ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាង​អេសធើរ 6 Khmer Standard Version (KHSV)

លោក​ម៉ាដេ‌កាយ​ទទួល​កិត្តិយស

1. នៅ​យប់​នោះ ព្រះ‌រាជា​ផ្ទំ​មិន​លក់ ស្ដេច​បញ្ជា ឲ្យ​គេ​យក​សៀវភៅ ដែល​មាន​កត់‌ត្រា​ព្រឹត្តិ‌ការណ៍​ផ្សេងៗ​មក គឺ​សៀវភៅ​ប្រវត្តិ‌សាស្ត្រ ហើយ​គេ​ក៏​អាន​ថ្វាយ​ស្ដេច។

2. គេ​អាន​ត្រង់​កន្លែង​លោក​ម៉ាដេ‌កាយ​វែក​មុខ​មហា‌តលិក​ពីរ​រូប ជា​អ្នក​យាម​ទ្វារ​បន្ទប់​របស់​ស្ដេច គឺ​លោក​ប៊ីគ‌ថាន និង​លោក​ថេ‌រែស ដែល​ប៉ុន‌ប៉ង​ធ្វើ​គុត​ព្រះ‌ចៅ​អហា‌ស៊ូរុស។

3. ព្រះ‌រាជា​ក៏​សួរ​ថា៖ «តើ​គេ​បាន​លើក​កិត្តិយស និង​ដំ​ឡើង​បុណ្យ​ស័ក្ដិ ដើម្បី​សង​គុណ​លោក​ម៉ាដេ‌កាយ​ឬ​ទេ?»។ ពួក​មន្ត្រី​ទូល​ស្ដេច​ថា៖ «គ្មាន​ទាល់​តែ​សោះ ក្រាប​ទូល»។

4. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «នរណា​ដើរ​នៅ​ក្នុង​សាល​រាជ​ដំណាក់?»។ ពេល​នោះ លោក​ហាម៉ាន​ចូល​មក​ដល់​សាល​ខាង​ក្រៅ​ដំណាក់​របស់​ព្រះ‌រាជា ដើម្បី​ទូល​សូម​ស្ដេច​ព្យួរ-ក លោក​ម៉ាដេ‌កាយ នៅ​លើ​បង្គោល​ដែល​លោក​បាន​ដំ​ឡើង។

5. ពួក​រាជ​បម្រើ​ទូល​ស្ដេច​ថា៖ «គឺ​លោក​ហាម៉ាន​ឈរ​នៅ​ក្នុង​សាល»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «ឲ្យ​លោក​ចូល​មក​ចុះ!»។

6. លោក​ហាម៉ាន​ក៏​ចូល​មក ហើយ​ព្រះ‌រាជា​សួរ​លោក​ថា៖ «តើ​គួរ​ប្រព្រឹត្ត​ដូច​ម្ដេច ចំពោះ​អ្នក​ដែល​ស្ដេច​ចង់​ផ្ដល់​កិត្តិយស​ឲ្យ?»។ លោក​ហាម៉ាន​គិត​ក្នុង​ចិត្ត​ថា «ក្រៅ​ពី​ខ្ញុំ គ្មាន​នរណា​ផ្សេង​ទៀត ដែល​ស្ដេច​ចង់​ផ្ដល់​កិត្តិយស​ឲ្យ​នោះ​ឡើយ!»។

7. លោក​ហាម៉ាន​ក៏​ទូល​ស្ដេច​ថា៖ «អ្នក​ដែល​ព្រះ‌រាជា​សព្វ​ព្រះ‌ហឫទ័យ​ផ្ដល់​កិត្តិយស​នោះ

8. ត្រូវ​ឲ្យ​គេ​យក​ព្រះ‌ភូសា​របស់​ព្រះ‌រាជា​មក​បំពាក់​ជូន រួច​យក​សេះ​ជា​ជំនិះ​របស់​ព្រះ‌រាជា គឺ​សេះ​ដែល​មាន​ភួង​រាជ្យ​នៅ​លើ​ក្បាល​ផង​នោះ មក​ឲ្យ​គាត់​ជិះ។

9. សូម​ចាត់​មន្ត្រី​ម្នាក់​របស់​ព្រះ‌ករុណា ឲ្យ​យក​ព្រះ‌ភូសា​ទៅ​បំពាក់​ជូន​បុរស​នោះ ហើយ​ឲ្យ​គាត់​ឡើង​ជិះ​សេះ​របស់​ព្រះ‌ករុណា រួច​ដង្ហែ​តាម​ផ្លូវ​ក្នុង​ទីក្រុង ទាំង​ស្រែក​ប្រកាស​នៅ​ពី​មុខ​គាត់​ថា ព្រះ‌រាជា​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​អ្នក​ដែល​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ផ្ដល់​កិត្តិយស!»។

10. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ហាម៉ាន​ថា៖ «បើ​ដូច្នេះ សុំ​លោក​ប្រញាប់​យក​ព្រះ‌ភូសា​ទៅ​បំពាក់​ជូន​លោក​ម៉ាដេ‌កាយ ជា​ជន‌ជាតិ​យូដា ដែល​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​រាជ‌វាំង ហើយ​ឲ្យ​គាត់​ឡើង​ជិះ​សេះ ដូច​លោក​មាន​ប្រសាសន៍​ចុះ! ចូរ​ប្រព្រឹត្ត​ចំពោះ​គាត់ ឲ្យ​បាន​ដូច​ពាក្យ​របស់​លោក ឥត​ចន្លោះ​ត្រង់​ណា​ឡើយ»។

11. លោក​ហាម៉ាន​ក៏​យក​ព្រះ‌ភូសា​ទៅ​បំពាក់​ជូន​លោក​ម៉ាដេ‌កាយ ហើយ​ឲ្យ​លោក​ឡើង​ជិះ​សេះ ដង្ហែ​កាត់​តាម​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង ទាំង​ប្រកាស​ថា «ព្រះ‌រាជា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​អ្នក​ដែល​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ផ្ដល់​កិត្តិយស!»។

12. បន្ទាប់​មក លោក​ម៉ាដេ‌កាយ​វិល​ត្រឡប់​ទៅ​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​រាជ‌វាំង រីឯ​លោក​ហាម៉ាន​ក៏​ប្រញាប់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​មួហ្មង និង​បាក់​មុខ​យ៉ាង​ខ្លាំង។

13. លោក​ហាម៉ាន​រៀប​រាប់​ប្រាប់​លោក​ស្រី​សេរែស ជា​ភរិយា និង​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​ចំពោះ​លោក។ ទី​ប្រឹក្សា​របស់​លោក ព្រម​ទាំង​លោក​ស្រី​សេរែស ជា​ភរិយា ពោល​ទៅ​កាន់​លោក​ថា៖ «ម៉ាដេ‌កាយ​ដែល​លោក​កំពុង​តែ​ចាញ់​ប្រៀប​នោះ ជា​សាសន៍​យូដា ដូច្នេះ លោក​ពុំ​អាច​តទល់​នឹង​គាត់​បាន​ឡើយ គឺ​លោក​មុខ​ជា​ចាញ់​ប្រៀប​គាត់​រហូត​មិន​ខាន»។

14. អ្នក​ទាំង​នោះ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​ពួក​មហា‌តលិក​របស់​ស្ដេច​ចូល​មក​ដល់ ហើយ​រូត‌រះ​នាំ​លោក​ហាម៉ាន​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដែល​ព្រះ‌នាង​អេសធើរ​បាន​រៀប‌ចំ។