ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 4 Khmer Standard Version (KHSV)

លោក​អប្រាហាំ​បាន​សុចរិត​ដោយ‌សារ​ជំនឿ

1. ដូច្នេះ តើ​យើង​គិត​ដូច​ម្ដេច​ចំពោះ​លោក​អប្រាហាំ​ដែល​ជា​បុព្វបុរស*​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម​ តើ​លោក​បាន​ទទួល​អ្វី​ខ្លះ?

2. ប្រសិន​បើ​លោក​អប្រាហាំ​បាន​សុចរិត ដោយ‌សារ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​នោះ លោក​អាច​នឹង​អួត‌អាង​ខ្លួន​បាន​មែន។ ក៏​ប៉ុន្តែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់ លោក​ពុំ​អាច​អួត‌អាង​បាន​ទេ

3. ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា «លោក​អប្រាហាំ​ជឿ​លើ​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះ‌អង្គ​ប្រោស​លោក​ឲ្យ​បាន​សុចរិត ដោយ​យល់​ដល់​ជំនឿ​នេះ»។

4. ធម្មតា អ្នក​ណា​ធ្វើ​ការ​អ្វី​មួយ គេ​ពុំ​ចាត់​ទុក​ប្រាក់​ឈ្នួល​របស់​គេ​ថា​ជា​អំណោយ​ទេ គឺ​ចាត់​ទុក​ជា​ប្រាក់​ដែល​ខ្លួន​ត្រូវ​តែ​បាន។

5. ចំពោះ​អ្នក​ដែល​ពុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ តែ​មាន​ជំនឿ​លើ​ព្រះ‌ជា‌ម្ចាស់​ដែល​ប្រោស​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ​ឲ្យ​បាន​សុចរិត ទ្រង់​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​បាន​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​គេ។

6. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌បាទ​ដាវីឌ​ថ្លែង​អំពី​សុភមង្គល*​របស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ឲ្យ​បាន​សុចរិត ដោយ​មិន​គិត​ដល់​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ថា:

7. «អស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​អត់‌ទោស និង​លុប​បំបាត់​អំពើ​បាប​ចោល ពិត​ជា​មាន​សុភមង្គល​ហើយ!

8. បុរស​ណា​ដែល​ព្រះ‌ជា‌ម្ចាស់​មិន​គិត‌គូរ ពី​បាប​របស់​ខ្លួន​ទេ បុរស​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»​។

9. តើ​មាន​តែ​សាសន៍​យូដា​ទេ​ឬ ដែល​អាច​ទទួល​សុភមង្គល​នេះ ឬ​មួយ​សាសន៍​ដទៃ​ក៏​អាច​ទទួល​បាន​ដែរ? យើង​ទើប​នឹង​និយាយ​ថា «ព្រះ‌អង្គ​ប្រោស​លោក​អប្រាហាំ​ឲ្យ​បាន​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​លោក»។

10. តើ​ព្រះ‌ជា‌ម្ចាស់​ប្រោស​លោក​អប្រាហាំ​ឲ្យ​បាន​សុចរិត​នៅ​ពេល​ណា? ក្រោយ​ពេល​លោក​ទទួល​ពិធី​កាត់​ស្បែក* ឬ​ក៏​មុន​នោះ? គឺ​នៅ​មុន​ពេល​លោក​ទទួល​ពិធី​កាត់​ស្បែក មិន​មែន​ក្រោយ​ពេល​កាត់​ស្បែក​ហើយ​នោះ​ទេ!។

11. លោក​ទទួល​ពិធី​កាត់​ស្បែក​តាម​ក្រោយ ទុក​ជា​សញ្ញា​បញ្ជាក់​ថា លោក​បាន​សុចរិត ដោយ‌សារ​ជំនឿ​ដែល​លោក​មាន​កាល​ពី​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ។ ដូច្នេះ លោក​បាន​ទៅ​ជា​ឪពុក​របស់​មនុស្ស​ទាំង​អស់​ដែល​មិន​បាន​ទទួល​ពិធី​កាត់​ស្បែក​តែ​មាន​ជំនឿ ហើយ​ព្រះ‌ជា‌ម្ចាស់​ប្រោស​គេ​ឲ្យ​បាន​សុចរិត។

12. លោក​ក៏​ជា​ឪពុក​របស់​សាសន៍​យូដា​ដែល​កាត់​ស្បែក​ដែរ ជា​អ្នក​ដែល​មិន​ត្រឹម​តែ​បាន​ទទួល​ពិធី​កាត់​ស្បែក​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បាន​យក​តម្រាប់​តាម​ជំនឿ​របស់​លោក​អប្រាហាំ​ជា​ឪពុក​របស់​យើង នៅ​គ្រា​ដែល​លោក​មិន​ទាន់​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ​នោះ​ផង។

លោក​អប្រាហាំ​បាន​ទទួល​ព្រះ‌បន្ទូល​សន្យា​ដោយ‌សារ​ជំនឿ

13. ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​មក​លោក​អប្រាហាំ និង​ពូជ‌ពង្ស​របស់​លោក​ថា គេ​នឹង​ទទួល​ពិភព​លោក​ទុក​ជា​មត៌ក ដោយ​មិន​គិត​តាម​ក្រឹត្យ‌វិន័យ​ទេ គឺ​គិត​តាម​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ​វិញ។

14. ប្រសិន​បើ​មនុស្ស​ទទួល​មត៌ក ដោយ​គោរព​តាម​ក្រឹត្យ‌វិន័យ​នោះ បាន​សេចក្ដី​ថា ជំនឿ​គ្មាន​ប្រយោជន៍​អ្វី​សោះ ហើយ​ព្រះ‌បន្ទូល​សន្យា​ក៏​គ្មាន​តម្លៃ​អ្វី​ដែរ

15. ដ្បិត​ក្រឹត្យ‌វិន័យ​បង្កើត​ឲ្យ​មាន​ព្រះ‌ពិរោធ​ តែ​ទី​ណា​គ្មាន​ក្រឹត្យ‌វិន័យ នៅ​ទី​នោះ​ក៏​គ្មាន​បទ​ល្មើស​ក្រឹត្យ‌វិន័យ​ដែរ។

16. ដូច្នេះ ព្រោះ​តែ​ជំនឿ​ដែល​ស្រប​តាម​ព្រះ‌គុណ ព្រះ‌បន្ទូល​សន្យា​ត្រូវ​បាន​ប្រទាន​មក​ចំពោះ​ពូជ‌ពង្ស​លោក​អប្រាហាំ​ទាំង​មូល មិន​ត្រឹម​តែ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​អស់​អ្នក​ដែល​មាន​ជំនឿ​ដូច​លោក​អប្រាហាំ ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​ដែរ

17. ដូច​មាន​ចែង​ទុក​មក​ថា «យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ឪពុក​របស់​ជាតិ​សាសន៍​មួយ​ចំនួន​ធំ»។ លោក​ជា​ឪពុក​របស់​យើង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ​ដែល​លោក​បាន​ជឿ គឺ​ព្រះ‌អង្គ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​ត្រាស់​ហៅ​អ្វីៗ​ដែល​គ្មាន​រូប​រាង​ឲ្យ​កើត​មាន។

18. ទោះ​បី​គ្មាន​អ្វី​ជា​ទី​សង្ឃឹម​ក៏​ដោយ ក៏​លោក​អប្រាហាំ​នៅ​តែ​មាន​សង្ឃឹម និង​មាន​ជំនឿ ហើយ​លោក​ក៏​បាន​ទៅ​ជា​ឪពុក​របស់​ជាតិ​សាសន៍​ជា​ច្រើន ស្រប​តាម​ព្រះ‌បន្ទូល​ដែល​មាន​ថ្លែង​ទុក​មក​ថា «ពូជ‌ពង្ស​របស់​អ្នក​នឹង​មាន​ច្រើន​យ៉ាង​នេះ»។

19. កាល​ណោះ លោក​មាន​អាយុ​ជិត​មួយ​រយ​ឆ្នាំ​ហើយ ទោះ​បី​លោក​មើល​មក​រូប​កាយ​របស់​លោក ឃើញ​ថា​ជិត​ស្លាប់ និង​មើល​ទៅ​លោក​យាយ​សារ៉ា​ឃើញ​ថា ពុំ​អាច​បង្កើត​កូន​បាន​សោះ​នោះ​ក៏​ដោយ ក៏​ជំនឿ​របស់​លោក​មិន​អន់‌ថយ​ដែរ។

20. លោក​មិន​បាត់​ជំនឿ ហើយ​ក៏​មិន​សង្ស័យ​នឹង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជា‌ម្ចាស់​ឡើយ ផ្ទុយ​ទៅ​វិញ ជំនឿ​របស់​លោក​ធ្វើ​ឲ្យ​លោក​មាន​កម្លាំង​ចិត្ត​នឹង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់

21. ព្រោះ​លោក​ជឿ​ប្រាកដ​ក្នុង​ចិត្ត​ថា បើ​ព្រះ‌ជា‌ម្ចាស់​សន្យា​ធ្វើ​អ្វី ព្រះ‌អង្គ​ពិត​ជា​មាន​ឫទ្ធា‌នុភាព​នឹង​សម្រេច​តាម​បាន​មិន​ខាន។

22. ហេតុ​នេះ​ហើយ​បាន​ជា «ព្រះ‌ជា‌ម្ចាស់​ប្រោស​លោក​ឲ្យ​បាន​សុចរិត»។

23. ក៏​ប៉ុន្តែ សេចក្ដី​ដែល​មាន​ចែង​ថា «ព្រះ‌ជា‌ម្ចាស់​ប្រោស​ឲ្យ​បាន​សុចរិត» នេះ​មិន​មែន​សំដៅ​តែ​លើ​លោក​អប្រាហាំ​ប៉ុណ្ណោះ​ទេ

24. គឺ​សំដៅ​មក​យើង​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ឲ្យ​បាន​សុចរិត ព្រោះ​យើង​ជឿ​លើ​ព្រះ‌អង្គ​ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ​ជា‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នេះ​ដែរ។

25. ព្រះ‌យេស៊ូ​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់ ព្រោះ​តែ​កំហុស​របស់​យើង ហើយ​ព្រះ‌ជា‌ម្ចាស់​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​បាន​សុចរិត។