ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 14 Khmer Standard Version (KHSV)

កូន​ចៀម និង​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​លោះ

1. ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ នៅ​ជា​មួយ​ព្រះ‌អង្គ អ្នក​ទាំង​នេះ​មាន​ព្រះ‌នាម​កូន​ចៀម និង​ព្រះ‌នាម​ព្រះ‌បិតា​របស់​ព្រះ‌អង្គ​ចារ​នៅ​លើ​ថ្ងាស។

2. ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ពី​លើ​មេឃ​មក ស្នូរ​សន្ធឹក​ដូច​មហា​សាគរ ឬ​ដូច​ផ្គរ‌លាន់​យ៉ាង​ខ្លាំង។ សំឡេង​ដែល​ខ្ញុំ​ឮ មាន​សំនៀង​ដូច​ពួក​អ្នក​លេង​ពិណ​កំពុង​ប្រគំ​តូរ្យ​តន្ត្រី។

3. អ្នក​ទាំង​នេះ​ច្រៀង​ចម្រៀង​ថ្មី​នៅ​មុខ​បល្ល័ង្ក នៅ​មុខ​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​មុខ​ពួក​ព្រឹទ្ធា‌ចារ្យ។ គ្មាន​នរណា​ម្នាក់​អាច​រៀន​ចម្រៀង​នោះ​ចេះ​ឡើយ លើក‌លែង​តែ​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ ដែល​ព្រះ‌ជា‌ម្ចាស់​បាន​លោះ​ពី​ផែន‌ដី​មក។

4. អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​ពុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង​នឹង​ស្ត្រីៗ​ឡើយ គឺ​គេ​នៅ​ព្រហ្មចារី​ទាំង​អស់​គ្នា។ កូន​ចៀម​ទៅ​ទី​ណា គេ​ក៏​នាំ​គ្នា​ទៅ​ទី​នោះ​តាម​ព្រះ‌អង្គ​ដែរ។ ព្រះ‌អង្គ​បាន​លោះ​គេ​ចេញ​ពី​ចំណោម​មនុស្ស​លោក​មក ទុក​ជា​ផល​ដំបូង​ថ្វាយ​ព្រះ‌ជា‌ម្ចាស់ និង​ថ្វាយ​កូន​ចៀម

5. ហើយ​អ្នក​ទាំង​នោះ​ក៏​មិន​ដែល​ពោល​ពាក្យ​កុហក​ដែរ គឺ​គេ​ឥត​មាន​សៅ‌ហ្មង​ត្រង់​ណា​សោះ​ឡើយ។

ប្រកាស​អំពី​ការ​វិនិច្ឆ័យ​ទោស

6. ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ទៀត ហោះ​កណ្ដាល​អាកាស‌វេហាស៍ ទេវតា​នោះ​នាំ​ដំណឹង‌ល្អ*​មួយ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច មក​ប្រាប់​មនុស្ស​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ប្រជា‌ជន​ដែល​រស់​នៅ​លើ​ផែន‌ដី។

7. ទេវតា​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «ចូរ​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់ និង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ ដ្បិត​ដល់​ពេល​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​ហើយ! ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែន‌ដី សមុទ្រ ព្រម​ទាំង​ប្រភព​ទឹក​ទាំង‌ឡាយ!»។

8. មាន​ទេវតា​មួយ​រូប​ទៀត​មក​តាម​ក្រោយ ពោល​ថា៖ «រលំ​ហើយ! រលំ​ហើយ! ក្រុង​បាប៊ី‌ឡូន​មហា​នគរ ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ស្រវឹង​នឹង​កាម‌គុណ​ដ៏​ថោក​ទាប​បំផុត​​របស់​វា!»។

9. មាន​ទេវតា​មួយ​រូប​ទៀត ជា​ទេវតា​ទី​បី មក​តាម​ក្រោយ ពោល​ឡើង​យ៉ាង​ខ្លាំង​ថា៖ «អ្នក​ណា​ក្រាប​ថ្វាយ‌បង្គំ​សត្វ​តិរច្ឆាន​នោះ និង​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា ព្រម​ទាំង​ទទួល​សញ្ញា​សម្គាល់​នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ

10. អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទណ្ឌ‌កម្ម​ពី​ព្រះ‌ជា‌ម្ចាស់ ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ទោស​គេ​ឥត​ត្រា​ប្រណី​ឡើយ​ ហើយ​គេ​នឹង​ត្រូវ​រង‌ទុក្ខ​ទោស​នៅ​ក្នុង​ភ្លើង និង​ក្នុង​ស្ពាន់ធ័រ នៅ​ចំពោះ​មុខ​ពួក​ទេវតា​ដ៏‌វិសុទ្ធ* និង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​កូន​ចៀម។

11. ផ្សែង​ភ្លើង​ដែល​ធ្វើ​ឲ្យ​គេ​រង‌ទុក្ខ​ទោស ហុយ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អស់​អ្នក​ដែល​បាន​ក្រាប​ថ្វាយ‌បង្គំ​សត្វ​តិរច្ឆាន និង​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា ហើយ​បាន​ទទួល​សញ្ញា​សម្គាល់​ឈ្មោះ​របស់​វា មុខ​ជា​ត្រូវ​វេទនា ទាំង​ថ្ងៃ​ទាំង​យប់ ឥត​ស្រាក‌ស្រាន្ត​ឡើយ»។

12. ដូច្នេះ ប្រជា‌ជន​ដ៏‌វិសុទ្ធ* គឺ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​បទ​បញ្ជា*​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជា‌ម្ចាស់ និង​កាន់​តាម​ជំនឿ​របស់​ព្រះ‌យេស៊ូ ត្រូវ​មាន​ចិត្ត​ព្យាយាម។

13. ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ពី​លើ​មេឃ​មក​ថា៖ «ចូរ​សរសេរ​ដូច​ត​ទៅ: អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​ព្រះ‌អម្ចាស់​ពិត​ជា​មាន​សុភមង្គល* ចាប់​តាំង​ពី​ពេល​នេះ​ទៅ​ហើយ! ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ថា ពិត​មែន​ហើយ អ្នក​ទាំង​នោះ​នឹង​បាន​ឈប់​សម្រាក លែង​នឿយ‌ហត់​ទៀត ដ្បិត​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន នឹង​អន្ទោល​តាម​គេ​ជាប់​ជា‌និច្ច»។

ការ​ច្រូត​កាត់ និង​ការ​បេះ​ផ្លែ​ទំពាំង‌បាយជូរ

14. ខ្ញុំ​មើល​ទៅ​ឃើញ​ពពក*​ស​មួយ​ដុំ ហើយ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស* អង្គុយ​លើ​ពពក​នោះ។ លោក​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល ព្រម​ទាំង​កាន់​កណ្ដៀវ​មួយ​យ៉ាង​មុត​នៅ​ដៃ​ផង។

15. មាន​ទេវតា​មួយ​រូប​ទៀត​ចេញ​ពី​ព្រះ‌វិហារ​មក ហើយ​ស្រែក​ឡើង​ខ្លាំងៗ​ទៅ​កាន់​លោក​ដែល​អង្គុយ​លើ​ពពក​ថា៖ «សូម​យក​កណ្ដៀវ​របស់​លោក​មក​ច្រូត​ទៅ! ដល់​ពេល​ច្រូត​ហើយ ដ្បិត​ផែន‌ដី​ទុំ ល្មម​ច្រូត​ហើយ»។

16. ពេល​នោះ លោក​ដែល​អង្គុយ​នៅ​លើ​ពពក បោះ​កណ្ដៀវ​មក​ផែន‌ដី ផែន‌ដី​ក៏​ច្រូត​ស្រេច​រួច​រាល់។

17. មាន​ទេវតា​មួយ​រូប​ទៀត​ចេញ​ពី​ព្រះ‌វិហារ​នៅ​ស្ថាន​បរម‌សុខ*​មក លោក​ក៏​មាន​កាំបិត​មួយ​ដ៏​មុត​ដែរ។

18. ទេវតា​មួយ​រូប​ទៀត​ដែល​មាន​អំណាច​លើ​ភ្លើង​បាន​ចេញ​ពី​អាសនៈ​មក ពោល​ខ្លាំងៗ​ទៅ​កាន់​ទេវតា​ដែល​កាន់​កាំបិត​ដ៏​មុត​ថា៖ «សូម​យក​កាំបិត​ដ៏​មុត​របស់​លោក មក​កាត់​ចង្កោម​ទំពាំង‌បាយជូរ​នៅ​លើ​ផែន‌ដី​ទៅ ដ្បិត​ផ្លែ​វា​ទុំ​អស់​ហើយ!»។

19. ទេវតា​នោះ​បោះ​កាំបិត​របស់​លោក​មក​លើ​ផែន‌ដី ផ្លែ​ទំពាំង‌បាយជូរ​នៅ​លើ​ផែន‌ដី​ក៏​កាត់​រួច​រាល់​ជា​ស្រេច ហើយ​លោក​បោះ​ផ្លែ​ទំពាំង‌បាយជូរ​ទៅ​ក្នុង​ធុង​បញ្ជាន់​ផ្លែ ជា​ធុង​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌ជា‌ម្ចាស់។

20. បន្ទាប់​មក គេ​យក​ធុង​ចេញ​ទៅ​ក្រៅ​ទីក្រុង ដើម្បី​បញ្ជាន់​ផ្លែ ពេល​នោះ មាន​ឈាម​ហូរ​ចេញ​ពី​ធុង​មក​មាន​កំពស់​ត្រឹម​មាត់​សេះ ចម្ងាយ​ប្រមាណ​មួយ​ពាន់​ប្រាំ​មួយ​រយ​ស្ដាដ​។