ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 23 Khmer Christian Bible (KCB)

1. បន្ទាប់​មក​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​បណ្ដាជន​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​

2. ថា៖​ «ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ បាន​អង្គុយ​នៅ​កន្លែង​របស់​លោក​ម៉ូសេ​

3. ដូច្នេះ​ អ្វីៗ​ទាំង​អស់​ដែល​ពួកគេ​ប្រាប់​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​ និង​កាន់​តាម​ចុះ​ ប៉ុន្ដែ​កុំ​ត្រាប់​តាម​ការ​ប្រព្រឹត្ដិ​របស់​ពួក​គេ​ឡើយ​ ពី​ព្រោះ​ពួកគេ​បាន​តែ​និយាយ​ ប៉ុន្ដែ​មិន​ធ្វើ​ទេ​

4. ពួកគេ​ចង​បន្ទុក​ដែល​ធ្ងន់​ និង​ពិបាក​ធ្វើ​តាម​ ដាក់​លើ​ស្មា​មនុស្ស​ តែ​ពួកគេ​មិន​ព្រម​យក​ម្រាម​ដៃ​របស់​ពួកគេ​ដក​បន្ទុក​ទាំង​នោះ​ទេ​

5. ហើយ​គ្រប់​ការ​ទាំង​អស់​ដែល​ពួកគេ​ធ្វើ​ គឺ​ដើម្បី​ឲ្យ​មនុស្ស​ឃើញ​តែ​ប៉ុណ្ណោះ​ គឺ​ពួក​គេ​បាន​ពង្រីក​ស្លាក​ដែល​ពួក​គេ​ពាក់​កាន់​តែ​ធំ​ឡើងៗ​ ឯ​រំយោល​អាវ​វិញ​កាន់​តែ​វែង​ទៅៗ​ដែរ។​

6. ពួកគេ​ចូល​ចិត្ត​អង្គុយ​មុខ​គេ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​កន្លែង​កិត្ដិយស​នៅ​ក្នុង​ពិធី​ជប់លៀង​

7. ពួកគេ​ចូល​ចិត្ត​ឲ្យ​គេ​គោរព​នៅ​តាម​ទី​ប្រជុំជន​ និង​ឲ្យ​មនុស្ស​ហៅ​ពួកគេ​ថា​លោកគ្រូ​

8. ប៉ុន្ដែ​ចំពោះ​អ្នក​រាល់គ្នា​វិញ​ កុំ​ឲ្យ​គេ​ហៅ​ថា​ គ្រូ​ ដ្បិត​គ្រូ​របស់​អ្នក​រាល់គ្នា​មាន​តែ​ម្នាក់​គត់​ ហើយ​អ្នក​ទាំង​អស់​គ្នា​ជា​បងប្អូន​នឹង​គ្នា​

9. កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា​ជា​ឪពុក​របស់​អ្នក​រាល់គ្នា​ ព្រោះ​ឪពុក​របស់​អ្នក​រាល់គ្នា​មាន​តែ​ម្នាក់​គត់​ គឺ​នៅ​ស្ថានសួគ៌​

10. ហើយ​ក៏​កុំ​ឲ្យ​គេ​ហៅ​ថា​ម្ចាស់​ដែរ​ ដ្បិត​ម្ចាស់​របស់​អ្នក​រាល់គ្នា​មាន​តែ​ម្នាក់​គត់​ គឺ​ព្រះគ្រិស្ដ​

11. អ្នក​ដែល​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​នឹង​ត្រលប់​ជា​អ្នកបម្រើ​អ្នក​រាល់គ្នា​វិញ​

12. ព្រោះ​អ្នកណា​លើក​តម្កើង​ខ្លួន​នឹង​ត្រូវ​បន្ទាប​ចុះ​ ឯ​អ្នកណា​បន្ទាប​ខ្លួន​នឹង​ត្រូវ​លើក​តម្កើង​វិញ។​

13. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​បាន​បិទ​នគរ​ស្ថានសួគ៌​នៅ​ចំពោះ​មុខ​មនុស្ស​ អ្នក​រាល់គ្នា​មិន​ចូល​ទេ​ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​កំពុង​ចូល​នោះ​ចូល​ទៀត​ផង។​

14. វេទនា​ដល់​អ្នក​រាល់គ្នា​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​របស់​ស្ដ្រី​មេម៉ាយ​ ហើយ​ធ្វើ​ពុត​ជា​អធិស្ឋាន​យូរ​ ហេតុនេះ​អ្នក​រាល់គ្នា​នឹង​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ​ជាង​គេ។​

15. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ និង​ផ្លូវ​ទឹក​ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ត្រលប់​ជា​អ្នក​កាន់​សាសនា​ រួច​ពេល​គេ​ត្រលប់​ជា​អ្នក​កាន់​សាសនា​ហើយ​ អ្នក​រាល់គ្នា​ធ្វើ​ឲ្យ​គេ​ត្រលប់​ជា​អ្នក​ធ្លាក់​នរក​ លើស​អ្នក​រាល់គ្នា​ទ្វេ​ដង​

16. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ អ្នក​នាំ​ផ្លូវ​កង្វាក់​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​និយាយ​ថា​ អ្នកណា​ស្បថ​នឹង​ព្រះ​វិហារ​ សម្បថ​នោះ​គ្មាន​ន័យ​ទេ​ តែ​អ្នកណា​ស្បថ​នឹង​មាស​របស់​ព្រះ​វិហារ​ អ្នក​នោះ​ជាប់​សម្បថ​ហើយ។​

17. មនុស្ស​កង្វាក់​ល្ងង់​អើយ!​ តើ​មួយ​ណា​វិសេស​ជាង​ ជា​មាស​ ឬ​ជា​ព្រះ​វិហារ​ ដែល​ធ្វើ​ឲ្យ​មាស​ទៅ​ជា​បរិសុទ្ធ?​

18. ហើយ​ថា​ អ្នកណា​ស្បថ​នឹង​កន្លែង​ថ្វាយ​តង្វាយ​ សម្បថ​នោះ​គ្មាន​ន័យ​ទេ​ តែ​អ្នកណា​ស្បថ​នឹង​តង្វាយ​លើ​កន្លែង​ថ្វាយ​តង្វាយ​ អ្នក​នោះ​ជាប់​សម្បថ​ហើយ​

19. មនុស្ស​កង្វាក់​អើយ!​ តើ​មួយ​ណា​វិសេស​ជាង​ ជា​តង្វាយ​ ឬ​កន្លែង​ថ្វាយ​តង្វាយ​ ដែល​ធ្វើ​ឲ្យ​តង្វាយ​ទៅ​ជា​បរិសុទ្ធ?​

20. ដូច្នេះ​ អ្នក​ដែល​ស្បថ​នឹង​កន្លែង​ថ្វាយ​តង្វាយ​ គឺ​ស្បថ​នឹង​កន្លែង​ថ្វាយ​តង្វាយ​ ព្រមទាំង​របស់​ទាំង​អស់​នៅ​លើ​នោះ​ហើយ​

21. ឯ​អ្នក​ដែល​ស្បថ​នឹង​ព្រះ​វិហារ​ គឺ​ស្បថ​នឹង​ព្រះ​វិហារ​ ព្រម​ទាំង​ព្រះអង្គ​ដែល​គង់​ក្នុង​នោះ​ហើយ​

22. អ្នកណា​ស្បថ​នឹង​ស្ថានសួគ៌​ គឺ​ស្បថ​នឹង​បល្ល័ង្ក​ព្រះជាម្ចាស់​ ព្រម​ទាំង​ព្រះអង្គ​ដែល​គង់​នៅ​លើ​នោះ​ហើយ។​

23. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់​ ទាំង​ជីរ​អង្កាម​ ជីរ​នាងវង​ និង​ម្អម​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ធ្វេស​ប្រហែស​នឹង​ភាព​សំខាន់​ជាង​នេះ​នៅ​ក្នុង​គម្ពីរ​វិន័យ​ គឺ​យុត្ដិធម៌​ សេចក្ដី​មេត្ដា​ករុណា​ និង​ជំនឿ​ សេចក្ដី​ទាំងនេះ​ចាំបាច់​ត្រូវតែ​ធ្វើ​ ហើយ​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​សេចក្ដី​ទាំង​នេះ​ដែរ។​

24. អ្នក​នាំ​ផ្លូវ​កង្វាក់​អើយ!​ អ្នក​រាល់គ្នា​ស្រង់​មូស​ ប៉ុន្ដែ​លេប​អូដ្ឋ​ទៅ​វិញ។​

25. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មានពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​សំអាត​ពែង​ និង​ចាន​ដែល​នៅ​ខាង​ក្រៅ​ ឯ​ខាង​ក្នុង​វិញ​ពេញ​ដោយ​ការ​លោភលន់​ និង​ការ​បណ្ដោយ​តាម​តណ្ហា​របស់​ខ្លួន​

26. ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ដ៏​កង្វាក់​អើយ!​ ចូរ​សំអាត​ខាង​ក្នុង​ពែង​ជា​មុន​សិន​ នោះ​ទើប​ខាង​ក្រៅ​បាន​ស្អាត​ដែរ។​

27. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ប្រៀប​ដូច​ជា​ផ្នូរ​ដែល​លាប​ពណ៌​ស​ពី​ខាង​ក្រៅ​ មើល​ទៅ​ពិត​ជា​ស្អាត​មែន​ ប៉ុន្ដែ​ខាង​ក្នុង​ពេញ​ដោយ​ឆ្អឹង​ខ្មោច​ និង​ភាព​ស្មោកគ្រោក​គ្រប់​បែប​យ៉ាង​

28. ហើយ​អ្នក​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ នៅ​ចំពោះ​មុខ​មនុស្ស​មើល​ទៅ​សុចរិត​ពី​ខាង​ក្រៅ​មែន​ ប៉ុន្ដែ​ខាង​ក្នុង​អ្នក​រាល់គ្នា​ពេញ​ដោយ​ពុតត្បុត​ និង​សេចក្តី​ទុច្ចរិត។​

29. វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​សង់​ផ្នូរ​របស់​អ្នកនាំ​ព្រះបន្ទូល​ រួច​តុបតែង​ស្ដូប​របស់​ពួក​មនុស្ស​សុចរិត​

30. ហើយ​និយាយ​ថា​ ប្រសិន​បើ​យើង​បាន​នៅ​ជំនាន់​ដូនតា​របស់​យើង​ នោះ​យើង​មិន​រួម​គំនិត​ជាមួយ​ពួក​គាត់​ សម្លាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ទេ​

31. ដូច្នេះ​ អ្នក​រាល់គ្នា​ធ្វើ​បន្ទាល់​ដោយ​ខ្លួន​ឯង​ហើយ​ថា​ អ្នក​រាល់គ្នា​ជា​កូន​ចៅ​ពួក​អ្នក​ដែល​បាន​សម្លាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល​

32. ចូរ​អ្នក​រាល់គ្នា​សម្រេច​អ្វីៗ​ដែល​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​ធ្វើ​ចុះ។​

33. ឱ​ពួក​ពូជ​ពស់​វែក​អើយ!​ តើ​អ្នក​រាល់គ្នា​អាច​គេច​ផុត​ពី​ការ​ជំនុំជម្រះ​ឲ្យ​ធ្លាក់​នរក​យ៉ាង​ដូច​ម្ដេច​បាន?​

34. ហេតុ​នេះ​ហើយ​ ខ្ញុំ​ចាត់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ពួក​អ្នក​មាន​ប្រាជ្ញា​ និង​ពួក​គ្រូវិន័យ​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​ ប៉ុន្ដែ​អ្នក​ខ្លះ​ត្រូវ​អ្នក​រាល់គ្នា​សម្លាប់​ និង​ឆ្កាង​ ហើយ​អ្នក​ខ្លះ​ទៀត​ត្រូវ​អ្នក​រាល់គ្នា​វាយ​នឹង​ខ្សែតី​នៅ​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់គ្នា​ ព្រម​ទាំង​បៀតបៀន​ពួកគេ​ ពី​ក្រុង​មួយ​ដល់​ក្រុង​មួយ។​

35. ដូច្នេះ​ ឈាម​របស់​មនុស្ស​សុចរិត​ទាំង​អស់​ដែល​ត្រូវ​បាន​កម្ចាយ​នៅ​លើ​ផែនដី​នេះ​មុខ​ជា​ធ្លាក់​មក​លើ​អ្នក​រាល់គ្នា​មិន​ខាន​ ចាប់​ពី​ឈាម​របស់​លោក​អេបិល​ ជា​មនុស្ស​សុចរិត​ រហូត​ដល់​ឈាម​របស់​លោក​សាការី​ ជា​កូន​របស់​លោក​បារ៉ាគា​ ដែល​អ្នក​រាល់គ្នា​បាន​សម្លាប់​នៅ​ចន្លោះ​ព្រះ​វិហារ​ និង​កន្លែង​ថ្វាយ​តង្វាយ។​

36. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ សេចក្ដី​ទាំង​អស់​នេះ​នឹង​ធ្លាក់​មក​លើ​មនុស្ស​ជំនាន់​នេះ។​

37. ឱ​ក្រុង​យេរូសាឡិម​ ក្រុង​យេរូសាឡិម​ដែល​បាន​សម្លាប់​អ្នក​នាំ​ព្រះបន្ទូល​ និង​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​ពួក​អ្នក​ដែល​បាន​ចាត់​ឲ្យ​មក​ឯ​អ្នក​អើយ!​ ខ្ញុំ​ចង់​ប្រមូល​កូន​ចៅ​របស់​អ្នក​ប៉ុន្មានដង​មក​ហើយ​ គឺ​ដូច​ជា​មេ​មាន់​ប្រមូល​កូន​របស់​វា​មក​ក្រុង​នៅ​ក្រោម​ស្លាប​ ប៉ុន្ដែអ្នក​មិន​ចង់​ទេ​

38. មើល៍​ ផ្ទះ​របស់​អ្នក​រាល់គ្នា​ត្រូវ​បាន​ទុក​ចោល​ស្ងាត់​ជ្រងំ​

39. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នក​រាល់គ្នា​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ រហូត​ទាល់​តែ​អ្នក​រាល់គ្នា​និយាយ​ថា​ សូម​ថ្វាយ​ព្រះ​ពរ​ព្រះអង្គ​ដែល​យាង​មក​ក្នុង​នាម​ព្រះអម្ចាស់»។​