ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 3 Khmer Standard Version (KHSV)

1. ដូច្នេះ តើ​សាសន៍​យូដា​ប្រសើរ​ជាង​គេ​យ៉ាង​ណា ហើយ​ការ​កាត់​ស្បែក​មាន​សារ‌ប្រយោជន៍​យ៉ាង​ណា​ដែរ?

2. សាសន៍​យូដា​ពិត​ជា​ប្រសើរ​លើស​គេ​បំផុត គ្រប់​វិស័យ​ទាំង​អស់​មែន គឺ​មុន​ដំបូង ព្រះ‌ជា‌ម្ចាស់​បាន​ប្រគល់​ព្រះ‌បន្ទូល​មក​ឲ្យ​សាសន៍​យូដា។

3. បើ​ដូច្នេះ ត្រូវ​គិត​ដូច​ម្ដេច? ដោយ​មាន​សាសន៍​យូដា​ខ្លះ​មិន​ស្មោះ​ត្រង់​នឹង​ព្រះ‌អង្គ តើ​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​គេ​នឹង​នាំ​ឲ្យ​ព្រះ‌ជា‌ម្ចាស់​លែង​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ដែរ​ឬ?

4. មិន​ដូច្នោះ​ទេ ទោះ​បី​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​ជា​អ្នក​កុហក​ក្តី ក៏​ព្រះ‌ជា‌ម្ចាស់​នៅ​តែ​មាន​ព្រះ‌ហឫទ័យ​សច្ចៈ​ដែរ ដូច​មាន​ចែង​ទុក​មក​ថា: «ត្រូវ​ឲ្យ​គេ​ទទួល​ស្គាល់​ថា​ព្រះ‌អង្គ​សុចរិត ឥត​ល្អៀង​ក្នុង​ព្រះ‌បន្ទូល​សោះ​ឡើយ ហើយ​ព្រះ‌អង្គ​នឹង​មាន​ជ័យ‌ជំនះ នៅ​ពេល​គេ​កាត់​ក្តី​ព្រះ‌អង្គ»​។

5. ប្រសិន​បើ​អំពើ​ទុច្ចរិត​របស់​យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​ព្រះ‌ជា‌ម្ចាស់​សុចរិត តើ​ឲ្យ​យើង​ថា​ដូច​ម្ដេច​ទៅ​វិញ? ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​ដាក់​ទោស​យើង​ តើ​បាន​សេចក្ដី​ថា​ព្រះ‌អង្គ​មិន​សុចរិត​ឬ? (ខ្ញុំ​និយាយ​ដូច្នេះ គឺ​និយាយ​តាម​របៀប​មនុស្ស​លោក)។

6. មិន​ដូច្នោះ​ទេ! ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​មិន​សុចរិត តើ​ឲ្យ​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក​ដូច​ម្ដេច​កើត?

7. មួយ​វិញ​ទៀត បើ​ការ​កុហក​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ព្រះ‌ហឫទ័យ​សច្ចៈ​ របស់​ព្រះ‌ជា‌ម្ចាស់ លេច​ចេញ​មក​យ៉ាង​ច្បាស់ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ​មែន​នោះ ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្ញុំ​ត្រូវ​តែ​ទទួល​ទោស​ក្នុង​នាម​ជា​មនុស្ស​បាប​ទៅ​វិញ?

8. បើ​ដូច្នេះ ម្ដេច​ក៏​យើង​មិន​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដើម្បី​ឲ្យ​មាន​ផល​ល្អ​កើត​ចេញ​មក ដូច​អ្នក​ខ្លះ​ដែល​មួល​បង្កាច់​យើង​ថា យើង​បាន​និយាយ​បែប​នេះ! អ្នក​ទាំង​នោះ​មុខ​តែ​ទទួល​ទោស​ជា​ពុំ‌ខាន!

គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​ទេ

9. បើ​ដូច្នេះ យើង​ដែល​ជា​សាសន៍​យូដា តើ​យើង​ប្រសើរ​ជាង​គេ​ឬ? ទេ យើង​មិន​ប្រសើរ​ជាង​គេ​ទាល់​តែ​សោះ! ដ្បិត​យើង​បាន​បញ្ជាក់​រួច​មក​ហើយ​ថា មនុស្ស​ទាំង​អស់ ទោះ​បី​សាសន៍​យូដា​ក្ដី សាសន៍​ក្រិក​ក្ដី សុទ្ធ​តែ​មាន​បាប​សោយ​រាជ្យ​ពី​លើ​ទាំង​អស់​គ្នា

10. ដូច​មាន​ចែង​ទុក​មក​ថា៖ «គ្មាន​មនុស្ស​ណា​សុចរិត​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង

11. គ្មាន​នរណា​ម្នាក់​ដឹង​ខុស​ត្រូវ គ្មាន​នរណា​ម្នាក់​ស្វែង​រក​ព្រះ‌ជា‌ម្ចាស់។

12. មនុស្ស​គ្រប់ៗ​រូប​បាន​វង្វេង ចេញ​ឆ្ងាយ​ពី​ព្រះ‌ជា‌ម្ចាស់ ហើយ​វិនាស​បាត់​បង់​ជា​មួយ​គ្នា គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​សប្បុរស​សោះ​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង»​។

13. «បំពង់​ករ​បស់​គេ​ប្រៀប​បាន​នឹង​ផ្នូរ​ខ្មោច នៅ​បើក​ចំហ អណ្ដាត​របស់​គេ​គ្រលាស់​តែ​ពាក្យ បោក​បញ្ឆោត មាត់​របស់​គេ​មាន​បង្កប់​នូវ​ពិស​ពស់​វែក»។

14. «មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ​ពាក្យ អពមង្គល និង​ពាក្យ​ជូរ​ចត់»។

15. «ជើង​របស់​គេ​ចាំ​តែ​ឈាន​ទៅ​បង្ហូរ​ឈាម

16. គេ​ទៅ​កន្លែង​ណា កន្លែង​នោះ​ខ្ទេច‌ខ្ទី​អន្តរាយ​អស់។

17. គេ​មិន​ស្គាល់​ផ្លូវ​ទៅ​កាន់​សន្តិ‌ភាព​ទេ»​។

18. «គេ​រស់​ដោយ​មិន​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់ សោះ​ឡើយ»​។

19. យើង​ដឹង​ថា គ្រប់​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ* សុទ្ធ​តែ​ចែង​ទុក​សម្រាប់​អស់​អ្នក​ដែល​ចំណុះ​ក្រឹត្យ‌វិន័យ ដើម្បី​កុំ​ឲ្យ​មនុស្ស​ណា​ម្នាក់​រក​ពាក្យ​ដោះ‌សា​បាន ហើយ​ឲ្យ​ពិភព​លោក​ទាំង​មូល​ទទួល​ទោស នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌ជា‌ម្ចាស់។

20. ដូច្នេះ គ្មាន​មនុស្ស​ណា​បាន​សុចរិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទេ ព្រោះ​គម្ពីរ‌វិន័យ​គ្រាន់​តែ​នាំ​ឲ្យ​គេ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។

ព្រះ‌ជា‌ម្ចាស់​ប្រោស​ឲ្យ​មនុស្ស​បាន​សុចរិត ដោយ‌សារ​ជំនឿ​លើ​ព្រះ‌យេស៊ូ‌គ្រិស្ដ

21. ឥឡូវ​នេះ ព្រះ‌ជា‌ម្ចាស់​សម្តែង​ឲ្យ​យើង​ដឹង អំពី​របៀប​ព្រះ‌អង្គ​ប្រោស​មនុស្ស​ឲ្យ​បាន​សុចរិត គឺ​ព្រះ‌អង្គ​មិន​គិត​ពី​ក្រឹត្យ‌វិន័យ*​ទេ ដូច​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី* បាន​បញ្ជាក់​ទុក​ស្រាប់។

22. ព្រះ‌ជា‌ម្ចាស់​ប្រោស​អ្នក​ដែល​មាន​ជំនឿ លើ​ព្រះ‌យេស៊ូ‌គ្រិស្ដ​ឲ្យ​បាន​សុចរិត គឺ​ព្រះ‌អង្គ​ធ្វើ​ដូច្នេះ​ចំពោះ​អស់​អ្នក​ដែល​ជឿ។ មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ត្រង់​ណា​ឡើយ

23. គ្រប់ៗ​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​គ្មាន​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់​នៅ​ជា​មួយ

24. តែ​ដោយ‌សារ​ព្រះ‌គុណ និង​ដោយ‌សារ​ការ​ប្រោស​លោះ​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ ព្រះ‌អម្ចាស់​ប្រោស​គេ​ឲ្យ​បាន​សុចរិត ដោយ​ឥត​គិត​ថ្លៃ​។

25. ព្រះ‌ជា‌ម្ចាស់​បាន​តម្រូវ​ឲ្យ​ព្រះ‌យេស៊ូ​ធ្វើ​ជា​យញ្ញ‌បូជា សម្រាប់​លោះ​អស់​អ្នក​ដែល​មាន​ជំនឿ ឲ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ។ ធ្វើ​ដូច្នេះ ព្រះ‌អង្គ​បង្ហាញ​របៀប​ដែល​ព្រះ‌អង្គ​ប្រោស​មនុស្ស​ឲ្យ​បាន​សុចរិត គឺ​ពី​ដើម ព្រះ‌អង្គ​ពុំ​បាន​ដាក់​ទោស​មនុស្ស​លោក​ដែល​ប្រព្រឹត្ត​អំពើ​បាប

26. ក្នុង​គ្រា​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ដល់​គេ​នោះ​ទេ។ ឥឡូវ​នេះ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្ហាញ​អំពី​របៀប​ដែល​ព្រះ‌អង្គ​ប្រោស​មនុស្ស​ឲ្យ​បាន​សុចរិត ដើម្បី​សម្តែង​ថា​ព្រះ‌អង្គ​សុចរិត ហើយ​ទ្រង់​ប្រោស​អ្នក​ដែល​ជឿ​លើ​ព្រះ‌យេស៊ូ​ឲ្យ​បាន​សុចរិត​ផង​ដែរ។

27. ដូច្នេះ តើ​មនុស្ស​អាច​មាន​មូល​ហេតុ​អ្វី​អួត‌អាង​ខ្លួន​បាន? គ្មាន​ទាល់​តែ​សោះ! តើ​គេ​យក​អ្វី​ជា​ទី​ពឹង? ពឹង​លើ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ឬ? ទេ គឺ​ពឹង​ផ្អែក​លើ​ជំនឿ​វិញ

28. ដ្បិត​យើង​យល់​ថា ព្រះ‌ជា‌ម្ចាស់​ប្រោស​មនុស្ស​ឲ្យ​បាន​សុចរិត មក​ពី​គេ​មាន​ជំនឿ មិន​មែន​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ​ឡើយ។

29. បើ​មិន​ដូច្នោះ​ទេ ព្រះ‌អង្គ​ជា​ព្រះ​របស់​សាសន៍​យូដា​តែ​ប៉ុណ្ណោះ! តើ​ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​របស់​សាសន៍​ដទៃ​ផង​ដែរ​ទេ​ឬ? មែន! ព្រះ‌អង្គ​ក៏​ជា​ព្រះ​របស់​សាសន៍​ដទៃ​ដែរ។

30. មាន​ព្រះ‌ជា‌ម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​ប្រោស​សាសន៍​យូដា​ឲ្យ​បាន​សុចរិត មក​ពី​គេ​មាន​ជំនឿ ហើយ​ក៏​ប្រោស​សាសន៍​ដទៃ​ឲ្យ​បាន​សុចរិត ដោយ​គេ​មាន​ជំនឿ​ដែរ។

31. ដូច្នេះ តើ​មាន​ន័យ​ថា យើង​យក​ជំនឿ​មក​លុប​បំបាត់​ក្រឹត្យ‌វិន័យ​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! គឺ​យើង​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​រឹត​តែ​មាន​តម្លៃ​ថែម​ទៀត។