ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 8 Khmer Standard Version (KHSV)

ព្រះ‌អម្ចាស់​នឹង​ស្ដារ​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ

1. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖

2. «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: យើង​មាន​ចិត្ត​ស្រឡាញ់​ក្រុង​ស៊ីយ៉ូន​ពន់​ពេក​ក្រៃ យើង​ជំពាក់​ចិត្ត​យ៉ាង​ខ្លាំង!

3. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​វិល​ត្រឡប់​ទៅ​ក្រុង​ស៊ីយ៉ូន​វិញ យើង​នឹង​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ ពេល​នោះ គេ​នឹង​ហៅ​យេរូ‌សាឡឹម​ថា “ក្រុង​ដ៏​ស្មោះ​ត្រង់” ហើយ​ហៅ​ភ្នំ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ថា “ភ្នំ​ដ៏‌វិសុទ្ធ”។

4. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: មនុស្ស​ចាស់​ជរា ទាំង​ប្រុស​ទាំង​ស្រី នឹង​អង្គុយ​នៅ​តាម​ទីធ្លា​ក្រុង​យេរូ‌សាឡឹម។ ម្នាក់ៗ​កាន់​ឈើ​ច្រត់ ព្រោះ​តែ​មាន​វ័យ​ជរា​ណាស់​ទៅ​ហើយ។

5. នៅ​តាម​ទីធ្លា​ក្រុង​ក៏​មាន​ក្មេង​ប្រុស​ស្រី​រត់​លេង​ពាស‌ពេញ​ដែរ។

6. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: នៅ​គ្រា​នោះ ប្រជា‌ជន​ដែល​នៅ​សេស‌សល់​យល់​ថា ហេតុ‌ការណ៍​នេះ​ដូច​ជា​អស្ចារ្យ​ពេក ក៏​ប៉ុន្តែ យើង​យល់​ថា​មិន​មែន​ជា​ការ​អស្ចារ្យ​ពេក​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

7. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​យើង​ដែល​នៅ​ស្រុក​ខាង​កើត និង​ស្រុក​ខាង​លិច។

8. យើង​នឹង​នាំ​ពួក​គេ​មក​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​វិញ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​របស់​ពួក​គេ​ប្រកប​ដោយ​សេចក្ដី​ស្មោះ​ត្រង់ និង​សេចក្ដី​សុចរិត។

9. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង អ្នក​រាល់​គ្នា​ឮ​សេចក្ដី​ផ្សេងៗ​ដែល​ព្យាការី​ប្រកាស​ប្រាប់​ក្នុង​នាម​យើង នៅ​គ្រា​ដែល​គេ​ចាក់​គ្រឹះ​សង់​ដំណាក់​របស់​យើង ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

10. កាល​ពី​មុន គ្មាន​នរណា​ឲ្យ​ថ្លៃ​ឈ្នួល​មនុស្ស ឬ​សត្វ​ដែល​បំពេញ​ការ‌ងារ​ទេ ហើយ​ព្រោះ​តែ​ខ្មាំង​សត្រូវ​ក៏​គ្មាន​នរណា​ធ្វើ​ដំណើរ​ដោយ​សុខ‌សាន្ត​ដែរ ដ្បិត​យើង​បាន​បណ្ដោយ​ឲ្យ​មនុស្ស​ទាំង​អស់​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក។

11. ប៉ុន្តែ ឥឡូវ​នេះ យើង​មិន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ដូច​យើង​ធ្លាប់​ប្រព្រឹត្ត​ពី​អតីតកាល​ឡើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

12. យើង​នឹង​ផ្ដល់​ឲ្យ​ស្រុក​បាន​ប្រកប​សេចក្ដី​សុខ‌សាន្ត: ដើម​ទំពាំង‌បាយជូរ​នឹង​មាន​ផ្លែ​ផ្កា​ឡើង​វិញ ដី​នឹង​ផ្ដល់​ភោគ‌ផល ហើយ​មេឃ​ក៏​បង្អុរ​ទឹក​ភ្លៀង​មក​ដែរ។ យើង​នឹង​ឲ្យ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ទទួល​ភោគ‌សម្បត្តិ​ទាំង​នោះ​ទុក​ជា​មត៌ក។

13. កូន​ចៅ​យូដា និង​កូន​ចៅ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ធ្លាប់​បង្ហាញ​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ​បណ្ដាសា​យ៉ាង​ណា យើង​ក៏​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា ដើម្បី​បង្ហាញ​ព្រះ‌ពរ​ឲ្យ​ពួក​គេ​ឃើញ​យ៉ាង​នោះ​ដែរ! កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!

14. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ដោយ​ដូនតា​របស់​អ្នក​រាល់​គ្នា​បញ្ឆេះ​កំហឹង​របស់​យើង យើង​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ​ទោស ដោយ​ឥត​នឹក​ស្ដាយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

15. ប៉ុន្តែ នៅ​ពេល​នេះ យើង​ដូរ​គំនិត ហើយ​សម្រេច​ចិត្ត​ផ្ដល់​ឲ្យ​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា បាន​ចម្រុង‌ចម្រើន កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!

16. ចូរ​នាំ​គ្នា​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​នេះ ចូរ​និយាយ​ការ​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​កាត់​ក្ដី​ត្រូវ​វិនិច្ឆ័យ​តាម​សេចក្ដី​ពិត ហើយ​សម្រុះ‌សម្រួល​គ្នា​តាម​យុត្តិធម៌។

17. កុំ​ឲ្យ​គិត‌គូរ​ប្រព្រឹត្ត​អំពើ​អាក្រក់​ចំពោះ​គ្នា​នឹង​គ្នា​ឡើយ។ កុំ​ចូល​ចិត្ត​ស្បថ​បំពាន​ឲ្យ​សោះ ដ្បិត​យើង​ស្អប់​អំពើ​ទាំង​នោះ​ណាស់» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

18. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

19. «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ពិធី​តម​អាហារ​នៅ​ខែ​ទី​បួន ខែ​ទី​ប្រាំ ខែ​ទី​ប្រាំ‌ពីរ និង​ខែ​ទី​ដប់ នឹង​ប្រែ​ទៅ​ជា​ពិធី​បុណ្យ​ដ៏​សប្បាយ​រីក‌រាយ​សម្រាប់​កូន​ចៅ​យូដា គឺ​ជា​ឱកាស​មួយ​ប្រកប​ដោយ​អំណរ​ដ៏​មហោ‌ឡារិក។ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​សេចក្ដី​ពិត និង​សេចក្ដី​សុខ‌សាន្ត»។

20. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ជាតិ​សាសន៍​នានា ព្រម​ទាំង​ប្រជា‌ជន​ពី​ទីក្រុង​ជា​ច្រើន​នឹង​នាំ​គ្នា​មក​ក្រុង​យេរូ‌សាឡឹម។

21. អ្នក​ក្រុង​មួយ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រាប់​អ្នក​ក្រុង​មួយ​ទៀត​ថា: “មក៍! យើង​នាំ​គ្នា​ទៅ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ យើង​នាំ​គ្នា​ទៅ​រក​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល!” ម្នាក់​ទៀត​តប​ថា “ខ្ញុំ​ក៏​ទៅ​ជា​មួយ​ដែរ!”។

22. ជាតិ​សាសន៍​ជា​ច្រើន និង​ប្រជា‌ជាតិ​មហា​អំណាច នឹង​នាំ​គ្នា​មក​រក​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ទូល‌អង្វរ​ព្រះ‌អង្គ។

23. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: នៅ​គ្រា​នោះ មនុស្ស​ដប់​នាក់​មក​ពី​គ្រប់​ជាតិ​សាសន៍ ដែល​និយាយ​ភាសា​ផ្សេងៗ​គ្នា នឹង​ចាប់​កាន់​ជាយ​អាវ​ជន‌ជាតិ​យូដា​ម្នាក់ ទាំង​ពោល​ថា “ពួក​យើង​នឹង​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ ព្រោះ​ពួក​យើង​ឮ​ថា ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​អ្នក​រាល់​គ្នា”»។