ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាង​អេសធើរ 4 Khmer Standard Version (KHSV)

លោក​ម៉ាដេ‌កាយ​សុំ​អន្តរា‌គមន៍​ពី​ព្រះ‌នាង​អេសធើរ ជន‌ជាតិ​យូដា​នាំ​គ្នា​តម​អាហារ

1. កាល​លោក​ម៉ាដេ‌កាយ​ជ្រាប​ដំណឹង​នេះ លោក​ហែក​សម្លៀក‌បំពាក់ ហើយ​ស្លៀក​បាវ និង​រោយ​ផេះ​លើ​ក្បាល។ លោក​ដើរ​កាត់​ទីក្រុង ទាំង​ស្រែក​យំ​យ៉ាង​ជូរ​ចត់។

2. លោក​ទៅ​ឈរ​ទល់​មុខ​នឹង​មាត់​ទ្វារ​រាជ‌វាំង ដ្បិត​លោក​មិន​អាច​ចូល​ទៅ​ក្នុង​បាន ដោយ​ស្លៀក​បាវ​បែប​នេះ​ឡើយ។

3. នៅ​តាម​អាណា‌ខេត្ត​នីមួយៗ ពេល​គេ​បាន​ទទួល​លិខិត និង​រាជ‌ក្រឹត្យ​ហើយ ជន‌ជាតិ​យូដា​នាំ​គ្នា​កាន់​ទុក្ខ​យ៉ាង​ខ្លាំង។ ពួក​គេ​តម​អាហារ យំ​សោក​សង្រេង ហើយ​មាន​ពួក​គេ​ជា​ច្រើន​នាំ​គ្នា​ស្លៀក​បាវ​ដេក​នៅ​ក្នុង​ផេះ។

4. ពួក​ស្ត្រី​បម្រើ និង​មហា‌តលិក​របស់​ព្រះ‌នាង​អេសធើរ បាន​នាំ​ដំណឹង​នេះ មក​ទូល​ថ្វាយ​ព្រះ‌នាង ហើយ​ព្រះ‌មហា‌ក្សត្រិ‌យានី​រន្ធត់​ព្រះ‌ហឫទ័យ​ពន់​ប្រមាណ។ ព្រះ‌នាង​ឲ្យ​គេ​យក​សម្លៀក‌បំពាក់​ទៅ​ជូន​លោក​ម៉ាដេ‌កាយ ជំនួស​បាវ​ដែល​លោក​ស្លៀក​ជាប់​នឹង​ខ្លួន តែ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​ទេ។

5. ពេល​នោះ ព្រះ‌នាង​អេសធើរ​បាន​ហៅ​លោក​ហាថាក់ ជា​មហា‌តលិក ដែល​ព្រះ‌រាជា​ឲ្យ​មក​នៅ​បម្រើ​ព្រះ‌នាង។ ព្រះ‌នាង​បញ្ជា​គាត់​ឲ្យ​ទៅ​សួរ​លោក​ម៉ាដេ‌កាយ អំពី​មូល​ហេតុ​ដែល​ជំរុញ​ឲ្យ​លោក​ធ្វើ​បែប​នេះ។

6. លោក​ហាថាក់​ក៏​ទៅ​ជួប​លោក​ម៉ាដេ‌កាយ​នៅ​ទី‌លាន​ក្រុង ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​មាត់​ទ្វារ​រាជ‌វាំង។

7. លោក​ម៉ាដេ‌កាយ​រៀប​រាប់​ប្រាប់​គាត់​អំពី​ហេតុ‌ការណ៍​ទាំង​អស់​ដែល​កើត​មាន ព្រម​ទាំង​ពន្យល់​យ៉ាង​លំអិត​អំពី​រឿង​ប្រាក់​ដែល​លោក​ហាម៉ាន បាន​សន្យា​បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​រាជ‌ទ្រព្យ ប្រសិន​បើ​ស្ដេច​ចេញ​បញ្ជា​ឲ្យ​គេ​ប្រល័យ​ជីវិត​ជន‌ជាតិ​យូដា។

8. លោក​ក៏​បាន​ប្រគល់​រាជ‌ក្រឹត្យ​មួយ​ច្បាប់ ដែល​គេ​ចេញ​ផ្សាយ​នៅ​ក្រុង​ស៊ូសាន ស្ដី​អំពី​ការ​ប្រល័យ​ពូជ​សាសន៍​យូដា​ឲ្យ​លោក​ហាថាក់ ដើម្បី​គាត់​យក​ទៅ​ថ្វាយ​ព្រះ‌នាង​អេសធើរ ព្រម​ទាំង​រៀប​រាប់​ហេតុ‌ការណ៍​នេះ​ថ្វាយ​ព្រះ‌នាង​ផង។ លោក​ក៏​បាន​សូម​ឲ្យ​ព្រះ‌នាង​ចូល​ទៅ​គាល់​ព្រះ‌រាជា ដើម្បី​សូម​ការ​ប្រណី​សន្ដោស និង​ទូល‌អង្វរ​ព្រះ‌រាជា សម្រាប់​ជាតិ​សាសន៍​របស់​ព្រះ‌នាង។

9. លោក​ហាថាក់​ក៏​នាំ​ពាក្យ​ទាំង​ប៉ុន្មាន​របស់​លោក​ម៉ាដេ‌កាយ ទៅ​ទូល​ព្រះ‌នាង​អេសធើរ។

10. ព្រះ‌នាង​ប្រាប់​លោក​ហាថាក់​ឲ្យ​ទៅ​ជម្រាប​លោក​ម៉ាដេ‌កាយ​វិញ​ថា៖

11. «ពួក​រាជ​បម្រើ និង​ប្រជា‌ជន​នៅ​ក្នុង​អាណា‌ខេត្ត​របស់​ស្ដេច សុទ្ធ​តែ​ដឹង​ថា​បុរស ឬ​ស្ត្រី​ណា​ដែល​ហ៊ាន​ចូល​ទៅ​គាល់​ស្ដេច នៅ​សាល​ខាង​ក្នុង​រាជ​ដំណាក់ ដោយ​ស្ដេច​មិន​បាន​ត្រាស់​ហៅ​នោះ នឹង​មាន​ទោស​ដល់​ស្លាប់ ស្រប​តាម​ច្បាប់​ដែល​មាន​ចែង​ទុក​សម្រាប់​មនុស្ស​ទួទៅ។ ប៉ុន្តែ បើ​ព្រះ‌រាជា​ហុច​ដំបង​រាជ្យ​ធ្វើ​ពី​មាស​ឲ្យ​នោះ ទើប​រួច​ជីវិត។ ចំពោះ​ខ្ញុំ​វិញ ព្រះ‌រាជា​មិន​បាន​ហៅ​ខ្ញុំ​ឲ្យ​ចូល​គាល់ អស់​រយៈ​ពេល​មួយ​ខែ​មក​ហើយ»។

12. គេ​ក៏​នាំ​រាជ​សវនីយ៍​របស់​ព្រះ‌នាង​អេសធើរ ទៅ​ជម្រាប​លោក​ម៉ាដេ‌កាយ។

13. លោក​ម៉ាដេ‌កាយ​ឲ្យ​គេ​នាំ​ពាក្យ​ទៅ​ទូល​ព្រះ‌នាង​អេសធើរ​វិញ​ថា៖ «បពិត្រ​ព្រះ‌មហា‌ក្សត្រិ‌យានី សូម​កុំ​នឹក​ស្មាន​ថា ព្រះ‌នាង​អាច​គេច​ផុត​ពី​សេចក្ដី​វិនាស ដែល​នឹង​កើត​មាន​ចំពោះ​ជន‌ជាតិ​យូដា​ទាំង​អស់​ឡើយ។

14. ប្រសិន​បើ​ព្រះ‌នាង​សំងំ​ស្ងៀម​នៅ​ពេល​នេះ ជន‌ជាតិ​យូដា​មុខ​តែ​ទទួល​ជំនួយ និង​រួច​ជីវិត តាម​មធ្យោ‌បាយ​មួយ​ផ្សេង​ទៀត រីឯ​ព្រះ‌នាង​វិញ ព្រះ‌នាង​នឹង​វិនាស​ផុត​ពូជ។ ក៏​ប៉ុន្តែ តើ​នរណា​ដឹង ព្រះ‌នាង​បាន​ឡើង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រិ‌យានី​ដូច្នេះ ប្រហែល​ជា​ដើម្បី​សង្គ្រោះ​ជន‌ជាតិ​យូដា នៅ​ពេល​នេះ​ហើយ​មើល​ទៅ!»។

15. ពេល​នោះ ព្រះ‌នាង​អេសធើរ​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​ម៉ាដេ‌កាយ​ថា៖

16. «សូម​អញ្ជើញ​ទៅ​ប្រមូល​ជន‌ជាតិ​យូដា​ទាំង​អស់​នៅ​ក្រុង​ស៊ូសាន ឲ្យ​តម​អាហារ​សម្រាប់​ខ្ញុំ ក្នុង​រវាង​បី​ថ្ងៃ គឺ​ទាំង​ថ្ងៃ ទាំង​យប់ មិន​ត្រូវ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ។ រីឯ​ខ្ញុំ និង​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​តម​អាហារ​ដែរ។ ខ្ញុំ​នឹង​ទៅ​គាល់​ស្ដេច ទោះ​បី​ខុស​ច្បាប់​ក៏​ដោយ បើ​ខ្ញុំ​ត្រូវ​វិនាស នោះ​ឲ្យ​វិនាស​ទៅ​ចុះ»។

17. លោក​ម៉ាដេ‌កាយ​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌នាង​អេសធើរ​បង្គាប់។