ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 25 Khmer Christian Bible (KCB)

1. ដូច្នេះ​ នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ស្ដ្រី​ព្រហ្មចារី​ដប់​នាក់​ ដែល​យក​ចង្កៀង​របស់​ពួកគេ​ចេញ​ទៅ​ទទួល​កូន​កំលោះ។​

2. ក្នុង​ចំណោម​ពួកគេ​ ប្រាំ​នាក់​ល្ងង់​ និង​ប្រាំ​នាក់​ទៀត​ឆ្លាត។​

3. ពួក​ស្ដ្រី​ល្ងង់​បាន​យក​ចង្កៀង​របស់​ពួកគេ​ទៅ​ ប៉ុន្ដែ​មិន​បាន​យក​ប្រេង​ទៅ​ជាមួយ​ពួកគេ​ទេ​

4. ផ្ទុយ​ទៅ​វិញ​ ពួក​ស្ដ្រី​ឆ្លាត​បាន​យក​ប្រេង​នៅ​ក្នុង​ដប​ទៅ​ជាមួយ​ចង្កៀង​របស់​ពួកគេ​ដែរ។​

5. កាល​កូន​កំលោះ​ក្រ​មក​ដល់​ពេក​ ពួក​នាង​ក៏​ងងុយ​ដេក​ ហើយ​ដេក​លក់​អស់​ទៅ។​

6. លុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ​ ក៏​មាន​សម្រែក​មួយ​ថា​ មើល៍​ កូន​កំលោះ​មក​ហើយ​ ចូរ​ចេញ​ទៅ​ទទួល​គាត់​ចុះ​

7. នៅ​ពេល​នោះ​ ពួក​នាង​ក៏​ភ្ញាក់​ពី​ដេក​ទាំង​អស់​គ្នា​ ហើយ​រៀបចំ​ចង្កៀង​រៀងៗ​ខ្លួន។​

8. ពួក​ស្ដ្រី​ល្ងង់​បាន​និយាយ​ទៅ​ពួក​ស្ដ្រី​ឆ្លាត​ថា​ សូម​រំលែក​ប្រេង​របស់​អ្នក​រាល់គ្នា​ឲ្យ​យើង​ផង​ ព្រោះ​ចង្កៀង​របស់​យើង​ចង់​រលត់​ហើយ​

9. ប៉ុន្ដែ​ពួក​ស្ដ្រី​ឆ្លាត​បាន​តប​វិញ​ថា​ ប្រេង​ប្រាកដ​ជា​មិន​គ្រប់​គ្រាន់​សម្រាប់​ពួក​យើង​ និង​អ្នក​រាល់គ្នា​ទេ​ ដូច្នេះ​ ចូរ​ពួក​នាង​ទៅ​ឯ​អ្នក​លក់​ ហើយ​ទិញ​ប្រេង​សម្រាប់​ខ្លួន​ឯង​ចុះ។​

10. ពេល​ពួក​ស្ដ្រី​ល្ងង់​ចេញ​ទៅ​ទិញ​ប្រេង​ នោះ​កូន​កំលោះ​ក៏​បាន​មក​ដល់​ ហើយ​ពួក​ស្ដ្រី​ឆ្លាត​ដែល​បាន​រៀបចំ​រួច​ហើយ​ ក៏​ចូល​ទៅ​ក្នុង​ពិធី​មង្គលការ​ជាមួយ​កូន​កំលោះ​ រួច​គេ​ក៏​បិទ​ទ្វារ។​

11. ក្រោយ​មក​ ពួក​ស្ដ្រី​ល្ងង់​ក៏​មក​ដល់​ដែរ​ និង​បាន​និយាយ​ថា​ លោក​ម្ចាស់!​ លោក​ម្ចាស់​អើយ!​ សូម​បើក​ទ្វារ​ឲ្យ​យើង​ផង​

12. ប៉ុន្ដែ​គាត់​តប​ទៅ​វិញ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ខ្ញុំ​មិន​ស្គាល់​អ្នក​រាល់គ្នា​ទេ។​

13. ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​ប្រុង​ស្មារតី​ ដ្បិត​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ថ្ងៃ​ណា​ ឬ​ម៉ោង​ណា​ទេ។​

14. ព្រោះ​ការ​នេះ​ប្រៀប​ដូច​ជា​បុរស​ម្នាក់​ ដែល​ត្រូវ​ធ្វើ​ដំណើរ​ និង​បាន​ហៅ​ពួក​បាវបម្រើ​របស់​ខ្លួន​មក​ ហើយ​ប្រគល់​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ឲ្យ​ពួក​គេ។​

15. គាត់​បាន​ឲ្យ​បាវបម្រើ​ម្នាក់ៗ​ទៅ​តាម​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​របស់​គេ​ គឺ​ម្នាក់​ប្រាំ​ឋាឡាន់​ ម្នាក់​ពីរ​ឋាឡាន់​ និង​ម្នាក់​ទៀត​មួយ​ឋាឡាន់​ រួច​គាត់​ក៏​ចេញ​ដំណើរ​ទៅ​

16. ម្នាក់​ដែល​បាន​ទទួល​ប្រាំ​ឋាឡាន់​ ក៏​យក​លុយ​ទាំង​នោះ​ចេញ​ទៅ​ធ្វើ​ការ​រកស៊ី​ភ្លាម​ ហើយ​ក៏​បាន​ចំណេញ​ប្រាំ​ឋាឡាន់​ទៀត​

17. ឯ​ម្នាក់​ដែល​បាន​ទទួល​ពីរ​ឋាឡាន់​ក៏​ធ្វើ​ដូច្នោះ​ដែរ​ គឺ​បាន​ចំណេញ​ពីរ​ឋាឡាន់​ទៀត​

18. ផ្ទុយ​ទៅ​វិញ​ ម្នាក់​ដែល​បាន​ទទួល​មួយ​ឋាឡាន់​បាន​យក​លុយ​ម្ចាស់​របស់​គាត់​ទៅ​ជីក​ដី​កប់​ទុក​

19. លុះ​អស់​រយៈ​ពេល​ជា​យូរ​ក្រោយ​មក​ ម្ចាស់​របស់​បាវបម្រើ​ទាំង​នោះ​ក៏​ត្រលប់​មក​វិញ​ និង​បាន​ទូទាត់​បញ្ជី​ជាមួយ​ពួក​គេ​

20. ម្នាក់​ដែល​បាន​ទទួល​ប្រាំ​ឋាឡាន់​ បាន​នាំ​យក​ប្រាំ​ឋាឡាន់​ទៀត​ ចូល​មក​ជិត​ប្រាប់​ថា​ លោកម្ចាស់​អើយ!​ ប្រាំ​ឋាឡាន់​ដែល​លោកម្ចាស់​បាន​ឲ្យ​ខ្ញុំ​ សូម​មើល​ ខ្ញុំ​បាន​ចំណេញ​ប្រាំ​ឋាឡាន់​ទៀត​

21. ម្ចាស់​ក៏​និយាយ​ទៅ​គាត់​ថា​ ប្រសើរ​ណាស់​ បាវបម្រើ​ល្អ​ និង​ស្មោះត្រង់​អើយ!​ អ្នក​បាន​ស្មោះត្រង់​លើ​ទ្រព្យ​សម្បត្តិ​បន្តិច​បន្តួច​ ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យ​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ ចូរ​អ្នក​ចូល​រួម​មាន​អំណរ​ជាមួយ​ម្ចាស់​របស់​អ្នក​ចុះ​

22. ឯ​ម្នាក់​ដែល​បាន​ទទួល​ពីរ​ឋាឡាន់​ក៏​ចូល​មក​ជិត​ដែរ​ ប្រាប់​ថា​ លោកម្ចាស់​អើយ!​ ពីរ​ឋាឡាន់​ដែល​លោក​ម្ចាស់​បាន​ឲ្យ​ខ្ញុំ​ សូម​មើល​ ខ្ញុំ​បាន​ចំណេញ​ពីរ​ឋាឡាន់​ទៀត​

23. ម្ចាស់​ក៏​និយាយ​ទៅ​គាត់​ថា​ ប្រសើរ​ណាស់​ បាវបម្រើ​ល្អ​ និង​ស្មោះត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​លើ​ទ្រព្យ​សម្បត្តិ​បន្តិច​បន្តួច​ ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យ​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ ចូរ​អ្នក​ចូល​រួម​មាន​អំណរ​ជាមួយ​ម្ចាស់​របស់​អ្នក​ចុះ​

24. ម្នាក់​ដែល​បាន​ទទួល​មួយ​ឋាឡាន់​បាន​ចូល​មក​ជិត​ដែរ​ ប្រាប់​ថា​ លោកម្ចាស់​អើយ!​ ខ្ញុំ​ដឹង​ថា​ លោក​ជា​មនុស្ស​តឹងតែង​ គឺ​លោក​ច្រូត​ពី​កន្លែង​ដែល​លោក​មិន​បាន​ព្រោះ​ និង​ប្រមូល​ពី​កន្លែង​ដែល​លោក​មិន​បាន​ពង្រាយ​

25. ដូច្នេះ​ខ្ញុំ​ខ្លាច​ ខ្ញុំ​ក៏​យក​លុយ​មួយ​ឋាឡាន់​របស់​លោក​នោះ​ទៅ​កប់​ទុក​ក្នុង​ដី​ នេះ​នែ៎​ សូម​លោក​យក​របស់​លោក​វិញ​ចុះ។​

26. ម្ចាស់​របស់​គាត់​តប​ទៅ​គាត់​វិញ​ថា​ បាវបម្រើ​អាក្រក់​ និង​ខ្ចិល​អើយ!​ ឯង​ក៏​ដឹង​ដែរ​ថា​ ខ្ញុំ​ច្រូត​ពី​កន្លែង​ដែល​មិន​បាន​សាប​ព្រោះ​ ហើយ​ប្រមូល​ពី​កន្លែង​ដែល​ខ្ញុំ​មិន​បាន​ពង្រាយ។​

27. បើ​ដូច្នោះ​ ម្ដេច​ក៏​ឯង​មិន​យក​លុយ​របស់​ខ្ញុំ​ទៅ​ចង​ការ​ ហើយ​ពេល​ខ្ញុំ​មក​វិញ​ ខ្ញុំ​នឹង​ទទួល​បាន​លុយ​របស់​ខ្ញុំ​ ព្រម​ទាំង​ការ​ប្រាក់​ផង​

28. ដូច្នេះ​ ចូរ​យក​មួយ​ឋាឡាន់​ពី​គាត់​ ហើយ​ឲ្យ​ទៅ​អ្នក​ដែល​មាន​ដប់​ឋាឡាន់​ចុះ​

29. ដ្បិត​អស់​អ្នក​ដែល​មាននឹង​បន្ថែម​ឲ្យ​ ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញ​ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ផង​

30. រួច​ចូរ​បោះ​បាវបម្រើ​ចោល​ម្សៀត​នេះ​ ទៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ខាង​ក្រៅ​ទៅ​ ហើយ​នៅ​ទី​នោះ​មាន​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ។​

31. ពេល​កូន​មនុស្ស​មក​នៅ​ក្នុង​សិរី​រុងរឿង​របស់​លោក​ជាមួយនឹង​ពួក​ទេវតា​ទាំង​អស់​ នោះ​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​នៃ​សិរី​រុងរឿង​របស់​លោក​

32. ហើយ​ជនជាតិ​ទាំង​អស់​នឹង​ត្រូវ​បាន​ប្រមូល​មក​នៅ​ចំពោះមុខ​លោក​ រួច​លោក​នឹង​ញែក​ពួកគេ​ចេញ​ពី​គ្នា​ ប្រៀប​ដូចជា​អ្នក​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ​

33. លោក​នឹង​ដាក់​ចៀម​នៅ​ខាង​ស្ដាំ​លោក​ ឯ​ពពែ​នៅ​ខាង​ឆ្វេង​លោក។​

34. នៅ​ពេល​នោះ​ ស្ដេច​នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ស្ដាំ​ថា​ អស់​អ្នក​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រទាន​ពរ​ ចូរ​មក​ទទួល​យក​នគរ​ដែល​បាន​រៀបចំ​សម្រាប់​អ្នក​រាល់គ្នា​ តាំង​ពី​ដើម​កំណើត​ពិភព​លោក​ទុក​ជា​មរតក​ចុះ​

35. ព្រោះ​កាល​ខ្ញុំ​ឃ្លាន​ អ្នក​រាល់គ្នា​ឲ្យ​ខ្ញុំ​បរិភោគ​ កាល​ខ្ញុំ​ស្រេក​ អ្នក​រាល់គ្នា​ឲ្យ​ខ្ញុំ​ផឹក​ ហើយ​កាល​ខ្ញុំ​ជា​អ្នក​ក្រៅ​ អ្នក​រាល់គ្នា​បាន​ស្វាគមន៍​ខ្ញុំ​

36. កាល​ខ្ញុំ​នៅ​អាក្រាត​ អ្នក​រាល់គ្នា​បាន​ស្លៀក​ពាក់​ឲ្យ​ខ្ញុំ​ កាល​ខ្ញុំ​ឈឺ​ អ្នក​រាល់គ្នា​បាន​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ ហើយ​កាល​ខ្ញុំ​ជាប់​គុក​ អ្នករាល់គ្នា​បាន​មក​ជួប​ខ្ញុំ​

37. ពួក​អ្នក​សុចរិត​នឹង​ទូល​តប​វិញ​ថា​ ព្រះអម្ចាស់​អើយ!​ តើ​យើង​ខ្ញុំ​បាន​ឲ្យ​ព្រះអង្គ​បរិភោគ​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ឃ្លាន​ ឬ​បាន​ឲ្យ​ព្រះអង្គ​ផឹក​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ស្រេក​ពី​កាល​ណា?​

38. តើ​យើង​ខ្ញុំបាន​ស្វាគមន៍​ព្រះអង្គ​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ជា​អ្នក​ក្រៅ​ ឬ​បាន​ស្លៀកពាក់​ឲ្យ​ព្រះអង្គ​ កាល​ព្រះអង្គ​នៅ​អាក្រាត​ពី​កាលណា?​

39. តើ​យើង​ខ្ញុំ​បាន​មក​ជួប​ព្រះអង្គ​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ឈឺ​ ឬ​ជាប់​គុក​ពី​កាល​ណា?​

40. ស្ដេច​នឹង​មាន​បន្ទូល​ទៅ​ពួកគេ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ការ​ដែល​អ្នក​រាល់គ្នា​បាន​ធ្វើ​ដូច្នេះ​ សម្រាប់​បងប្អូន​របស់​ខ្ញុំ​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ នោះ​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ហើយ។​

41. ព្រះអង្គ​នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាងឆ្វេង​ដែរ​ថា​ អស់​អ្នក​ត្រូវ​បណ្ដាសា​ ចូរ​ចេញ​ពី​ខ្ញុំ​ ហើយ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ ដែល​ឆេះ​អស់កល្ប​ជា​និច្ច​ ដែល​បាន​រៀបចំ​សម្រាប់​អារក្ស​សាតាំង​ និង​ពួក​ទេវតា​របស់​វា​ចុះ​

42. ព្រោះ​កាល​ខ្ញុំ​ឃ្លាន​ អ្នក​រាល់គ្នា​មិន​បាន​ឲ្យ​ខ្ញុំ​បរិភោគ​ ហើយ​កាល​ខ្ញុំ​ស្រេក​ អ្នក​រាល់គ្នា​មិន​បាន​ឲ្យ​ខ្ញុំ​ផឹក​

43. កាល​ខ្ញុំ​ជា​អ្នក​ក្រៅ​ អ្នក​រាល់គ្នា​មិន​បាន​ស្វាគមន៍​ខ្ញុំ​ កាល​ខ្ញុំ​នៅ​អាក្រាត​ អ្នក​រាល់គ្នា​មិន​បាន​ស្លៀក​ពាក់​ឲ្យ​ខ្ញុំ​ ហើយ​កាល​ខ្ញុំ​ឈឺ​ និង​ជាប់​គុក​ អ្នក​រាល់គ្នា​មិន​បាន​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ទេ​

44. ពេល​នោះ​ ពួកគេ​នឹង​ទូល​តប​ដែរ​ថា​ ព្រះអម្ចាស់​អើយ!​ តើ​កាល​យើង​ខ្ញុំឃើញ​ព្រះអង្គ​ឃ្លាន​ ឬ​ស្រេក​ ជា​អ្នក​ក្រៅ​ ឬ​នៅ​អាក្រាត​ ឈឺ​ ឬ​ជាប់​គុក​នោះ​ យើង​ខ្ញុំ​មិន​បាន​បម្រើ​ព្រះអង្គ​ពី​កាល​ណា?​

45. ព្រះអង្គ​នឹង​មាន​បន្ទូល​ទៅ​ពួកគេ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ការ​ដែល​អ្នក​រាល់គ្នា​មិន​បាន​ធ្វើ​ដូច្នេះ​សម្រាប់​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូចតាច​ទាំង​នេះ​ នោះ​ក៏​មិន​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ដែរ​

46. អ្នក​ទាំង​នោះ​នឹង​ចេញ​ទៅ​ទទួល​ទោស​អស់កល្ប​ជានិច្ច​ ឯ​ពួក​អ្នក​សុចរិត​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច»។​