ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 28 Khmer Christian Bible (KCB)

1. ព្រលឹម​ស្រាងៗ​នៅ​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍​ ក្រោយ​ថ្ងៃ​សប្ប័ទ​ នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ម្នាក់​ទៀត​បាន​មក​មើល​ផ្នូរ។​

2. ពេលនោះ​ ក៏​មាន​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​ ដ្បិត​ទេវតា​របស់​ព្រះអម្ចាស់​បាន​ចុះ​ពី​ស្ថានសួគ៌​មក​ ហើយ​ចូល​ទៅ​ជិត​ផ្នូរ​ ប្រមៀល​ថ្ម​បិទ​ផ្នូរ​នោះ​ចេញ​ និង​បាន​អង្គុយ​នៅ​លើ​ថ្ម​នោះ។​

3. រូបរាង​របស់​ទេវតា​នោះ​ភ្លឺ​ដូច​ជា​ផ្លេក​បន្ទោរ​ ហើយ​សម្លៀក​បំពាក់​ស​ដូច​ព្រឹល។​

4. ពួក​អ្នក​យាម​ភ័យ​ញ័រ​រន្ធត់​ដោយ​ខ្លាច​ទេវតា​នោះ​ ហើយ​ពួកគេ​ត្រលប់​ដូច​ជា​មនុស្ស​ស្លាប់។​

5. ទេវតា​នោះ​ក៏​និយាយ​ទៅ​ពួក​ស្ដ្រី​ទាំង​នោះ​ថា៖​ «កុំ​ខ្លាច​អី!​ ដ្បិត​ខ្ញុំ​ដឹង​ថា​ អ្នក​កំពុង​រក​ព្រះយេស៊ូ​ដែល​ត្រូវ​គេ​ឆ្កាង​នោះ​ហើយ​

6. ព្រះអង្គ​មិន​នៅ​ទី​នេះទៀត​ទេ​ ដ្បិត​ព្រះអង្គ​បាន​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​រួច​ហើយ​ ចូរ​មក​មើល​កន្លែង​ដែល​គេ​ផ្ដេក​សព​ព្រះអង្គ​ចុះ​

7. ហើយ​ចូរ​ប្រញាប់​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​ ព្រះអង្គ​បាន​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ហើយ​ មើល៍​ ព្រះអង្គ​យាង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់គ្នា​ អ្នក​រាល់គ្នា​នឹង​ជួប​ព្រះអង្គ​នៅ​ទីនោះ។ មើល៍!​ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ»។​

8. កាល​បាន​ចាក​ចេញ​ពី​ផ្នូរ​យ៉ាង​រហ័ស​ ទាំង​ភ័យ​អរ​ជា​ខ្លាំង​ផង​ នោះ​ពួក​នាង​ក៏​រត់​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​

9. ស្រាប់តែ​ព្រះយេស៊ូ​បាន​មក​ជួប​ពួក​នាង​ ទាំង​មាន​បន្ទូល​ថា៖​ «ជម្រាប​សួរ»។​ ពួក​នាង​បាន​ចូល​មក​ជិត​ចាប់​ឱប​បាទា​ព្រះអង្គ​ និង​បាន​ថ្វាយបង្គំ​ព្រះអង្គ។​

10. បន្ទាប់​មក​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួក​នាង​ថា៖​ «កុំ​ខ្លាច​អី!​ ចូរ​ទៅ​ប្រាប់​បងប្អូន​ខ្ញុំ​ថា​ ឲ្យ​ពួកគេ​ទៅ​ស្រុក​កាលីឡេ​ចុះ​ ហើយ​ពួក​គេ​នឹង​ជួប​ខ្ញុំ​នៅ​ទី​នោះ»។​

11. កាល​ពួក​នាង​កំពុង​ធ្វើ​ដំណើរ​ទៅ​ នោះ​ពួក​អ្នក​យាម​ខ្លះ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ ប្រាប់​ពួក​សម្ដេច​សង្ឃ​អំពី​ហេតុ​ការណ៍​ទាំងឡាយ​ដែល​បាន​កើត​ឡើង។​

12. បន្ទាប់​ពី​ពួក​សម្ដេច​សង្ឃ​បាន​ពិគ្រោះ​គ្នា​នឹង​ពួក​ចាស់ទុំ​រួច​ហើយ​ ពួកគេ​ក៏​ឲ្យ​ប្រាក់​ជា​ច្រើន​ដល់​ពួក​ទាហាន​

13. ដោយ​ប្រាប់​ថា៖​ «ចូរ​និយាយ​ថា​ ពេល​យើង​កំពុង​ដេក​លក់​ ពួក​សិស្ស​របស់​វា​បាន​មក​លួច​យក​សព​របស់​វា​ទាំង​យប់​

14. ហើយ​បើ​រឿង​នេះ​ឮ​ដល់​លោក​អភិបាល​ យើង​នឹង​បញ្ចុះ​បញ្ចូល​គាត់​ មិន​ឲ្យ​អ្នក​រាល់គ្នា​មាន​បញ្ហា​ទេ»។​

15. ពួក​ទាហាន​ក៏​ទទួល​យក​ប្រាក់​ ហើយ​ធ្វើ​តាម​ដូច​ដែល​ពួកគេ​បង្គាប់។​ ដូច្នេះ​ រឿង​នេះ​ក៏​បាន​ឮ​សុសសាយ​ក្នុង​ចំណោម​ជនជាតិ​យូដា​រហូត​ដល់​សព្វថ្ងៃ។​

16. ពួក​សិស្ស​ទាំង​ដប់​មួយ​នាក់​បាន​ទៅ​ស្រុក​កាលីឡេ​ ឆ្ពោះ​ទៅ​ភ្នំ​ដែល​ព្រះយេស៊ូ​បាន​បង្គាប់​ឲ្យ​ពួកគេ​ទៅ។​

17. កាល​ឃើញ​ព្រះអង្គ​ហើយ​ ពួកគេ​ក៏​ថ្វាយបង្គំ​ព្រះអង្គ​ ប៉ុន្ដែ​អ្នក​ខ្លះ​នៅ​តែ​សង្ស័យ​

18. នោះ​ព្រះយេស៊ូ​ក៏​យាង​មក​ជិត​ពួកគេ​ មាន​បន្ទូល​ថា៖​ «ខ្ញុំ​បាន​ទទួល​សិទ្ធិ​អំណាច​ទាំងអស់​ ទាំង​នៅ​ស្ថានសួគ៌​ និង​នៅ​ផែនដី​

19. ដូច្នេះ​ ចូរ​ទៅ​បង្កើត​សិស្ស​ពី​គ្រប់​ជនជាតិ​ ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​ពួកគេ​នៅ​ក្នុង​ព្រះនាម​ព្រះវរបិតា​ ព្រះរាជ​បុត្រា​ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​

20. ហើយ​បង្រៀន​ពួកគេ​ឲ្យ​កាន់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​អ្នក​រាល់គ្នា​ ហើយ​មើល៍​ ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​គ្រប់​ពេល​វេលា​រហូត​ដល់​អស់​កល្ប»៕​