ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទ​ចម្រៀង 5 Khmer Standard Version (KHSV)

1. អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយបង​ចូល​ក្នុង​សួន​ឧទ្យាន​របស់​បង​ហើយបង​នឹង​បេះ​ផ្កា​ដែល​មាន​ក្លិន​ក្រអូប​របស់​បងបង​នឹង​បរិភោគ​ទឹក​ឃ្មុំ​របស់​បងបង​នឹង​ផឹក​ស្រា​ទំពាំង‌បាយជូរនិង​ទឹក​ដោះ​គោ​របស់​បង។មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ សូម​អញ្ជើញ​ពិសាសូម​សប្បាយ​នឹង​សេចក្ដី​ស្រឡាញ់​នេះឲ្យ​បាន​ស្កប់‌ស្កល់​ចុះ។

2. ខ្ញុំ​បាន​គេង​លក់​ទៅ​ហើយតែ​ចិត្ត​របស់​ខ្ញុំ​មិន​បាន​លង់‌លក់​ទេ។ខ្ញុំ​ឮ​ម្ចាស់​ជីវិត​របស់​ខ្ញុំ​គោះ​ទ្វារ ហៅ​ខ្ញុំ​ថា:ប្អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយចូរ​បើក​ទ្វារ​ឲ្យ​បង​ផងអូន​ជា​ទី​ស្រឡាញ់​របស់​បង អូន​ល្អ​ឥត​ខ្ចោះ។ក្បាល​របស់​បង​ទទឹក​ជោកដោយ​សន្សើម​ដែល​ធ្លាក់​នៅ​ពេល​យប់។

3. អូន​ដោះ​សម្លៀក‌បំពាក់​ចេញ​ទៅ​ហើយតើ​ឲ្យ​អូន​ស្លៀក​វិញ​ដូច​ម្ដេច​បាន?អូន​ទើប​នឹង​លាង​ជើងតើ​ឲ្យ​អូន​ប្រឡាក់​ជើង​វិញ​ដូច​ម្ដេច​កើត?

4. ម្ចាស់​ចិត្ត​របស់​ខ្ញុំ​លូក​ដៃ​ចូល​មក​តាម​ប្រហោង​ទ្វារធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​រំភើប​ញាប់‌ញ័រ។

5. ខ្ញុំ​ក៏​ស្ទុះ​ឡើង​ដើម្បី​បើក​ទ្វារប្រេង​ក្រអូប​ហូរ​ពី​ដៃ និង​ម្រាម​ដៃ​របស់​ខ្ញុំស្រក់​ទៅ​លើ​រនុក​ទ្វារ។

6. ខ្ញុំ​បើក​ទ្វារ​ថ្វាយ​ម្ចាស់​ចិត្ត​របស់​ខ្ញុំតែ​គាត់​ចាក​ចេញ​ទៅ​បាត់។ខ្ញុំ​ប្រាថ្នា​ចង់​ឮ​សំឡេង​របស់​គាត់​ណាស់។ខ្ញុំ​តាម​រក​គាត់ តែ​រក​ពុំ​ឃើញខ្ញុំ​ស្រែក​ហៅ​គាត់ តែ​គាត់​ពុំ​ឆ្លើយ​ទេ។

7. ពួក​អ្នក​យាម‌ល្បាត​ទីក្រុង​ជួប​ខ្ញុំពួក​គេ​វាយ​ខ្ញុំ ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​របួសពួក​អ្នក​យាម​កំពែង​ក្រុង​យក​ស្បៃ​រុំ​ខ្លួនចេញ​ពី​ខ្ញុំ។

8. ស្ត្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយខ្ញុំ​សូម​ប្រាប់​ពួក​នាង​ថាប្រសិន​បើ​ពួក​នាង​ឃើញ​ម្ចាស់​ជីវិត​របស់​ខ្ញុំតើ​ពួក​នាង​ប្រាប់​គាត់​ថា​ដូច​ម្ដេច?ចូរ​ប្រាប់​គាត់​ថា ខ្ញុំ​មាន​ជំងឺ​ស្នេហា។

9. ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយតើ​ម្ចាស់​ចិត្ត​របស់​នាង​មាន​អ្វី​ប្លែកជាង​បុរស​ឯ​ទៀតបាន​ជា​នាង​សុំ​ឲ្យ​យើង​ប្រាប់​គាត់​ដូច្នេះ។

10. ម្ចាស់​ជីវិត​របស់​ខ្ញុំ មាន​សម្បុរ-សនិង​ស្បែក​ភ្លឺ​រលោងទោះ​បី​គាត់​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្សមួយ​ម៉ឺន​នាក់​ក្ដី ក៏​ឃើញ​ប្លែក​ពី​គេ​ដែរ។

11. ក្បាល​របស់​គាត់​ប្រៀប​បាន​នឹង​មាស​សុទ្ធសក់​របស់​គាត់​រួញ​ដូច​អង្គាស‌ដីហើយ​មាន​ពណ៌​ខ្មៅ ដូច​សារិកា‌កែវ។

12. ភ្នែក​របស់​គាត់​ស្រស់​ស្អាតដូច​សត្វ​ព្រាប​ដែល​ស្ថិត​នៅ​ក្បែរ​មាត់​ទឹក។ប្រស្រី​ភ្នែក​រុំ​ព័ទ្ធ​ដោយ​កែវ​ភ្នែក​ពណ៌​សហើយ​ស្ថិត​នៅ​យ៉ាង​សម​ក្នុង​រង្វង់​ភ្នែក។

13. ថ្ពាល់​របស់​គាត់​ប្រៀប​បី​ដូច​ថ្នាលដែល​មាន​ពេញ​ដោយ​ផ្កា សាយ​គន្ធ‌ពិដោរបបូរ​មាត់​របស់​គាត់​ប្រៀប​ដូច​ជា​ផ្កា​ក្រវាន់ដែល​បញ្ចេញ​ក្លិន​យ៉ាង​ក្រអូប។

14. ដៃ​របស់​គាត់​ប្រៀប​បាន​នឹង​កង​មាសដែល​មាន​ដាំ​ត្បូង​ពេជ្រ។ខ្លួន​របស់​គាត់​ប្រៀប​បាន​នឹង​ភ្លុកដែល​គេ​ខាត់​យ៉ាង​រលើបព្រម​ទាំង​មាន​ដាំ​ត្បូង​កណ្ដៀង​ផង។

15. ជើង​របស់​គាត់​ប្រៀប​បាន​នឹង​សសរធ្វើ​ពី​ថ្ម​កែវ​ពណ៌​សដែល​បញ្ឈរ​នៅ​លើ​ជើង​សសរ​ធ្វើ​ពី​មាស​សុទ្ធ។គាត់​មាន​រាង​សង្ហា​ដូច​ភ្នំ​លីបង់ហើយ​មាន​រូប​ល្អ​ស្អាត​ដូច​ដើម​តាត្រៅ។

16. មាត់​របស់​គាត់​ពោរ‌ពេញ​ដោយ​ភាព​ទន់‌ភ្លន់គាត់​ជា​មនុស្ស​គួរ​ឲ្យ​នែប‌និត្យ។ស្ត្រី​ក្រមុំ​នៃ​ក្រុង​យេរូ‌សាឡឹម​អើយម្ចាស់​ចិត្ត​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំមាន​លក្ខណៈ​យ៉ាង​នេះ​ហើយ។