ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 9 Khmer Standard Version (KHSV)

ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​រើស​សាសន៍​អ៊ីស្រា‌អែល

1. ខ្ញុំ​សូម​និយាយ​សេចក្ដី​ពិត ដោយ​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ ខ្ញុំ​មិន​កុហក​ទេ គឺ​ខ្ញុំ​និយាយ​ដោយ​មាន​មន‌សិការ​របស់​ខ្ញុំ​ផ្ទាល់ ជា​សាក្សី និង​ដោយ​មាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​បំភ្លឺ​ថា

2. ខ្ញុំ​មាន​ទុក្ខ​ព្រួយ​ជា​ខ្លាំង ហើយ​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​ជា‌និច្ច​ផង

3. ដ្បិត​ខ្ញុំ​បន់​ឲ្យ​តែ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្ដាសា បែក​ចេញ​ពី​ព្រះ‌គ្រិស្ដ ព្រោះ​តែ​បង‌ប្អូន និង​ញាតិ‌សន្ដាន ដែល​ជា​សាច់​សា​លោហិត​របស់​ខ្ញុំ​ផ្ទាល់

4. គឺ​សាសន៍​អ៊ីស្រា‌អែល។ ព្រះ‌ជា‌ម្ចាស់​បាន​រាប់​ពួក​គេ​ទុក​ជា​បុត្រ​របស់​ព្រះ‌អង្គ ពួក​គេ​មាន​សិរី‌រុងរឿង មាន​សម្ពន្ធ‌មេត្រី*​នានា មាន​គម្ពីរ‌វិន័យ* ស្គាល់​របៀប​គោរព​បម្រើ​ព្រះ‌អង្គ ទទួល​ព្រះ‌បន្ទូល​សន្យា​ផ្សេងៗ

5. មាន​បុព្វបុរស ហើយ​ព្រះ‌គ្រិស្ដ​ក៏​កើត​មក​ជា​មនុស្ស​ក្នុង​ពូជ‌ពង្ស​របស់​ពួក​គេ​ថែម​ទៀត​ផង ព្រះ‌អង្គ​ជា​ព្រះ‌ជា‌ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​លើ​អ្វីៗ​ទាំង​អស់ សូម​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា‌និច្ច អាម៉ែន!

6. ក៏​ប៉ុន្តែ មិន​មែន​មាន​ន័យ​ថា ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់​បែរ​ទៅ​ជា​អសារ​ឥត​ការ​នោះ​ទេ ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ពូជ‌ពង្ស​លោក​អ៊ីស្រា‌អែល​ មិន​មែន​សុទ្ធ​តែ​ជា​សាសន៍​អ៊ីស្រា‌អែល​ពិត​ប្រាកដ​ឡើយ

7. ហើយ​អស់​អ្នក​ដែល​កើត​ពី​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ ក៏​មិន​មែន​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អប្រាហាំ​ទាំង​អស់​គ្នា​ដែរ ដូច​មាន​ថ្លែង​ទុក​មក​ថា «មាន​តែ​កូន​ចៅ​អ៊ីសាក​ប៉ុណ្ណោះ ដែល​មាន​ឈ្មោះ​ថា​ជា​ពូជ‌ពង្ស​របស់​អ្នក»

8. ពោល​គឺ​មិន​មែន​កូន​ចៅ​ដែល​កើត​មក​តាម​សាច់​ឈាម​ធម្មតា​នោះ​ទេ ដែល​ត្រូវ​រាប់​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់ មាន​តែ​កូន​ចៅ​ដែល​កើត​មក​តាម​ព្រះ‌បន្ទូល​សន្យា​ប៉ុណ្ណោះ ទើប​រាប់​ជា​ពូជ‌ពង្ស​បាន

9. ដ្បិត​ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ថា «ឆ្នាំ​ក្រោយ យើង​នឹង​មក​ក្នុង​ពេល​ដដែល​នេះ ហើយ​នាង​សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។

10. មិន​តែ​ប៉ុណ្ណោះ​សោត នាង​រេបិកា​ក៏​មាន​ផ្ទៃ​ពោះ​នឹង​បុរស​តែ​មួយ គឺ​លោក​អ៊ីសាក​ជា​បុព្វបុរស​របស់​យើង។

11. ព្រះ‌ជា‌ម្ចាស់​មាន​គម្រោង‌ការ​ជ្រើស​រើស​មនុស្ស ដោយ​មិន​គិត​ពី​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ទេ គឺ​ជ្រើស​រើស​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ដែល​ត្រាស់​ហៅ។ ដើម្បី​ឲ្យ​បាន​ស្រប​តាម​គម្រោង‌ការ​នេះ នៅ​ពេល​កូន​ភ្លោះ​នៅ​ក្នុង​ផ្ទៃ ពុំ​ទាន់​បាន​ប្រព្រឹត្ត​អំពើ​ល្អ ឬ​អាក្រក់​នៅ​ឡើយ​ផង​នោះ

12. ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​នាង​រេបិកា​ថា «កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន»

13. ដូច​មាន​ចែង​ទុក​មក​ថា «យើង​ស្រឡាញ់​យ៉ាកុប​ជាង​អេសាវ»។

14. ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? តើ​ព្រះ‌ជា‌ម្ចាស់​អយុត្ដិ‌ធម៌​ឬ? ទេ មិន​មែន​ទេ!

15. ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ថា: «យើង​នឹង​មាន​ចិត្ត​មេត្តា‌ករុណា​ដល់​នរណា ដែល​យើង​មេត្តា‌ករុណា ហើយ​យើង​ក៏​នឹង​អាណិត​អាសូរ​នរណា ដែល​យើង​អាណិត​អាសូរ​ដែរ»។

16. ដូច្នេះ មិន​មែន​ស្រេច​តាម​តែ​បំណង​ចិត្ត ឬ​ការ​ខំ​ប្រឹង‌ប្រែង​របស់​មនុស្ស​ឡើយ គឺ​ស្រេច​តាម​តែ​ព្រះ‌ជា‌ម្ចាស់ ដែល​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​នោះ​វិញ

17. ដ្បិត​ក្នុង​គម្ពីរ ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ស្ដេច​ផារ៉ោន​ថា «យើង​បាន​តាំង​អ្នក​ជា​ស្ដេច ដើម្បី​បង្ហាញ​ឫទ្ធា‌នុភាព​របស់​យើង​តាម​រយៈ​អ្នក​និង​ឲ្យ​កិត្តិនាម​របស់​យើង​បាន​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល»។

18. ដូច្នេះ ព្រះ‌អង្គ​មេត្តា‌ករុណា​ដល់​នរណា​ក៏​បាន ស្រេច​តែ​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ចិត្ត​នរណា​ទៅ​ជា​រឹង‌រូស​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ដែរ។

ព្រះ‌ពិរោធ និង​ព្រះ‌ហឫទ័យ​អាណិត​អាសូរ

19. ប្រហែល​ជា​អ្នក​សួរ​ខ្ញុំ​ថា «បើ​ដូច្នេះ ម្ដេច​ក៏​ព្រះ‌ជា‌ម្ចាស់​នៅ​តែ​បន្ទោស​មនុស្ស​ទៀត? តើ​មាន​នរណា​អាច​ប្រឆាំង​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ?»។

20. ឱ​មនុស្ស​អើយ តើ​អ្នក​មាន​ឋានៈ​អ្វី​បាន​ជា​ហ៊ាន​ជជែក​តវ៉ា​នឹង​ព្រះ‌ជា‌ម្ចាស់​បែប​នេះ? តើ​ដី​ឥដ្ឋ​មាន​ដែល​និយាយ​ទៅ​កាន់​ជាង​ស្មូន​ថា «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​យ៉ាង​នេះ»ដែរ​ឬ​ទេ?​។

21. ជាង​ស្មូន​យក​ដី​ទៅ​សូន​ធ្វើ​អ្វី​ក៏​បាន គឺ​ដី​ឥដ្ឋ​ដដែល គាត់​អាច​យក​ទៅ​សូន​ធ្វើ​ជា​របស់​ថ្លៃ‌ថ្នូរ​ផង ហើយ​សូន​ធ្វើ​ជា​របស់​ធម្មតា​ផង។

22. រីឯ​ព្រះ‌ជា‌ម្ចាស់​វិញ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្ហាញ​ព្រះ‌ពិរោធ និង​សម្តែង​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។ ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​យ៉ាង​ខ្លាំង ព្រះ‌អង្គ​ស៊ូ​ទ្រាំ​នឹង​អស់​អ្នក​ដែល​ត្រូវ​រង​ព្រះ‌ពិរោធ​ ហើយ​ត្រូវ​វិនាស​អន្តរាយ។

23. ព្រះ‌អង្គ​ក៏​ចង់​បង្ហាញ​សិរី‌រុងរឿង​ដ៏​ប្រសើរ​លើស‌លប់​របស់​ព្រះ‌អង្គ ចំពោះ​អស់​អ្នក​ដែល​ព្រះ‌អង្គ​មេត្តា‌ករុណា​ដែរ​ ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ទុក​ជា​មុន​ឲ្យ​ទទួល​សិរី‌រុងរឿង

24. ពោល​គឺ​យើង​ទាំង​អស់​គ្នា​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ មិន​ត្រឹម​តែ​ពី​ក្នុង​ចំណោម​សាសន៍​យូដា​ប៉ុណ្ណោះ​ទេ គឺ​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ដទៃ​ថែម​ទៀត​ផង

25. ដូច​មាន​ថ្លែង​ទុក​ក្នុង​គម្ពីរ​ព្យាការី*​ហូសេ​ថា: «អ្នក​ដែល​មិន​មែន​ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​នឹង​ហៅ​គេ​ថា​ជា​ប្រជា‌រាស្ត្រ​របស់​យើង រីឯ​ជាតិ​សាសន៍​ដែល​យើង​មិន​បាន​ស្រឡាញ់ យើង​នឹង​ហៅ​គេ​ថា​ជា​ជាតិ​សាសន៍ ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង

26. ហើយ​ត្រង់​ណា​ដែល​មាន​ពោល​ទៅ អ្នក​ទាំង​នោះ​ថា “អ្នក​រាល់​គ្នា​មិន​មែន​ជា ប្រជា‌រាស្ដ្រ​របស់​យើង​ទេ!” ត្រង់​នោះ​គេ​នឹង​មាន​ឈ្មោះ​ថា​ជា​បុត្រ របស់​ព្រះ‌ជា‌ម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់»​ ។

27. រីឯ​ព្យាការី​អេសាយ​វិញ លោក​បាន​ប្រកាស​អំពី​សាសន៍​អ៊ីស្រា‌អែល​ថា: ទោះ​បី​សាសន៍​អ៊ីស្រា‌អែល​បាន​កើន​ចំនួន​ច្រើន ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ហើយ​ក៏​ដោយ មាន​តែ​មួយ​ចំនួន​តូច សល់​ពី​ស្លាប់​ប៉ុណ្ណោះ ដែល​នឹង​ទទួល​ការ​សង្គ្រោះ

28. ដ្បិត​ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល របស់​ព្រះ‌អង្គ​គ្រប់​ប្រការ​ទាំង​អស់ យ៉ាង​ឆាប់ៗ​នៅ​ផែន‌ដី​នេះ។

29. មួយ​វិញ​ទៀត ព្យាការី​អេសាយ​ក៏​បាន​ថ្លែង​ទុក​ជា​មុន​មក​ថា: ប្រសិន​បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ មិន​បាន​ទុក​កូន​ចៅ​យើង​មួយ​ចំនួន ឲ្យ​នៅ​សល់​ទេ នោះ​យើង​នឹង​វិនាស​ទៅ​ដូច​ជា​អ្នក​ក្រុង​សូដុម ហើយ​យើង​ក៏​ប្រៀប​បី​ដូច​ជា​អ្នក​ក្រុង កូម៉ូរ៉ា​ដែរ​។

អ៊ីស្រា‌អែល និង​ដំណឹង‌ល្អ

30. ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? សាសន៍​ដទៃ​ដែល​ពុំ​បាន​ស្វះ‌ស្វែង​រក​សេចក្ដី​សុចរិត បែរ​ជា​បាន​ទទួល​សេចក្ដី​សុចរិត​ទៅ​វិញ គឺ​សេចក្ដី​សុចរិត​មក​ពី​ជំនឿ។

31. រីឯ​សាសន៍​អ៊ីស្រា‌អែល គេ​ខំ​ប្រឹង​ធ្វើ​តាម​ក្រឹត្យ‌វិន័យ*​ដែល​ផ្ដល់​សេចក្ដី​សុចរិត តែ​ពួក​គេ​ពុំ​បាន​សុចរិត​តាម​វិន័យ​នោះ​ឡើយ។

32. ហេតុ​អ្វី​បាន​ជា​ដូច្នេះ? គឺ​មក​ពី​ពួក​គេ​ពឹង​លើ​ការ​ប្រព្រឹត្ត​តាម​វិន័យ មិន​ពឹង​លើ​ជំនឿ​ទេ។ ពួក​គេ​ជំពប់​ដួល​នឹង «ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់»

33. ដូច​មាន​ចែង​ទុក​មក​ថា: យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ជា​សិលា​ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត​បាត់​ជំនឿ អ្នក​ណា​ជឿ​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ត​ឡើយ​។