ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 7 Khmer Christian Bible (KCB)

1. កុំ​ថ្កោលទោស​គេ​ ក្រែង​លោ​អ្នក​រាល់គ្នា​ទទួល​ការ​ថ្កោលទោស​វិញ​

2. ដ្បិត​អ្នក​រាល់គ្នា​ថ្កោលទោស​គេ​យ៉ាង​ណា​ អ្នក​រាល់គ្នា​នឹង​ទទួល​ការ​ថ្កោលទោស​យ៉ាង​នោះ​វិញ​ ហើយ​អ្នក​រាល់គ្នា​នឹង​ទទួល​តាម​រង្វាល់​ដែល​អ្នក​រាល់គ្នា​បាន​វាល់​ឲ្យ​គេ។​

3. ហេតុអ្វី​ក៏​អ្នក​មើល​ឃើញ​កម្ទេច​ល្អិត​នៅ​ក្នុង​ភ្នែក​បងប្អូន​របស់​អ្នក​ ប៉ុន្ដែ​មិន​ឃើញ​សសរ​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​យ៉ាង​ដូច្នេះ?​

4. បើ​អ្នក​មាន​សសរ​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​ តើ​អ្នក​នឹង​និយាយ​បាន​យ៉ាង​ដូច​ម្ដេច​ទៅ​កាន់​បងប្អូន​របស់អ្នក​ថា​ ទុក​ឲ្យ​ខ្ញុំ​យក​កម្ទេច​ល្អិត​ចេញ​ពី​ភ្នែក​របស់​អ្នក?​

5. ឱ​មនុស្ស​មាន​ពុត​អើយ!​ ចូរ​យក​សសរ​ចេញ​ពី​ក្នុង​ភ្នែក​របស់​អ្នក​ជា​មុន​សិន​ នោះ​អ្នក​នឹង​មើល​ឃើញ​ច្បាស់​ ដើម្បី​យក​កម្ទេច​ល្អិត​ចេញ​ពី​ក្នុង​ភ្នែក​បងប្អូន​របស់​អ្នក​បាន។​

6. កុំ​ឲ្យ​របស់​បរិសុទ្ធ​ទៅ​ឆ្កែ​ ហើយ​កុំ​បោះ​គជ់​ឲ្យ​ជ្រូក​ ក្រែង​លោ​ពួកវា​ជាន់​កម្ទេច​ ហើយ​បែរ​មក​ខាំ​ហែក​អ្នក​រាល់គ្នា​វិញ។​

7. ចូរ​សុំ​ នោះ​អ្នក​រាល់គ្នា​នឹង​បាន​ទទួល​ ចូរ​រក​ នោះ​អ្នក​រាល់គ្នា​នឹង​រក​ឃើញ​ ចូរ​គោះ​ នោះ​នឹង​បើក​ឲ្យ​អ្នក​រាល់គ្នា​

8. ដ្បិត​អ្នកណា​សុំ​ នោះ​បាន​ទទួល​ អ្នកណា​រក​ នោះ​បាន​ឃើញ​ ហើយ​អ្នកណា​គោះ​ នោះ​នឹង​បើក​ឲ្យ។​

9. ក្នុង​ចំណោម​អ្នក​រាល់គ្នា​ តើ​នរណា​ឲ្យ​ដុំ​ថ្ម​ដល់​កូន​ ពេល​កូន​សុំ​នំប៉័ង​

10. ឬ​ឲ្យ​ពស់​វែក​ដល់​កូន​ ពេល​កូន​សុំ​តី្រ​ដែរ​ឬ​ទេ?​

11. ដូច្នេះ​ បើ​អ្នក​រាល់គ្នា​ជា​មនុស្ស​អាក្រក់​ ចេះ​ឲ្យ​អំណោយ​ល្អៗ​ដល់​កូន​ នោះ​តើព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​នឹង​ប្រទាន​អំណោយ​ល្អៗ​លើស​នេះ​ដល់​អ្នក​ដែល​សុំ​ពី​ព្រះអង្គ​យ៉ាង​ណា​ទៅ​ទៀត។​

12. អ្នក​រាល់គ្នា​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ដ​គ្រប់​ការ​ទាំង​អស់​ចំពោះ​ខ្លួន​យ៉ាង​ណា​ ចូរ​ប្រព្រឹត្ដ​ចំពោះ​គេ​យ៉ាង​នោះ​ដែរ​ ដ្បិត​នេះ​ជា​សេចក្ដី​សង្ខេប​នៃ​គម្ពីរ​វិន័យ​ និង​ជា​ពាក្យ​របស់​អ្នក​នាំ​ព្រះ​បន្ទូល។​

13. ចូរ​ចូល​តាម​ទ្វារ​ចង្អៀត​ ដ្បិត​ទ្វារ​ធំ​ និង​ផ្លូវ​ទូលាយ​នាំទៅ​រក​សេចក្ដី​វិនាស​ ហើយ​មនុស្ស​ជា​ច្រើន​កំពុង​ចូល​តាម​ទ្វារ​នោះ​

14. ឯ​ទ្វារ​ចង្អៀត​ និង​ផ្លូវ​តូចនាំទៅ​រក​ជីវិត​ ហើយ​មាន​មនុស្ស​តិច​ណាស់​រក​ឃើញ។​

15. ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែង​ក្លាយ​ដែល​ពាក់​ស្បែក​ចៀម​មក​រក​អ្នក​រាល់គ្នា​ តែ​ខាង​ក្នុង​វិញ​ ជា​ឆ្កែ​ចចក​កាច​សាហាវ​

16. រួច​អ្នក​រាល់គ្នា​នឹង​ស្គាល់​ពួកគេ​ដោយសារ​ផលផ្លែ​របស់​ពួកគេ​ តើ​មាន​នរណា​ប្រមូល​ផល​ទំពាំង​បាយជូរ​ពី​គុម្ព​បន្លា​ ឬ​ផ្លែ​ល្វា​ពី​ដើម​កន្ដ្រើយ​ដែរ​ឬ​ទេ?​

17. ដូច្នេះ​ ដើម​ឈើ​ណា​ល្អ​ឲ្យ​ផ្លែ​ល្អ​ ហើយ​ដើម​ឈើ​ណា​មិនល្អ​ក៏​ឲ្យ​ផ្លែ​មិន​ល្អដែរ​

18. ដ្បិត​ដើម​ឈើ​ល្អ​មិន​អាច​ឲ្យ​ផ្លែ​មិន​ល្អ​ទេ​ ហើយ​ដើម​ឈើ​មិន​ល្អ​ក៏​មិន​អាច​ឲ្យ​ផ្លែ​ល្អ​ដែរ​

19. ដើម​ឈើ​ណា​មិន​ឲ្យ​ផ្លែ​ល្អ​ គេ​នឹង​កាប់​បោះ​ចូល​ទៅ​ក្នុង​ភ្លើង​

20. ដូច្នេះ​ អ្នក​រាល់គ្នា​នឹង​ស្គាល់​គេ​ដោយសារ​ផលផ្លែ​របស់​គេ​

21. មិន​មែន​អ្នក​ទាំងឡាយ​ណា​ ដែល​និយាយ​មក​កាន់​ខ្ញុំ​ថា​ ព្រះអម្ចាស់​ ព្រះអម្ចាស់!​ នឹង​បាន​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​នោះ​ទេ​ ប៉ុន្ដែ​អ្នក​ដែល​ចូល​បាន​ គឺ​អ្នក​ដែល​ធ្វើ​តាម​បំណង​របស់​ព្រះវរបិតា​ខ្ញុំ​ ដែល​គង់​នៅ​ស្ថានសួគ៌​វិញ។​

22. នៅ​ថ្ងៃ​នោះ​ មនុស្ស​ជា​ច្រើន​នឹង​និយាយ​មក​ខ្ញុំ​ថា​ ព្រះអម្ចាស់​ ព្រះអម្ចាស់!​ តើ​យើង​ខ្ញុំ​មិន​បាន​ថ្លែង​ព្រះបន្ទូល​ បណ្ដេញ​អារក្ស​ និង​ធ្វើ​កិច្ចការ​ដ៏​មាន​អំណាច​ជា​ច្រើន​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ទេឬ?​

23. ពេល​នោះ​ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​គេ​វិញ​ថា​ ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់គ្នា​ទេ​ ចូរ​ចេញ​ទៅ​ ពួក​ល្មើស​ច្បាប់!​

24. ដូច្នេះ​ អស់​អ្នក​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ​ ហើយ​ប្រព្រឹត្ត​តាម​ អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​វៃឆ្លាត​ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ថ្ម​ដា​

25. ពេល​ភ្លៀង​ធ្លាក់​មក​ ទឹក​ជន់​ឡើង​ ហើយ​ខ្យល់​បក់​ខ្លាំង​ ក៏​ផ្ទះ​នោះ​មិន​រលំ​ដែរ​ ដ្បិត​វា​បាន​ចាក់​គ្រឹះ​នៅ​លើ​ថ្មដា។​

26. អស់​អ្នក​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ​ ហើយ​មិន​ប្រព្រឹត្ត​តាម​ អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​ល្ងង់​ ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​ខ្សាច់​

27. ពេល​ភ្លៀង​ធ្លាក់មក​ ទឹក​ជន់​ឡើង​ ហើយ​ខ្យល់​បក់​ខ្លាំង​ ផ្ទះ​នោះ​ក៏​ដួល​រលំ​ខ្ទេចខ្ទី​អស់»។​

28. កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ចប់​សព្វគ្រប់​ហើយ​ បណ្ដាជន​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​

29. ដ្បិត​ពេល​ព្រះអង្គ​បង្រៀន​ពួកគេ​ ដូច​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ មិន​ដូច​ជា​ពួក​គ្រូវិន័យ​របស់​ពួកគេ​ឡើយ។​