាង​ធំ​នៅ​ដៃ​ផង។

2. ទេវតា​នោះ​បាន​ចាប់​នាគ​មក​ចង​ទុក​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។ នាគ​នោះ​ជា​ពស់​ពី​បុរាណ ជា​មារ* និង​ជា​សាតាំង។

3. ទេវតា​បាន​បោះ​វា​ទៅ​ស្ថាន​នរក​អវិចី ហើយ​ចាក់​សោ បិទ​ត្រា​លើ​ទ្វារ រហូត​ដល់​គម្រប់​មួយ​ពាន់​ឆ្នាំ ដើម្បី​កុំ​ឲ្យ​វា​ល្បួង​ជាតិ​សាសន៍​នានា​ឲ្យ​វង្វេង​ទៀត។ លុះ​ផុត​កំណត់​នេះ​ទៅ ត្រូវ​តែ​ដោះ​លែង​វា​មួយ​រយៈ​ពេល​ខ្លី។

4. ខ្ញុំ​ឃើញ​បល្ល័ង្ក​ជា​ច្រើន ហើយ​អស់​អ្នក​ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ បាន​ទទួល​អំណាច​នឹង​វិនិច្ឆ័យ​ទោស។ ខ្ញុំ​ក៏​ឃើញ​វិញ្ញាណ‌ក្ខ័ន្ធ​របស់​អស់​អ្នក​ដែល​ស្លាប់ ដោយ​គេ​កាត់​ក ព្រោះ​តែ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌យេស៊ូ និង​អំពី​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ខ្ញុំ​ក៏​ឃើញ​វិញ្ញាណ‌ក្ខ័ន្ធ​របស់​អស់​អ្នក​ដែល​មិន​បាន​ក្រាប​ថ្វាយ‌បង្គំ​សត្វ​តិរច្ឆាន ឬ​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា ហើយ​មិន​បាន​ទទួល​សញ្ញា​សម្គាល់​លើ​ថ្ងាស និង​នៅ​លើ​ដៃ​ដែរ​។ អ្នក​ទាំង​នោះ​មាន​ជីវិត​រស់​ឡើង​វិញ សោយ​រាជ្យ​ជា​មួយ​ព្រះ‌គ្រិស្ដ​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។

5. រីឯ​មនុស្ស​ឯ​ទៀតៗ​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ ពុំ​បាន​រស់​ឡើង​វិញ​ទេ គឺ​រហូត​ដល់​គម្រប់​មួយ​ពាន់​ឆ្នាំ​ទើប​រស់​ឡើង​វិញ។ នេះ​ជា​ការ​រស់​ឡើង​វិញ​លើក​ទី​មួយ

6. អស់​អ្នក​ដែល​បាន​រស់​ឡើង​វិញ​នៅ​លើក​ទី​មួយ​ពិត​ជា​មាន​សុភមង្គល* ហើយ​នឹង​បាន​វិសុទ្ធ*​ទៀត​ផង!។ សេចក្ដី​ស្លាប់​ទី​ពីរ គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ គេ​នឹង​ទៅ​ជា​បូជា‌ចារ្យ*​របស់​ព្រះ‌ជា‌ម្ចាស់ និង​របស់​ព្រះ‌គ្រិស្ដ ហើយ​សោយ​រាជ្យ​ជា​មួយ​ព្រះ‌អង្គ ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។

បរា‌ជ័យ​របស់​មារ​សាតាំង

7. លុះ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ មារ​សាតាំង​នឹង​រួច​ពី​គុក

8. ហើយ​វា​ចេញ​ទៅ​បញ្ឆោត​ជាតិ​សាសន៍​នានា នៅ​ទិស​ទាំង​បួន​ឲ្យ​វង្វេង គឺ​វា​នាំ​ទាំង​សាសន៍​កុក ទាំង​សាសន៍​ម៉ាកុក​ឲ្យ​វង្វេង​ដែរ ដើម្បី​ប្រមូល​គេ​មក​ធ្វើ​សឹក​សង្គ្រាម។ ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។

9. ពួក​គេ​បាន​ឡើង​ទៅ​ច្បាំង​ពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល ហើយ​ឡោម‌ព័ទ្ធ​ទី​បោះ​ជំរំ​របស់​ប្រជា‌រាស្ដ្រ​ព្រះ‌ជា‌ម្ចាស់ ព្រម​ទាំង​ឡោម‌ព័ទ្ធ​ក្រុង​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ថែម​ទៀត​ផង។ ក៏​ប៉ុន្តែ មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​លេប​ពួក​គេ​អស់​ទៅ។

10. រីឯ​មារ​ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​នោះ​ឲ្យ​វង្វេង ក៏​ត្រូវ​គេ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ​ដែល​មាន​សត្វ​តិរច្ឆាន និង​ព្យាការី​ក្លែង‌ក្លាយ​នៅ​ក្នុង​នោះ​ស្រាប់។ គេ​នឹង​រង‌ទុក្ខ​វេទនា​ទាំង​ថ្ងៃ ទាំង​យប់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

ការ​វិនិច្ឆ័យ​ទោស​ចុង​ក្រោយ​បង្អស់

11. បន្ទាប់​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​ធំ​ពណ៌​ស ព្រម​ទាំង​ឃើញ​ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​នោះ​ផង​ដែរ។ ផែន‌ដី និង​ផ្ទៃ​មេឃ បាន​រត់​ចេញ​បាត់​ពី​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ទៅ ឥត​មាន​សល់​អ្វី​ឡើយ។

12. ខ្ញុំ​ក៏​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច ឈរ​នៅ​មុខ​បល្ល័ង្ក ហើយ​មាន​ក្រាំង​ជា​ច្រើន​បើក​ជា​ស្រេច មាន​ក្រាំង​មួយ​ទៀត​បើក​ដែរ គឺ​ក្រាំង​នៃ​បញ្ជី​ជីវិត។ ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទ្រង់​វិនិច្ឆ័យ​ទោស​មនុស្ស​ស្លាប់​ទាំង​អស់ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ដូច​មាន​កត់‌ត្រា​ទុក​ក្នុង​ក្រាំង​ទាំង​នោះ​ស្រាប់។

13. សមុទ្រ​បាន​ប្រគល់​មនុស្ស​ស្លាប់​ដែល​នៅ​ក្នុង​ទឹក​មក​វិញ សេចក្ដី​ស្លាប់ និង​ស្ថាន​មច្ចុរាជ​ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់ ដែល​នៅ​ទី​នោះ​មក​វិញ​ដែរ ហើយ​ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

14. សេចក្ដី​ស្លាប់ និង​ស្ថាន​មច្ចុរាជ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង។ បឹង​ភ្លើង​នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ។

15. អស់​អ្នក​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ជីវិត ក៏​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ដែរ។