ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 7 Khmer Standard Version (KHSV)

ពិធី​តម​អាហារ

1. នៅ​ឆ្នាំ​ទី​បួន នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យូស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សាការី នៅ​ថ្ងៃ​ទី​បួន​ក្នុង​ខែ​ទី​ប្រាំ​បួន ត្រូវ​នឹង​ខែ​មិគសិរ។

2. ពេល​នោះ ប្រជា‌ជន​នៅ​ក្រុង​បេត-‌អែល​បាន​ចាត់​លោក​សារេ‌ស៊ើរ និង​លោក​រេគេម-‌មែឡេក ព្រម​ទាំង​មនុស្ស​មួយ​ក្រុម ឲ្យ​ទៅ​ទូល​សូម​ការ​ប្រណី​សន្ដោស​ពី​ព្រះ‌អម្ចាស់

3. ហើយ​សួរ​ពួក​បូជា‌ចារ្យ​ដែល​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល និង​សួរ​ពួក​ព្យាការី​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​តែ​កាន់​ទុក្ខ និង​តម​អាហារ នៅ​ខែ​ទី​ប្រាំ ដូច​យើង​ខ្ញុំ​ធ្លាប់​ធ្វើ​តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ​ឬ?»។

4. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

5. «ចូរ​ប្រាប់​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ពួក​បូជា‌ចារ្យ​ថា: តាំង​ពី​ចិត‌សិប​ឆ្នាំ​កន្លង​មក​នេះ ពេល​អ្នក​រាល់​គ្នា​តម​អាហារ និង​កាន់​ទុក្ខ នៅ​ខែ​ទី​ប្រាំ និង​ខែ​ទី​ប្រាំ‌ពីរ​នោះ តើ​អ្នក​រាល់​គ្នា​ពិត​ជា​តម​អាហារ ដើម្បី​ផ្គាប់​ចិត្ត​យើង​មែន​ឬ?

6. ពេល​អ្នក​រាល់​គ្នា​បរិភោគ​អាហារ ពេល​អ្នក​រាល់​គ្នា​សេព​សុរា​នោះ គឺ​ដើម្បី​ផ្គាប់​ចិត្ត​របស់​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

7. ពី​ដើម កាល​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ មាន​មនុស្ស​រស់​នៅ​យ៉ាង​សុខ‌ដុម‌រមនា ហើយ​តំបន់​ណេកិប និង​តំបន់​វាល​ទំនាប​មាន​មនុស្ស​រស់​នៅ ពួក​ព្យាការី​ជំនាន់​ដើម​ក៏​ធ្លាប់​ព្រមាន​ពួក​គេ​បែប​នេះ ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដែរ»។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​សាការី​ដូច​ត​ទៅ៖

9. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: «ចូរ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌ ចូរ​មាន​ចិត្ត​មេត្តា​ករុណា និង​អាណិត‌អាសូរ​គ្នា​ទៅ​វិញ​ទៅ​មក។

10. មិន​ត្រូវ​សង្កត់‌សង្កិន​ស្ត្រី​មេម៉ាយ ក្មេង​កំព្រា ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា និង​ជន​ទុគ៌ត ហើយ​កុំ​មាន​ចិត្ត​ប្រព្រឹត្ត​អំពើ​អាក្រក់ ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ!»។

11. «ប៉ុន្តែ ពួក​គេ​មិន​ព្រម​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ទេ ពួក​គេ​មាន​ចិត្ត​រឹង‌រូស ខ្ទប់​ត្រចៀក​ធ្វើ​មិន​ដឹង​មិន​ឮ។

12. ពួក​គេ​តាំង​ចិត្ត​រឹង​ដូច​ដុំ​ថ្ម ពួក​គេ​មិន​ព្រម​ស្ដាប់​តាម​ក្រឹត្យ‌វិន័យ និង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ថ្លែង​តាម​រយៈ​ព្យាការី​នៅ​ជំនាន់​មុន ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ពួក​គេ។

13. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា “ពេល​យើង​ហៅ​រក​ពួក​គេ ពួក​គេ​ពុំ​ព្រម​ស្ដាប់​យើង​ទេ ហេតុ​នេះ​ពេល​ពួក​គេ​ហៅ​រក​យើង យើង​ក៏​ពុំ​ព្រម​ស្ដាប់​ពួក​គេ​ដែរ។

14. យើង​បាន​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់​ព្រាត់ រសាត់​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់។ ក្រោយ​ពួក​គេ​ចេញ​ផុត​ទៅ ទឹក​ដី​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​នរណា​ដើរ​កាត់ គ្មាន​នរណា​រស់​នៅ។ ស្រុក​ដ៏​សម្បូណ៌‌សប្បាយ​បាន​ក្លាយ​ទៅ​ជា​ទី​ស្មសាន”»។