ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាង​អេសធើរ 5 Khmer Standard Version (KHSV)

ព្រះ‌នាង​អេសធើរ​ចូល​គាល់​ស្ដេច

1. លុះ​ដល់​ថ្ងៃ​ទី​បី ព្រះ‌នាង​អេសធើរ​ទ្រង់​គ្រឿង​សម្រាប់​ព្រះ‌មហា‌ក្សត្រិ‌យានី យាង​ចូល​ទៅ​គាល់​ស្ដេច​នៅ​សាល​ខាង​ក្នុង​រាជ​ដំណាក់ ដែល​នៅ​ទល់​មុខ​នឹង​ដំណាក់​ឯ​ទៀតៗ។ ពេល​នោះ ព្រះ‌រាជា​គង់​នៅ​លើ​បល្ល័ង្ក ដែល​ស្ថិត​នៅ​ចំ​ពី​មុខ​ទ្វារ​ចូល។

2. ពេល​ព្រះ‌រាជា​ទត​ឃើញ​ព្រះ‌មហា‌ក្សត្រិ‌យានី​ឈរ​នៅ​ក្នុង​សាល​នោះ ស្ដេច​ក៏​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ភ្លាម។ ស្ដេច​ហុច​ដំបង​មាស​ថ្វាយ​ព្រះ‌នាង​អេសធើរ ព្រះ‌នាង​អេសធើរ​ចូល​ទៅ​ជិត ហើយ​ពាល់​ចុង​ដំបង​នោះ។

3. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «មហា‌ក្សត្រិ‌យានី​អេសធើរ​អើយ តើ​ព្រះ‌នាង​មាន​ការ​អ្វី? ព្រះ‌នាង​ចង់​បាន​អ្វី យើង​ប្រទាន​ឲ្យ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ»។

4. ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ព្រះ‌ករុណា​យាង​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ខ្ញុំ​ម្ចាស់​រៀប‌ចំ​នៅ​ថ្ងៃ​នេះ ហើយ​ខ្ញុំ​ម្ចាស់​ក៏​សូម​អញ្ជើញ​លោក​ហាម៉ាន​ដែរ»។

5. ព្រះ‌រាជា​ចេញ​បញ្ជា​ឲ្យ​គេ​ហៅ​លោក​ហាម៉ាន​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង តាម​ការ​អញ្ជើញ​របស់​ព្រះ‌នាង​អេសធើរ។ បន្ទាប់​មក ព្រះ‌រាជា និង​លោក​ហាម៉ាន ក៏​យាង និង​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ព្រះ‌នាង​អេសធើរ​បាន​រៀបចំ។

6. ក្នុង​ពេល​សោយ​សុរា ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌នាង​អេសធើរ​ថា៖ «តើ​មហា‌ក្សត្រិ‌យានី​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។

7. ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​វិញ​ថា៖ «តើ​ព្រះ‌ករុណា​ចង់​ជ្រាប​ពី​សំណូម​ពរ ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន​ឬ?

8. ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ឆ្លើយ​តប​នឹង​សំណូម​ពរ​របស់​ខ្ញុំ​ម្ចាស់​មែន សូម​ព្រះ‌ករុណា​ព្រម​ទាំង​លោក​ហាម៉ាន ស្ដេច​យាង និង​អញ្ជើញ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ខ្ញុំ​ម្ចាស់​រៀប‌ចំ​នៅ​ថ្ងៃ​ស្អែក។ ពេល​នោះ ខ្ញុំ​ម្ចាស់​ទូល​ថ្វាយ​ព្រះ‌ករុណា​អំពី​សំណូម​ពរ​របស់​ខ្ញុំ​ម្ចាស់»។

9. ថ្ងៃ​នោះ លោក​ហាម៉ាន​ចាក​ចេញ​ទៅ ដោយ​មាន​ចិត្ត​ត្រេក​អរ​សប្បាយ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន។ លោក​ឃើញ​លោក​ម៉ាដេ‌កាយ​នៅ​មាត់​ទ្វារ​វាំង តែ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​ក្រោក​ឈរ ដើម្បី​ធ្វើ​គារវ‌កិច្ច​ចំពោះ​លោក​ទេ។ ដូច្នេះ លោក​ហាម៉ាន​ខឹង​នឹង​លោក​ម៉ាដេ‌កាយ​ជា​ខ្លាំង។

10. លោក​ទប់​ចិត្ត ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក​បាន​ឲ្យ​គេ​ហៅ​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ និង​លោក​ស្រី​សេរែស ជា​ភរិយា​មក​ជួប។

11. លោក​ហាម៉ាន​អួត​ប្រាប់​ពួក​គេ​អំពី​ទ្រព្យ​សម្បត្តិ​ដ៏​ស្ដុក‌ស្ដម្ភ​របស់​លោក ព្រម​ទាំង​ចំនួន​កូន​ប្រុស​ដែល​លោក​មាន និង​កិត្តិយស​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ប្រទាន​ឲ្យ​លោក​ធ្វើ​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ស្ដេច។

12. លោក​ពោល​ទៀត​ថា៖ «ក្រៅ​ពី​ព្រះ‌រាជា និង​រូប​ខ្ញុំ​ផ្ទាល់ ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ​ពុំ​បាន​អញ្ជើញ​អ្នក​ណា​ផ្សេង​ទៀត ឲ្យ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដែល​ព្រះ‌នាង​រៀបចំ​នោះ​ឡើយ។ នៅ​ថ្ងៃ​ស្អែក ព្រះ‌នាង​ក៏​បាន​អញ្ជើញ​ខ្ញុំ ទៅ​ជប់‌លៀង​ជា​មួយ​ព្រះ‌រាជា​ទៀត។

13. ទោះ​បី​មាន​កិត្តិយស​យ៉ាង​នេះ​ក្ដី ក៏​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ដែរ ដរាប​ណា​ខ្ញុំ​នៅ​តែ​ឃើញ​ម៉ាដេ‌កាយ ជា​ជន‌ជាតិ​យូដា ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង»។

14. លោក​ស្រី​សេរែស ជា​ភរិយា ព្រម​ទាំង​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ​របស់​លោក​ពោល​ថា៖ «ចូរ​ឲ្យ​គេ​ដំ​ឡើង​បង្គោល​មួយ កំពស់​ហា‌សិប​ហត្ថ ហើយ​ស្អែក លោក​ទូល​សូម​ព្រះ‌រាជា​ព្យួរ-ក​ម៉ាដេ‌កាយ​ទៅ។ ដូច្នេះ លោក​អាច​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ជា​មួយ​ព្រះ‌រាជា ដោយ​អំណរ​សប្បាយ»។ សំណើ​នេះ​ពេញ​ចិត្ត​លោក​ហាម៉ាន​ណាស់ លោក​ក៏​ឲ្យ​គេ​ដំ​ឡើង​បង្គោល។