ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 5 Khmer Standard Version (KHSV)

និមិត្ត‌ហេតុ​អស្ចារ្យ​អំពី​ក្រាំង និង​ហិប

1. ខ្ញុំ​ក្រឡេក​មើល​ទៅ​សា​ជា​ថ្មី ខ្ញុំ​និមិត្ត​ឃើញ​ក្រាំង​មួយ​កំពុង​ហោះ។

2. ទេវតា​សួរ​ខ្ញុំ​ថា «តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​តប​ថា «ខ្ញុំ​ឃើញ​ក្រាំង​មួយ​កំពុង​ហោះ»។ ក្រាំង​នោះ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ និង​ទទឹង​ដប់​ហត្ថ។

3. ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «នេះ​ជា​បណ្ដាសា​ដែល​កើត​មាន​ក្នុង​ស្រុក​ទាំង​មូល។ ផ្នែក​ខាង​មុខ​នៃ​ក្រាំង​មាន​សរសេរ​ថា ពួក​ចោរ​នឹង​ត្រូវ​ដេញ​ចេញ​ពី​ស្រុក ហើយ​ផ្នែក​ខាង​ខ្នង​មាន​សរសេរ​ថា ពួក​ស្បថ​បំពាន​ក៏​ត្រូវ​ដេញ​ចេញ​ពី​ស្រុក​ដែរ។

4. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ឲ្យ​បណ្ដាសា​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ និង​ផ្ទះ​របស់​អ្នក​និយាយ​ស្បថ​បំពាន ក្នុង​នាម​យើង។ បណ្ដាសា​នឹង​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ ហើយ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​ឆេះ ទាំង​ឈើ​ធ្នឹម ទាំង​ថ្ម​សំណង់»។

5. ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ បាន​ខិត​ចូល​មក​ជិត​ខ្ញុំ ប្រាប់​ថា៖ «ចូរ​ងើយ​សម្លឹង​មើល​ទៅ​វត្ថុ​ដែល​កំពុង​តែ​ចេញ​មក​នោះ!»។

6. ខ្ញុំ​សួរ​ថា៖ «តើ​វត្ថុ​នោះ​ជា​អ្វី?»។ ទេវតា​ឆ្លើយ​ថា៖ «វត្ថុ​ចេញ​មក​នោះ គឺ​ហិប​ដែល​ពោរ‌ពេញ​ទៅ​ដោយ​អំពើ​អាក្រក់​របស់​មនុស្ស​នៅ​ក្នុង​ស្រុក​ទាំង​មូល»។

7. ពេល​គម្រប​សំណរ​បើក​ឡើង ខ្ញុំ​ឃើញ​មាន​ស្ត្រី​ម្នាក់​អង្គុយ​នៅ​ក្នុង​ហិប។

8. ទេវតា​ប្រាប់​ខ្ញុំ​ថា ស្ត្រី​នោះ​គឺ​ជា​តំណាង​នៃ​អំពើ​អាក្រក់។ បន្ទាប់​មក លោក​បោះ​នាង​ទៅ​ក្នុង​ហិប​វិញ ហើយ​យក​គម្រប​ស្ពាន់​បិទ​ពី​លើ។

9. ខ្ញុំ​ក្រឡេក​មើល​ទៅ និមិត្ត​ឃើញ​ស្ត្រី​ពីរ​នាក់​ចេញ​មក​មាន​ស្លាប​ដូច​ស្លាប​កុក ហើយ​ខ្យល់​បក់​មក​ប៉ះ​នឹង​ស្លាប​របស់​នាង។ នាង​ទាំង​ពីរ​លើក​ហិប​ឡើង ផុត​ពី​ដី។

10. ខ្ញុំ​សួរ​ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​នោះ​ថា៖ «តើ​នាង​ទាំង​ពីរ​យក​ហិប​ទៅ​ណា?»។

11. ទេវតា​ឆ្លើយ​ថា៖ «នាង​ទាំង​ពីរ​សង់​ផ្ទះ​មួយ​នៅ​ស្រុក​ស៊ី‌ណើរ សម្រាប់​ស្ត្រី​នៅ​ក្នុង​ហិប​នោះ។ ពេល​សង់​រួច​រាល់​ហើយ ពួក​នាង​យក​ហិប​ទៅ​ដាក់​នៅ​កន្លែង​របស់​វា»។