ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 12 Khmer Standard Version (KHSV)

ស្ត្រី និង​នាគ

1. ពេល​នោះ មាន​ទី​សម្គាល់​មួយ​យ៉ាង​ធំ​លេច​ចេញ​មក នៅ​លើ​មេឃ គឺ​មាន​ស្ត្រី​មួយ​រូប​ស្លៀក​ពាក់​ព្រះ‌អាទិត្យ​បិទ‌បាំង​កាយ មាន​ព្រះ‌ច័ន្ទ​នៅ​ក្រោម​ជើង ព្រម​ទាំង​មាន​ពាក់​ផ្កាយ​ដប់‌ពីរ​ជា​មកុដ​នៅ​លើ​ក្បាល​ផង។

2. ស្ត្រី​នោះ​មាន​ផ្ទៃ​ពោះ ហើយ​កំពុង​ស្រែក​ឈឺ​ចុក​ចាប់ ហៀប​នឹង​សម្រាល​បុត្រ។

3. មាន​ទី​សម្គាល់​មួយ​ទៀត លេច​ចេញ​មក​នៅ​លើ​មេឃ​ដែរ គឺ​មាន​នាគ​មួយ​យ៉ាង​ធំ សម្បុរ​ក្រហម​ឆ្អិន‌ឆ្អៅ​ដូច​ភ្លើង។ នាគ​នោះ​មាន​ក្បាល​ប្រាំ‌ពីរ និង​មាន​ស្នែង​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំ‌ពីរ​របស់​វា មាន​មកុដ​ប្រាំ‌ពីរ​ដែរ។

4. កន្ទុយ​វា​កៀរ​ប្រមូល​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​ទម្លាក់​មក​ផែន‌ដី។ នាគ​មក​ពេន​នៅ​មុខ​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​បុត្រ ចាំ​ត្របាក់​លេប​បុត្រ នៅ​ពេល​បុត្រ​នោះ​កើត​មក។

5. នាង​សម្រាល​បាន​បុត្រ​មួយ​ដែល​ត្រូវ​កាន់​ដំបង​ដែក ដឹក​នាំ​ជាតិ​សាសន៍​ទាំង​អស់។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ឆក់​យក​បុត្រ​នោះ​ឡើង​ទៅ​ជា​មួយ​ព្រះ‌អង្គ គឺ​នៅ​ជិត​បល្ល័ង្ក​របស់​ព្រះ‌អង្គ។

6. រីឯ​ស្ត្រី​វិញ នាង​រត់​ភៀស​ខ្លួន​ទៅ​នៅ​វាល​រហោ‌ស្ថាន​ត្រង់​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​បាន​រៀប‌ចំ​ទុក ដើម្បី​ឲ្យ​គេ​ទំនុក​បម្រុង​នាង​ក្នុង​អំឡុង​ពេល​មួយ​ពាន់​ពីរ​រយ​ហុក‌សិប​ថ្ងៃ។

7. ពេល​នោះ ក៏​មាន​ចំបាំង​ផ្ទុះ​ឡើង នៅ​លើ​មេឃ គឺ​មហា​ទេវតា​មីកែល និង​ពួក​ទេវតា​របស់​លោក​នាំ​គ្នា​ច្បាំង​នឹង​នាគ ហើយ​នាគ​រួម​ជា​មួយ​ពួក​បរិវារ​វា​ក៏​ច្បាំង​តទល់​វិញ​ដែរ

8. ក៏​ប៉ុន្តែ វា​ច្បាំង​មិន​ឈ្នះ ហើយ​រក​កន្លែង​ស្នាក់​នៅ​លើ​មេឃ​មិន​បាន​ទៀត​ឡើយ។

9. នាគ​ធំ​នោះ​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក គឺ​នាគ​ធំ​ហ្នឹង​ឯង​ជា​ពស់​ពី​បុរាណ ឈ្មោះ​មារ* ឬ​សាតាំង ដែល​បាន​នាំ​មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​ឲ្យ​វង្វេង។ វា​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ផែន‌ដី ហើយ​ពួក​បរិវារ​វា​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ជា​មួយ​ដែរ។

10. ពេល​នោះ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​បន្លឺ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក​ហើយ ហើយ​ឫទ្ធា‌នុភាព និង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​របស់​យើង ព្រម​ទាំង​អំណាច​ព្រះ‌គ្រិស្ដ​របស់​ព្រះ‌អង្គ​ក៏​បាន​មក​ដល់​ដែរ ដ្បិត​អ្នក​ចោទ​ប្រកាន់​ទោស​បង‌ប្អូន​យើង ត្រូវ​គេ​ទម្លាក់​ចោល​ហើយ គឺ​អ្នក​នោះ​ឯង​ដែល​ចោទ​ប្រកាន់​បង‌ប្អូន​យើង ទាំង​ថ្ងៃ​ទាំង​យប់ នៅ​មុខ​ព្រះ‌ភ័ក្ត្រ​នៃ​ព្រះ​របស់​យើង។

11. បង‌ប្អូន​យើង​បាន​ឈ្នះ​វា ដោយ‌សារ​ព្រះ‌លោហិត​របស់​កូន​ចៀម និង​ដោយ​សក្ខីភាព​របស់​ពួក​គេ ហើយ​បង‌ប្អូន​ទាំង​នោះ​បាន​ស៊ូ​ប្ដូរ​ជីវិត ឥត​ស្ដាយ​សោះ​ឡើយ។

12. ហេតុ​នេះ ស្ថាន​បរម‌សុខ* និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរម‌សុខ​អើយ ចូរ​មាន​អំណរ​សប្បាយ​ឡើង! រីឯ​ផែន‌ដី និង​សមុទ្រ​វិញ អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន! ដ្បិត​មារ*​បាន​ចុះ​ទៅ​រក​អ្នក​រាល់​គ្នា ទាំង​មាន​កំរោល​ចូល​យ៉ាង​ខ្លាំង​ផង ព្រោះ​វា​ដឹង​ថា វា​នៅ​សល់​ពេល​តែ​បន្តិច​ប៉ុណ្ណោះ»។

13. កាល​នាគ​ឃើញ​ថា​ខ្លួន​ត្រូវ​គេ​ទម្លាក់​ចុះ​មក​លើ​ផែន‌ដី​ដូច្នេះ វា​ក៏​ដេញ​តាម​ស្ត្រី​ដែល​បាន​សម្រាល​បុត្រ។

14. នាង​បាន​ទទួល​ស្លាប​ទាំង​ពីរ​របស់​ឥន្ទ្រី​ដ៏​ធំ​នោះ ដើម្បី​ហោះ​ទៅ​កាន់​វាល​រហោ‌ស្ថាន គឺ​នៅ​កន្លែង​របស់​នាង។ នៅ​ទី​នោះ ព្រះ‌ជា‌ម្ចាស់​នឹង​ទំនុក​បម្រុង​នាង ក្នុង​រយៈ​ពេល​មួយ​វស្សា ពីរ​វស្សា និង​ពាក់​កណ្ដាល​វស្សា​ ឲ្យ​ឆ្ងាយ​ពី​មុខ​ពស់។

15. ពស់​បាន​ព្រួស​ទឹក​ចេញ​ពី​មាត់​វា​ដូច​ទឹក​ទន្លេ តាម​ពី​ក្រោយ​នាង ដើម្បី​ឲ្យ​ទឹក​ហូរ​នាំ​យក​នាង​ទៅ

16. ក៏​ប៉ុន្តែ ព្រះ‌ធរណី​បាន​ជួយ​នាង ដោយ​ស្រូប​ទឹក​ទន្លេ​ដែល​នាគ​បាន​ព្រួស​ចេញ​ពី​មាត់​វា​នោះ​អស់។

17. នាគ​ក្ដៅ​ក្រហាយ​នឹង​ស្ត្រី​នោះ​យ៉ាង​ខ្លាំង វា​ក៏​ចេញ​ទៅ​ធ្វើ​សឹក​នឹង​កូន​ចៅ​របស់​នាង​ដែល​នៅ​សល់ គឺ​ធ្វើ​សឹក​នឹង​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​បទ‌បញ្ជា*​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់ និង​អស់​អ្នក​ដែល​បាន​ជឿ​សក្ខីភាព​របស់​ព្រះ‌យេស៊ូ។

18. បន្ទាប់​មក នាគ​ក៏​ទៅ​នៅ​តាម​ឆ្នេរ​ខ្សាច់ នា​មាត់​សមុទ្រ។